តើអ្នកជំនាញអចលនទ្រព្យយល់ឃើញបែបណាទាក់ទងនឹងចំណាយចរន្តលើវិស័យទេសចរណ៍

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលបានបញ្ចប់កាលពីសប្តាហ៍មុន ប្រជាពលរដ្ឋកម្ពុជាចេញដើរកម្សាន្តជាង៥លាននាក់ និងបានចាយវាយគិតជាទឹកប្រាក់សរុបជាង២៥០លានដុល្លារអាមេរិក។

ការចំណាយនេះ ត្រូវបានរំពឹងថានឹងចាក់បញ្ចូលក្នុងសេដ្ឋកិច្ច ហើយដាស់ឱ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុកមានកំណើនឡើងវិញ និងជួយឱ្យវិស័យមួយចំនួន ដែលធ្លាប់តែមានបញ្ហា បានដំណើរការឡើងវិញផងដែរ។

យ៉ាងណាក្ដីការចំណាយជាង ២៥០លានដុល្លារអាមេរិកនេះ នឹងមិនទាន់ចាក់បញ្ចូល ទៅក្នុងវិស័យអចលនទ្រព្យបាននៅឡើយទេ។នេះជាការលើកឡើងរបស់លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance ។

លោកបានមានប្រសាសន៍ថា “ការចាយវាយរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំនេះ បានហុចផលទៅដល់វិស័យលក់រាយ ហើយវាគ្រាន់តែជាចំណុចចាប់ផ្ដើមតែប៉ុណ្ណោះ”។ លោកបន្តថា “ដោយឡែកវិស័យអចលនទ្រព្យវិញ គឺត្រូវការពេលវេលាយូរបន្តិច ដើម្បីស្ដារឱ្យមានស្ថានភាពដូចមុនវិបត្តិវិញ”។

លោកប៉ូ អ៊ាវគង់ បានបន្តថា វិស័យអចលនទ្រព្យ គឺពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ចទាំងមូល ហើយស្ថានភាពវិស័យសេដ្ឋកិច្ចកម្ពុជា ក្នុងពេលបច្ចុ​ ប្បន្ននេះ គឺមិនទាន់ប្រសើរដូចមុនបានឡើយ ។ ក្នុងនោះយើងបានឃើញថាការកើនឡើងនៃអតិផរណា ដែលបណ្ដាលមកពីសង្គ្រាម ការកើនឡើងនៃតម្លៃប្រេង នឹងធ្វើឱ្យកើតជាបញ្ហាដល់សេដ្ឋកិច្ច និងអាចបន្តប៉ះពាល់ដល់វិស័យអចលនទ្រព្យបន្តទៀតផងដែរ ។

លោកបន្ថែមថា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ស្ថានភាពកូវីដ១៩លក្ខណៈសកល បានបន្តជះឥទ្ធិពលដល់វិស័យអចលនទ្រព្យកម្ពុជា ហើយបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏បានដាក់បន្ទុកដល់វិស័យអចលនទ្រព្យមួយកម្រិតទៀត ដោយសារតែរំហូរវិនិយោគពីបរទេសនៅមានសភាពទ្រឹង ។

ចំណែកអ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជានៅតពឹងលើការវិនិយោគពីបរទេស ទោះបីជាមានការវិនិយោគពីក្នុងប្រទេ​សមួយចំនួនហើយក្ដី ដូច្នេះបើសិនជាវិនិយោគិនបរទេស នៅតែអវត្តមានក្នុងប្រទេសកម្ពុជា ឬមានចំនួនតិចតួច ការអភិវឌ្ឍអចលនទ្រព្យនៅតែមានកម្រិតតិចតួច។

ជាក់ស្ដែងការអភិវឌ្ឍខុនដូ ក្នុងរយៈពេល១ត្រីមាសនៃឆ្នាំ២០២២នេះ មានចំនួនតិចតួច ធៀបនឹងការរំពឹងកាលពីចុងឆ្នាំ២០២១ និងដើមឆ្នាំ ២០២២ ។

យ៉ាងណាក្ដីអ្នកជំនាញជាច្រើន នៅតែមានក្ដីសង្ឃឹមថា វិនិយោគិនបរទេសអាចនឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគនានាឡើងវិញនៅពាក់កណ្ដាលឆ្នាំ ឬចុងឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here