ដោយគង់ សូរិយា
ភ្នំពេញ៖ វិនិយោគគិនឥណ្ឌាមួយចំនួនបាន និងកំពុងបង្កើនការចាប់អារម្មណ៍វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរយៈពេលវែងដែលប្រទេសនេះសម្រេចបាន។
ក្នុងជំនួបជាមួយឯកឧត្តមជា សុផារ៉ាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាព្រឹកថ្ងៃទី៦ សីហាកន្លងមកលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា សព្វថ្ងៃវិនិយោគគិនឥណ្ឌាកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបណ្ដាក់ទុននៅកម្ពុជា ដោយសារមើលឃើញឱកាសវិនិយោគយ៉ាងប្រសើរ។ លោកជំទាវបន្តថា បច្ចុប្បន្នភាពការវិនិយោគនៅកម្ពុជាកំពុងមានភាពល្អប្រសើរ ដែលធ្វើអោយវិនិយោគិនឥណ្ឌាមួយចំនួន បានចាប់អាម្មណ៍មកបណ្ដាក់ទុននៅកម្ពុជាលើវិស័យវាយនភ័ណ្ឌ ស្រូវអង្ករ ដែក និងវិស័យផ្សេងៗទៀត។ ដូច្នេះលោកជំទាវចង់ដឹងព័ត៌មានមួយចំនួន ដូចជា តម្លៃដីធ្លី និងការចុះបញ្ជីពាណិជ្ជកម្មជាដើម។







