ដោយ៖ ដែន ចែងចាំង
ដោយសារវិស័យនេះនៅក្មេងខ្ចី និងមានធនធានមនុស្សនៅមានកម្រិតនៅ ឡើយ ទើបរហូតមកទល់ពេលនេះកម្ពុជាទើបមានអ្នកជំនាញអចលនទទ្រព្យពីររូបប៉ុណ្ណោះ ដែលត្រូវបានទទួលស្គាល់ពីសហគមន៍អ្នកជំនាញអចលនទ្រព្យនៅទូទាំងសាកលលោក។
លោកស្រី Grace Rachny Fong នាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia បានឲ្យដឹងថា លោកស្រីបានទទួលវិញ្ញាបនបត្រទទួលស្គាល់ ក្នុងនាមជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ ដែលមានការទទួលស្គាល់ពីអ្នកជំនាញក្នុងវិស័យនេះនៅទូទាំងពិភពលោក។លោកស្រីបន្តថា ជាមួយគ្នានេះ លោកស្រីក៏ទទួលបានវិញ្ញាបនបត្រក្នុងនាមជាគ្រូបង្វឹកលំដាប់អន្តរជាតិ ដែលមានការទទួលស្គាល់ និងបណ្តុះបណ្តាលពី Century21 LLCនៅសហរដ្ឋអាមេរិកផងដែរ។
លោកស្រីបន្តថា ការទទួលបានការទទួលស្គាល់ ក្នុងនាមជាអ្នកជំនាញអចលទ្រព្យលំដាប់អន្តរជាតិ គឺដោយសារមានការបណ្តុះបណ្តាលពីសមាគម National Realtor Of Association ដែលជាសមាគមអចលនទ្រព្យធំជាងគេនៅសហរដ្ឋអាមេរិក។ លោកស្រីបន្តថា អ្នកអាចចូលរៀនជំនាញនេះបាន ត្រូវមានលក្ខខ័ណ្ឌមួយចំនួនដូចជា ធ្លាប់ធ្វើការក្នុងវិស័យអចលនទ្រព្យចន្លោះពី២ ទៅ៣ឆ្នាំ អាយុ១៨ឆ្នាំឡើង មានចំណេះដឹងភាសាអង់គ្លេសល្អ និងយល់ដឹងពីព៌តមានអចលនទ្រព្យបានទូលំទូលាយទាំងនៅកម្ពុជា ក៏ដូចជាអន្តរជាតិ។
លោកស្រីបន្តថា “ការសិក្សានេះឆ្លងកាត់ការប្រលងយ៉ាងម៉ត់ចត់ ហេតុនេះ ប្រសិនជាយើងគ្មានចំណេះដឹងក្នុងវិស័យន យើងមិនអាចប្រលងជាប់និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិនោះទេ។
អ្នកជំនាញអចលនទ្រព្យ ដែលមានការទទួលស្គាល់ជាអន្តរជាតិមូយរូបទៀត គឺលោកវ៉ា វីរៈអគ្គនាយកនៃក្រុមហ៊ុន Century21 Fortuna investment ដែលលោកបានបញ្ចប់ការសិក្សា លើជំនាញខាងលើនេះនៅសហរដ្ឋអាមេរិក។
លោក វ៉ា វីរៈ បានថ្លែងថា ការទទួលបានការទទួលស្គាល់ជាអ្នកជំនាញលើវិស័យអចលនទ្រព្យអន្តរជាតិនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់លោកនោះទេ តែជាគុណតម្លៃសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាទាំងមូល ដែលលោកអាចនឹងរួមចំណែកជួយឲ្យវិស័យនេះ កាន់តែមានការរីកចម្រើនថែមទៀត។លោកបន្តថា ការទទួលបានការទទួលស្គាល់ជាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ មានន័យថា ឈ្មោះរបស់យើងត្រូវបញ្ចូលទៅក្នុងសហគមន៍ អ្នកជំនាញអចលនទ្រព្យនៅទូទាំងពិភពលោក និងមានការទទួលស្គាល់ពីជំនាញរបស់យើងនៅទូទាំងពិភពលោក៕