ផ្សារហ៊ុនអចលនទ្រព្យនិងផ្សារហ៊ុនអាស៊ីចិនហក់ឡើង ខណៈទីក្រុងប៉េកាំងចាត់ចំណាត់ការថ្មីគាំទ្រអ្នកអភិវឌ្ឍ

ដោយ: លាងហួរ

អាស៊ី: គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកានេះ ផ្សារហ៊ុនអាស៊ីបានហក់ឡើងខ្ពស់ជាងមុន ស្របពេលដែលទីក្រុងប៉េកាំងបានចាត់ចំណាត់ការថ្មី ក្នុងការគាំទ្រដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលកំពុងប្រឈមនឹងវិបត្តិ។

យោងតាមការចុះផ្សាយនៃសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ​ខែវិច្ឆិកា​នេះ ​បានឱ្យដឹងថា ផ្សារហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យចិនបានហក់ឡើង បន្ទាប់ពីនិយតករមូលបត្ររបស់ប្រទេសនេះបានលុបចោលការហាមឃាត់ លើការផ្តល់ហិរញ្ញប្បទានភាគហ៊ុនឡើងវិញ សម្រាប់ក្រុមហ៊ុនអចលនទ្រព្យ ដែលបានចុះបញ្ជីហើយ។

ជាមួយគ្នានេះ ផ្សារហ៊ុន Blue chips របស់ប្រទេសចិនបានហក់ឡើងថ្លៃ១,១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ MSCI នៅខាងក្រៅប្រទេសជប៉ុន បានហក់ឡើងបន្ថែម០,៧ភាគរយ។ ចំណែក ផ្សារភាគហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ចុះ០,៤ភាគរយ ខណៈផ្សារហ៊ុនកូរ៉េខាងត្បូងហក់ឡើង០,៣ភាគរយ។

ស្របពេលដូចគ្នា ផ្សារហ៊ុន S&P 500 futures និងNasdaq futures បានហក់ឡើង០,១ភាគរយ ខណៈផ្សារហ៊ុន EUROSTOXX 50 fututes​​ បានធ្លាក់ចុះ០,២ភាគរយ ចំណែកឯផ្សារហ៊ុន FTSE futuresបាន ធ្លាក់ចុះ០,១ភាគរយ។

ទោះជាយ៉ាងណាក្តី ទីផ្សារភាគហ៊ុននៅតែមានជ្រួលច្រាល ខណៈការរឹតបន្តឹងជំងឺរាតត្បាតក្នុងប្រទេសចិននឹងនាំឱ្យមានភាពចលាចល ជាសាធារណៈកាន់តែច្រើន និងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចបន្ថែមទៀត៕

លោកឧកញ៉ាឃាង ពុទ្ឋីស្នើរដ្ឋាភិបាលលុបអាជ្ញាប័ណ្ណភ្នាក់ងារ អចលនទ្រព្យ

ដោយៈ សុផារី

ភ្នំពេញៈ ការរីកចម្រើននៃវិស័យអចលនទ្រព្យ បានទាក់ទាញឱ្យមានអ្នកប្រកបរបរ ជាភ្នាក់ងារអចលនទ្រព្យកាន់តែច្រើន។ ជាការកត់សម្គាល់ អ្នកប្រកបអាជីពនេះ នៅក្នុងប្រទេសកម្ពុជា ភាគច្រើនមិនបានទទួលអាជ្ញាបណ្ណទទួលស្គាល់ត្រឹមត្រូវទេ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ លោកឧកញ៉ាឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះថា លោកឧកញ៉ាឃាង ពុទ្ឋីបានពន្យល់ថា “រដ្ឋាភិបាល គួរលុបអាជ្ញាប័ណ្ណសំរាប់ភ្នាក់ងារអចលនទ្រព្យ ដោយសារចំនួនភ្នាក់ងារមានអាជ្ញាប័ណ្ណមានចំនួនតិច ហើយភ្នាក់ងារដែលគ្មានអាជ្ញាប័ណ្ណមានចំនួ​នច្រើន នៅតែអាចធ្វើការក្នុងវិស័យនេះបាន ជាហេតុធ្វើឲ្យគ្មានតម្លាភាព”។

លោកបានបន្តថា “បច្ចុប្បន្ននេះ និយ័តករមិនបានទទួលស្គាល់សា​លាបណ្ដុះបណ្ដាលឱ្យបានច្រើនទេ ជាហេតុធ្វើឱ្យវិនិយោគិន ដែលចង់វិនិយោគក្នុងវិស័យអប់រំ ឬអប់រំបណ្តុះបណ្តាលភ្នាក់ងារអចលនវត្ថុ នៅក្នុងប្រទេសកម្ពុជា មិនហ៊ានចាប់ផ្តើមធ្វើទេ ដោយសារមិនមានការទទួលស្គាល់ ហើយនិយ័តករមិនមានការប្រឡងទេ”។

