រដ្ឋាភិបាលចាប់យកវិស័យទេសចរណ៍ជាអាទិភាពក្នុងការជួយស្ដារ សេដ្ឋកិច្ចឡើងវិញឱ្យ​បានឆាប់រហ័ស​

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រោយពីស្ថានភាពវិបត្តិសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកបានធូរស្រាល រដ្ឋាភិបាលកម្ពុជាបានចាប់យកវិស័យជាច្រើនក្នុងការជំរុញ និងស្ដារសេដ្ឋកិច្ចឱ្យបានងើបឡើងលឿនរហ័ស ក្នុងនោះវិស័យទេសចរណ៍ ក៏ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការស្ដារសេដ្ឋកិច្ចងើបឡើងវិញឱ្យបានរហ័សផងដែរ។

ក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នៅថ្ងៃទី២២ វិច្ឆិកា២០២២ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ថាបច្ចុប្បន្ននេះ ទោះបីជាវិបត្តិនៃជំងឺកូវីដ១៩ បានថមថយក្ដី ក៏បញ្ហាអស្ថិរភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល បន្តបន្ទច់បង្អាក់ដល់ការស្ដារ និងជំរុញវិស័យទេសចរណ៍ឡើងវិញ ដោយសារតែកំណើនភ្ញៀវទេស​ចរអន្តរជាតិនៅតែមានកម្រិតទាបនៅឡើយ។

លោកបន្តថា “រាជរដ្ឋាភិបាលនៅតែចាត់ទុក វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែងទៅមុខ និងបន្តប្ដេជ្ញាខិតខំប្រឹងប្រែងផ្ដល់ការគាំទ្រនានា ដើម្បីស្ដារវិស័យនេះឡើងវិញឱ្យបានឆាប់រហ័ស”។

លោកបន្តថា ជាក់ស្ដែង ដើម្បីគាំទ្រដល់ការស្ដារឡើងវិញ នៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ អន្តរាគមន៍ជាបន្តបន្ទាប់ មានជាអាទិ៍ វិធានការសារពើពន្ធ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងខេត្តដែលមានសក្ដានុពលទេសចរណ៍ខ្ពស់ ដូចជាការស្ថាបនាបណ្ដាញផ្លូវនៅខេត្តព្រះសីហនុ និងសៀមរាប ព្រមទាំងការអនុម័ត នូវឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗមួយចំនួនទៀត ដូចជាវិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ២០២១-២០២៣ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ២០២១-២០៣៥ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគីរី ២០២១-២០៣៥ជាដើម ។

លោកបន្ថែមថា “បទពិសោធន៍ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានបង្ហាញថា ការលើកកម្ពស់ចីរភាព និងការពង្រឹងចលនាទេសចរណ៍ផ្ទៃក្នុង គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការពង្រឹង ភាពធន់នៃវិស័យទេសចរណ៍”។​

ហេតុដូចនេះ ទើបរដ្ឋាភិបាលបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ គោលនយោបាយជាតិអេកូទេសចរណ៍២០១៩ -២០៣០ និងបានកំណត់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ជាស្នូលដ៏សំខាន់ ក្នុងការធ្វើពិពិធកម្មវិស័យទេសចរណ៍ ដើម្បីពង្រឹងមូលដ្ឋាននៃវិស័យទេសច​រណ៍​ ជាពិសេសធានានូវផលប្រយោជន៍ផ្ទាល់ ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងកាត់បន្ថយផលប៉ះពាល់លើធនធានធម្មជាតិ ។

ជាមួយគ្នានេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ខែដើមឆ្នាំ ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១,៥លាននាក់ និងរំពឹងថាដាច់ឆ្នាំ២០២២នេះ ភ្ញៀវទេសចរបរទេស នឹងមានចំនួន២លាននាក់ ទន្ទឹមនឹងកំណើនភ្ញៀវទេសចរផ្ទៃក្នុងកើនឡើងខ្ពស់ ដែលជាសញ្ញាវិជ្ជមាន សម្រាប់វិស័យនេះទាំងមូលផងដែរ៕

