ធនាគារនៅកម្ពុជាមានទ្រព្យសកម្ម៣១ប៊ីលានដុល្លារសម្រាប់ដចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច

0

ដោយ : គង់ សូរិយា
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានថ្លែងថា វិស័យធនាគារបានចូលរួមចំណែកយ៉ាងសកម្ម ក្នុង​សេដ្ឋ​កិច្ចជាតិ ដោយរហូតមកទល់ពេលនេះ ទ្រព្យសកម្មរបស់វិស័យធនាគា​រមានប្រមាណ៣១ប៊ីលានដុល្លារអាមេរិក។


ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោក ជា ចាន់តូ បានលើកឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់ ប្រកាសនី​យបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នេះថា បច្ចុប្បន្នប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់នូវសុខសន្តិភាព និងស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍គ្រប់វិស័យ បានធ្វើឲ្យប្រទេសកម្ពុជាឈានឡើងពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥កន្លងទៅ ។
លោកបន្តថា “ជាក់ស្តែងក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាសម្រេចបានកំនើនសេដ្ឋកិច្ចក្នុងរង្វង់៧,៧ភាគរយ ជាមួ​យ​នឹងការរក្សាស្ថិរភាពសេដ្ឋកិច្ចបានល្អប្រសើរ ក្នុងអតិផរណា មានកម្រិតទាបអាចគ្រប់គ្រងបានជាមធ្យម៣,៥ភាគរយ”។ លោកបន្តថា “ជាមួយកំនើនសេដ្ឋកិច្ច ការការគ្រប់គ្រងចរន្តសាច់ប្រាក់ និងអត្រាអតិផរណាបានល្អប្រសើរ បានធ្វើឲ្យកម្ពុជាបានកាត់បន្ថយអត្រាភាពក្រីក្រ បានយ៉ាងឆាប់រហ័សពីអត្រា៥០,២ភាគរយ នៅឆ្នាំ២០០២ មកនៅត្រឹម១០ភាគរយនៅឆ្នាំ២០១៨នេះ”។
លោក ជា ចាន់តូ បានបន្តថា ក្រៅនៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាមួយទស្សនៈវែងឆ្ងាយរបស់រាជរដ្ឋាភិបាល វិស័យធនាគារបានចូលរួមចំណែកយ៉ាងសកម្ម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយវិសាលភាព និងបរិយាប័ន្ន ​ដែលបានលើកស្ទួយនូវកម្រិតជីវភាពប្រជាជន និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះទ្រព្យសកម្មរបស់វិស័យធនាគារ បានកើនឡើង៧៣ដង បើប្រៀបធៀបទៅចុងទសវត្សរ៍ទី៩០។
ប្រធានសមាគមធនាគារកម្ពុជាស្តីទី លោក ឆារស៍ វ៉ាន់បានថ្លែងថា សុខភាពក្នុងវិស័យធនាគារនៅតែមានភាពល្អប្រ​សើរ ដោយសារកំនើននៃតម្រូវការឥណទាន និងលំហូរសាច់ប្រាក់ស្ថិតក្នុងកម្រិតមួយអាចគ្រប់គ្រងបាន និងមានកំណើន​ល្អប្រសើរ។ លោកបន្តថា ធនាគារបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ព្រោះធនាគារដើរតួនាទីជាអ្នផ្តល់លំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច ដើម្បីបង្កើតការងារ និងខ្សែសង្វាក់ផលិតកម្មបានយ៉ាងល្អប្រសើរ។
លោកបន្តថា “ទោះជាមានការប្រកួតប្រជែងកើនឡើង ប៉ុន្តែមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភក្នុងវិស័យនេះទេ ដោ​យសារធនាគារនិមួយៗបានគោរពក្រមសីលធ៌មរបស់ពួកគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here