Cambodia Real Estate Award ឆ្លុះបញ្ចាំងពីដំណើរឈានទៅមុខនៃវិស័យអចលវត្ថុកម្ពុជា

ចែករំលែក

ដោយ គង់ សូរិយា

ភ្នំពេញ៖ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ឬ Cambodia Real Estate Award បានទទួលការចាប់អារម្មណ៍ និងបញ្ចប់ដោយទទួលបានជោគជ័យ តាមរយៈការចែកពានរង្វាន់ជាច្រើនដល់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រុមហ៊ុនអន្តរជាតិជាច្រើនបាន​ចូលរួម ដើម្បីទទួលបានពានរង្វាន់ពីកម្មវិធីនេះ។

លោក Thomas O´Sulivan អគ្គនាយកក្រុមហ៊ុនគេហទំព័រអចលនវត្ថុកម្ពុជា Realestate.com.khដែលបានផ្តួចផ្តើមកម្មវិធីនេះ ជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជា និងសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសា​សន៍ឲ្យដឹងក្នុងពិធីប្រកាសពានរង្វាន់ Cambodia Real Estate Awards ឆ្នាំ២០១៨ នារាត្រីថ្ងៃទី៦ កក្កដាកន្លងមកថា វិស័យអចលនវត្ថុកម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះភ្នាក់ងារអចលនវត្ថុជាច្រើនបានខិតខំប្រឹងប្រែ​ងនិងចូលរួមចំណែកដល់ភាពជោគជ័យនេះ។

លោកបន្តថា “ដូច្នេះវាជាការចាំបាច់សម្រាប់យើង ក្នុងកា​រទទួលស្គាល់អ្នកទាំងនេះ  ជាភ្នាក់ងារអចលនទ្រព្យឈានមុខគេ សម្រាប់សមិទ្ឋិផលនិង​ការរួមចំណែករបស់ពួកគេ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាង​បានថ្លែង និងត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព៌តមានផងដែរថា ដូចខ្ញុំបានលើ​កឡើងពីខាងដើមថា យើងត្រូវមានព្រឹត្តិការណ៍ទាំងនេះបន្ថែមទៀត នៅពេលអនាគត ដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់បុគ្គលឆ្នើមនៅក្នុងវិស័យអចលនវត្ថុកម្ពុជា ហើយក្នុងពេលជាមួយគ្នា ដើម្បីជួយលើកស្ទួយវិស័យនេះ រួមទាំងប្រទេសកម្ពុជាទៅឲ្យពិភពលោក​ខាងក្រៅបានស្គាល់។

លោកបណ្ឌិតសុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណកម្មការវាយតម្លៃពានរង្វាន់នេះបានថ្លែងថា មានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យចូលរួម ដើម្បីទទួលបានការវាយតម្លៃសម្រាប់ពានរង្វាន់នេះ ប៉ុន្តែក្រុមហ៊ុនខ្លះមិនមានស្តង់ដា និងមិនមានចុះបញ្ជីរនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានយើងជម្រុះចេញ និងជ្រើសរើសយកតែក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ មានការបង់ពន្ឋ និងគោរពច្បាប់បានត្រឹមត្រូវ ដើម្បីទទួលបានការវាយតម្លៃពីគណកម្មការរបស់យើង។

លោកបន្តថា “នៅឆ្នាំនេះជាលើកទី១មានអ្នកចូលរួមច្រើន ប៉ុន្តែលោកគិតថានៅឆ្នាំទី២នឹងមានក្រុមហ៊ុនចូលរួមកាន់តែច្រើនថែមទៀត ដែលនៅពេលនោះអ្នកជាប់លេខ១ឆ្នាំនេះ មិនប្រាកដថាបានលេខមួយទៀតទេ ដោយសារមានដៃគូប្រកួតប្រជែ​ងច្រើន”។​ លោកបន្តថា “អ្នកឈ្នះពានរង្វាន់នេះស័ក្តិសមនឹងទទួលបានការទទួលស្គាល់ និងទទួលបានពាន​រង្វាន់របស់យើង សម្រាប់ការបន្តឧត្តមភាព និងការធ្វើជាគំរូដល់អ្នកដទៃ”៕


ចែករំលែក