កម្ពុជាពង្រឹងសមត្ថភាពកីឡាករដើម្បីឆ្ពោះទៅស្តង់ដាការប្រកួតកម្រិតតំបន់ និងត្រៀមដណ្តើមមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងអត្តពលិក ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេលប្រមាណ៦៤ឆ្នាំមកហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីប្រកាសបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមសរុបជាង៤ម៉ឺននាក់។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំធ្វើឡើងលើកដំបូងនៅក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡា​​ករ កីឡាការិនី និងអត្តពលិក ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេលប្រមាណ៦៤ឆ្នាំមកហើយ។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ប៉ុន្តែត្រូវបានខកខាននៅឆ្នាំ២០២០ ដោយសារតែការរាត ត្បាតជំងឺកូវីដ១៩ ហើយត្រូវបានរៀបចំឡើងមានលំនាំ ដូចនឹងការប្រកួតកីឡាស៊ីហ្គេមតែម្តង ដើម្បីពង្រឹងសមត្ថភាពគណៈកម្មការរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ធ្វើឡើង ក្រោមពាក្យស្លោក “កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ” មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។

លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ព្រឹត្តិការប្រកួតកីឡាជាតិ និងកីឡាជនពិការជាតិនេះ មានក្នុងគោលដៅលើកកម្ពស់គុណភាព នៃការរៀបចំការប្រកួតកម្រិតជាតិ និងឈានទៅរកស្តង់ដានៃការប្រកួតកម្រិតតំបន់ ព្រមទាំងដើម្បីត្រៀមលក្ខណៈឱ្យបានល្អ និងដណ្តើមមេដាយឱ្យបានច្រើន នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

លោកបន្តថា ព្រឹត្តិការណ៍ក៏មានគោលបំណង ផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់ អភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួចហើយ ដោយផ្តល់ ឱកាសដល់មន្ត្រីទាំងនោះបានចូលរួមក្នុងការរៀបចំ និងការកាត់សេចក្តីការប្រកួត ជាក់ស្ដែងនៅលើទីលានប្រកួត។

ព្រឹត្តិការណ៍នេះ ក៏ជាផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានចូលរួមប្រកួត និងវាស់ស្ទង់គុណផលកីឡា ព្រមទាំងទទួលបានបទពិសោធន៍នៃការប្រកួត ផ្តល់ឱកាសដល់រាជធានីខេត្តទាំង៥ ដើម្បីសាកល្បងរៀបចំទីតាំង សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម តាមដាននិងត្រួតពិនិត្យការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា។ វាក៏ជាការសាកល្បងការរៀបចំពិធីបើក និងពិធីបិទ សម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ផងដែរ៕

អ្នកឧកញ៉ាសុខ គង់បោះទុនប្រមាណ៥លានដុល្លារវិនិយោគ លើការដាំបន្លែធម្មជាតិលើភ្នំបូកគោ

ដោយៈ ជេស៊ីកា

       កំពតៈ ក្រុមហ៊ុនបូកគោហ្វាម ជាបុត្រសម្ព័ន្ឋនៃក្រុមហ៊ុនសុខាគ្រុបរបស់អ្នកឧកញ៉ាសុខ គង់អគ្គនាយកក្រុមហ៊ុនសូគីម៉ិច បានសម្រេចបោះទុន​វិនិយោគ៥លានដុល្លារ លើការដាំបន្លែលើភ្នំបូកគោ និងគ្រោងពង្រីកការ​វិនិយោគបន្ថែមទៀត។

