ដោយៈ សុខុម
សៀងហៃ: រដ្ឋាភិបាលចិន បានចាប់ផ្តើមសាងសង់គម្រោងនុយក្លេអ៊ែរ លើគោកដំបូងបង្អស់របស់ខ្លួន ដោយប្រើប្រាស់ការឌីហ្សាញរ៉េអាក់ទ័រម៉ូទ័រខ្នាតតូច Small Modular Reactors (SMRs) ក្នុងស្រុកដែលមានឈ្មោះថា “Linglong One”។ នេះបើយោងតាមក្រុមហ៊ុន China National Nuclear Corporation (CNNC) ដែលគ្រប់គ្រងដោយរដ្ឋបានទម្លាយឱ្យដឹងនៅថ្ងៃអង្គា ទី១៣ ខែកក្កដា នេះ។
តាមពិតទៅ ក្រុមហ៊ុន CNNC គ្រោងចាប់ផ្ដើមសាងសង់ គម្រោងនៅឯរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរ Changjiang នៅលើកោះហៃណាន (Hainan) តាំងពីក្នុងឆ្នាំ២០១៧ ម៉្លេះ ប៉ុន្តែត្រូវបានពន្យារពេលដោយសាររង់ចាំការសម្រេចរបស់ក្រុមនិយ័តករ។
-->

គម្រោងនុយក្លេអ៊ែរ Linglong One ឬ ACP100 នេះគឺជារ៉េអាក់ទ័រខ្នាតតូច SMRs ដំបូងបង្អស់របស់ចិន ដែលត្រូវបានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (International Atomic Energy Agency) ហៅកាត់ IAEA អនុម័តក្នុងឆ្នាំ២០១៦។ រ៉េអាក់ទ័រនុយក្លេអ៊ែរនីមួយៗ មានសមត្ថភាពអាចផលិតថាមពលអគ្គិសនី បានក្នុងកម្លាំង១២៥មេហ្គាវ៉ាត់។
គំរូរ៉េអាក់ទ័រនេះត្រូវបានឌីហ្សាញឡើង ដើម្បីបំពេញបន្ថែមពីលើរ៉េអាក់ទ័រធំដែលមានកម្លាំង១.១៧០មេហ្គាវ៉ាត់របស់ក្រុមហ៊ុន CNNC ដែលប្រទេសចិន គ្រោងនឹងដាក់ឱ្យដំណើរការយ៉ាងឆាប់រហ័សនៅក្នុងស្រុក ហើយនឹងធ្វើការផ្សព្វផ្សាយនៅបរទេស។
ការសាងសង់រ៉េអាក់ទ័រខ្នាតតូច SMRs មានតម្លៃថោកជាង និងលឿនជាងការសាងសង់រ៉េអាក់ទ័រធម្មតា ហើយអាចដាក់ពង្រាយនៅតាមតំបន់ជនបទដាច់ស្រយាល នៅលើនាវា និងលើយន្តហោះផងដែរ។ នោះមានន័យថា រ៉េអាក់ទ័រទាំងនោះអាចដឹកជញ្ជូនតាមកុងតឺន័រចេញពីរោងចក្រ ហើយដំឡើងយ៉ាងងាយស្រួល និងឆាប់រហ័សនៅតាមគោលដៅដែលត្រូវបានកំណត់ណាមួយ។

ប្រទេសចិន បាននិងកំពុងសម្លឹងរកឱកាស លើការប្រើប្រាស់រ៉េអាក់ទ័រខ្នាតតូច SMRs ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីនៅភាគខាងជើងនៃប្រទេស និងបើកដំណើរការរោងចក្រចម្រាញ់ទឹកសមុទ្រ តាមបណ្ដោយឆ្នេរឱ្យទៅជាទឹកសាបសម្រាប់ប្រើប្រាស់។ ប្រទេសចិន ក៏មានគម្រោងប្រើប្រាស់វា សម្រាប់ជួយគាំទ្រដល់សកម្មភាពសាងសង់នានានៅក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងផងដែរ៕