ដោយៈវិច្ឆិកា
ភ្នំពេញៈ ធនាគារហត្ថា ដែលជាធនាគារក្នុងស្រុក មានការរីកចម្រើនយ៉ាងឆាប់រហ័សមួយ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ អាគារការិយាល័យកណ្តាលរបស់ខ្លួន កំពស់២២ជាន់ នៅលើមហាវិថីសម្តេចតេជោឬផ្លូវ៦០ម៉ែត្រ។
បន្ទាប់ពីប្រែក្លាយពីមីក្រូហិរញ្ញវត្ថុ មកជាធនាគារពពាណិជ្ជ មិនទាន់បាន១ឆ្នាំផង ធនាគារហត្ថា បានចាប់ផ្តើមបុកគ្រឹះសាងសង់អគារការិយាល័យកណ្តាលថ្មី ដែលមានទំហំសំណង់ប្រមាណ៤០,០០០ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ។ អគារការិយាល័យកណ្តាលថ្មីដ៏ធំស្កឹមស្កៃនេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ របស់ធនាគារ ហត្ថា និងក្រុមហ៊ុនស៊ីអឹមអ៊ីឌីខន ស្ត្រាក់សិន ម.ក ដែលជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការសាងសង់។
-->

លោកឧកញ៉ាហួត អៀតតុង ប្រធានអគ្គនាយកធនាគារហត្ថា បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយចំពោះសមិទ្ធផល ដែលធនាគារសម្រេចបាននៅពេលនេះ ហើយវាជាថ្ងៃដ៏វិសេសវិសាលបំផុត សម្រាប់រូបលោក គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ដែលបានខិតខំប្រឹងប្រែងព្យាយាមបំពេញការងារ អស់ពីកំលាំងកាយចិត្តអស់រយៈពេលជិត៣០ឆ្នាំ ដើម្បីទទួលបានលទ្ធផលដូចថ្ងៃនេះ។
លោកមានប្រសាសន៍ថា “អគារការិយាល័យកណ្តាលថ្មីនេះ គឺជាសមិទ្ធផលយ៉ាងធំធេងមួយទៀត ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែង តស៊ូព្យាយាមអស់ពីកំលាំងកាយចិត្តរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារហត្ថា ហើយការសាងសង់នេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងភាពរីកលូតលាស់នៃអាជីវកម្ម កំណើនបុគ្គលិកដែលបានកើនឡើងយ៉ាងឆាប់រហ័ស និងឆ្លើយតបទៅផែនការអាជីវកម្ម ដែលយើងបាន ប្តេជ្ញា ក្លាយទៅជាធនាគារពាណិជ្ជជំរើសទីមួយរបស់អតិថិជន”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ការសាងសង់អាគារការិយាល័យថ្មីនេះដើម្បីបង្ហាញពីកិត្យានុភាព កសាងទំនុកចិត្ត និងផ្តល់ផាសុកភាពដល់អតិថិជន និងបុគ្គលិករបស់ធនាគារ ហត្ថាទាំងអស់”។ អគារការិយាល័យថ្មីនេះ លាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ១៥,០០០ម៉ែត្រក្រឡា មានទំហំសំណង់សរុបប្រមាណ៤០,០០០ម៉ែត្រក្រឡា និងមានកំពស់២២ជាន់។ អគារថ្មីនេះ មានមុខងារជាច្រើនរួមមាន ការិយាល័យសម្រាប់បុគ្គលិកធ្វើការ ការិយាល័យទទួលភ្ញៀវ ហាងកាហ្វេ អាហារដ្ឋាន ទារកដ្ឋាន និងក្លឹបហាត់ប្រាណជាដើម ។ល។
គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន១៣៧ សមតុល្យប្រាក់បញ្ញើសន្សំសរុប៨៧៥លានដុល្លារអាមេរិក ផលប័ត្រឥណទានសរុបចំនួន១,៤១៨លានដុល្លារអាមេរិក និងមានអតិថិជនបើកគណនីសរុបជិត ៥០០,០០០គណនី។

នាពេលបច្ចុប្បន្ននេះ ធនាគារហត្ថា បាននឹងកំពុងធ្វើការដំឡើងប្រព័ន្ធធនាគារស្នូល ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កើតនូវសេវាហិរញ្ញវត្ថុ យ៉ាងសម្បូរបែបទៅតាមតម្រូវការរបស់អតិថិជន ជាមួយនឹងសេវាកម្មធនាគារបែបឌីជីថល ដែលជាដំណោះស្រាយសេវាហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ នាពេលឆាប់ៗនេះ ធនាគារ ហត្ថា មានផែនការដាក់ចេញ នូវសេវាកម្មធនាគារជាច្រើនទៀត ដើម្បីបម្រើដល់អតិថិជនឱ្យកាន់តែប្រសើរឡើង។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