ដោយៈ អ្នកវិភាគអន្តរជាតិ
អន្តរជាតិៈ ជម្លោះផលប្រយោជន៍ និងការបង្កើតឥទ្ឋិពលនៅក្នុងភូមិសាស្រ្តនយោបាយរបស់សហរដ្ឋអាមេរិក និងមហាយក្សចិនបាន និងកំពុងធ្វើឲ្យរង្គោះរង្គើរដល់តំបន់មួយចំនួន ដែលបានចងសម្ព័ន្ឋភាពគ្នារួចហើយ។
ការបង្កើតសម្ព័ន្ឋមិត្តនៅឥណ្ឌូប៉ាស៊ីហ្វិក របស់អាមេរិក បាននិងកំពុងត្រូវបានគេមើលឃើញថា អាមេរិកកំពុងតែប្រជែងឥទ្ឋិពលចិននៅក្នុងប្លុកអាស៊ាន និងកំពុងប្រជែងជាមួយយុទ្ឋសាស្រ្តនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១របស់ចិន។
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Winston Churchill ធ្លាប់បាននិយាយពាក្យមួយឃ្លា នៅអំឡុងសម័យសង្រ្គាមលោកលើកទី២ ដែលគេនៅចាំមិនភ្លេចថា “រឿងដែលអាក្រក់បំផុត នោះគឺការធ្វើសង្រ្គាមដោយគ្មានសម្ព័ន្ធមិត្ត”។
ពាក្យមួយឃ្លានេះ ហាក់ដូចជាត្រូ វបានលោកប្រធានាធិបតីអាមេរិក ចូ បៃដិន យកមកអនុវត្តជាសកម្មភាព ក្នុងការប្រមូលផ្ដុំកម្លាំងសម័្ពន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងឥទ្ធិពលចិន។
កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅនេះ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបានប្រកាសពីការបង្កើតសម្ព័ន្ធភាព យោធាត្រីភាគីថ្មីមួយមានឈ្មោះថា AUKUS ហើយនៅក្រោមសម្ព័ន្ធភាពថ្មីនេះ អាមេរិក និងអង់គ្លេស ដែលសុទ្ធសឹងតែជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសន្យាជួយទីក្រុងកង់បេរ៉ាផលិត នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងហោច៨គ្រឿង ដែលនេះនឹងធ្វើឱ្យអូស្ត្រាលីក្លាយជាប្រទេសទី៧ នៅលើពិភពលោកដែលមាននាវាមុជទឹកនុយក្លេអ៊ែរ។
លើសពីនេះទៅទៀត ការបង្កើតសម្ព័ន្ធភាព AUKUS នេះសមស្របទៅតាមគំនិតបង្កើតសម្ព័ន្ធភាព និងភាពជាដៃគូដែលលោក ចូ បៃដិន តែងតែលើកឡើង ហើយវាក៏ស្របផងដែរ ទៅតាមយុទ្ធសាស្ត្រអាមេរិក ក្នុងការប្រមូលថាមពលរបស់ខ្លួនឡើងវិញទប់ទល់ជាមួយចិន ដែលរដ្ឋបាលលោក បៃដិនផ្ទាល់ចាត់ទុកថា “ជាគូប្រជែងភូមិសាស្រ្ត នយោបាយដ៏ធំបំផុត របស់អាមេរិកនៅក្នុងស.វទី២១នេះ”។
