សេដ្ឋ វិទូ
ភ្នំពេញ៖ ជាមួយនឹងការទន្ទឹងរង់ចាំ ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះធំជាងគេនៅអាស៊ាន THAI BUNRONG TWEEN TOWER ដែលមានកំពស់៥៥០ម៉ែត្រ អ្នកឌីសាញអាគារនេះបានប្រាប់ថា អាគារដ៏អស្ចារ្យនេះកំពុងស្ថិតក្នុងដំណាក់កាលឌីសាញឡើងវិញ។
សេដ្ឋ វិទូ
ភ្នំពេញ៖ ជាមួយនឹងការទន្ទឹងរង់ចាំ ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះធំជាងគេនៅអាស៊ាន THAI BUNRONG TWEEN TOWER ដែលមានកំពស់៥៥០ម៉ែត្រ អ្នកឌីសាញអាគារនេះបានប្រាប់ថា អាគារដ៏អស្ចារ្យនេះកំពុងស្ថិតក្នុងដំណាក់កាលឌីសាញឡើងវិញ។
គេហទំព័រ Propertyarea.asia សូមបង្ហាញនូវសកម្មភាពខ្លះៗនៃការឌីសាញ និងរូបរាងអាគារនេះនាពេលអនាគត ដែលបាននិងកំពុងធ្វើឡើងយ៉ាងសកម្មដោយក្រុមវិស្វករ ស្ថាបត្យករជំនាញជាតិ និងអន្តរជាតិនានា។
លោកសាស្ត្រាចារ្យទួស សាភឿនស្ថាបត្យករចូលរួមឌីសាញគំរោងនេះបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះលំដាប់អន្តរជាតិនេះ បាននិងកំពុងរៀបចំឌីសាញឡើងវិញ ដែលនឹងបញ្ចប់នាពេលខាងមុខនេះ ហើយយើងសូមបញ្ជាក់ថា ការសាងសង់អាគារនេះនឹងនៅតែបន្ត មិនបានផ្អាក និងមិនសាងសង់នោះទេ។
លោកបន្តថា “ដោយសារវាជាអាគារដ៏ខ្ពស់ ហេតុនេះការសាងសង់អាគារនេះទាមទារឲ្យក្រុមវិស្វករ និងស្ថាបត្យករជំនាញជាតិ និងអន្តរជាតិយកចិត្តទុកឲ្យបានម៉ត់ចត់បំផុត ដើម្បីធានាបាននូវសោភ័ណភាព គុណភាព និងសុវត្ថិភាពជាចម្បងសម្រាប់ការរស់នៅ។
លោកសាស្ត្រាចារ្យទួស សាភឿនបានថ្លែងថា មជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅអាស៊ាននេះ គ្រោងចំណាយទុន៥០០០លានដុល្លារអាមេរិក ក្នុងនោះ២១០០លានដុល្លារសម្រាប់ចំណាយលើសំណង់ និង៣០០០លានដុល្លារសម្រាប់ចំណាយធ្វើយ៉ាងណាឲ្យអាគារនេះមានសកម្មភាពរសរវើក។
លោកបន្តថា “នៅពេលសាងសង់ចប់ វានឹងក្លាយជានិម្មិតរូបមួយតំណាងឲ្យភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាអាចទាក់ទាញក្រុមហ៊ុនធំៗលំដាប់ពិភពលោក មកដាក់ការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញកាន់តែច្រើន ដោយសារបច្ចុប្បន្ននេះកម្ពុជាមិនទាន់មានការិយាល័យ កន្លែងស្នាក់នៅលំដាប់អន្តរជាតិនៅ ឡើយទេ។
តាមគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គ្រោងសាងសង់នៅខែសីហា ឆ្នាំនេះ ប៉ុន្តែគម្រោងនេះត្រូវពន្យាពេលសាងសង់ ដោយសារទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកជា សុផារ៉ាបានស្នើឲ្យបង្ខិតទីតាំងអាគារនេះចូលទៅក្នុង និងការរៀបចំឌីសាញអាគារនេះឡើងវិញ ដើម្បីឲ្យកាន់តែមានភាពទាក់ទាញ។
មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ នឹងសាងសង់ និងគ្រប់គ្រងការសាងសង់ដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd និងសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Rong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។
មជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុង នឹងប្រើប្រាស់ជាអាគារការិយាល័យ អាផាតម៉ិន ខុនដូលំដាប់ពិភពលោក សណ្ឋាគារកម្រិតផ្កាយ៦ មជ្ឈមណ្ឌលលក់ទំនិញ សេវាកម្មកំសាន្ត និងមានកន្លែងឡើងគយគន់ទេសភាពក្រុងភ្នំពេញផងដែរ៕