ដោយដែន ចែងចាំង
ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា ជប៉ុនជ្រោយចង្វារបាននិងកំពុងជួសជុលនិងសាងសង់ឡើងវិញលឿនជាងផែនការ ដែលនឹងបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
លោកឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបន្ទុកគំរោងជប៉ុនបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ សីហានេះថា រហូតមកទល់ពេលនេះការជួសជុល និងសាងសង់ស្ពាននេះឡើងវិញសម្រេចបានជិត៤០ភាគរយហើយ។ ការស្ថាបនានិងជួសជុលឡើងវិញនេះ ធ្វើបានលឿនជាងផែនការគ្រោងទុក ដែលអាចនឹងបញ្ចប់នៅមុនចូលឆ្នាំខ្មែរ ប៉ុន្តែការដាក់ឲ្យដំណើរការមិនទាន់ប្រាកដនោះទេ ព្រោះក្រោយជួសជុលចប់អាចនឹងទុកមួយរយៈ មុនពេលដាក់ឲ្យដំនើរការ ដោយសារលក្ខខណ្ឌសុវត្ថិភាព។