ប៉ុន្តែនៅម្ខាង អាស៊ានត្រូវបានគេមើលឃើញថា នឹងត្រូវប្រឈមមុខបញ្ហាខ្លាំងជាងគេពី AUKUS ពីព្រោះបណ្ដាប្រទេសអាស៊ានជាច្រើន ស្ថិតនៅជុំវិញតំបន់សមុទ្រចិនខាងត្បូង ជាតំបន់យុទ្ធសាស្ត្រមួយនៅទល់មុខអូស្ត្រាលី។ មិនតែប៉ុណ្ណោះ រដ្ឋជាសមាជិកមួយចំនួនថែមទាំងស្ថិតនៅលើតំបន់យុទ្ធសាស្ត្រ «First Island Chain» ដែលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ ដើម្បីខ្ទប់ឥទ្ធិពលចិន។
តាមរយៈការបង្កើតសម្ព័ន្ធភាពAUKUS, អាស៊ាននឹងត្រូវប្រឈមមុខនឹងបញ្ហាប្រឈមធំៗចំនួន៣ ដូចជា ទី១ នោះគឺអាស៊ានអាចនឹងធ្លាក់ចូលទៅក្នុង បញ្ហាផ្នែកសន្តិសុខ ដោយធ្វើឱ្យរដ្ឋជាសមាជិកនីមួយៗយល់ថា ខ្លួនឯងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។ ការសន្យាផ្ដល់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលី របស់សហរដ្ឋអាមេរិក និងអង់គ្លេស មិនមែនមានន័យត្រឹមតែពង្រឹង សមត្ថភាពយោធាអូស្ត្រាលីប៉ុណ្ណោះទេ តែវាក៏អាចបង្កទៅជាការរត់ប្រណាំងសព្វាវុធ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។
ចាប់តាំងពីចូលដល់ស.វទី២១មក ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀត ប្រើប្រាស់នាវាមុជទឹកដោយថាមពលអគ្គសនី ឬឥន្ធនៈធម្មតា និងនាវាចម្បាំងទិញពីអាល្លឺម៉ង់ ឬក៏រុស្ស៊ី។ តែចាប់តាំងពីឆ្នាំ២០១០ ពោលគឺក្រោយស្ថានការណ៍ នៅសមុទ្រចិនខាងត្បូងកាន់តែតានតឹងឡើង ប្រជាជាតិ ទាំងនេះបានបង្កើនល្បឿន ធ្វើទំនើបកម្មកងទ័ពជើងទឹករៀងៗខ្លួន តាមរយៈការបញ្ជាទិញបរិក្ខាយោធាពីមហាអំណាច។
តែទោះជាបែបនេះក្ដី នាវាមុជទឹករបស់ពួកគេ មិនអាចយកទៅធៀបនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរនោះទេ។ នៅត្រង់នេះ អ្វីដែលគួរឱ្យបារម្ភនោះ គឺថាអូស្ត្រាលីមុខជានឹង ប្រើនាវាមុជទឹកនុយក្លេអ៊ែរ សម្រាប់ធ្វើប្រតិបត្តិការ នៅឯសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញការគាំទ្រ ដល់ប្រតិបត្តិការធ្វើនាវាចរដោយសេរី និងបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ដូច្នេះបណ្ដាប្រទេសអាស៊ាននឹងមានអារម្មណ៍ថា ប្រទេសជិតខាងមួយដូចជា អូ ស្ត្រាលី ដែលមានយោធាខ្លាំងក្លា នឹងកាន់តែមកជិតរបងផ្ទះរបស់ពួកគេ។ ជាធម្មតាអាស៊ាន គឺតែងតែពឹងផ្អែកលើសមតុល្យ នៃពួកមហាអំណាច ដើម្បីធានាសន្តិសុខរបស់ពួកគេ។
មានន័យថា អំណាចរបស់ពួកមហាអំណាចមិនលើស មិនខ្វះគ្នា ប៉ុន្តែការបង្កើត AUKUS នឹងធ្វើឱ្យអំណាចផ្អៀងទៅរកសហរដ្ឋអាមេរិកកាន់តែខ្លាំង រាប់ចាប់ពីតំបន់អាស៊ីអាគ្នេយ៍ រហូតដល់តំបន់ប៉ាស៊ីហ្វិកខាងត្បូង ដែលនេះនឹងបំផ្លាញសមតុល្យអំណាចនៅក្នុងតំបន់ ហើយអាស៊ាន នឹងគ្មានជម្រើសអ្វីផ្សេងក្រៅតែពីសម្រេចចិត្តថា តើយុទ្ធសាស្ត្រស្វែងរកសមតុល្យរបស់ខ្លួននឹងត្រូវឆ្ពោះទៅទីណា?។
