ដោយ គង់ សូរិយា
ភ្នំពេញ៖ អ្នកជំនាញនិងអ្នកអភិវឌ្ឍន៍បានលើកឡើងស្រដៀងគ្នាថា ការកើនឡើងតម្លៃដីខ្ពស់ពេក បានក្លាយជាឧបសគ្គមួយរារាំងការអភិវឌ្ឍន៍ នៅតំបន់បឹងជើងឯក និងបឹងទំពុន ដែលតម្លៃដីខ្ពស់បែបនេះបានរំខានដល់ការវិនិយោគ និងសកម្មភាពអភិវឌ្ឍន៍នានា។
ដោយ គង់ សូរិយា
ភ្នំពេញ៖ អ្នកជំនាញនិងអ្នកអភិវឌ្ឍន៍បានលើកឡើងស្រដៀងគ្នាថា ការកើនឡើងតម្លៃដីខ្ពស់ពេក បានក្លាយជាឧបសគ្គមួយរារាំងការអភិវឌ្ឍន៍ នៅតំបន់បឹងជើងឯក និងបឹងទំពុន ដែលតម្លៃដីខ្ពស់បែបនេះបានរំខានដល់ការវិនិយោគ និងសកម្មភាពអភិវឌ្ឍន៍នានា។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា តំបន់បឹងជើងឯក និងបឹងទំពុនមានភាពទាក់ទាញ និងជាតំបន់ល្អសម្រាប់ការអភិវឌ្ឍ ប៉ុន្តែសកម្មភាពអភិវឌ្ឍន៍នៅតំបន់នេះមិនទាន់មានសកម្មភាពជាដុំកំភួនទេ តែតម្លៃដីបានកើនខ្ពស់ ដែលធ្វើឲ្យអ្នកវិនិយោគបុរីមិនអាចធ្វើបានទេ នៅពេលតម្លៃដីកើនខ្ពស់ដល់កម្រិតនេះ។
អ្នកនាងបន្តថា “តម្លៃដីនៅតាមបណ្តោយមហាវិថីសម្តេចតជោហ៊ុន សែនមានភាពសមស្រប តែតម្លៃដីលំនៅដ្ឋានមានតម្លៃខ្ពស់ មិនអាចសាងសង់បុរីបានទេ”។ អ្នកនាងបន្តថា “តំបន់មួយមិនអាចមានតែសកម្មភាពពាណិជ្ជកម្ម ឬសាងសង់តែមជ្ឈមណ្ឌលពាណិជ្ជកម្មនោះទេ ព្រោះសកម្មភាពពាណិជ្ជកម្មត្រូវការការគាំទ្រពីប្រជាជន ពីអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន”។
លើកឡើងស្រដៀងគ្នានេះផងដែរ លោកង៉ែត ពិសិដ្ឋជំនួយការអគ្គនាយកបុរីពិភពថ្មីបានថ្លែងថា តម្លៃដីពិតជាឡើងថ្លៃខ្ពស់ពេកនៅតំបន់នេះ ដែលធ្វើឲ្យមិនអាចសាងសង់លំនៅដ្ឋានលក់បាន ដោយសារការចំណាយទៅលើថ្លៃដីបានខ្ពស់រួចទៅហើយ។លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនបានជួបឧបសគ្គក្នុងការស្វែងរកដី ដើម្បីអភិវឌ្ឍឬសាងសង់បុរីណាស់ ដោយសារតម្លៃដីកើនឡើងខ្ពស់ពេក។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ដើម្បីលើកំពស់សោភណ្ឌភាពទីក្រុង ឱ្យកាន់តែស្រស់ស្អាត សាលារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរក្រុងប៉ារីស ក្នុងការអភិវឌ្ឍន៍តំបន់ជើងឯកឱ្យក្លាយជាទីក្រុងបៃតង ដោយយកគំរូតាមទីក្រុងប៉ារីសប្រទេសបារាំង ក្នុងការៀបចំហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារពាណិជ្ជកម្មនានាក្នុងតំបន់នេះនាពេលខាងមុខ។
លោកបន្តថា គំរោងអភិវឌ្ឍន៍ថ្មីនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញ ដោយតំបន់ភាគខាងត្បូងជាទីតាំងដែលមានទំហុំធំទូលាយមួយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានសក្តានុពលក្នុងការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពិសេសសំណង់ពាណិជជ្ជកម្ម ដែលជាដើមចមនាំឱ្យសាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឱ្យមានភាពស្រស់បំព្រង ចង់ឱ្យតំបន់នោះក្លាយជាតំបន់បៃតងដែលមានបរិស្ថានល្អ ពិសេសជៀសផុតពីគ្រោះទឹកជំនន់៕