លោកឧកញ៉ាបានពន្យល់ថា ប្រសិនបើមានបុគ្គល ឬប្រជាជនធម្មតារកស៊ីកម្រៃជើងសារ ក្នុងការទិញលក់ជួលអចលនទ្រព្យ ទោះបីជាបុគ្គលនោះមិនមានអាជ្ញាប័ណ្ណក្តី ក៏គាត់នៅតែអាចបន្តការរកស៊ីបានជាធម្មតា។ ចំពោះករណីនេះ លោកឧកញ៉ាលើកឡើងថា វាមិនមានតម្លាភាព រវាងអ្នកទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ ដោយសារដំណើរការរៀបចំឯកសារ ការស្នើសុំ ទាមទារឱ្យចំណាយថវិកា និងពេលវេលាច្រើន។

យ៉ាងណាក្តី យោងតាមលោកឧកញ៉ា នៅក្នុងប្រទេសមួយចំនួនមិនបានប្រើប្រាស់អាជ្ញាប័ណ្ណដែរ ដោយយល់ឃើញថា ចំណុចទាំងនេះមិនមានភាពចាំបាច់ និងមានសារៈសំខាន់ ដោយយល់ថា ទោះបីមិនមានអាជ្ញាប័ណ្ណ ក៏អាចជំរុញឱ្យមានភាពរីកចម្រើន នៃវិស័យអចលនទ្រព្យបានដែរ។

លោកឧកញ៉ាបន្តថា “នៅក្នុងប្រទេសផ្សេងមាននិយ័តករ មាន Regulator ឬឧទាហរណ៍ នៅក្នុងប្រទេសសិង្ហបុរីមាន Counsel Estate Agency មានការប្រឡងត្រឹមត្រូវ និងមានការត្រួតពិនិត្យច្បាស់លាស់”។

ជាក់ស្តែង ដើម្បីដំណើរការក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យនៅក្នុងប្រទេសថៃ គឺមិនទាមទារឱ្យមានអាជ្ញាប័ណ្ណទេ ដោយជនជាតិថៃអាចធ្វើការជាអច​លនទ្រព្យ បានដោយគ្មានការរឹតបន្តឹងអ្វីឡើយ។ ចំណែកជនជាតិបរទេសក៏អាចធ្វើជាភ្នាក់ងារអចលនទ្រព្យ ដោយមិនទាមទារឱ្យមានអាជ្ញាប័ណ្ណផងដែរ ដោយគ្រាន់តែទាមទារឱ្យមានទិដ្ឋាការត្រឹមត្រូវ និងប័ណ្ណការងារតែប៉ុ ណ្ណោះ។ នេះបើយោងតាមគេហទំព័រអចលនទ្រព្យ Town & Country Property នៅក្នុងប្រទេសថៃ។

លោកឧកញ៉ាឃាង ពុទ្ឋីបានបញ្ជាក់ថា “វាមិនមានតម្លាភាពដល់ អ្នកដែលទទួលបានអាជ្ញាបណ្ណត្រឹមត្រូវ ដោយជំរុញឱ្យមានការគិតគូរពីការលើកស្ទួយ និងទទួ​លស្គាល់ ការបង្កើតសាលាបណ្តុះបណ្តាល វិជ្ជាជីវៈអច​ល​នទ្រព្យត្រឹមត្រូវ និងរួមគ្នា លើកតម្កើងទីផ្សារអចលនទ្រព្យកម្ពុជា ឱ្យមានការរីកចម្រើនកាន់​តែខ្លាំង”។

លោកឧកញ៉ាបានបន្តថា យើងសង្កេតឃើញថា អ្នករកស៊ី ដែលជាភ្នាក់ងារយកកម្រៃជើងសារនៅកម្ពុជា មានចំនួននៃភាគរយតិច ដែលមានអាជ្ញាប័ណ្ណ និងមានការបណ្តុះបណ្តាលត្រឹមត្រូវមានតិចបំផុត ជាហេតុធ្វើឱ្យនិយ័តកររបស់រាជរដ្ឋាភិបាល មិនបានទទួលស្គាល់នូវសាលាបណ្តុះបណ្តាលជាទូទៅឡើយ។ លោកបន្តថា “នេះក៏ធ្វើឱ្យប៉ះពាល់ដល់ ការសម្រេចចិត្តរបស់វិនិយោគិនបរទេស ក្នុងការចូលមកបង្កើតសាលាបណ្តុះបណ្តាលផងដែរ”។

