ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ មនុស្សម្នាក់ៗមានវិធីសាស្ត្រសន្សំលុយ និងយុទ្ឋសាស្ត្រខុសៗគ្នា ដើម្បីក្លាយជាអ្នកមានឬឧកញ៉ា ជាក់ស្តែងថ្ងៃនេះ Propertyarea.asia សូមលើកយកគំរូនៃការសន្សំលុយ និងយុទ្ឋសាស្ត្រវិនិយោគរបស់លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal។
លោកឧកញ៉ា នួន រិទ្ឋី ដែលជាសេដ្ឋីវ័យក្មេងបានបង្ហើបឲ្យដឹងពីវិធីសាស្ត្រ និងយុទ្ឋសាស្ត្រសន្សំលុយ និងវិនិយោគដើម្បីក្លាយជាអ្នកមានថា វិធីសាស្ត្រសន្សំលុយ និងការរកស៊ីរបស់ខ្ញុំគឺផ្តោតលើកក្តា “រៀនរស់ រៀនរក រៀនសន្សំ។ ពិសេសការសន្សំគឺសន្សំទាំងលុយ សន្សំទាំងញាតិ សន្សំទាំងផៅសន្តាន ព្រោះដើម្បី មុខជំនួញបានទទួលជោគជ័យ ក្រុមគ្រួសារមួយមានភាពថ្កុំថ្កើង និងទទួលបាន ជោគជ័យត្រូវចាប់ផ្តើមដោយការសន្សំសំចៃ។
-->
លោកបន្តថា “ការសន្សំសំចៃរបស់ខ្ញុំ គឺផ្តោតលើចំណូលប្រចាំថ្ងៃ និងចំណែកត្រូវរក្សាទុក៣០ទៅ៤០ភាគរយ ក្រៅពីនោះខ្ញុំយកវាទៅវិនិយោគលើសង្គម វិនិយោគលើចំណេះដឹងផ្សេងៗ និងចូលរួមកម្មវិធីផ្សេង។លោកបន្តថា “ក្រៅពីការសន្សំ៣០ភាគរយនៃថវិកាយើងរកបាន យើងនឹងយកចំណែកខ្លះទៅវិនិយោគ និងត្រូវមានភាពវ័យឆ្លាតដោយទៅខ្ចីធនាគារ ដើម្បីយកមកវិនិយោគ ដោយផ្តោតលើគំរោងវិនិយោគ ដែលបានអាចផ្តល់លុយប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំត្រលប់មកវិញ។

លោកឧកញ៉ា នួន រិទ្ឋី បានបន្តថា ក្រៅពីនេះលោកផ្តោតលើការវិនិយោគលើដីដែលមានសន្តានុពល និងទិញតម្លៃសមរម្យ ដែលរយៈពេល៦ខែទៅ១ឆ្នាំយើងអាចទទួលបានផលចំណេញ ឬទុកបន្តទៀត ព្រោះវិស័យអចលនវត្ថុកម្ពុជានៅមានសក្តានុពលរយៈពេលវែងតទៅទៀត។ លោកបន្តថា ការទិញដីនៅទីតាំងណាមួយ យើងត្រូវពិនិត្យមើលពីយុទ្ឋសាស្ត្រ និងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ព្រោះបើយើងមិនមានព៌តមាន និងមិនអាចវិភាគបានស៊ីជម្រៅ យើងមិនអាចសម្រេចចិត្តវិនិយោគបានទេ។
ឧទាហរណ៍កន្លែងមួយ ជាវាលរហោដ្ឋាន ប៉ុន្តែរដ្ឋាភិបាលមានបំណងចង់ ឲ្យមនុស្សទៅរស់នៅកន្លែងនោះ ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋដូចជា ផ្លូវ ទឹក ភ្លើងទៅដល់។ យើងអាចទៅទិញជាមុន នៅពេលយើងទទួលបានព៌តមាននោះ។ អ្នកខ្លះទិញដីដែលមិនទាន់មានការកែច្នៃ តែអ្នកខ្លះទៀត គាត់មិនចង់ចំណាយពេលទេ គឺពួកគេទិញដីបានគឺអាចវិនិយោគសាងសង់បានតែម្តង។ អ្នកទាំងពីរនេះដើរបញ្ច្រាសទិសគ្នា តែមានគោលដៅស្រដៀងគ្នា។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧកញ៉ានួន រិទ្ឋី។
លោកឧកញ៉ាបន្តថា “សម្រាប់ខ្ញុំ គឺខ្ញុំធ្វើទាំងពីរទាំងការវិនិយោគទុក និងការអភិវឌ្ឍទន្ទឹមគ្នា ដោយសារយើងជ្រើសរើសតំបន់ណាមួយនោះ ជាតំបន់មានសក្តានុពល គឺយើងអភិវឌ្ឍន៍មុនគម្រោងរបស់រដ្ឋាភិបាល។លោកបន្តថា “ហេតុនេះព៌តមានសំខាន់ណាស់ ពិសេសការជឿជាក់លើរដ្ឋាភិបាលតែម្តង ព្រោះអ្នកមិនមានភាពជោគជ័យ ច្រើនជាអ្នកមិនច្បាស់លាស់ និងមិនជឿជាក់លើរដ្ឋាភិបាល។
លោកឧកញ៉ា នួន រិទ្ឋី បានបន្តទៀតថា អ្វីដែលយើងគួរផ្តោតការសម្លឹងមើល និងពិចារណាមួយទៀត គឺកំនើនសេដ្ឋកិច្ចដែលកម្ពុជាទទួលបាន ពិសេសប្រាក់ចំណូលប្រជាជនកើនឡើង ជីវភាពកាន់តែធូរធារ ការចាយវាយដែលសូម្បីតែកូនក្មេងបច្ចុប្បន្ន គេស្គាល់ផលិតផលប្រេនៗរួចទៅហើយ។ អ្វីគួរពិចារណាមួយទៀត គឺយើងឃើញអ្នកវិនិយោគ ពីបរទេសចូលមកវិនិយោគកាន់តែច្រើន ពួកគេមកចាប់យកឳកាស និងប្រាក់ចំណេញនៅទីនេះ ចុះហេតុអីយើងម្ចាស់ប្រទេសមិនហ៊ានវិនិយោគ? ហេតុនេះយើងត្រូវតែវិនិយោគលើទីតាំងល្អ និងគំរោងល្អៗឲ្យបានមុនគេ ព្រោះបើយើងម្ចាស់ប្រទេសមិនជឿជាក់លើការដឹកនាំ ឬជាឪពុកម្តាយរបស់ពួកយើងផង យើងយើងធ្វើម្តេចអាចមានឳកាស និងឈ្នះគេបាន???៕