ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodiaបានទទួលពានរង្វាន់ច្រើនជាងគេ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា ឬ Cambodia Real Estate Awardដែលបានរៀបចំលើកទី១នៅប្រទេសកម្ពុជា។
ពានរង្វាន់នេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនគេហទំព័រ Realestate.com.kh,សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានមានប្រសាសនឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ កក្កដានេះថា ការទទួលបានពានរង្វាន់នេះជាការឆ្លុះបញ្ចាំង ពីការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនយើងមានលក្ខណៈពិសេស និងជាក្រុមហ៊ុនធំជាងគេនៅក្នុងវិស័យនេះ ហើយការទទួលពានរង្វាន់នេះ ធ្វើឲ្យគេស្គាល់ពីក្រុមហ៊ុនរបស់យើងកាន់តែច្រើន តាមរយៈការផ្តល់សេវាកម្មបានល្អប្រសើរដល់អតិថិជន។
អ្នកនាងបន្តថា “ទម្រាំទទួលបានពានរង្វាន់នេះ ក្រុមហ៊ុនត្រូវដាក់ឯកសារការងារជាច្រើនដល់គណកម្មការវាយតម្លៃឯករាជ្យ ដើម្បីទទួលបានការវាយតម្លៃដោយត្រឹមត្រូវ និងយុត្តិធ៌ម”។អ្នកនាងបន្តថា “វាបង្ហាញពីភាពត្រឹមត្រូវរបស់យើង ដែលជួយទាំងរដ្ឋាភិបាល និងឯកជន ព្រោះយើងត្រូវតែជាក្រុមហ៊ុនដែលមានការចុះបញ្ជីរត្រឹមត្រូវ មានវិជ្ជាជីវៈនិងមានការបង់ពន្ឋត្រឹមត្រូវ”។
ពានរង្វាន់ដែលក្រុមហ៊ុនCBRE Cambodiaទទួលបានចំនួនបួន មានដូចជា ទី១ ពនរង្វាន់ផ្នែកផ្តល់សេវាកម្មជួលបានល្អជាងគេ ទី២ ពានរង្វាន់ភ្នាក់ងារផ្នែកពាណិជ្ជកម្មបានល្អជាងគេ ទី៣ ពានរង្វាន់ជាភ្នាក់ងារជាជម្រើសរបស់អតិថិជន និងទី៤ ពានរង្វាន់ផ្នែកគ្រប់គ្រងអចលនទ្រព្យ៕