លោកឧកញ៉ា ឃាង វុទ្ធី គូសបញ្ជាក់ទៀតថា “ប្រសិនបើប្រទេសកម្ពុជាយើងមានសាលាបណ្ដុះបណ្ដាល អចលនទ្រព្យនៅកម្ពុជាច្រើន យើងនឹងមានការរីកចម្រើន ធនធានមនុស្សនៅក្នុងវិស័យនេះ មានសមត្ថភាពអាចជួយលើកស្ទួយការលក់ និងផ្សព្វផ្សាយទីផ្សារអចលនទ្រព្យកម្ពុជាទៅកាន់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកបានច្រើន”។

បើយោងតាមអ្នកជំនាញរូបនេះ ប្រសិនបើមានការទទួលស្គាល់ នោះប្រទេសកម្ពុជា ត្រូវធ្វើការឱ្យមានការរៀបចំ ឱ្យមានការប្រឡងជ្រើសរើស ផ្សព្វផ្សាយ និងអំពាវនាវឱ្យមានការបើកសាលាបណ្តុះបណ្តាល ព្រមទាំងត្រូវទទួលស្គាល់សាលាបណ្ដុះបណ្ដាលទាំងនោះ៕

GC Realty ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ទីតានស្តូន ឡាយហ្វ៍ អ៊ីនសួរេន ដើម្បីផ្តល់ធានារ៉ាប់រងដែលមានសុវត្ថិភាពបំផុតដល់អតិថិជន

   ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ  ក្រុមហ៊ុនGC Realty ដែលជាក្រុមហ៊ុន អចលនទ្រព្យឈានមុខគេនៅកម្ពុជាបានប្រារព្ធពិធី ចុះកិច្ចកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសា​ស្រ្តជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតទីតានស្តូន ឡាយហ្វ៍ អ៉ីនសួរេន ម.ក  នៅការិយាល័យរបស់ក្រុមហ៊ុន GC Realty កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា២០២២។

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម ការធានារ៉ាប់រង ការការពារ និងផ្តល់ទំនុកចិត្ត ជូនអតិថិជន ទាំងអស់ដែលបានទិញអចលនទ្រព្យពី ក្រុមហ៊ុនGC Reatly ។

លោក កាំង នីន នាយកនិងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន GC Realty បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងនេះ ជាសមិទ្ធផលដ៏ពិសេសសម្រាប់យើង ហើយវាជាការតាំងចិត្តរបស់យើទាំងពីរ  ដើម្បីផ្តល់ទំនុកចិត្ត និងការការពារដល់អតិថិជនរបស់យើងGC Realty ក្នុងការទិញ ឬវិនិយោគលើអចលនទ្រព្យ។

លោកបន្តថា “លើសពីនេះ គឺដើម្បីលើកស្ទួយវិស័យអចលនទ្រព្យ និងវិស័យធានារ៉ាប់រងអោយកាន់តែប្រសើឡើង ហើយនេះជាកត្តាសំខាន់មួយ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសមកលើក្រុមហ៊ុនយើងទាំងពីរ”។

ជាមួយគ្នានេះ លោក ហង្ស សុចិត្រ អគ្គនាយករងនៃក្រុមហ៊ុន ទីតានស្តូនឡាយហ្វ៍ អ៊ីនសួរេន បានមានប្រសាសន៍ថា យើងទទួលស្គាល់ថា ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាយើង មានចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូជាមួយក្រុមហ៊ុនGC Realty នឹងធ្វើឱ្យយើងមានឱកាស ក្នុងការប្រឹក្សាយោបល់ជាមួយអតិថិជន ដែលមកទិញអចលនទ្រព្យ តាមរយៈក្រុមហ៊ុន GC Realty ហើយក៏នឹងអាចជួយអតិថិជន ក្នុងការការពារហានិភ័យហិរញ្ញវត្ថុរបស់អតិថិជនផងដែរ ។

ក្រុមហ៊ុន GC Realty ជាក្រុមហ៊ុនឈានមុខមួយ ក្នុងវិស័យអចលនទ្រព្យ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការប្រឹក្សាយោបលផ្នែកទិញលក់អចលនទ្រព្យគ្រប់ប្រភេទ ព្រមទាំងមានទីប្រឹក្សាផ្នែកលក់ជាច្រើនអ្នកដែលសុទ្ធតែមានបទពិសោធន៍ និងមានជំនាញវិជ្ជាជីវៈក្នុងវិស័យនេះ ដែលអាចជួយអតិថិជន ក្នុងការជ្រើសរើសគម្រោង ទៅតាមតម្រូវការ ជាពិសេសជួយសម្រួលដល់ការ ទិញ លក់ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងម្ចាស់គម្រោងផងដែរ៕

   

Indonesia proposes 30% budget top-up for construction of new capital

Indonesia’s public works ministry on Monday proposed around 12.7 trillion rupiah ($807.68 million) in extra funds over the next two years to speed up construction of the country’s new capital city on Borneo island.

