អាស៊ានចាំបាច់បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញការតភ្ជាប់កាន់តែទូលំទូលាយនៅក្នុងតំបន់

0

ដោយៈ ម៉ាណេត
ភ្នំពេញៈ អាស៊ានត្រូវចាំបាច់ក្នុងការបង្កើនការចំណាយ លើហេដ្ឋារចនាសម្ព័ន្ធឱ្យបានច្រើន ហើយថែមទាំងត្រូវបង្កើនផលិតភាពនៃហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយគុណភាពការ អភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ការធ្វើសមាហរណ កម្ម និងការតភ្ជាប់កាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការលើកឡើងដោយក្រសួងសាធារណៈការ នឹងដឹកជញ្ជូន។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើង នៅក្នុងវេទិកាសង្គមនីយកម្មនៃក្របខ័ណ្ឌសម្រាប់ការធ្វើឱ្យប្រសើរឡើង នូវផលិតភាពហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (Socialization Forum of the Framework for Improving ASEAN Infrastructure Productivity)   នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដែលការចូលរួមពីលោកឈៀង ពេជ្រអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្តមន្រ្តីដឹកជញ្ជូនអាស៊ាន នៅទីស្ដី ក្រសួងសាធារណការ និងដឹកជញ្ជូន។

វេទិការនេះរៀបចំឡើងក្នុងគោលបំណង ធ្វើឱ្យអង្គភាពពាក់ព័ន្ធរបស់អាស៊ាន និងដៃគូខាងក្រៅពាក់ព័ន្ធ បានយល់ដឹងអំពីក្របខ័ណ្ឌនេះ ផ្តល់ជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធក្នុងការចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាបច្ចុប្បន្ន ទាក់ទងនឹងផលិតភាពហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផលប៉ះពាល់នៃជំងឺកូវីដ១៩ ជួយឱ្យរដ្ឋជាសមាជិកអាស៊ានបង្កើតផែនការសកម្មភាពរបស់ខ្លួន ដោយពិចារណាលើបញ្ហាប្រឈមជំងឺកូវីដ១៩។

អាស៊ានស្ថិតនៅក្នុងបរិយាកាសមួយ ដែលចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈម ក្នុងការធ្វើឱ្យប្រសើរឡើងផលិតភាពទូទៅ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយគុណភាពការ អភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ការធ្វើសមាហរណកម្ម និងការតភ្ជាប់កាន់តែទូលំទូលាយ នៅក្នុងតំបន់អាស៊ាន។

ដោយសារធនធានមានកម្រិត និងដោយពិនិត្យឃើញពីតម្រូវការហេដ្ឋារចនាស   ម្ព័ន្ធដ៏ធំធេងនៅក្នុងតំបន់ អាស៊ានមិនត្រឹមតែចាំបាច់ ក្នុងការបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធឱ្យបានច្រើនថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែអាស៊ានថែមទាំងត្រូវបង្កើនផលិតភាពនៃហេដ្ឋារចនាសម្ព័ន្ធផងដែរ។

កាលពីថ្មីៗនេះ កម្ពុជា និងរដ្ឋជាសមាជិកអាស៊ាន បានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ខណៈពេលវិស័យនេះ កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ១៩។

បច្ចុប្បន្ននេះ សមាជិកអាស៊ានទាំងអស់ កំពុងពិភាក្សារកវិធីសម្របសម្រួលការដឹកជញ្ជូនឱ្យមានភា ប្រសើរឡើង ដោយក្នុងនោះមានកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានចំនួន៤បានចាប់ផ្តើមអនុវត្តជាជំហានៗ ដើម្បីស្តារការដឹកជញ្ជូនក្នុងតំបន់ឡើងវិញ ប៉ុន្តែដោយ​សារតែបញ្ហានៃការរាតត្បាតជំងឺកូវីដ១៩ ការអនុវត្ត កិច្ចព្រមព្រៀងទាំងនេះបានជួបប្រទះនូវបញ្ហារអាក់រអួល។

ជាមួយគ្នានេះផងដែរ ភាគីកម្ពុជាកំពុងខិតខំប្រឹងប្រែង ធ្វើការជាមួយភាគីថៃក្នុងការរិះរកនីតិវិធីបើកច្រកទ្វារ ព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍-ព្រែកចាកផងដែរ។

ប្រសិនបើច្រកទ្វារទាំងនេះត្រូវបានបើកដំណើរការ វានឹងជួយសម្រួលដល់ការដឹក ជញ្ជូនទំនិញ ជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ បើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិ ការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រែងប្រែងពង្រីក និងបង្កើនចំនួនគន្ល​ងផ្លូវដឹកជញ្ជូននៅច្រក ទ្វារព្រំដែនបាវិត ព្រំដែនកម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញ ឱ្យបានឆាប់រហ័សទៅមកជាមួយភាគីវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនទំនិញនៅក្នុងតំបន់អាស៊ាន នៅតែមានភាពល្អប្រសើរជាទូទៅ ទោះបីជាមានឧបសគ្គខ្លះក្នុងកំឡុងពេលមានជំងឺរាលដាល។ ការដឹកជញ្ជូនរបស់បណ្តាប្រទេសអាស៊ាន ត្រូវបានរាំងស្ទះដោយសារតែសមាជិកអាស៊ានបានរឹតបន្តឹងសន្តិសុខផ្ទៃក្នុងរបស់ខ្លួនរៀងៗខ្លួន ក្នុងនោះប្រទេសនីមួយៗរបស់អាស៊ានបានរឹតបន្ដឹង ការឆ្លងកាត់ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ឧទាហរណ៍ពីមុន គេអាចដឹកទំនិញបានក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវត្រូវចំណាយពេលពី២ទៅ៣ថ្ងៃ ទើបអាចធ្វើទៅបាន។ ចំពោះ ការដឹកជញ្ជូនទ្វេភាគីនៅតែមានភាពរលូន បន្ទាប់ពីមានវិបត្តិកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំកន្លងទៅ។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លេខាធិការដ្ឋានអាស៊ាន បានរៀបចំសិក្ខា សាលាលើកទីមួយ លើកសាងសមត្ថភាពថ្នាក់តំបន់តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមប្រធានបទ “ការ រក្សាការតភ្ជាប់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ប្រកបដោយប្រសិទ្ធភាព និងភាពធន់” សហការជាមួយអង្គការUNESCAP និងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) ដើម្បីប្រមូលធាតុចូល និងស្វែងរកដំណោះស្រាយចំពោះបញ្ហា នៃការដឹកជញ្ជូនរបស់អាស៊ានក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដោយមានការចូលរួមពីតំណាងរដ្ឋជាសមាជិកអាស៊ានទាំងអស់ នៅទីក្រុងJakarta ប្រទេសឥណ្ឌូនេស៊ី។

ដោយឡែក បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងរិះរកវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមកាត់បន្ថយចំណាយ លើសេវាដឹកជញ្ជូនទំនិញនៅកម្ពុជា និងជំរុញការអនុវត្តគោលនយោបាយកិច្ច សម្រួលពាណិជ្ជកម្មរបស់រដ្ឋាភិបាល និងលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងស្ថានភាពនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here