ដោយៈ ប៊ី
សៀមរាបៈ អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា រាល់បណ្ដាញខ្សែកាបលើអាកាសទាំងអស់ក្នុងក្រុងសៀមរាបនឹងត្រូវរៀបចំជាបណ្តាញក្រោមដី ដែលជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ បន្ទាប់ពីបញ្ចប់ការសាងសង់ផ្លូវទាំង៣៨ខ្សែ។

អភិបាលរងខេត្តសៀមរាបលោកស្រីយូ សុភាបានមានប្រសាសន៍កាលពីម្សិលមិញថា បណ្តាញខ្សែកាបក្រោមដី គឺជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ហើយនៅពេលដែលហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែជាអំណោយរបស់រាជរដ្ឋាភិបាលត្រូវបានបញ្ចប់ហើយនោះ សៀមរាប-អង្គរ ពុំមានទៀតឡើយ ខ្សែកាបអាកាស ដើម្បីបង្កើតសោភ័ណភាពថ្មីនៃក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តនៃកម្ពុជា។
-->

លោកស្រីបានថ្លែងបន្តថា គម្រោងរៀបចំនិងប្រើប្រាស់បណ្តាញបំពង់ខ្សែកាបអុបទិកក្រោមដីនេះ រដ្ឋបាលខេត្តសៀមរាប បានអនុវត្តតាំងពីឆ្នាំ២០១៨ ក្នុងគោលដៅលុបបំបាត់ទាំងស្រុង ការប្រើប្រាស់បណ្តាញទូរគមនាគមន៍ខ្សែកាបអាកាស ដែលវាមានផលប៉ះពាល់ទាំងផ្នែកបច្ចេកទេស និងសោភ័ណភាពក្រុង ។

លោកស្រីបានថ្លែងថា នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមការងារចម្រុះរដ្ឋបាលខេត្ត កាត់ទម្លាក់ខ្សែកាប្លិ៍អាកាសគ្រប់ប្រភេទនៅតាមដងផ្លូវសាធារណៈ ក្នុងបំណងកែលំអសោភ័ណភាពក្រុងសៀមរាបរបស់យើង និងដើម្បីរក្សាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ដោយសារខេត្តសៀមរាបយើង ជាខេត្តគោលដៅទេសចរណ៍ដ៍៏មានសក្តានុពល និង កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចនេះ ដើម្បីកែលំសោភ័ណ្ឌភាពក្រុងសៀមរាបរបស់យើងទទួលបានកំណើនទេសចរណ៍បន្ថែមទៀត ទាមទារចាំបាច់ត្រូវយើងទាំងអស់សហការគ្នារួមគ្នា រៀបចំកែលំអនូវហេដ្ឋារចនាសម្ព័ន្ឋ ក៍ដូចជារៀបចំនូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ។

លោកសុខ សីហាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានឲ្យដឹងថា គម្រោងរៀបចំខ្សែកាបអ៊ុបទិចនៅក្រោមដីនេះ នឹងត្រូវអនុវត្តនៅលើបណ្តាផ្លូវចំនួន២៤ខ្សែក្នុងក្រុងសៀមរាប ដែលស្មើនឹងប្រវែងប្រហែល ១៥០គីឡីម៉ែត្រ ខណៈនៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ យើងបានអនុវត្តគម្រោងផែនការខ្សែកាបអាកាសដែលស្ថិតនៅលើដងផ្លូវចំនួន១៤ខ្សែ ស្មើនឹងប្រហែលជា៧០គីឡូម៉ែត្រ ហើយរំពឹងថា បណ្តាញទូរគមនាគមន៍ក្រោមដីនេះ នឹងត្រូវបានសម្រេចលទ្ធផលជាស្ថាពរ១០០ភាគរយ ក្រោយការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ។

លោកបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ក្រុងសៀមរាបកំពុងដំណើរការជួសជុលនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ ទាំងប្រព័ន្ឋលូបង្ហូររំដោះទឹក ប្រព័ន្ឋអគ្គិសនី និង ប្រព័ន្ឋទឹកស្អាត រួមទាំងបណ្តាញទូរគមនាគមន៍នានា ដូច្នេះវិស័យនេះត្រូវបានជួបនូវភាពរអាក់រអួល រំខានដល់អ្នកប្រើប្រាស់ ជាពិសេសបណ្តាញខ្សែកាប ខ្សែអ៊ិនធឺណិតផ្សេងៗ តែយ៉ាងណាយើងសង្ឃឹមថា ក្រោយពីជួសជុលកែលំអនូវផ្លូវទាំង៣៨ខ្សែនេះរួច បណ្តាញទូរគមនាគមន៍ក្នុងខេត្តនេះនឹងលែងចោទជាបញ្ហាទៀតហើយ ។

នៅក្នុងខេត្ដសៀមរាប មានក្រុមហ៊ុនអ៊ិនធឺណិតចំនួន១១ក្រុមហ៊ុន និង ក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណជីកកប់បំពង់កាបទូរគមនាគមន៍ក្រោមដីចំនួន២ក្រុមហ៊ុន រួមមាន៖ ទូរគមនាគមន៍ កម្ពុជា TC របស់រដ្ឋ និងក្រុមហ៊ុន (ខេមបូឌា)ហ្វីបើអុបទិកខមញូនីខេសិនណេតវើក Cambodia Fiber Optic Communication Network (CFOCN )៕