អន្តរក្រសួងជំរុញការអភិវឌ្ឍតំបន់រុនតាឯកឱ្យស្របតាមប្លង់មេដើម្បីបង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាជន

0

ដោយៈ ប៊ី

ភ្នំពេញៈ គណ:កម្មការអន្តរក្រសួងនឹងរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក ឱ្យស្របតាមប្លង់មេដែលមានស្រាប់ ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្មីៗនេះ។

លោកង៉ាន់ ភិរុណអភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មការអន្តរក្រសួង នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីពិនិត្យ និងសិក្សារៀបចំប្លង់មេ ព្រមទាំងវាយតម្លៃនូវអចលនវត្ថុ ដើម្បីដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងការស្ថាបនាផ្លូវ ៣៨ខ្សែ និងគម្រោងកែលម្អស្ទឹងសៀមរាប ក្រុងសៀមរាប ក្រោមអធិបតីភាពលោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងជាប្រធានគណ:កម្មការអន្តរក្រសួង។


ជាមួយនឹងកិច្ចប្រជុំអន្តរក្រសួងនេះ ក្រុមការងារបានពិនិត្យលើសិ្ថតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងស្ថាបនាផ្លូវ និងកែលម្អស្ទឹងសៀមរាបនេះ មាន៣ទីតាំង សរុបស្មើនឹង៥៦៤គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងសៀមរាបមានចំនួន៤៣០គ្រួសារ ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយ ក្នុងក្រុងសៀមរាបមានចំនួន១១៥គ្រួសារ និងប្រជាពលរដ្ឋរស់នៅលើផ្លូវអតីតប្រព័ន្ធការពារក្រុងមានចំនួន១៩គ្រួសារ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋក៏បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅដោយទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកតាមការរៀបចំរបស់អាជ្ញាធរពាក់ព័ន្ធផងដែរ។

រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមការងារក៏បានចុះសិក្សា និងរៀបចំប្លង់មេនៅក្នុងតំបន់អភិវឌ្ឍធម្មជាតិរុនតាឯក ដោយមានការចូលរួមពីក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ដោយត្រៀមរៀបចំតំបន់នោះឱ្យមានជាតំបន់រដ្ឋបាល តំបន់ផ្ទៃទឹក សាលារៀន មណ្ឌលសុខភាព ផ្សារ សាសនា តំបន់បៃតង សួនលម្អសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់លំនៅឋាន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ព្រមទាំងការប្រកបរបរចិញ្ចឹមជីវិតផងដែរ។

ទន្ទឹមនឹងការដោះស្រាយគោលនយោបាយនិងរៀបចំតំបន់អភិវឌ្ឍន៍រុនឯកនេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារអន្តរក្រសួងក៏ដូចជារាជរដ្ឋាភិបាលដែលតែងតែគិតគូខ្ពស់អំពីសុខទុកដល់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here