សិង្ហបុរី ចាប់ផ្ដើមប្រើធម៌ក្ដៅលើអ្នកមិនចាក់វ៉ាក់សាំង ដែលត្រូវប្រឈមការបាត់បង់ការងារ

0

ដោយ សុខុម

សិង្ហបុរី: ប្រទេសសិង្ហបុរី បានចាប់ផ្ដើមប្រើធម៌ក្ដៅលើអ្នកដែលមិនចាក់វ៉ាក់សាំងកូវីដ-១៩ ហើយពេលនេះ ដោយអ្នកដែលមិនបានចាក់ត្រូវប្រឈមនឹងការបាត់បង់ការងារ នៅពេលវិធានការរឹតបន្តឹងថ្មីលើការចេញចូលការិយាល័យធ្វើការចូលជាធរមាន។

យោងតាមក្រុមប្រឹក្សាមួយរបស់រដ្ឋាភិបាលឱ្យដឹងថា កាលពីមុននេះរដ្ឋាភិបាលបានផ្ដល់សម្បទានដោយអនុញ្ញាតឱ្យអ្នកធ្វើការដែលមិនទាន់ចាក់វ៉ាក់សាំងអាចចេញចូលកន្លែងធ្វើការបាន ឱ្យតែពួកគេធ្វើតេស្តអវិជ្ជមានកូវីដ-១៩។

ទោះជាយ៉ាងណា ចាប់ពីថ្ងៃសៅរ៍ ទី១៥ មករា នេះតទៅ សម្បទាននេះត្រូវបានដកចេញហើយ ដែលធ្វើឱ្យអ្នកមិនទាន់ចាក់វ៉ាក់សាំងប្រឈមហានិភ័យបាត់បង់ការងារ។

នៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលបញ្ជាក់ថា និយោជកអាចអនុញ្ញាតឱ្យអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងធ្វើការងារពីផ្ទះ ឬឱ្យពួកគេឈប់សម្រាកដោយគ្មានប្រាក់បៀវត្សរ៍ ហើយជម្រើសចុងក្រោយគឺបណ្ដេញពួកគេចេញពីការងារតែម្ដង ប្រសិនបើពួកគេមិនអាចបំពេញការងារនៅខាងក្រៅការិយាល័យបាន។

សិង្ហបុរី ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតក្នុងពិភពលោក ហើយប្រទេសនេះបានអនុវត្តវិធីសាស្ត្រយ៉ាងតឹងរ៉ឹងទូទាំងប្រទេសប្រឆាំងអ្នកដែលមិនចាក់វ៉ាក់សាំង ដោយហាមឃាត់ពួកគេមិនឱ្យចូលបារ ភោជនីយដ្ឋាន ហាង ផ្សារទំនើបជាដើមដើម្បីទប់ស្កាត់ហានិភ័យរីករាលដាលវីរុសកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here