ក្រុមហ៊ុនធានារ៉ាប់រងចិនប្រកាសទិញអាគារការិយាល័យនៅទីក្រុងប៉េកាំង ក្នុងតម្លៃ១,៤ពាន់លានដុល្លារ

0

ដោយៈ គៀតឈូ

ប៉េកាំងៈ ក្រុមហ៊ុនធានារ៉ាប់រងសុខភាព Hexie ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានទិញអាគារ SK Tower នៅទីក្រុងប៉េកាំងក្នុងតម្លៃ៩,០៦ពាន់លានយ័ន (១,៤ពាន់លានដុល្លារ) ពីក្រុមហ៊ុន SK Group ដែលជាក្រុមហ៊ុនធំជាងគេទីបី របស់ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន SCMP កាលពីថ្មីៗនេះ។

យោងតាមក្រុមហ៊ុន Cushman & Wakefield ដែលជាទីប្រឹក្សារបស់ក្រុមហ៊ុនធានារ៉ាប់រងខាងលើបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺជាប្រតិបត្តិការទិញលក់ដ៏ធំបំផុត សម្រាប់អាគារការិយាល័យមួយ នៅក្នុងប្រទេសចិន ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩នេះ។

វាអាចនឹងក្លាយជាកិច្ចព្រមព្រៀងទិញ លក់ធំបំផុតសម្រាប់ឆ្នាំនេះ សម្រាប់ជាគម្រោងអចលនទ្រព្យពាណិជ្ជកម្មតែមួយនៅក្នុងប្រទេសចិន។

លោក Alvin Yip ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Cushman បានមានប្រសាសន៍ថា “ទីផ្សារទីក្រុងប៉េកាំង គឺជាទីតាំងស្នូលដ៏សំខាន់មួយ សម្រាប់វិនិយោគិនជាយូរណាស់មកហើយ និងជាទីតាំងដែលមានប្រតិបត្តិការទិញលក់ធំៗ មានទំហំទឹកប្រាក់លើសពី៥០ពាន់លានយ័ន (៧,៨ពាន់លានដុល្លារ) ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា”។

ក្រុមការងាររបស់លោកបានធ្វើកិច្ចព្រមព្រៀងទិញលក់ ដែលមានតម្លៃប្រហែល១០ពាន់លានយ័ននៅឆមាសទីមួយនៃឆ្នាំនេះ ដែលរួមបញ្ចូលទាំងការលក់អាគារ Beijing Diamond Plaza នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង។

ប្រតិបត្តិការទិញលក់អាគារSK Tower គឺពិតជាអស្ចារ្យខ្លាំងណាស់ ខណៈការិយាល័យកម្ពស់៣៥ជាន់ ស្ថិតនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្ម កណ្តាលក្រុងប៉េកាំង។ អាគារមានទំហំ១០៧.៦២៧ ម៉ែត្រក្រឡា (១,២ លានហ្វីតការ៉េ) ត្រូវបានលក់ដោយក្រុមហ៊ុនអភិវឌ្ឍន៍CapitaLand ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទៅឱ្យក្រុមហ៊ុន SK Group ក្នុងឆ្នាំ២០០៨។ កិច្ចព្រមព្រៀងទិញលក់នោះ ក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Cushman ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here