ដោយ គង់ សូរិយា
ភ្នំពេញ៖ ដីអតីតអាគារបូឌីញ ”ស” និងដីស្ថិតនៅចំហៀងផ្នែកខាងកើតនៃក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា និងអធិការកិច្ច ត្រូវបានក្រុមហ៊ុន Naga Corp ទិញយកហើយ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួន។
យោងតាមប្រភពពីមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល បានមានប្រសាសន៍ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ដីនៅទីតាំងទាំងពីរនេះ ពិតជាត្រូវទិញយកដោយក្រុមហ៊ុនNaga Corpដែលបាននិងកំពុងវិនិយោគសណ្ឋាគារ និងកាស៊ីណូតែមួយគត់នៅរាជធានីភ្នំពេញ ប៉ុន្តែគំរោងសាងសង់អ្វីលើដីនេះ មិនត្រូវបានក្រុមហ៊ុននេះបញ្ចេញឲ្យដឹងនៅឡើយទេ។ មន្រ្តីដដែលបានបន្តថា ទំហំដីដែលក្រុមហ៊ុន Naga បានទិញមានប្រមាណ១ហិកតា ដែលសមស្របសម្រាប់សាងសង់កាស៊ីណូ ឬសណ្ឋាគារនាពេលអនាគត។
-->

កាលពីសប្តាហ៍មុន ក្រុមការងារនៃគេហទំព័រ Propertyarea.asia បានចូលទៅកាន់ដីស្ថិតនៅផ្នែកចំហៀងខាងកើត នៃក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភានិងអធិការកិច្ចបានជួបជាមួយសន្តិសុខបីនាក់ ដែលនៅលើអាវរបស់ពួកគេមានសរសេរស្លាកNaga world ដែលបង្ហាញពីការពិតថា ដីនេះពិតជាត្រូវបានយាមកាមដោយសន្តិសុខក្រុមហ៊ុនណាហ្កា។
ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកបណ្ឌិតគីម ហ៊ាងបានថ្លែងថា លោកមិនច្បាស់ពីព៌តមាននេះនោះទេ ប៉ុន្តែតាមព៌តមានដែលលោកទទួលបាន ពិតជាបានដឹងថា ដីនៅទីតាំងទាំងពីរនេះ ពិតជាត្រូវបានទិញដោយក្រុមហ៊ុនណា ហ្កាវើលដ៏រួចហើយ។
លោកបន្តថា “ប្រភពព៌តមានដែលលោកទទួលបាន ពិតជាអាចទុកចិត្តបាន”។លោកបន្តថា “ដីនៅតំបន់នេះមានតម្លៃចន្លោះ៤០០០ ទៅ៥០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។
អ្នកនាងប៉ែន បុប្ឆាប្រធានផ្នែកលក់នៃក្រុមហ៊ុន ARAKAWA Co, Ltd បានថ្លែងថា អ្នកនាងមិនបានដឹងពីព៌តមាននេះនោះទេ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា អ្នកនាងមិនទទួលបានព៌តមាននេះទេ ប៉ុន្តែអ្នកនាងគិតថាតាមរយៈការខិតខំប្រឹងប្រែងពីក្រុមហ៊ុន ARAKAWA ដើម្បីដោះស្រាយសំណងជូនប្រជាពលរដ្ឋរស់នៅអាគារបូឌីញ “ស” ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ទំនងជាក្រុមហ៊ុននេះមិនលក់ដីនៅក្នុងគំរោងនេះនោះទេ។
អ្នកនាងបន្តថា “ទោះជាយ៉ាងណាខ្ញុំមិនអាចសន្និដ្ឋានបានទេ ប៉ុន្តែទីតាំងនេះពិតជាសមស្របសម្រាប់ការសាងសង់សណ្ឋាគារ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ”។អ្នកនាងបន្តថា “ដីតំបន់នេះមានតម្លៃចន្លោះ៤៥០០ ទៅ៥០០០ដុល្លារ ជាតំបន់មួយដែលដីបានឡើងថ្លៃខ្ពស់យ៉ាងខ្លាំងនៅរាជធានីភ្នំពេញ”៕