A2A Town ចាប់យកអតិថិជនជប៉ុនសម្រាប់ទីផ្សារផ្ទះលំហែរកាយ

0

ដោយដែន ចែងចាំង

       ភ្នំពេញ ទំនងជាទីផ្សារនៅកម្ពុជាមិនទាន់មានប្រជាប្រិយភាព សម្រាប់ផ្ទះវិស្សមកា​លឬផ្ទះលំហែរកាយ ទើបក្រុមហ៊ុនជប៉ុន A2A Town Cambodia បានចាប់យកអតិថិជនជប៉ុនជាគោលដៅចម្បង។

នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន A2A Town Cambodia លោក ហ៊ិន សុ​ជាតិ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ សីហានេះថា ​ការលក់លំនៅដ្ឋា​នបែបលំហែរកាយនៅក្នុងស្រុក ហាក់មិនសូវមានភាពល្អប្រសើរនៅឡើយទេ ហេតុនេះទើបក្រុមហ៊ុនសម្រេចចាប់យកអតិថិជនជប៉ុនជាគោលដៅ ដែលរហូតមកទល់ពេលនេះមានជនជាតិជប៉ុនជាច្រើនបានជាវយកគំរោងនេះ។លោកបន្តថា ក្នុងចំណោមលំនៅដ្ឋាន​បែបលំហែរកាយ ដែលផ្សារភ្ជាប់ជីវិតនិងធម្មជាតិសម្រេចលក់បានប្រមាណ៦៥ភាគរយ​ហើយ ដោយភាគច្រើនអតិថិជនជប៉ុនជាអ្នកទិញ។

លោកបន្តថា “ទីផ្សារលំនៅដ្ឋានបែបលំហែរកាយ នឹងមានភាពពេញនិយមនាពេល​អនាគត វាត្រូវការពេលវេលាបន្តិច”។លោកបន្តថា “នៅប្រទេសគេលំនៅដ្ឋានបែបលំហែរ​កាយមានភាពពេញនិយមច្រើន ប៉ុន្តែនៅកម្ពុជាបានចាប់ផ្តើមហើយ តែមិនទាន់កើនខ្លាំងទេ”។

ក្រុមហ៊ុន A2A Town Cambodia បាននិងកំពុងវិនិយោគលើគំរោងជាច្រើននៅលើ​រមណីយដ្ឋានគិរីរម្យ ដែលស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គម្រោងទាំងនោះមានដូចជា ផ្ទះលំហែរកាយច្រើនប្រភេទ ផ្ទះតង់ ភោជនីយដ្ឋាន កន្លែងបោះតង់ខ្នាតធំ និងទីតាំងកំសាន្តប្លែកៗជាច្រើនទៀត។

លោកហ៊ិន សុជាតិបានបន្តឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាលទ្ឋភាពសាងសង់ទីលានវាយកូនហ្គោល តាមស្តង់ដាអន្តរជាតិនៅលើភ្នំនេះ ប៉ុន្តែអគ្គនាយកក្រុមហ៊ុនលោកមិនចង់ឲ្យមានផលប៉ះពាល់ជាមួយធម្មជាតិ ពិសេសដើមឈើនោះទេ ហេតុនេះទើប​ត្រូវការសិក្សារយៈពេលយូរ ដើម្បីរកវិធីការពារដើមឈើនៅក្នុងឧទ្យាននេះ និងធានា​ការអភិវឌ្ឍន៍ និងការអភិរក្សបរិស្ថានត្រូវដើរទន្ទឹមគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here