អ្នកនាងសៀ ចាន់រ៉ានាយិកាផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនបូកគោហ្វាមបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនបានវិនិយោគកសិដ្ឋានដាំបន្លែធម្មជាតិ លើកំពូលភ្នំបូកគោតាំងពីឆ្នាំ២០១២ ដោយដាំនៅលើដី ប៉ុន្តែចាប់ពីឆ្នាំ២០១៧ ក្រុមហ៊ុនបានកែប្រែជាHydroponic Farm ដែលជាការដាំបន្លែនៅលើទឹក ក្នុងទំហំផ្ទៃដីទំហំ១២ហិកតា។

អ្នកនាងបន្តថា “បន្លែដែលដាំនៅកសិដ្ឋាននេះ មានលក្ខណៈពិសេស ដោយមិនប្រើប្រាស់សារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិតឡើយ ដោយយើងប្រើប្រាស់តែជីសរីរាង្គប៉ុណ្ណោះ”។ អ្នកនាងបន្ថែមថា “បន្លែដែលដាំនៅកសិដ្ឋាននេះមានគុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ និងជួយដល់សុខភាពអ្នកបរិភោ​គ ព្រោះវាជាបន្លែដែលដាំនៅទីតាំងពិសេស មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រោះវាស្ថិតនៅលើភ្នំមានកំពស់រហូតដល់១០៧៥ម៉ែត្រ”។

ជាមួយនឹងការដាំដោយយកចិត្តទុកដាក់ និងមានសំណាញ់សុវត្ថិភាព​ការពារមិនឲ្យសត្វល្អិតចូលបែបនេះ បានធ្វើឲ្យតម្រូវការនិងការបញ្ជាទិញពីអតិថិជនកើនឡើង ជាហេតុធ្វើឲ្យក្រុមហ៊ុនសិក្សា ពង្រីកទុនវិនិយោគបន្ថែមទៀត។នេះបើតាមការលើកឡើងរបស់អ្នកនាងសៀ ចាន់រ៉ា។

អ្នកនាងបន្តថា បន្លែដែលដាំនៅកសិដ្ឋានធម្មជាតិលើភ្នំបូកគោ មានចំនួនជាង៣០ប្រភេទ ដែលវាជាពូជបន្លែចម្រុះ និងប្រើប្រាស់សម្រាប់ចែកចាយនៅតាមសណ្ឋាគារទាំង៧ របស់ក្រុមហ៊ុនសុខាអូតែល និងចែកចាយទៅកាន់អតិថិជនបានប្រមាណ៨០ភាគរយ។ អ្នកនាងបន្តថា អតិថិជនអាចរកទិញបន្លែនេះ បាននៅតាមផ្សារទំនើបធំៗមួយចំនួន និងម៉ាតរបស់ក្រុមហ៊ុនសុខា ស្ថិតនៅលើផ្លូវក្រមួន “ស” ខាងជើងផ្សារធំថ្មីផងដែរ។

បច្ចុប្បន្នកសិដ្ឋាននេះ អាចប្រមូលផលបន្លែបាន១៥០០គីឡូក្រាមក្នុងមួយថ្ងៃ៕

ភាពជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ជាគន្លឹះទាក់ទាញវិនិយោគិនបរទេសដែលមានសក្តានុពលក្នុងទីផ្សារអចលនទ្រព្យ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងនាមជា​ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ខាងមុខ​នេះ ប្រទេសកម្ពុជាបានកំពុងត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំ ទាំងលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការ​កសាង​​សមត្ថភាពអត្តពលិក និងថវិកាជាតិ សម្រាប់ការចំណាយលើព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

អ្នកជំនាញមើលឃើញថា តាមរយៈភាពជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម គឺជាគន្លឹះក្នុងការទាក់ទាញឱកាសវិនិយោគ និងអ្នកវិនិយោគអន្តរជាតិ និងក្នុងតំបន់ ដែលមានសក្តានុពលនៅក្នុងទីផ្សារអចលនទ្រព្យ។

