ដោយៈវឌ្ឍនៈ
ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសណែនាំឱ្យរដ្ឋមន្ត្រីអប់រំពិនិត្យលទ្ធភាព និងត្រៀមបើកសាលារៀនឡើងវិញ នៅតំបន់ដែលមិនមានការឆ្លងឬមានការឆ្លងតិចតួច។
យោងតាមសារសម្លេងរបស់សម្ដេចតេជោហ៊ុន សែននៅព្រឹកថ្ងៃទី៣១ សីហា២០២១នេះឱ្យដឹងថា ដោយពិនិត្យឃើញថា ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឆ្លងដោយដាច់ជាដុំៗ និងឆ្លងតែទីប្រមូលផ្ដុំទីប្រជុំជនភាគច្រើន តែតំបន់ជនបទបានកើតឡើងតិចតួចណាស់ ក្នុងនោះខេត្តខ្លះស្ទើរតែពុំមានទៀតផង ដូច្នេះសម្ដេចស្នើលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយបណ្ដាខេត្តរាជធានីដើម្បីកំណត់បើកទីតាំង បើកសាលារៀននៅតាមទីតាំងមួយចំនួន ដែលពុំមានជំងឺឆ្លងកើតឡើង។
-->
សម្ដេចមានប្រសាសន៍ថា យើងក៏កំពុងចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់១៨ឆ្នាំ ។ ស្ថានភាពចាក់វ៉ាក់សាំងមកដល់ពេលនេះ ក្នុងចំណោមកុមារនិងយុវវ័យដែលមានអាយុពី១២ ដល់១៨ឆ្នាំ ចំនួនជាង២លាននាក់ យើងចាក់បានជាង១លាន៥សែននាក់រួចទៅហើយ។ បន្ថែមពីនេះ ដោយសង្កេតឃើញថា នៅតាមសាលាជនបទរបស់យើងដែលមិនមានការឆ្លង យើងអាចបើកសាលារៀននោះ ដោយមិនរង់ចាំថាទូទាំងប្រទេសត្រូវតែបើក ឬក៏ខេត្តមួយត្រូវតែបើក ឬស្រុកមួយត្រូវតែបើកទាំងអស់នោះទេ ។ យើងគួរជ្រើសរើសនៅតាមភូមិ តាមឃុំ ដែលមិនមានការកើតនូវជំងឺឆ្លង ឱ្យកុមារា កុមារីរបស់យើងអាចចូលសិក្សា ដោយរក្សាគម្លាតសុវត្ថិភាព រក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឱ្យកុមារាកុមារីរបស់យើងបានចូលរៀន ។
សម្ដេចតេជោបន្ថែមថា យើងកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក បើសិនជាយើងបន្តបិទ តទៅទៀត ដោយមិនបានពិនិត្យមិនបានញែក រវាងកន្លែងដែលឆ្លងនិងកន្លែងដែលមិនឆ្លង ដែលអាចទៅដល់សិស្សបោះបង់សាលារៀន ឬអាចដល់សិស្សភ្លេចអក្សរជាដើម។ ម្យ៉ាងទៀត បើទោះបីជាយើងបង្កើតកម្មវិធីរៀន តាមអនឡាញនោះតែនៅតាមជនបទ ពុំមានលទ្ធភាព និងមិនមានអ៊ីនធើណេតនៅតាមសាលារៀនទេ។
សម្រាប់កន្លែងទីប្រជុំជនដែលមានការឆ្លងឬឆ្លងតិច យើងអាចអនុញ្ញាតឱ្យរៀនតាមអនឡាញបន្តទៀត ឬរៀនទៅតាមស្ថានភាពផ្គួបផ្សំ រវាងរៀនផ្ទាល់ដោយរក្សាសុវត្ថិភាព និងការរៀនតាមបែបចម្រុះ ។ពីព្រោះនៅតាមទីប្រជុំជនមានលទ្ធភាពច្រើន ក្នុងការៀនតាមអនឡាញព្រោះមានបណ្ដាញអ៊ីនធើណេតច្រើន ។
សម្ដេចបញ្ជាក់ថា នៅពេលដែលកុមារាកុមារី យុវវ័យរបស់យើងបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះ យើងអាចឈានទៅដល់ការបើកសាលារៀនឡើងវិញ ហើយការបើកនេះត្រូវតែធានាការសុវត្ថិភាព និងវិធានការសុខាភិបាលផងដែរ ។ ចំណែកកន្លែងដែលមានការឆ្លងច្រើននៅបន្តរៀនពីចម្ងាយ ។
លោកឧកញ៉ាប៉ិច បូឡែន ប្រធានសហព័ន្ធវិស័យអប់រំកម្ពុជាក៏បានមានប្រសសាន៍ថា ការបិទសាលារៀនកាន់តែយូរ នឹងរងផលប៉ះពាល់ដល់ការសិក្សារបស់សិស្សជាពិសេសនៅតាមទីជនបទ ដែលមិនមានអ៊ីនធើណេត ហើយវាក៏ប៉ះពាល់ដល់ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំណត់ថាក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ៕