ធនាគារកណ្ដាលថៃ: អាជីវកម្មនានារំពឹងថាស្ថានភាពនឹងវិលមករកភាពប្រក្រតីវិញនៅត្រីមាសទី១ ដើមឆ្នាំ២០២២

0

ដោយៈ សុខុម

បាងកក: ការស្ទង់មតិមួយរបស់ធនាគារកណ្ដាលថៃ (BoT) បង្ហាញថា ស្ទើរតែពាក់កណ្តាលនៃអាជីវកម្មទាំងអស់ក្នុងប្រទេសនេះរំពឹងថា ស្ថានភាពរស់នៅប្រចាំថ្ងៃជីវិតរបស់ពលរដ្ឋថៃ នឹងវិលមករកភាពប្រក្រតីវិញនៅត្រីមាសទី១ ដើមឆ្នាំ២០២២។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី៦ ខែសីហា នេះ។

សន្ទស្សន៍ទស្សនវិស័យអាជីវកម្មដែលបានធ្វើឡើងចាប់ពីថ្ងៃទី០១-២២ ខែកក្កដា ទៅលើអាជីវកម្មតូចធំគ្រប់ប្រភេទចំនួន២៦០ខាងលើនេះបានរកឃើញថា អ្នកឆ្លើយតបចំនួន៤៥%រំពឹងថា ទំនុកចិត្តរបស់សាធារណជននៅក្នុងការចំណាយពេលចេញក្រៅផ្ទះ រួមទាំងការធ្វើដំណើរជាធម្មតាផង នឹងវិលត្រលប់មកវិញ នៅពេលករណីឆ្លងថ្មីប្រចាំថ្ងៃនូវវីរុសកូវីដ-១៩ ធ្លាក់ចុះមកនៅក្រោម៥០ករណីដែលពួកគេរំពឹងថានឹងកើតមានឡើងនៅត្រីមាសទី១ ដើមឆ្នាំ២០២២។

អ្នកឆ្លើយតបប្រមាណ២៤%លើកឡើងថា ពួកគេរំពឹងថាជីវភាពរស់នៅប្រចាំថ្ងៃនឹងវិលមករកភាពប្រក្រតីវិញ នៅពេលករណីឆ្លងថ្មីធ្លាក់មកនៅត្រឹម៥១ទៅ១០០ករណីក្នុងមួយថ្ងៃ ខណៈ១៦%រំពឹងបែបនេះ នៅពេលករណីឆ្លងថ្មីធ្លាក់ចុះមកនៅត្រឹម១០១ទៅ៥០០ករណី ហើយ១៥%រំពឹងបែបនេះ នៅពេលករណីឆ្លងថ្មីធ្លាក់មកនៅត្រឹម៥០១ទៅ១.០០០ករណីក្នុងមួយថ្ងៃ។

អ្នកឆ្លើយតបសរុបចំនួន៣៤%រំពឹងថា ជីវភាពរស់នៅជាប្រក្រតីនឹងត្រលប់មកវិញនៅត្រីមាសទី១ ដើមឆ្នាំ២០២២ ខណៈ២៦%ព្យាករថាស្ថានភាពប្រក្រតីនឹងវិលត្រលប់មកវិញនៅឆមាសទី២ ឆ្នាំ២០២២ ១៨%យល់ថានៅត្រីមាសទី៤ ឆ្នាំ២០២១ ១១%យល់ថានៅត្រីមាសទី២ ឆ្នាំ២០២២ និង១០%យល់ថានៅត្រីមាសទី៣ ឆ្នាំ២០២១។

មានតែជាង១ភាគ៥ ឬ២២,៨%ប៉ុណ្ណោះនៃអ្នកឆ្លើយតបដែលនិយាយថា ពួកគេមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់រ៉ាប់រងការចំណាយលើប្រតិបត្តិការអាជីវកម្មរយៈពេល៣ទៅខែខាងទៀត ខណៈ១៩.៩%និយាយថា ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ទប់ការចំណាយរយៈពេល៦ខែទៅមួយឆ្នាំទៀត។ ទន្ទឹមនេះ១២.៦%ឆ្លើយថាមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ទប់ការចំណាយតិចជាង៣ខែ។

យោងតាមទិន្ននន័យផ្លូវការបង្ហាញថា កម្រិតនៃការងើបឡើងវិញនៃអាជីវកម្មក្នុងឧស្សាហកម្មទាំងអស់នៅខែកក្កដា កន្លងទៅបានធ្លាក់ចុះបើធៀបនឹងខែមិថុនា ដែលភាគច្រើនដោយសារការរីករាលដាលវីរុសកូវីដ-១៩ រយៈពេលវែង និងវិធានការកាន់តែតឹងរ៉ឹងរបស់រដ្ឋាភិបាលនៅក្នុងការទប់ស្កាត់ការឆ្លងថ្មី។ ជាពិសេសវិស័យទេសចរណ៍ សំណង់ និងវិស័យលក់រាយមានអត្រាងើបឡើងខ្សោយជាងគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here