ពិតមែនទៅ ការធ្វើសមាហរណកម្មនយោបាយ និងសន្តិសុខរបស់អាស៊ានមានកម្រិតទាបបំផុតធៀបទៅនឹងសហភាពអឺរ៉ុប ហើយសព្វថ្ងៃ រដ្ឋជាសមាជិកនៅតែមិនអាចរក ឃើញជំហររួមទាំងខាងនយោបាយការទូត និងការពារជាតិ។ វាពិតជាពិបាកខ្លាំងណាស់ សម្រាប់អាស៊ានក្នុងការពឹងផ្អែកលើ “យុទ្ធសាស្ត្រការពារជាសមូហភាព” ក្នុងការ ស្វែងរក “សន្តិសុខជាសមូហភាព” ដោយពួកគេមានតែត្រូវពឹងផ្អែកលើសមត្ថភាពយោធាខ្លួនឯងរៀងៗខ្លួន និងសមត្ថភាពអនុវត្តនយោបាយការទូតឯករាជ្យ តែប៉ុណ្ណោះ។
សម្ព័ន្ធភាព AUKUS និងគម្រោងផលិតនាវាមុជទឹកនុយក្លេអ៊ែរអូស្ត្រាលី អាចនឹងបង្ខំឱ្យបណ្ដាប្រទេសអាស៊ាន មានអារម្មណ៍ថាគ្មានសន្តិសុខ ហើយងាកទៅនឹងការរត់ប្រណាំង សព្វាវុធ។
ចំណុចទី២
អាស៊ាននឹងត្រូវគិតថា តើត្រូវធ្វើបែបណា ដើម្បីកុំឱ្យធ្លាក់ចូលក្នុងស្ថានភាពបង្ខំចិត្តត្រូវជ្រើសរើសយកមួយរវាងអាមេរិក និងចិន។ សហរដ្ឋអាមេរិកជារឿយៗ តែងតែអះអាងថា មិនមានចេតនាបង្ខំឱ្យអាស៊ានជ្រើសរើសរវាងចិន និងសហរដ្ឋអាមេរិកនោះទេ។ តែតាមរយៈការបង្កើតសម្ព័ន្ធភាព AUKUS វាបានបង្ហាញកាន់តែច្បាស់ថា បក្សសម្ព័ន្ធ ឬប្លុកប្រឆាំងចិន ដឹកនាំដោយសហរដ្ឋអាមេរិក បានលេចចេញជារូបរាងជាបណ្ដើរៗ។
បើតាមក្រុមអ្នកជំនាញ តំបន់អាស៊ានគឺជាទីតាំងភូមិសាស្ត្រនយោបាយ ដ៏សំខាន់ និងពិសេសបំផុតមួយ ដែលអាចកំណត់ពីភាពជោគជ័យ និងបរាជ័យនៃយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនរបស់សហរដ្ឋអាមេរិក។ នៅត្រង់នេះ មានរឿងពីរយ៉ាងដែលត្រូវពិចារណា។ ម្យ៉ាងវាជារឿងដ៏ពិបាក ដែលអាមេរិកចង់ប្រមូលកម្លាំងប្រឆាំងចិន ដោយងាយស្រួលដោយសារតែខ្វះកិច្ចសហប្រតិបត្តិការពីអាស៊ាន។
រីឯម្យ៉ាងទៀតនោះ គឺចិនជាមិត្តជិតខាងអព្យាក្រឹតផង និងជាដៃគូសេដ្ឋកិច្ច រួមទាំងពាណិជ្ជកម្មផង មិនអាចខ្វះបានរបស់អាស៊ាន។ ជាជម្រើសមួយដ៏ប្រសើរ អាស៊ាននឹងប្រឹងប្រែងរក្សាឱ្យបាន នូវឯករាជ្យភាពទាំងខាងការទូត និងសន្តិសុខ ជាពិសេសគឺនយោបាយអព្យាក្រឹតតែម្ដង។ តែចង់ ឬមិនចង់ ស្ថិតនៅចំកណ្ដាល នៃការប្រជែងឥទ្ធិពលគ្នា រឹតតែខ្លាំងរវាងអាមេរិក និងចិន អាស៊ាន ដែលគ្មានជំហររួមច្បាស់លាស់ ប្រហែលជានឹងពិបាកគេចផុតណាស់ ពីការបង្ខំចិត្តត្រូវជ្រើសរើសយកមួយរវាងមហាអំណាចទាំង២។
