ដំណឹងល្អៈ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងអភិវឌ្ឍផ្លូវដែកដែលមានស្រាប់ឲ្យ ក្លាយជាផ្លូវដែកល្បឿនលឿននាពេលខាងមុខ

0

ដោយ: ម៉ាលីស

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិ​វឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្ន ឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ។

គំរោងនេះក៏ផ្តោតលើទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានី ភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។នេះបើតាមការបង្ហើបឲ្យដឹងពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីព្រឹកថ្ងៃទី១៦ ធ្នូកន្លងមកនេះ។

ផ្លូវដែកកម្ពុជា បានចាប់ផ្តើមសាងសង់ដំបូង ក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០។ ផ្លូវដែកកម្ពុជាមានចំនួន២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប៦៥០គីឡូម៉ែត្រ។ ផ្លូវដែកភាគខាងជើង មានប្រវែង៣៨៦គីឡូម៉ែត្រ តភ្ជាប់ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង និងផ្លូវដែកភាគខាងត្បូង ត្រូវបានកសាងឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជំនួយរបស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប២៦៤គីឡូម៉ែត្រ។ ផ្លូវដែកទាំងពីរខ្សែនេះ ត្រូវបានទទួលរងការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ហើយផ្នែកខ្លះត្រូវបានបំផ្លាញទាំងស្រុ​ងដោយរបបកម្ពុជាប្រជាធិបតេយ្យ។

បច្ចុប្បន្ន ផ្លូវដែកទាំងពីរខ្សែត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ ដោយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេកម្ពុជា (RRC) ដែលផ្តល់សេវាជូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាល ។

រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាយ៉ាងច្រើន ទៅលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ហើយទោះបី​ជាកម្ពុជា ជួបវិបត្តិនឹងជំងឺកូវីដ១៩ក្ដីក៏កម្ពុជានៅតែ សន្សំបានថវិកាសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here