ដោយៈ ជេស៊ីកា
ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានត្រៀមខ្លួនជាស្រេចដើម្បីបើក កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នឹងរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ជាការគួរឲ្យសោកស្តាយ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ព្រោះជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ខ្ពស់របស់ប្រទេសដៃគូ ASEM ទាំង៥១ មកពីអាស៊ី និងអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។
កិច្ចប្រជុំកំពូល ASEM13 ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” នឹងផ្តល់ឱកាសដ៏ទាន់ពេលវេលាមួយ ដល់ថ្នាក់ដឹកនាំមកពីតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងតំបន់សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ក្នុងនោះរួមទាំងបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់សង្គម- សេដ្ឋកិច្ចបណ្តាលមកពីជំងឺនេះផងដែរ។
មុនពេលដំណើរការកិច្ចប្រជុំកំពូល ASEM13 តំណាងមកពីព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល នឹងអញ្ជើញថ្លែងការណ៍រួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាសហប្រធាន នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លោកប៉ាន សូរ ស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហអ្នករៀបចំវេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាអ្នករៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ ព្រមទាំងតំណាងមកពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប និងវេទិកាប្រជាជនអាស៊ី-អឺរ៉ុបផងដែរ។
ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាអំពីតួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម ដោយផ្តោតលើប្រធានបទពាក់ព័ន្ធ រួមមាន ទី១ ASEM ក្នុងគម្រប់ខួប២៥ឆ្នាំ៖ សមិទ្ធផលបញ្ហាប្រឈម និងទិសដៅនាពេលអនាគត ទី២ ការធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយមដើម្បីសន្តិភាព និងស្ថិរភាពសកល ទី៣ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ ទី៤ កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ទី៥ ការតភ្ជាប់ ទី៦ ស្ត្រីសន្តិភាព និងសន្តិសុខ និងទី៧ បម្រែបម្រួលអាកាសធាតុ។
ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ដោយផ្តោតលើ ១) ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ២) ការពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និង ៣) ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំ ASEM នឹងមានឱកាសចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មកសេរី និងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកល និងតំបន់។
ក្រោមការដឹកនាំរបស់កម្ពុជា ASEM13 នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពី ការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់ ASEM។
ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជំរុញពហុភាគីនិយម ក៏ដូចជា ការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួន នៅក្នុងសហគមន៍ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាសកលនាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗនេះ៕