អ្នកជំនាញបង្ហាញសុទិដ្ឋិនិយមថាទីផ្សារលំនៅដ្ឋានតម្លៃចាប់ពី១លានដុល្លារនឹងមានភាពប្រសើរ ឡើងវិញឆាប់ៗ

0
អ្នកជំនាញបង្ហាញសុទិដ្ឋិនិយមថាទីផ្សារលំនៅដ្ឋានតម្លៃចាប់ពី១លានដុល្លារនឹងមានភាពប្រសើរ ឡើងវិញឆាប់ៗ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា តម្រូវការលំនៅដ្ឋានបែបប្រណីត ឬលំនៅដ្ឋានតម្លៃចាប់ពី១លានដុល្លារឡើងទៅ ហាក់ដូចជាមានភាពស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ តែអ្នកជំនាញនៅតែមានសុទិដ្ឋិនិយមថា ទីផ្សារលំនៅដ្ឋានប្រភេទនេះនឹងងើបឡើងញក្នុងរយៈពេលឆាប់ៗខាងមុខនេះ។

លោកKen Loអគ្គនាយកក្រុមហ៊ុនColdwell Banker Cambodiaបានថ្លែងប្រាប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះថា ក្នុងរយៈពេលពីរខែចុងក្រោយនេះ តម្រូវការលំនៅដ្ឋានបែបប្រណីតមានភាពស្ងប់ស្ងាត់បន្តិច ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈតម្រូវការសម្រាប់អ្នកដែលត្រូវការដូរផ្ទះចាស់មកផ្ទះថ្មីនៅតែមានតម្រូវការដដែល តែតម្រូវការនេះនៅចំនួនតិចតូចនៅឡើយ។

លោកនៅតែសុទិដ្ឋិនិយមថា “រយៈពេលពីរខែមុខ ទីផ្សារមួយនេះនឹងងើបឡើងវិញ នៅពេលដែលស្ថានភាពមានប្រសើរ ព្រោះទីផ្សារមួយនេះ ពេលនៅមានអ្នកទិញ គឺអ្នកទិញពិតប្រាកដ ទោះស្ថិតក្នុងវិបត្តិក៏ដោយ”។

លោកបានថ្លែងបន្តថា ផ្ទះដែលមានតម្លៃថ្លៃ ឬវីឡាប្រណីតៗ ភាគច្រើន ត្រូវបានអភិវឌ្ឍន៍នៅក្នុង ឬតំបន់គៀកក្រុង ដូចជានៅភាគខាងត្បូង លើផ្លូវជាតិលេខ១ ដែលបុរីប៉េងហួតបឹងស្នោ នៅប៉ែកខាងជើង ផ្លូវជាតិលេខ៦A និងតាមបណ្តោយផ្លូវ២០០៤។

លោកបានបន្តថា តំបន់ទាំងនេះ គឺជាតំបន់ដែលទាក់ទាញការអភិវឌ្ឍលំនៅដ្ឋានបែបប្រណីត ឬវីឡាប្រណីតជាច្រើន។ ជាទូទៅ ផ្ទះដែលតម្លៃចាប់ពី១លានដុល្លារឡើងទៅ ភាគច្រើនគឺជាវីឡាទោល ដែលមានទំហំធំជាងវីឡាភ្លោះពីរដង និងហើយរចនាម៉ូដក៏មានប្រណីត។

លោកបានថ្លែងថា តម្រូវការលំនៅដ្ឋានប្រណីតភាគច្រើនគឺអតិថិជនក្នុងស្រុក ហើយតម្រូវការចំនួនទៀតគឺវិនិយោគបរទេស ដែលបានមកប្រកបអាជីវកម្ម នៅកម្ពុជា។

យោងតាមលោកប៉ូ អ៊ាវគង់ង់អគ្គនាយក និងស្ថាបនិកក្រុមហ៊ុនអ៊ែតវ៉ាន់ស៍ រៀលអ៊ីស្ទេតបានឱ្យដឹងថា លំនៅដ្ឋានបែបប្រណីតត្រូវបានបែងចែកចេញជាច្រើនប្រភេទ ក្នុងនោះទី១ វិឡាកូនកាត់ ឬ Linkhouse ដែលមានទំហំចាប់ពី៥គុណ១២ និងមានកម្ពស់ពី២ទៅ៣ជាន់ មានតម្លៃចន្លោះពី១០ម៉ឺនដុល្លារ ទៅ២០ម៉ឺនដុល្លារ ទី២ វីឡាភ្លោះមានតម្លៃចាប់ពី២០ម៉ឺន ទៅ៣០ម៉ឺនដុល្លារ ទី៣ វីឡាទោល (បែងចែកចេញជាប្រភេទ ដូចជាវIឡា Queen A និងវីឡា Queen B) មានតម្លៃចាប់ពី ៥០ម៉ឺន ទៅ៩០ម៉ឺន និងទី៤ King វីឡា មានតម្លៃចាប់ពី១លានដុល្លារឡើងទៅ។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យអន្តរជាតិមួយរូបបានមានប្រសាសន៍ថា ទោះបីវិស័យអចលនទ្រព្យទទួលរងផលប៉ះពាល់ ទីផ្សារលំនៅដ្ឋាននៅពេលពេលបច្ចុប្បន្ន គឺនៅតែមានភាពរឹងមាំខុសប្លែកពីវិស័យដទៃទៀតដោយសារតែទីផ្សារ និងតម្រូវការពិតប្រាកដគឺផ្តើមចេញពីអ្នកនៅក្នុងស្រុក។

លោកស្រីបញ្ជាក់ថា “ការអភិវឌ្ឍន៍នានានៅក្នុងវិស័យលំនៅដ្ឋាន គឺផ្តោតសំខាន់ទៅលើទីផ្សារក្នុងស្រុកមិនមែនមកពីក្រៅប្រទេសនោះទេ ហើយអ្នកអភិវឌ្ឍន៍ក៏បានសិក្សាយ៉ាងច្បាស់ទៅលើកម្រិតនៃតម្រូវការ រួមជាមួយលទ្ធភាពរបស់អតិថិជនគោលរបស់ពួកគេ ដូច្នេះរាល់គម្រោងអភិវឌ្ឍទាំងអស់ភាគច្រើនមិនជាប់គាំងនោះទេ ហើយមានអត្រាទទួលបានភាពជោគជ័យខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here