ភ្នំពេញ៖ ប្រទេសកម្ពុជាគ្រោងនឹងសាងសង់អាគារកំពស់៦០០ម៉ែត្រមួយទៀត ស្ថិតនៅភាគខាងជើងក្រុងភ្នំពេញ ដែលជាគម្រោងដ៏មហស្ចារ្យមួយនៃទីក្រុងនាគរាជសម្តេចតេជោ។

លោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលជាស្ថាបត្យករផ្តួតផ្តើមរៀបចំគំរោងទីក្រុងនាគរាជសម្តេចតេជោបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា តាមផែនការមេនៃទីក្រុងនាគរាជសម្តេចតេជោ យើងគ្រោងនឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់៦០០ម៉ែត្រមួយ សម្រាប់ប្រើប្រាស់ជាការិយាល័យកណ្តាលរបស់សម្តេចតេជោ ដែលលោកអាចត្រួតពិនិត្យមើលស្ថានភាព និងការអភិវឌ្ឍន៍ប្រទេសចេញពីអាគារនេះបាន ព្រោះកំពស់៦០០ម៉ែត្រអាចមើលឃើញទូទាំងប្រទេសហើយ។
-->

លោកបន្តថា “អាគារនេះនឹងសាងសង់នៅពេលទីក្រុងនេះមាបថវិកាគ្រប់ គ្រាន់សម្រាប់រៀបចំ ហើយបច្ចុប្បន្នមានក្រុមហ៊ុនចិនមួយចំនួនកំពុងចាប់អារម្ម ណ៍ចូលរួមវិនិយោគក្នុងគំរោងនេះហើយ។លោកបន្តថា “ការសាងសង់ទីក្រុងនេះ ដើម្បីរំលឹកនិងដឹងគុណសម្តេចតេជោ ក៏ដូចជាបន្សល់ទុកមរតកសម្រាប់មនុស្សជំនាន់ក្រោយ ព្រោះរយៈពេល៥៨០ឆ្នាំហើយ យើងមិនដែលបានសាងសង់ទីក្រុងថ្មីទេ។
លោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ ដែលបានសញ្ញាបត្រស្មើគ្នានឹងសាស្ត្រាចារ្យវីរស្ថាបត្យករកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណផងដែរនោះបានថ្លែងឲ្យដឹងទៀតថា ទីក្រុងនាគរាជសម្តេចតេជោ នឹងសាងសង់មជ្ឈមណ្ឌលអាគារពាណិជ្ជកម្ម អាគារស្នាក់នៅ និងមជ្ឈមណ្ឌលកំសាន្តនានាមានរូបរាងដូចនាគរាជ ដែលត្រូវនឹងឆ្នាំរបស់សម្តេច។លោកបន្តថា ទីក្រុងនេះនឹងរៀបចំឲ្យមានកំពង់ផែ ដើម្បីភ្ជាប់សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្មនៅក្នុងមជ្ឈមណ្ឌលជាពាណិជ្ជកម្មអន្តរជាតិសម្តេចតេជោ ដែលនឹងរៀបចំឲ្យមាននៅក្នុងទីក្រុងនេះផងដែរ។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានថ្លែងថា កម្ពុជាមានសក្តានុពលសម្រាប់រយៈពេល២០ឆ្នាំទៀត ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយសារកំនើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមដែលធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ មានការកើនឡើង ហើយលំហូរទុនវិនិយោគពីបរទេស នឹងបន្តកើនឡើងបន្តទៀត។លោកបន្តថា តាមរយៈគោលនយោបាយផ្លូវសូត្ររបស់ប្រទេសចិន កម្ពុជានឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត។

លោកឧកញ៉ាបានបន្តថា ការសាងសង់ទីក្រុងនាគរាជសម្តេចតេជោ នៅប្របនឹងទន្លេមេគង្គ និងទន្លេសាបនេះ ពិតជាមានភាពវិសេសវិសាលណាស់ ព្រោះវានឹងធ្វើឲ្យមុខមាត់កម្ពុជា កាន់តែលេចធ្លោនៅឆាកអន្តរជាតិ ធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត និងអ្វីពិសេសនោះជាការឆ្លើយតបនឹងអ្វីជាគុណសម្បត្តិរបស់សម្តេច ដែលបានលះបង់កំលាំងកាយចិត្ត និងរហូតហ៊ានលះបង់ជីវិត ដើម្បីបុព្វហេតុសុខសន្តិភាពនៅកម្ពុជា៕