ដោយ គង់ សូរិយា
ភ្នំពេញ៖ ជាមួយនឹងការចូលមកដល់នៃសណ្ឋាគារថ្មីៗ និងការវិនិយោគក្នុងវិស័យនេះកើនឡើង បានធ្វើឲ្យឧស្សាហកម្មសណ្ឋាគារនៅកម្ពុជា ប្រឈមមុខនឹងការប្រកួតប្រជែងកើនឡើងកាន់តែតានតឹងជាងមុន។ដោដិ
លោកឌិន សុមេធារិទ្ឋប្រធានសមាគមទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការប្រកួតប្រជែងក្នុងវិស័យនេះពិតជាខ្លាំង ដោយសារចំនួនមកដល់របស់ភ្ញៀវទេសចរណ៍ រំពឹងកើនឡើងក្នុងរង្វង់ជាង១០ភាគរយ ប៉ុន្តែចំនួនសណ្ឋាគារថ្មីៗបានកើនឡើងច្រើន ដែលធ្វើឲ្យម្ចាស់សណ្ឋាគារនិមួយៗ នៅខេត្តសៀមរាបបានធ្វើការបញ្ចុះតំលៃច្រើន ធ្វើឲ្យសណ្ឋាគារតូចៗប្រឈមមុខនឹងបញ្ហា។
-->
លោកបន្តថា “សណ្ឋាគារនៅរាជធានីភ្នំពេញ មិនសូវមានការលក់បញ្ចុះតំលៃនោះទេ ប៉ុន្តែខេត្តសៀមរាប ការលក់បន្ទប់សណ្ឋាគារបានបញ្ចុះតំលៃខ្លាំង ដើម្បីទាក់ទាញភ្ញៀវស្នាក់នៅ”។
យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា នៅខេត្តសៀមរាបជាទីក្រុងដែលមានចំនួនសណ្ឋាគារ និងការវិនិយោគសណ្ឋាគារថ្មីៗច្រើនជាងគេ ជាក់ស្តែងទីក្រុងនេះមានសណ្ឋាគារចំនួន៥៦៨ និងបន្ទប់សរុបចំនួន២៣,០៤១បន្ទប់។ រាជធានីភ្នំពេញមានសណ្ឋាគារចំនួន៣៤៨ និងបន្ទប់សរុប១៦,៣៧០បន្ទប់ ខេត្តព្រះសីហនុមានសណ្ឋាគារចំនួន១៦០ និងមានបន្ទប់សរុប៥,៤៦២បន្ទប់ និងខេត្តបាត់ដំបងមានសណ្ឋាគារចំនួន៤៩ និងមានបន្ទប់សរុបចំនួន១៧៦០។
ការសិក្សាដដែលបានរកឃើញថា ចំនួនសណ្ឋាគារដែលបានផ្គត់ផ្គង់ចូលទីផ្សារថ្មីៗ និងមានការស្នាក់នៅច្រើន ភាគច្រើនជាសណ្ឋាគារលំដាប់ផ្កាយបី និងផ្កាយ៤ ប៉ុន្តែសណ្ឋាគារផ្កាយបួន ជាប្រភេទសណ្ឋាគារដែលមានការផ្គត់ផ្គង់ច្រើនជាងគេ។

លោកឌិន សុមេធារិទ្ឋបានបន្តថា “ការកើនឡើងបែបនេះ ជាការធម្មតាសម្រាប់ខែមួយដល់ខែបីជារៀងរាល់ឆ្នាំ ប៉ុន្តែប្រសិនជាមើលនិន្នាការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជាឆ្នាំនេះ មិនកើនខ្ពស់ពេកនោះទេ”។
លោកហូ វណ្ឌីអគ្គលេខាធិការសមាគមសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាបានថ្លែងឲ្យដឹងផងដែរថា ចំនួនសណ្ឋាគារថ្មីៗ និងការពង្រីកសណ្ឋាគារបន្ថែមមានការកើនឡើងច្រើន ដែលធ្វើឲ្យអ្នកនៅក្នុងឧស្សាហកម្មនេះ ប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំង ព្រោះចំនួនមកដល់របស់ភ្ញៀវមិនកើនគំហុកដូចគ្នា នឹងចរន្តនៃការផ្គត់ផ្គង់សណ្ឋាគារថ្មីៗនោះឡើយ។
លោកបន្តថា “ក្នុងស្ថានភាពបែបនេះ បានធ្វើឲ្យម្ចាស់សណ្ឋាគារខ្លះបានពង្រីកការលក់បន្ទប់សណ្ឋាគាររបស់ខ្លួនដល់ក្រៅប្រទេស ដោយសារទីផ្សាររបស់យើងតូច ហេតុនេះ អ្នកគ្មានបណ្តាញទីផ្សារពួកគេប្រឈមមុខនឹងបញ្ហា”។លោកបន្តថា “វាជាការបារម្ភមួយសម្រាប់អ្នកមានធនធានតិច អ្នកគ្មានបណ្តាញគ្រប់គ្រាន់ និងការប្រកួតប្រជែងគ្មានតម្លាភាពទាំងក្នុង និងក្រៅប្រទេស”៕