ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលបានកំណត់ពេលវេលាជាក់លាក់ហើយ ដើម្បីចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដោយកំណត់យកខែវិច្ឆិកា ចុងឆ្នាំនេះជាពេលបើកដំណើរការសាងសង់ផ្លូវនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសនឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ កក្កដានេះថា ការសាងសង់ផ្លូវល្បឿនលឿនឬ Express Way ត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលប្រកាសកំណត់កាលបរិច្ចេទជាក់លាក់ គឺយកខែវិច្ឆិកា ដើម្បីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនលើកទី១ នៅកម្ពុជានេះ។លោកបន្តថា កន្លងមកខាងក្រុមហ៊ុនចិន មានការបារម្ភពីការជាប់គាំងគំរោងកណ្តាលទី ហេតុនេះទើបពួកគេជំរុញឲ្យរដ្ឋាភិបាល ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋលើគំរោងផ្លូវនេះបញ្ចប់សិន។






