ដោយ វុត្ថា
ភ្នំពេញ: ជាលើកដំបូងហើយ ដែលប្រតិបត្តិការទិញលក់អចលនទ្រព្យនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលកំពុងមានចំណាប់អារម្មណ៍ពីពិភពលោក បានធ្លាក់ចុះជាលើកតំបូង នៅក្នុងប្រទេសវាលខ្សាច់មួយនេះ។
យោងតាមមន្ត្រីជាន់ខ្ពស់ប្រទេសអារ៉ាប់រួម កាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យ ដឹងថា ប្រតិបត្តិការទិញលក់ អចលនទ្រព្យនៅក្នុងទីក្រុងឌុបៃ សម្រេចបានចំនួន៣០,២ពាន់លានដុល្លារក្នុងពាក់កណ្តាលឆ្នាំ២០១៨ ដែលចំនួននេះមានការធ្លាក់ចុះ ធៀបនឹងឆ្នាំមុន ដែលប្រតិបត្តិការទិញ លក់ អចលនទ្រព្យក្នុងទីក្រុងរីកចម្រើនដ៏លឿននេះ សម្រេចបានចំនួន៣៥,៩៤ ពាន់លានដុល្លារអាមេរិក។
-->
ទីក្រុងឌុបៃបានចុះបញ្ជីប្រតិបត្តិការ អចលនទ្រព្យចំនួន២៧,៦៤២ ក្នុងឆមាសឆ្នាំ ២០១៨។ចំណែកឆ្នាំ២០១៧ កន្លងទៅនេះ តាមការសិក្សាស្រាវជ្រាវអចលនទ្រព្យដោយ នាយកដ្ឋានដីធ្លីទីក្រុងឌុបៃ បានបង្ហាញថា ប្រតិបត្តិការអលនទ្រព្យ ដែលបានចុះបញ្ជីមានចំនួន៣៥,៥៧១ ក្នុងរយៈពេលដូចគ្នា។

នាយកដ្ឋាននេះបានកត់សម្គាល់ទៀតថា មេដឹកនាំអារាប់រួមកំពុងដាក់ក្តីសង្ឃឹម ចំពោះការលើកទឹកចិត្តលើបរិបទ និងទស្សនទាននៃគោលនយោបាយសសេដ្ឋកិច្ចថ្មីរបស់ខ្លួន និងបានអំពាវនាវអោយអ្នកវិនិយោគិនអន្តរជាតិ ឲ្យចូលមកវិនិយោគក្នុងស្រុកតាមរយៈការប្រកាសវិធានការអនុញ្ញាត ឱ្យជនបរទេសក្លាយជាកម្មសិទ្ឋរហូតដល់១០០ ឆ្នាំ និងផ្តល់ឱ្យអ្នកឯកទេសបរទេស នូវទិដ្ឋាការរយៈពេល១០ឆ្នាំ។
លោកSultan Butti bin Mejren អគ្គនាយកនៃនាយកដ្ឋានដីធ្លីនៃទីក្រុងឌូបៃ បានឲ្យដឹងថា ការផ្តល់ឱ្យវិនិយោគិនទិដ្ឋាការស្នាក់នៅ ក្នុងប្រទេសអារ៉ាប់រួមរហូតដល់១០ឆ្នាំ រួមទាំងការកាត់បន្ថយថ្លៃសេវារដ្ឋផ្សេងៗ គឺដើម្បីលើកទឹកចិត្តអ្នកវិនិយោគិនបរទេសមកវិនិយោគឲ្យបានច្រើន ក្នុងការជម្រុញសេដ្ឋកិច្ច ប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត។
ប្រជាជនអារ៉ាប់បានវិនិយោគច្រើនជាងគេ ដោយមានចំនួន២,៩៨៦គំរោងនិងមានតម្លៃទឹកប្រាក់ចំនួន៦,៨ពាន់លានAEDដុល្លារអារ៉ាប់។ បន្ទាប់មកជនជាតិឥណ្ឌា មានចំនួន៣២១៨គំរោង ដែលស្មើរនឹងទឹកប្រាក់៥,៩ ពាន់លានដុល្លារ AED ។ ជនជាតិអារ៉ាប៊ីសាអ៊ូឌីតឈរនៅលំដាប់លេខរៀងទី៣ ដោយមានការវិនិយោគចំនួន១,៤១៥គំរោងនិងមានតម្លៃជិត៣ពាន់លានអឺរ៉ូ។
ប្រជាពលរដ្ឋមកពីចក្រភពអង់គ្លេស ប៉ាគីស្ថាន ចិន អេហ្ស៊ីប ហ្ស៊កដានី និងបារាំងគឺស្ថិតក្នុងចំណោមអ្នកវិនិយោគច្រើនជាងគេ ក្នុងលំដាប់Top Ten នៅទីក្រុងដែលមានអាគារខ្ពស់ជាងគេក្នុងពិភពលោកនេះ៕