- ដោយគង់ សូរិយា
ភ្នំពេញ ស្ថាប័នARENAសហរដ្ឋអាមេរិក នឹងនាំអ្នកជំនាញដីធ្លីមកពីជុំវិញពិភពលោកមកកាន់ទីក្រុងភ្នំពេញ ក្នុងកំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងភ្នំពេញនាខែសីហាខាងមុខនេះ។
លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថកម្ពុជា និងជាប្រធានប្តូរវេននៃសមាគមARENA បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៤ កក្កដានេះថា កិច្ចប្រជុំកំពូលនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៤ដល់២៥ សីហាខាងមុខនេះ ដោយសមាគមនឹងជ្រើសរើស អ្នកចូលរួមប្រមាណ៦០០នាក់ប៉ុណ្ណោះ ប៉ុន្តែបើសិនជាសមាគមទទួល គឺអាចមានអ្នកចូលរួមច្រើនជាងនេះ តែដោយសារចំនួនមានកំណត់ ទើបសមាគមជ្រើសរើសយកចំនួនសមាជិកចូលរួមប៉ុណ្ណឹង។
លោកបន្តថា “កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ នឹងតម្រូវឲ្យអ្នកចូលរួមបង់ប្រាក់១៥០ដុល្លារអាមេរិកក្នុងម្នាក់ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស”។លោកបន្តថា “រហូតមកទល់ពេលនេះមានជនបរទេសមក ពីជុំវិញពិភពលោក៣៦០នាក់ហើយបានចុះឈ្មោះចូលរួម និងជនជាតិខ្មែរប្រមាណ២៥០នាក់ទៀតនឹងអនុញ្ញាត្តឲ្យចូលរួម ក្នុងកិច្ចប្រជុំលំដាប់ពិភពលោកនេះ”។
អ្នកជំនាញដីធ្លីមកពីអាស៊ាន អាស៊ី សហរដ្ឋអាមេរិក និងបណ្តាអ្នកជំនាញដីធ្លីមកពីអឺរ៉ុបនឹងចូលរូមព្រឹត្តិការណ៍កម្រមាននេះ។ កិច្ចប្រជុំនេះនឹងរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ទីក្រុងភ្នំពេញ។
លោកគីម ហ៊ាងបានបន្តថា អ្នកចូលរួមព្រឹត្តិការណ៍នេះ នឹងទទួលបានចំណេះដឹង ទាក់ទងនឹងវិស័យដីធ្លី ការទិញលក់ និងអាចស្វែងរកដៃគូពាណិជ្ជកម្ម ឬដៃគូសហការវិនិយោគរបស់ពួកគេផងដែរ ហើយនេះជាឳកាសសំខាន់ដែលអាចបង្ហាញមុខមាត់កម្ពុជា ពិ
សេសការរីកចម្រើនរបស់កម្ពុជា ទាក់ទាញការវិនិយោគមកកម្ពុជា និងជាការបង្ហាញពីកិត្តិនាម និងកិត្យានុភាពកម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត៕