ដោយៈសុខុម
វ៉ាស៊ីនតោន: មន្រ្តីមួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៧ សីហា ថា សហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិជិត៩.៥ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ហើយបានបញ្ឈប់ការដឹកជញ្ជូនសាច់ប្រាក់ ទៅកាន់ប្រទេសនេះភ្លាមៗ។
យោងតាមសារព័ត៌មាន Aljazeera ដែលចុះផ្សាយនៅថ្ងៃពុធ ទី១៨ សីហា នេះឱ្យដឹងថា ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើង ខណៈសហរដ្ឋអាមេរិក ព្យាយាមរារាំងទប់ស្កាត់ធ្វើយ៉ាងណា កុំឱ្យរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយក្រុមសកម្មប្រយុទ្ធតាលីបង់ ទទួលបានប្រាក់ទាំងនោះ។
-->
មន្រ្តីដដែលលើកឡើងទៀតថា “ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាល ដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន មាននៅក្នុងទឹកដីសហរដ្ឋអាមេរិក គឺក្រុមសកម្មប្រយុទ្ធតាលីបង់ មិនអាចយកទៅប្រើប្រាស់បានឡើយ ព្រោះក្រុមនេះកំពុងជាប់ឈ្មោះ ក្នុងបញ្ជីទណ្ឌកម្មរបស់ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក”។

លោក Ajmal Ahmady ប្រធានស្តីទីនៃធនាគារកណ្ដាលអាហ្វហ្គានីស្ថាន បានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃច័ន្ទ ទី១៦ សីហា ថា លោកបានដឹងកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា ការដឹកជញ្ជូនប្រាក់ដុល្លារ នឹងត្រូវប ញ្ឈប់ នៅពេលដែលសហរដ្ឋអាមេរិក កំពុងតែព្យាយាមរារាំងគ្រប់វិធី ធ្វើយ៉ាងណាកុំឱ្យក្រុមតាលីបង់ ទទួលបានប្រាក់ទាំងនោះ។
ធនាគារកណ្ដាលអាហ្វហ្គានីស្ថាន មានទ្រព្យសម្បត្តិចំនួន៩.៥ពាន់លានដុល្លារ ដោយមួយចំណែកធំ រក្សាទុកក្នុងគណនីនានានៅធនាគារសហព័ន្ធក្រុងញូវយ៉ក (New York Federal Reserve) និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយជុំវិញបញ្ហាបង្កកទ្រព្យសម្បត្តិនេះ៕