ចំណុចទី៣
សម្ព័ន្ធភាព AUKUS អាចនឹងបំបែកបាក់ផ្ទៃក្នុងអាស៊ាន ក៏ដូចជា រារាំងដល់នីតិវិធីធ្វើសមារណកម្មនយោបាយ និងសន្តិសុខរបស់អាស៊ាន។ ប្រតិកម្មឆ្លើយតបរបស់បណ្ដាប្រទេសអាស៊ានចំពោះការបង្កើត AUKUS មិនមានជំហររួមនោះទេ ដោយមានខ្លះនៅស្ងៀមតែនៅក្នុងចិត្តគាំទ្រ ខ្លះជំទាស់ រីឯខ្លះទៀតគាំទ្រ។
ជាក់ស្ដែង ហ្វីលីពីន តាមរយៈរដ្ឋមន្ត្រីការបរទេស លោក Teodoro Lochen បាននិយាយគាំទ្រជាសាធារណៈថា AUKUS នឹងជួយរក្សាសន្តិភាព ហើយនឹងមិនបំផ្លាញសន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់នោះទេ។ ដូចគ្នាទៅនឹងហ្វលីពីនដែរ សិង្ហបុរីយល់ឃើញថាសម្ព័ន្ធភាពនេះ នឹងចូលរួមចំណែកក្នុងការជួយរក្សាស្ថិរភាព និងសន្តសុខនៅក្នុងតំបន់ តែមិនបានបង្ហាញជំហគាំទ្រត្រង់ៗឡើយ។
ចំណែកឯប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីវិញ បានបង្ហាញជំហរជំទាស់ ចំពោះការយល់ឃើញបែបនេះ ដោយថែមទាំងព្រមានទៀតផងថា AUKUS និងការផ្ដល់នាវាមុជទឹក នុយក្លេអ៊ែរឱ្យអូស្ត្រាលី អាចនឹងបង្កទៅជាការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់។
វៀតណាម កម្ពុជា និងសមាជិកដែលនៅសល់ បានរក្សាជំហរស្ងៀមស្ងាត់ ប៉ុន្តែវៀតណាម ដែលជាភាគីជម្លោះដែនទឹកជាមួយចិន នៅឯតំបន់សមុទ្រចិនខាងត្បូង ត្រូវបានគេមើលឃើញថា គ្មានហេតុផលអ្វីត្រូវជំទាស់នឹងការបង្កើត AUKUS នោះឡើយ។
ការបង្ហាញជំហរផ្សេងៗគ្នារបស់អាស៊ាន ចំពោះសម្ព័ន្ធភាព AUKUS វាមានជាប់ពាក់ព័ន្ធ ទៅនឹងទស្សនៈយល់ឃើញរបស់ពួកគេ ចំពោះតម្រូវការការពារផ្នែកសន្តិសុខ និងកិច្ចសហការជាមួយសហរដ្ឋអាមេរិក និងទស្សនៈយល់ឃើញ ចំពោះតួនាទីរបស់ចិននៅក្នុងតំបន់។
ជាឧទាហរណ៍ដូចជា ហ្វីលីពីន និងវៀតណាម ដែលមានជម្លោះដែនទឹកខ្លាំងជាងគេជាមួយចិន មុខជានឹងគាំទ្រដល់យុទ្ធសាស្រ្តខ្ទប់ឥទ្ធិពលចិន ទោះជាពេលខ្លះមិននិយាយចេញមកក្រៅក៏ដោយ។ ដូច្នេះការគ្មានជំហររួម ឬមានជំហរផ្ទុយគ្នា អាចនឹងបង្កឧបសគ្គរាំងស្ទះ ដល់កិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសន្តិសុខ និងនយោបាយរបស់អាស៊ាននៅឆ្នាំ២០២៥៕
ប្រភព៖ National Institute for South China Sea Studies (ថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១)៕