គំរោងអភិវឌ្ឈន៍ឆ្នេរសប្បនិម្មិតតម្លៃរាប់រយលានដុល្លារទំហំ២០០ហិកតាខេត្ត កំពតកំពុងបន្តសាងសង់

0

ដោយៈគង់ សូរិយា
កំពតៈ គំរោងវិនិយោគឆ្នេរសម្បនិម្មិតដ៏ធំ ទំហំ២០០ហិកតានៅខេត្តកំពត បាននិងកំពុងបន្តសាងសង់ ខណៈអាជ្ញាធរខេត្តកំពុងជម្រុញឲ្យក្រុមហ៊ុនពន្លឿនផែនការរបស់ខ្លួន ដើម្បីអាចទទួលភ្ញៀវទេសចរណ៍៍នៅចុងឆ្នាំនេះ។

អភិបាលខេត្តកំពត លោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀ​លថ្ងៃទី២៤ ឧសភានេះថា គំរោងអភិវឌ្ឍន៍នេះ ជាការវិនិយោគរួមរវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដោយគំរោងនេះរដ្ឋទទួលបាន៤០ភាគរយ និងមានផ្ទៃដី៨០ហិកតា និងក្រុមហ៊ុនទទួលបាន៦០ភាគរយ និងមានផ្ទៃដី១២០ហិកតា។

លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការសាងសង់ ហើយក្នុងនាមអាជ្ញាធរ​ខេត្តកំពុងជម្រុញឲ្យក្រុមហ៊ុនពន្លឿនគំរោងនេះ ដើម្បីអាចទទួលភ្ញៀវទេសចរណ៍នៅចុងឆ្នាំ២០២១នេះ”។លោកបន្តថា “គម្រោងនេះធំណាស់ មានផ្នែកជាច្រើនទាំងសណ្ឋាគារ ភោជនីយដ្ឋាន អាផាតម៉ិន ផ្សារទំនើប ទីលានវាយកូនហ្គោល ឆ្នេរខ្សាច់សម្បនិម្មិត និងសេវាកម្មកំសាន្តលំដាប់អន្តរជាតិជាច្រើនទៀត”។

លោកអភិបាលខេត្តបានបន្តថា គម្រោងនេះ ស្ថិតនៅលើផ្លូវជាតិចេញពីក្រុងកំពត ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ពោលគឺមានចម្ងាយត្រឹម៧០០ម៉ែត្រទៀតប៉ុណ្ណោះនឹងដល់មាត់ច្រកចូលរមណីយដ្ឋានភ្នំបូកគោ។លោកបន្តថា បើគិតពីរាជធានីភ្នំពេញ គំរោងនេះមានចម្ងាយ១៥៥គីឡូម៉ែត្រ តែបើគិតពីខេត្តមានចម្ងាយត្រឹម៧គីឡូម៉ែត្រប៉ុណ្ណោះ។

គម្រោងនេះវិនិយោគដោយក្រុមហ៊ុនចិនដ៏ធំមួយ ដែលគ្រោងចំណាយទុនរហូតដល់២៣ពាន់លានដុល្លារអាមេរិកឯណោះ។

គម្រោងនេះមានឈ្មោះថា “French Riviera Marina” ដែលជាគំរោងមួយចូលរួមដើម្បីអភិវឌ្ឍន៍ខេត្តកំពត និងខេត្តកែប ដែលនៅជិតគ្នានេះឲ្យក្លាយជាតំបន់មួយ ដែលមានសក្តានុពលសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋាន ផ្សារទំនើប កំពង់ផែ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត។

លោកឈាង សុផាន់ណា ប្រធានផ្នែកលក់អន្តរជាតិរបស់ក្រុមហ៊ុន Pallas Group ធ្លាប់បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោកមានគម្រោងអភិវឌ្ឍន៍នៅខេត្តកំពត និងនៅខេត្តកែប សម្រាប់ធ្វើជាតំបន់រស់នៅ តំបន់ធុរកិច្ច និងតំបន់ទេសចរណ៍ និងអគារលំហែកាយ ដូចជាស្ទូឌីយោខ្សែភាពយន្ត មជ្ឈមណ្ឌលជិះសេះជាដើម ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតហើយ កាលពីថ្ងៃទី១២ ខែតុលា ហើយការសាងសង់គម្រោងនេះគ្រោង នឹងចាប់ផ្តើមក្នុងខែមីនាឆ្នាំក្រោយ។

លោកបន្តថា “នេះជាគម្រោងទីមួយដែលមិនធ្លាប់មាន នៅប្រទេសកម្ពុជា ដែលមានទំហំធំលំដាប់អន្តរជាតិ និងសំដៅទទួលយកភ្ញៀវបរទេស មកពីគ្រប់តំបន់ជុំវិញពិភពលោក”។

យោងតាមឯកសាររបស់ក្រុមហ៊ុនបានបង្ហាញថា Pallas Group ជាក្រុមហ៊ុនអចល​នទ្រព្យអន្តរជាតិ នឹងវិនិយោគលើផ្ទៃដីចំនួន៤១៥៨ហិកតា នៅខេត្តកំពត និងមួយទៀតនៅក្នុងខេត្តកែប លើផ្ទៃដីចំនួន១៤៤ហិកតា។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសា​សន៍ថា ខេត្តកំពត ជាតំបន់មានសក្តានុពលយ៉ាងខ្លាំង ដោយសារសក្តានុពលជាច្រើនដែលខេត្តនេះមាន ពិសេសក្រោយពេលរដ្ឋាភិបាល ប្រកាសពង្រីកផ្លូវជាតិលេខ៣ភ្លាម ខេត្តកំពតបានទាក់ទាញគំរោងអភិវឌ្ឍន៍ជាច្រើនរួចទៅហើយ ខណៈបច្ចុប្បន្នផ្លូវដ៏សំខាន់នេះបានជិតដល់ដំណាក់កាលបញ្ចប់។

លោកបន្តថា “ជាមួយនឹងវត្តមានគំរោងដ៏ធំនេះ នឹងធ្វើឲ្យតំបន់ជើងភ្នំបូកគោកាន់​តែរីកចម្រើនកាន់តែលឿន ខណៈរដ្ឋាភិបាលបាននិងកំពុងចាប់ផ្តើម ដំណើរការរៀបចំរចនាសម្ព័ន្ឋគ្រប់គ្រង”។លោកបន្តថា “ការកសាងតំបន់ឆ្នេរសម្បនិម្មិតនេះ បាននិងកំពុងធ្វើឲ្យតំបន់ជុំវិញមានភាពរីកចម្រើន ស្របពេលទីតាំងនេះមានភាពអំណោយផលទាំងលក្ខខ័ណ្ឌអាកាសធាតុ សណ្ឋានដី និងទេសភាពដ៏ប្រណីតនៃភ្នំបូកគោ”។

LEAVE A REPLY

Please enter your comment!
Please enter your name here