ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសម៉ាឡេស៊ីស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃឧបទ្វីប Malay (Malay Penisula) និងកោះ Borneo ដែលមានឥទ្ធិពលពីចិន ឥណ្ឌា និងអឺរ៉ុប។ ទីក្រុងរបស់ប្រទេសនេះ មានឈ្មោះថា Kuala Lumpur ដែលមានអគារ Petronas Twin Tower ជានិមិត្តរូប និងល្បីល្បាញក្នុងពិភពលោក និងមានអគារជាច្រើនផ្សេងទៀត ដែលទាក់ទាញទេសចរណ៍ ដូចជាអគារ Kuala Lumpur Tower ជាដើម។
ប្រទេសនេះ មានចំនួនប្រជាជន រស់នៅ៣១.១៩ លានាក់ និងមានផលិតផលក្នុងស្រុក (GDP) សរុបចំនួន ៩,៥០២.៥៧ ដុល្លារ ក្នុងមនុស្សម្នាក់កើនឡើងជាមធ្យម ៤.២ ភាគរយកាលពីឆ្នាំ២០១៧។
គេហទំព័រ propertyarea.asia នឹងបន្តនាំយកអគារ Kuala Lumpur Tower របស់ប្រទេសម៉ាឡេស៊ី ដែលជាអគារល្បីល្បាញមួយទៀត មកចែករំលែកដល់មិត្តអ្នកអានរបស់គេហទំព័រ propertyarea.asia។
អាគារ Kuala Lumpur Tower ជាអគារសម្រាប់ទំនាក់ទំនងមួយ ស្ថិតនៅក្នុងទីក្រុង Kuala Lumpur ដែលបានសង់បញ្ចប់នៅក្នុងឆ្នាំ១៩៩៤ និងដាក់អោយដំណើរការជាផ្លូវការនៅក្នុងឆ្នាំ១៩៩៦ ។ អគារនេះមានកំពស់រហូតដល់៤២១ម៉ែត្រ ហើយក៏ជាអគារខ្ពស់លំដាប់ទី៧ នៅក្នុងពិភពលោកផងដែរ បន្ទាប់ពីអគារTokyo Skytree ក្នុងប្រទេសជប៉ុន អគារ Canton Tower ក្នុងប្រទេសចិន អាគារ CN Tower ក្នុងប្រទេសកាណាដា និងអគារ Ostankino Tower ក្នុងប្រទេសរុស្ស៊ីជាដើម។
អគារនេះមានទាំងជណ្តើរ និងជណ្តើរយន្តឡើងដល់កំពូលនៃអគារ។ អគារនេះ មានភោជនីយដ្ឋានដ៏ល្បីល្បាញ ដែលផ្តល់នូវអាហារពេលល្ងាចដ៏ឆ្ងាញ់ និងអាចមើលទេសភាពទីក្រុងអស្ចារ្យផងដែរ។
វាត្រូវបាន គ្រប់គ្រងដោយក្រុមហ៊ុន Telekom Malaysia និងសាងសង់ឡើងសម្រាប់ឧទ្ទិសដល់សាសនាឥស្លាម ក្នុងការមើលព្រះច័ន្ទនៃការចាប់ផ្តើមខែ Ramdhan និងSulhijjahជាដើម។ អគារនេះត្រូវបានគេបើកជាសាធារណៈ សម្រាប់ទស្សនាទេសភាពទីក្រុង Kuala Lumpur។
អាគារ Kuala Lumpur Tower នេះផងដែរ ជាសមាជិកនៃអាគារ World Federation of Great Towers ត្រូវបានគេប្រើប្រាស់ជាច្រើនស្ថាប័ន ក្នុងគោលបំណងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដូចជាទូរទស្សន៍ និងវិទ្យុជាដើម៕