 

If approved by the finance ministry, the public works ministry will see a 30% rise to around 55.7 trillion rupiah in its planned construction budget for the new seat of government, which will be called Nusantara.

 

Previously, the government planned to spend 43 trillion rupiah in the 2022-2024 period as part of the $32 billion project.

 

The government has said it will only finance about a fifth of the total cost and that investors would bankroll the rest.

 

Minister Basuki Hadimuljono said in a parliamentary hearing that additional funding is needed to speed up infrastructure development in the core government area, which includes toll roads and housing for civil servants.

 

“After sounding out the market back in August, lots of investors wanted in. That’s why we got orders [from President Joko Widodo] to speed up development not only in the area of [the new presidential palace and ministerial offices] but also of other areas,” he said.

Basuki said construction on the supporting infrastructure in the core government area will start in January as the president plans to invite investors to visit the new capital in the second quarter of next year.

 

In a palace statement on Monday, President Widodo ordered related authorities to open up other investment spots in the core government area to cater to high demand from investors.

Reporting by Stefanno Sulaiman; Editing by Kanupriya Kapoor

Bangkok Post

ឥណ្ឌូណេស៊ី​បោះទុនបន្ថែមជាង៨០០លានដុល្លារដើម្បីពន្លឿនការសាងសង់​រដ្ឋធានី​ថ្មីតម្លៃជាង៣២ពាន់លានដុល្លារអាមេរិក

ដោយ: លាងហួរ

ហ្សាការតា: ក្រសួងសាធារណការរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា បានស្នើសុំថវិកាបន្ថែមចំនួន១២,៧ពាន់ពាន់លានរូពៀ (ស្មើនឹង៨០៧,៦៨លានដុល្លារអាមេរិក) សម្រាប់រយៈពេល២ឆ្នាំខាងមុខ ដើម្បីពន្លឿនការសាងសង់ទីក្រុងរដ្ឋធានីថ្មីនៅលើកោះបរណេអូ។

ប្រសិនបើសំណើរខាងលើនេះត្រូវបានអនុម័តដោយក្រសួងហិរញ្ញវត្ថុ នោះថវិកាដែលបានគ្រោងទុកសម្រាប់សាងសង់រដ្ឋធានីថ្មី Nusantara នឹងកើនឡើង៣០ភាគរយ ដល់៥៥,៧ពាន់ពាន់លានរូពៀ(ប្រហែល៣,៥៣ពាន់លានដុល្លារអាមេរិក)។

កាលពីដើមឡើយ រដ្ឋាភិបាលគ្រោងចំណាយថវិកាត្រឹមតែ៤៣ពាន់ពាន់លានរូពៀ (ប្រហែល២,៧៣ពាន់លានដុល្លារ) ក្នុងរយៈពេលពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃគម្រោងតម្លៃ៣២ពាន់លានដុល្លារអាមេរិកនេះ។

រដ្ឋាភិបាល​បាន​ប្រកាសថា ខ្លួន​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រហែល​តែ​មួយ​ភាគ​ប្រាំ ​នៃ​ការ​ចំណាយ​សរុប​ប៉ុណ្ណោះ ហើយ​ក្រុមវិនិយោគិននឹង​បណ្តាក់ទុន៤ភាគទៀត ដែលនៅ​សេសសល់។

លោក Basuki Hadimuljono រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅដ្ឋានសាធារណៈ បានថ្លែងក្នុងសវនាការសភាថា ការផ្តល់មូលនិធិថវិកាបន្ថែម មានភាពចាំបាច់ណាស់ ក្នុងការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់រដ្ឋាភិបាលស្នូល រួមមាន ផ្លូវដែលត្រូវចំណាយប្រាក់ និងផ្ទះសម្រាប់មន្ត្រីរាជការ។

លោក Basuki បានមានប្រសាសន៍បន្តថា គម្រោងសាងសង់លើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់រដ្ឋាភិបាលស្នូលគ្រោងចាប់ផ្តើម នៅក្នុងខែមករាខាងមុខ ខណៈប្រធានាធិបតីឥណ្ឌូណេស៊ី លោកJoko widodo គ្រោងអញ្ជើញក្រុមវិនិយោគិនមកទស្សនារដ្ឋធានីថ្មី នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៣។

តាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា បានឱ្យដឹងថា លោក Joko Widodo បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធបើកចំហតំបន់វិនិយោគផ្សេងៗដទៃទៀត នៅក្នុងតំបន់រដ្ឋាភិបាលស្នូល  ដើម្បីបំពេញតម្រូវការខ្ពស់ពីក្រុមវិនិយោគិន៕

ប្រទេសកម្ពុជា​ទាក់ទាញ​លំហូរវិនិយោគ​ជាង​៤៦០​លាន​ដុល្លារអាមេរិក​ក្នុង​ត្រីមាស​ទី​៣​

ដោយ: លាងហួរ

ភ្នំពេញ: ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរ ក្នុងទំហំទឹកប្រាក់ចំនួន៤៦០,៨លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ កើនឡើង១៨,៤ ភាគរយ ពី៣៨៩លានដុល្លារក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំ២០២១។

នេះបើងតាមព្រឹត្តិបត្រប្រចាំត្រីមាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា។

ប្រទេសកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៥២ ក្នុងអំឡុងពេលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ ដែលកើនឡើងពី៤៧គម្រោង ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគម្រោងទាំងនោះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារបានចំនួន៤០.២៧៤កន្លែង។

គម្រោង​វិនិយោគ​ថ្មី​ទាំង​នោះ​បាន​ផ្តោត​លើ ​វិស័យថាមពល​ពន្លឺ​ព្រះអាទិត្យ សុខភាព ការ​ដំឡើង​រថយន្ត ការ​អភិវឌ្ឍ​កោះ និង​​ផលិតកម្ម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងទាំងគម្រោងវិនិយោគ និងតម្លៃបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តយ៉ាងខ្លាំងរបស់វិនិយោគិនចំពោះសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយសុខភាពល្អរបស់កម្ពុជា។

លោកឧកញ៉ា បានថ្លែងប្រាប់សារពត៌មានអន្តរជាតិមួយថា គម្រោងវិនិយោគថ្មីទាំងនេះនឹងនាំមកនូវដើមទុនវិនិយោគ បច្ចេកវិទ្យាថ្មី និងបង្កើតឱកាសការងារបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជា។

លោក គី សេរីវឌ្ឍន៍ សេដ្ឋវិទូជាន់ខ្ពស់ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាកត្តាស្រូបទាញក្រុមវិនិយោគិនបរទេសមកកម្ពុជា។

លោក​បាន​បន្ត​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ពីរ​នេះនឹង​ជួយ​ដល់កម្ពុជា ​ក្នុងការពន្លឿន​ការ​ស្ទុះ​ងើប​ឡើងវិញនៃសេដ្ឋកិច្ច ​ក្រោយជំងឺរាតត្បាតកូវីដ១៩៕

បុរីថ្មីមួយកំពុងបង្ហាញខ្លួននៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញក្បែរតំបន់រមណីយដ្ឋានភ្នំតាម៉ៅ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែបន្តទាក់ទាញការអភិវឌ្ឍលំនៅឋានទាំងលំនៅឋានតម្លៃសមរម្យ តម្លៃមធ្យម និងតម្លៃខ្ពស់។ ជាក់ស្ដែង បុរីថ្មីមួយគឺបុរី HK Residence បានបង្ហាញខ្លួនយ៉ាងទាក់ទាញនៅតំបន់ប៉ែកខាងត្បូង ស្របនឹងគម្រោងអភិវឌ្ឍន៍មួយនេះបានសាងសង់ផ្ទះគំរូរួចរាល់ ហើយសម្រាប់បង្ហាញជូនអតិថិជនរបស់ខ្លួន។

លោក ចាប ពៅ អគ្គនាយកនៃក្រុមហ៊ុន HK Residence បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍បុរី HK Resident បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងក្នុង និងជុំវិញគម្រោង ដូចជា ប្រព័ន្ធផ្លូវ ប្រព័ន្ធទឹកភ្លើង និងបានសង់ផ្ទះគំរូរួចរាល់ហើយ សម្រាប់ឱ្យបងប្អូនអតិថិជនទស្សនា។

លោកបន្តថា គម្រោងអភិវឌ្ឍន៍ HK Residence សាងសង់ឡើង នៅច្រកចូលតំបន់រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ដែលជាតំបន់រមណីយដ្ឋានដ៏ទាក់ទាញមួយ និងកំពុងមានការអភិវឌ្ឍខ្លាំងលើលំនៅឋាន។ ផ្ទះនីមួយៗនៅក្នុងបុរីមានពីរជម្រើស សម្រាប់អតិថិជនក្នុងការជ្រើសរើស រួមមាន ប្រភេទវីឡាភ្លោះ និងវីឡាទោល ដែលមានទំហំដីធំៗ។

