ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលន វត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានលើកឡើងជាថ្មីថា ដោយសារកម្ពុជាមានស្ថានភាពនយោបាយរឹងមាំ និងចាស់ទុំ បានធ្វើឲ្យការរកស៊ីវិស័យអចលនវត្ថុ ក៏មានលក្ខណៈល្អប្រសើរ ទោះបីការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨ ខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខក៏ដោយ។
ការលើកឡើងរបស់ប្រធានសមាគមនេះ បានធ្វើឡើងក្នុងវេទិកាស្ដីអំពី “ការធ្វើអា ជីវកម្មអចលនទ្រព្យនៅកម្ពុជាក្នុងថ្ងៃអនាគត” ដែលរៀបចំដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សហការជាមួយក្រុមហ៊ុន Keller Williams Cambodia នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាថ្ងៃទី៤ ខែកក្កដានេះ ។ លោកបន្ដថា ទោះបីមុនឬក្រោយការបោះឆ្នោត ការរកស៊ីវិស័យដីធ្លី នៅតែមានសភាពធម្មតា ព្រោះតែ ការយល់ដឹងរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យដំណើរទិញ-លក់នៅតែបន្ដលក្ខណៈល្អប្រសើរដដែល។
អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេតដដែលបានបន្ថែមថា ចំពោះវេទិកាស្ដីអំពី “ការធ្វើអាជីវកម្មអចលនទ្រព្យនៅកម្ពុជាក្នុងថ្ងៃអនាគត” ដែលត្រូវធ្វើឡើងរយៈពេល១ថ្ងៃពេញ និងមានសិក្ខាកាមចូលរួមជាង៥០០នាក់នេះ គឺផ្ដោតសំខាន់លើការបញ្ជ្រាបការយល់ដឹងពីវិស័យដីធ្លី ដល់អ្នកកំពុងធ្វើអាជីវកម្ម និងសាធារណៈជន ដែលចង់ស្វែងយល់ពីវិស័យដ៏មានសក្ដានុពលនេះ ពិសេសការស្វែងយល់ពីកំណើនសេដ្ឋកិច្ចជាតិ និងមូលដ្ឋានគ្រឹះមួយចំនួន ដែលជាកត្ដារួមផ្សំធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរដូចពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីពេលថ្មីៗនេះក៏បានលើកឡើងផងដែរថា ការបោះឆ្នោតនៅអាណត្តិថ្មីនេះ មិនរងផលប៉ះពាល់លើវិស័យអចលនវត្ថុកម្ពុជាទេ គឺតម្លៃអចលនទ្រព្យនៅតែបន្តកើនឡើង៕






