សហព័ន្ធឧស្សាហកម្មថៃជំរុញឱ្យរដ្ឋាភិបាលផ្លាស់ប្តូរទីតាំងរោងចក្រនានាចេញពីតំបន់លំនៅដ្ឋាន

0

ដោយៈ សុខុម

បាងកក: សហព័ន្ធឧស្សាហកម្មថៃ (FTI) បានស្នើសុំឱ្យរដ្ឋាភិបាលផ្លាស់ប្តូរទីតាំងរោងចក្រនានាចេញពីតំបន់លំនៅដ្ឋាន បន្ទាប់ពីមានគ្រោះអគ្គិភ័យឆាបឆេះរោងចក្រផលិតស្នោប្លាស្ទិកដើម្បីទប់ស្កាត់គ្រោះថ្នាក់នៅពេលអនាគត។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី៧ កក្កដា នេះ។

សហព័ន្ធនេះបានលើកឡើងថា ទន្ទឹមនេះរដ្ឋាភិបាលក៏គួរតែផ្ដល់គ្រឿងលើកទឹកចិត្តមួយចំនួនដល់បណ្ដាម្ចាស់រោងចក្រផងដែររួមមានដូចជាការបញ្ចុះពន្ធដីធ្លី២% និងការបញ្ចុះពន្ធលើប្រាក់ចំណូលក្រុមហ៊ុនជាដើម។

លោក Supant Mongkolsuthree ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានគូសបញ្ជាក់ថា “ការផ្លាស់ប្តូរទីតាំងរោងចក្រនានាទាមទារឱ្យមានការគាំទ្រពីរដ្ឋាភិបាល ព្រោះតែការចំណាយខ្ពស់”។

ក្រុមពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបានចំណាយពេលដល់ទៅជាង២៤ម៉ោងក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យដែលបានឆាបឆេះរោងចក្រមួយយ៉ាងសន្ធោរសន្ធៅក្នុងស្រុកបាង ភ្លី (Bang Phli) ខេត្តសាមុត ប្រាកាន (Samut Prakan) កាលពីពេលរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃច័ន្ទ ទី៥ កក្កដា។

ការផ្ទុះ និងអគ្គិភ័យឆាបឆេះដែលបានយក់យកជីវិតភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់ និងបណ្ដាលឱ្យមនុស្សរាប់សិបនាក់រងរបួស បង្កការខូចខាតផ្ទះពលរដ្ឋចំនួន៧៣ផ្ទះ និងបង្ខំឱ្យមនុស្សប្រមាណ១.៩០០នាក់ជម្លៀសចេញក្នុងក្នុងចម្ងាយ៥គីឡូម៉ែត្រជុំវិញ ព្រោះផ្សែងដែលចេញពីអគ្គិភ័យនោះជាផ្សែងពុល។

យោងតាមសហព័ន្ធឧស្សាហកម្មថៃ ឱ្យដឹងថា រោងចក្រភាគច្រើនមានទីតាំងស្ថិតនៅឆ្ងាយពីសហគមន៍ពលរដ្ឋរស់នៅ ប៉ុន្តែនៅពេលដែលទីក្រុងចេះតែពង្រីកខ្លួនឥតឈប់ឈរ ផ្ទះ និងរោងចក្រនានាក៏កាន់តែខិតជិតគ្នា។

លោក Supant Mongkolsuthree បានថ្លែងថា រោងចក្រដែលបង្កការបំពុលបរិស្ថាន និងបង្កគ្រោះថ្នាក់ដល់សហគមន៍ក្បែរខាង ត្រូវតែរើចេញពីតំបន់ទាំងនោះស្របតាមបទប្បញ្ញត្តិស្ដីពីសុវត្ថិភាពយ៉ាងតឹងរ៉ឹង។

លោកបានស្នើឱ្យអាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (IEAT) អភិវឌ្ឍតំបន់ឧស្សាហកម្ម ជាពិសេសសម្រាប់សហគ្រាសធន់តូច និងមធ្យម (SME) ហើយផ្តល់ដីធ្លីដែលមានតម្លៃដីទាបដល់ពួកគេ។

សហព័ន្ធឧស្សាហកម្មថៃ ក៏មានគោលនយោបាយលើកទឹកចិត្តឱ្យសមាជិកនានាអភិវឌ្ឍរោងចក្ររបស់ខ្លួនដែលមិនប៉ះពាល់ដល់បរិស្ថានក្រោមកិច្ចសហប្រតិបត្តិការជាមួយ IEAT ផងដែរ។ បច្ចុប្បន្នមានរោងចក្រចំនួន៣០០ស្ថិតក្រោមគម្រោង Eco Factor (រោងចក្រអេកូ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here