លោក ចាប ពៅ បានបញ្ជាក់ឱ្យដឹងថា “លក្ខណៈពិសេសរបស់គម្រោងលំនៅឋានរបស់យើងគឺបានរៀបចំប្លង់រួចជាស្រេច ដូច្នេះនៅពេលអតិថិជនទិញផ្ទះយើង ដោយបង់បានត្រឹមតែពាក់កណ្ដាល ឬក៏៥០ភាគរយ ក្នុងរយៈពេល១ឆ្នាំ ឬ១ឆ្នាំកន្លះ អតិថិជនអាចយកប្លង់ទៅដាក់ជាមួយធនាគារ ហើយបង់រំលស់បន្តជាមួយធនាគារបាន”។

លោកអគ្គនាយកបញ្ជាក់ទៀតថា អតិថិជនក៏មានជម្រើសក្នុងការបង់ប្រាក់ នៅពេលទិញផ្ទះ ជាមួយក្រុមហ៊ុនរបស់យើង ដោយអតិថិជនអាចបង់ជាមួយក្រុមហ៊ុនផ្ទាល់ក៏បាន ឬក៏អាចបង់ជាមួយធនាគារក៏បាន ដែលតម្លៃមានចាប់ពី៤៨.០០០ដុល្លារអាមេរិក ទៅដល់ក្រោម៦០.០០០ដុល្លារអាមេរិកក្នុងមួយល្វែង។

លើសពីនេះ នៅក្នុងគម្រោង HK Residence ក៏មានអភិវឌ្ឍន៍ដីឡូតិ៍ សម្រាប់លក់ជូនអតិថិជនដែលត្រូវការដីឡូតិ៍សម្រាប់សង់ផ្ទះ ដែលគម្រោងនេះនៅជាប់បុរី ហើយមានហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច ។ ដីឡូតិ៍នីមួយៗមានទំហំធំៗ គឺក្បាល១២,៥ម៉ែត្រ និងជំរៅ៥០ម៉ែត្រ។ ដីឡូតិ៍នីមួយៗបានសាងសង់របងរួចជាស្រេច និងចាក់ដីបានស្មើរួចរាល់ហើយដែរ ដូច្នេះអតិថិជនចង់បាន គឺទិញហើយអាចសង់ផ្ទះបានតែម្ដង ដោយមានតម្លៃ២៨.០០០ដុល្លារអាមេរិក ដែលជាតម្លៃទាបជាងទីផ្សារនៅក្នុងតំបន់នោះ។

តំបន់នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ បាននិងកំពុងរីកដុះដាលកាន់តែខ្លាំង ក្រោយពីផ្លូវជាតិលេខ២បានពង្រីក និងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោបានចាប់ផ្ដើមសាងសង់។គម្រោងទាំងនេះបានទាក់ទាញអ្នកអភិវឌ្ឍន៍លំនៅឋានកាន់តែច្រើន ងាកទៅរកការអភិវឌ្ឍនៅតំបន់នោះ ដើម្បីបំពេញតម្រូវការ៕

បំពង់បង្ហូរឧស្ម័នចិន-អាស៊ីកណ្តាលបានបញ្ជូនឧស្ម័នជាង៤០ពាន់លានម៉ែត្រគូបចូលក្នុងប្រទេសចិននៅឆ្នាំនេះ

ដោយ: លាងហួរ

ប្រទេសចិន: យោងតាមក្រុមហ៊ុន PipeChina West Pipeline Company បានឱ្យដឹងថា បំពង់បង្ហូរឧស្ម័នចិន-អាស៊ីកណ្តាលបានបញ្ជូនឧស្ម័នធម្មជាតិជាង៤០ពាន់លានម៉ែត្រគូប ចូលទៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២២នេះ។

ក្រុមហ៊ុនបានបន្តឱ្យដឹងថា បំពង់បង្ហូរឧស្ម័ននេះ បានដឹកជញ្ជូនឧស្ម័នធម្មជាតិប្រហែល១២០លានម៉ែត្រគូប ក្នុងមួយថ្ងៃក្នុងអំឡុងពេលនោះ។

បំពង់បង្ហូរនេះ មានប្រវែងសរុបរហូតដល់១.៨៣៣គីឡូម៉ែត្រ និងមានសមត្ថភាពបញ្ជូនឧស្ម័នប្រចាំឆ្នាំ បាន៦០ពាន់លានម៉ែត្រគូប និងត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីខែធ្នូ ឆ្នាំ២០០៩។

