ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញលើកឡើងថា អ្នកវិនិយោគក្នុងស្រុក បានចាប់ផ្តើមធ្វើដំណើរទៅកាន់មណ្ឌលគីរីបណ្តើរៗឡើងវិញ ដើម្បីស្វែងរកទិញអចលនទ្រព្យ ពិសេសដីធ្លី បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ហើយខេត្តនៅតែផ្តល់ឱកាសចំណេញច្រើន ពីវិនិយោគលើអចលនទ្រព្យ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានថ្លែងប្រាប់នៅថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២១នេះថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ បច្ចុប្បន្ន មានអ្នកចាប់ផ្តើមធ្វើដំណើរ ទៅកាន់មណ្ឌលគីរីបណ្តើរៗឡើងវិញ ពិសេសអ្នកវិនិយោគក្នុងស្រុក ដោយសារការបន្ធូរបន្ថយលើការធ្វើដំណើរ។
លោកបានថ្លែងបន្តថា ”អ្នកវិនិយោគ ដែលធ្វើដំណើរទៅខេត្តនេះ ភាគច្រើនគឺទៅស្វែងរកដីសម្រាប់ការវិនិយោគ ដោយសារមិនទាន់មានផែនការមេ អភិវឌ្ឍន៍ច្បាសលាស់ ហើយការវិនិយោគដីធ្លី ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងសែនមនោរម្យ”។
លោកបានបន្ថែមថា តម្លៃដីនៅទីនោះ មានចាប់ពី២០០០ ទៅ៣០០០ដុល្លារក្នុងមួយម៉ែត (ភាគច្រើនត្រូវបានគិតជាម៉ែត្រដើរ) ហើយអ្នកវិនិយោគច្រើនទិញដីសម្រាប់ទុកចំណេញ ដោយសារតម្លៃដីនៅធូរថ្លៃនៅឡើយ និងមិនទាន់ការផែនការអភិវឌ្ឍន៍ច្បាស់លាស់ទៅឡើយ។
លោកបានថ្លែងបន្តថា ខេត្តមណ្ឌលគីរី នឹងអាចក្លាយតំបន់អេកូទេសចរណ៍ និងក ន្លែងដោះដូរទំនិញនាពេលខាងមុខ ដោយសារខេត្តនេះមានសក្តានុពល ផ្នែកអេកូទេចរណ៍ និងព្រលានយន្តហោះ ដែលត្រៀមធ្វើការអភិវឌ្ឍនាពេលខាងមុខ។
ទោះបីជាយ៉ាងក៏ដោយ លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធីបានថ្លែងប្រាប់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ មណ្ឌលគីរីមិនខុសពីបណ្តាខេត្តផ្សេងៗទេ ដោយវិបត្តិកូវីដ១៩ មិនមានសូវចលនាទិញលក់អចលនទ្រព្យនោះទេ ពិសេសដីធ្លី នាពេលបច្ចុប្បន្ន ហើយប្រតិបត្តិការទិញលក់មានចំនួនតិចតូចបំផុត បើធៀបនឹងមុនសម័យកូវីដ១៩។
លោកបានថ្លែងបន្តថា “ការវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅខេត្តមណ្ឌលគីរីភាគច្រើនផ្តោតលើវិស័យដីធ្លី ដោយសារទី១ អ្នកវិនិយោគទិញដីយកទៅធ្វើការចំការ ទី២សម្រាប់ធ្វើជារមនីយដ្ឋាន និងទី៣ទិញសម្រាប់លក់យកចំណេញវិញ”។
លោកបានឱ្យដឹងទៀតថា ជាក់ស្តែង ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅខេត្តមណ្ឌលគីរី នៅមានឱកាសច្រើនសម្រាប់អ្នកដែលចង់ទិញ សម្រាប់ការអភិវឌ្ឍ ឬទុកចំណេញជាដើម។
យោងតាមលោកស៊ា ឆៃលីនបានឱ្យដឹងថា តំបន់ ដែលផ្តល់ឱកាសចំណេញបាន គឺនៅទីក្រុងសែនមនោរម ខណៈតម្លៃដីនៅទីនោះភាគច្រើន ត្រូវបានគិតជាម៉ែត្រដើរ ឬម៉ែត្រខ្សែ ហើយតម្លៃដីអាចរកទិញបាន ក្នុងតម្លៃចាប់ពី២០០០ ដុល្លារទៅ៥០០០ដុល្លារ ដោយអាស្រ័យទៅលើទីតាំងដី និងសណ្ឋានដី៕
ចង់លក់ដីជាង2ហិចតាជាប់ផ្លូវកៅស៊ូ នៅមណ្ឌលគីរី 092788360