ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ស្របពេលការប្រកួតប្រជែងកើនឡើង លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា រយៈពេល៣ទៅ៥ឆ្នាំខាងមុខ ក្រុមហ៊ុនអចលនទ្រព្យដែលមានបុគ្គលិកក្រោម២០នាក់ ប្រឈមមុខនឹងបិទទ្វារច្រើន។
លោកបន្តថា ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិចូលមកកាន់តែច្រើន ទីផ្សារនេះនឹងកាន់តែរីកចម្រើន និងប្រកួតប្រជែងគ្នាកើនឡើង ហើយនិន្នាការទីផ្សារសេរីគឺត្រីធំស៊ីត្រីតូចជារឿងធម្មតា មិនមានអ្វីចម្លែកទេ។ ហេតុនេះក្រុមហ៊ុនដែលមានសមាជិកតិចៗ នឹងបិទទ្វារ និងក្រុមហ៊ុនមួយចំនួនទៀតក៏អាចរស់ផងដែរ ប្រសិនជាផ្តល់សេវាកម្មបានល្អប្រសើរ។លោកបន្តថា និន្នាការនេះនឹងកើតមាននៅកម្ពុជា ដូចបណ្តាប្រទេសជឿនលឿននានាផងដែរ ដែលក្រុមហ៊ុននិមួយៗមានបុគ្គលិករាប់រាយពាន់នាក់ ហើយក្រុមហ៊ុនតូចៗត្រូវបិទទ្វារជាស្វ័យប្រវត្តិ។