បំពង់បង្ហូរឧស្ម័ននេះ ហូរចេញពីព្រំដែននៃប្រទេសតួកមេនីស្ថាន និងអ៊ូសបេគីស្ថាន ឆ្លងកាត់ប្រទេសអ៊ូសបេគីស្ថាន និងប្រទេសកាហ្សាក់ស្ថាន ហើយតភ្ជាប់ជាមួយបំពង់បង្ហូរឧស្ម័ន ពីភាគខាងលិចទៅភាគខាងកើត(West-to-East ) របស់ប្រទេសចិននៅក្នុងតំបន់ស្វយ័ត Xinjiang Uygur ភាគពាយព្យនៃប្រទេសចិន ហើយនេះជាបំពង់បង្ហូរឧស្ម័នឆ្លងដែនដំបូងគេរបស់ប្រទេសចិន។

បំពង់បង្ហូរឧស្ម័ននេះ បានដំណើរការប្រកបដោយស្ថិរភាព និងសុវត្ថិភាពអស់រយៈពេល៤.៧៣០ថ្ងៃ ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការ។បំពង់នេះផ្តល់អត្ថប្រយោជន៍ជាច្រើន ដែលជួយផ្គត់ផ្គង់ឧស្ម័នដល់ប្រជាជនជាង៥០០លាននាក់ នៅក្នុងខេត្តចំនួន២៧ ក្រុង តំបន់ស្វយ័ត និងតំបន់រដ្ឋបាលពិសេសហុងកុង៕

ទីផ្សារប្រឹក្សាយោបល់អចលនទ្រព្យទទួលបានកំណើនចាប់អារម្មណ៍ស្របពេលការប្រកួតប្រជែងកើនឡើងខ្ពស់

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ចាប់ផ្តើមមានភាពរីកចម្រើនកាន់តែច្រើន ដោយសារតែតម្រូវការនៃការប្រឹក្សាយោបល់ និងការផ្តល់សេវាកម្ម ក្នុងទីផ្សារអចលនទ្រព្យមានការកើនឡើងជាបន្តបន្ទាប់ ស្របពេលចរន្តនៃការទិញលក់ជួលអចលនទ្រព្យ ក៏បន្តមានសកម្មភាពជាហូរហែរ។

លោក ណែម អ៊ុនតាក់ ទីប្រឹក្សាអចលនទ្រព្យជាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជា បានលើកឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាម្សិលមិញថា កំណើនតម្រូវការ ក្នុងការស្វែងរកសេវាកម្មប្រឹក្សាយោបល់ ប្រកបដោយគុណភាពពីសំណាក់អ្នកវិនិយោគិនមានការកើនឡើង។

លោកបន្តថា ជាពិសេស នៅមុនពេលបោះទុន លើការវិនិយោគណាមួយ វិនិយោគិនតែងតែត្រូវការការប្រឹក្សា ព្រោះថាវាជារឿងសំខាន់ ក្នុងការដឹងពីតម្លៃទីផ្សារ មុននឹងឃើញអចលនទ្រព្យជាក់ស្តែង ហើយពួកគាត់ក៏ស្វែងរកដំបូន្មានលើដំណើរការផ្នែកច្បាប់ ដែលជាផ្នែកមួយដែលមានសារៈសំខាន់ផងដែរ។

អ្នកជំនាញផ្នែកប្រឹក្សាយោបល់រូបនេះបានពន្យល់ថា “សម្រាប់អ្នកដែលមានដើមទុនខ្លះ ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីណា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្រាវជ្រាវព័ត៌មានជាមុនសិន បន្ទាប់មកវិនិយោគិនអាចស្វែងរកជម្រើស អចលនទ្រព្យទីពីរជាមុនសិន ជាមួយភ្នាក់ងារអចលនទ្រព្យ ឬអ្នកជំនាញ ដែលសំខាន់បំផុតគឺត្រូវដឹងតម្លៃនៃទ្រព្យនោះ មុននឹងឃើញអចលនទ្រព្យផ្ទាល់”។

ជាមួយគ្នានេះ អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ CBRE Cambodia បានមានប្រសាសន៍ថា ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទទួលបានការងារច្រើន នៅក្នុងមួយរយៈពេលចុងក្រោយនេះ ដោយសារតែកំណើននៃការប្រកួតប្រជែងខ្ពស់ ដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍ងាកមកប្រើប្រាស់សេវាកម្មភ្នាក់ងារអចលនទ្រព្យ ជាជាងការប្រើប្រាស់ភ្នាក់ងារលក់ក្នុងក្រុមហ៊ុនផ្ទាល់តែមួយមុខ។

