ដោយដែន ចែងចាំង
ភ្នំពេញ: ក្រុមហ៊ុនអចលនទ្រព្យយក្សមួយមានមូលដ្ឋាននៅប្រទេសចិន បានប្រកាសពីការលក់គំរោងខុនដូដ៏ធំរបស់ខ្លួន ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងក្នុងតម្លៃសមរម្យមួយ។
គំរោងដែលវិនិយោគដោយក្រុមហ៊ុនYUETAI GROUPនេះ មានឈ្មោះYUETAI THE GARDEN ដែលមានអាគារកំពស់៣៦ជាន់ចំនួន៨អាគារ និងលក់ក្នុងតម្លៃចាប់ពី៣៩០០០ដុល្លារអាមេរិកឡើងទៅ ជាមួយនឹងការផ្តល់ជូនគ្រឿងសង្ហាររឹម និងសម្ភារៈផ្ទះបាយមួយសម្រាប់ផងដែរ។
ក្រុមហ៊ុនYUETAI GROUPកាលពីពេលថ្មីៗនេះ ក៏បានប្រកាសសម្ភោធចាប់ផ្តើមគំរោងដ៏ធំរបស់ខ្លួន ដែលមានអាគារកប់ពពកចំនួន២២អាគារ ស្ថិតនៅតាមបណ្តោយដងទន្លេសាប(តំបន់កំពង់ផែស្វយ័ត្នក្រុងភ្នំពេញ)ផងដែរ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា ទីផ្សារខុនដូចាប់ផ្តើមមាននិន្នាការប្រែប្រួល ដោយអ្នកវិនិយោគបានងាកមកទិញខុនដូដែលបានសាងសង់រួច ឬជិតបញ្ចប់ការសាងសង់ ជាជាងទិញគម្រោងដែលបានប្រកាសហើយមិនទាន់សាងសង់។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានមានប្រសាសន៍ថា ទីផ្សារខុនដូនៅតែមានការវិវត្តទៅមុខល្អប្រសើរ ទោះជាគំរោងថ្មីៗមួយចំនួនមិនបានប្រកាសការសាងសង់ក្នុងកំឡូងពេលនេះក្តី ប៉ុន្តែនិន្នាការនៃការទិញលក់នៅតែបន្តកើនឡើង ក្នុងកម្រិតមួយយឺតជាងមុន តែនៅតែមានស្ថិរភាព។
អ្នកនាងបន្តថា “តម្លៃខុនដូបានប្រែប្រួល ដោយអ្នកវិនិយោគបានងាកមកកាន់គំរោងដែលមានតម្លៃសមរម្យ ដែលសមស្របនឹងស្ថានភាពទីផ្សារពិតប្រាកដ”៕