អ្នកមនាងបន្តថា “ការប្រើប្រាស់សេវាកម្ម ភ្នាក់ងារអចលនទ្រព្យខាងក្រៅនេះ ក្នុងគោលបំណងដើម្បីជំរុញការលក់ អចលនទ្រព្យបន្ថែមទៀត ស្របពេលដែលទីផ្សារអចលនទ្រព្យ ជាពិសេសទីផ្សារលំនៅឋាន កំពុងប្រឈមនឹងការប្រកួតប្រជែងខ្ពស់ នៅក្នុងឆ្នាំ២០២២នេះ មិនថាពីសំណាក់អ្នកអភិវឌ្ឍន៍នៅក្នុងស្រុក និងក្រៅស្រុក”៕

បុរីប្រណីតតម្លៃរាប់លានដុល្លារថ្មីមួយកំពុងបង្ហាញឧត្តមភាព ក្នុងទឹកដីខ័ណ្ឌដង្កោ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បុរីប្រណីតមួយ ដែលបានបោះទុនវិនិយោគរាប់លានដុល្លារអាមេរិក កំពុងបង្ហាញឧត្តមភាពនៅក្នុងទឹកដីខ័ណ្ឌដង្កោ ជាតំបន់ដែលមានមនុស្សរស់នៅច្រើន និងកំពុងក្លាយជាតំបន់CBD។

តំបន់CBD សំដៅដល់Central Business development ពោលគឺជាតំបន់អភិវឌ្ឍន៍ចម្រុះទាំងលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

ស្ថិតក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ បុរីបុស្បាបាននិងកំពុងពន្លឿនការសាងសង់ ខណៈល្បឿននៃការលក់ ក៏សម្រេចបានភាពល្អប្រសើរផងដែរ។

ដោយអ្នកអភិវឌ្ឍន៍ មានទស្សនវិស័យក្នុងការកសាងសហគមន៍ស៊ីវិល័យមួយ បុរីបុស្បាបាននិងកំពុងរៀបចំ ឲ្យអ្នករស់នៅក្នុងបុរីទទួលបានអារម្មណ៍ផាសុខភាព និងភាពស្និទ្ឋស្នាល ដើម្បីចែករំលែកអារម្មណ៍រីករាយជាមួយគ្នា។

បុរីនេះ បាននិងកំពុងដាំដើមឈើកាន់តែច្រើន ជាមួយស្លឹកខៀវស្រងា​ត់ វានឹងធ្វើឲ្យបុរីនេះ ក្លាយជាសហគមន៍បៃតងមួយនាពេលអនាគត ដែលនឹងផ្តល់នូវកន្លែងហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ សម្រាប់អ្នកស្នាក់នៅក្នុងបុរីនេះ។

បុរីបុស្បាបាន ផ្សារភ្ជាប់ជាមួយគុណតម្លៃចំនួន៥ រួមមាន ទី១ គុណភាព និងសោភ័​ណភាពសំណង់ ទី២ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងផ្សារភ្ជាប់ជាមួយសហគមន៍បៃតង ទី៣ សំណង់ត្រូវបានរចនាឡើង ស្របតាមនិន្នាការប្រែប្រួលអាកា​សធាតុ ដែលផ្តល់នូវខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ កាត់បន្ថយការប្រើប្រាស់អគ្កិសនី។

ទី៤ ទីតាំងមានភាពប្រទាក់ក្រឡាគ្នា ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗ រួមមាន ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៥ ទីតាំងព័ទ្ឋជុំវិញ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ដូចជាផ្សារទំនើបAEON Mall3 ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ និងផ្សារសហគមន៍ជាច្រើនទៀត។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីដើមសប្តាហ៍ នេះថា ការរីកចម្រើននៃរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យជីវភាព ប្រជាពលរដ្ឋប្រសើរឡើង ដែលធ្វើឲ្យតម្រូវការបុរីលំនៅដ្ឋាន កើនឡើងជាប្រចាំ ពិសេសនៅទឹកដីខ័ណ្ឌដង្កោ ដែលជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន និងជាទីតាំងដែលមានការរីកចម្រើនលឿននាពេលអនាគត។

លោកបន្តថា “ដោយមើលឃើញបែបនេះ ទើបបុរីបុសប្បាបានជ្រើសរើសទីតាំងនេះ សម្រាប់អភិវឌ្ឍន៍ជំហ៊ានដំបូងលើផ្ទៃដី១០ហិកតា និងពង្រី​កកាន់តែធំថែមទៀតនាពេលឆាប់ៗនេះ”។ លោកបន្តថា “ស្តង់ដាបុរីរបស់យើង គឺផ្តោតលើសុខមាលភាពរបស់អ្នករស់នៅ ដែលមានទាំងសួនច្បារបៃតង ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងការរចនាម៉ូតផ្ទះទាន់សម័យ និងស្របតាមលក្ខខ័ណ្ឌអាកាសធាតុ”៕