កញ្ញា មុំ សុធាវត្តី អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុនអចលនទ្រព្យ FazWaz Cambodia មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមនឹងផ្តល់អត្ថប្រយោជន៍ទាំងរយៈពេលខ្លី និងរយៈពេលវែង ដល់វិស័យជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូចជា ទីផ្សារសណ្ឋាគារ អចលនទ្រព្យ ទេសចរណ៍ កន្លែងកំសាន្ត ជាដើម។

កញ្ញាមានប្រសាសន៍ថា ក្នុងរយៈពេលខ្លី ទីផ្សារមួយចំនួន ដូចជា សណ្ឋាគារ និងកន្លែងស្នាក់នៅ ភោជនីយដ្ឋាន និងបារ នឹងទទួលបានអត្ថប្រយោជន៍ភ្លាមៗពីលំហូរនៃភ្ញៀវ ប្រព័ន្ធផ្សព្វផ្សាយ និងអត្តពលិក។

ចំណែក ទីផ្សារអចលនទ្រព្យ អ្នកជំនាញរូបនេះបញ្ជាក់ថា នឹងទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលវែង។ កញ្ញាបញ្ជាក់ថា “ផលប្រយោជន៍ចំពោះអចលនទ្រព្យនឹងកើតឡើង ដោយសារតែការផ្សព្វផ្សាយព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្នុងអំឡុងពេលការប្រកួត និងទស្សនិកជនអន្តរជាតិ និងអ្នកទស្សនា រំពឹងថានឹងចូលមកកាន់ប្រទេសកម្ពុជា រួមទាំងលំហូរនៃអ្នកវិនិយោគផងដែរ”។

អ្នកជំនាញរូបនេះលើកឡើងថា តាមរយៈនេះ តំបន់ជ្រោយចង្វារនឹងបន្តមានសន្ទុះកំណើនខ្ពស់ ជាមួយនឹងការអភិវឌ្ឍកើនឡើង។ ក្នុងរយៈពេលវែង តម្រូវការសម្រាប់ការរស់នៅក្នុងតំបន់ នៅក្បែរៗពហុកីឡដ្ឋានជាតិមរតកតេជោនឹងកើនឡើង ដែលនឹងមានការអភិវឌ្ឍចម្រុះកាន់តែច្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ដោយមានការគាំទ្រពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំ ហើយជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡា ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល៦៤ឆ្នាំមកហើយ៕

   

ជីបម៉ុងលែន​នឹង​បើក​លក់​​វីឡាអភិជនថ្មី “ឃីង ម៉េនន័រ” ជាផ្លូវការនៅថ្ងៃទី២៥វិច្ឆិកា​​ខាងមុខនេះ

ដោយ៖ សហការី

ភ្នំពេញ៖ ​​ក្រុមហ៊ុន ជីប ម៉ុង លែន គ្រោង​នឹង​ប្រកាស​បើក​លក់ជាផ្លូវ​ការ​ វីឡាអភិជន​ថ្មី “ឃីង ម៉េនន័រ” នៅថ្ងៃទី២៥ ខែ វិច្ឆិកា​ ឆ្នាំ២០២២​ ខាងមុខ​នេះ។ ការ​ប្រកាសកំណត់ថ្ងៃបើក​លក់ជា​ផ្លូវការ​នេះ​​បានធ្វើឡើង​ក្នុងសន្និសីទសារព័ត៌មានមួយ​នៅថ្ងៃទី២១ ខែ វិច្ឆិកា ២០២២​ នៅសណ្ឋាគារ​ ហៃយ៉ាត់ រីជេនស៊ី។​

លោក​ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន   បានឱ្យដឹងថា “វីឡា ឃីង ម៉េនន័រ” ​ជា​ប្រភេទវិចិត្រកម្មដ៏ប្រណីតចុងក្រោយនិងធំជាងគេ​បែប​ភូមិគ្រឹះដ៏ស្តុកស្តម្ភ ក្រុមហ៊ុន ជីប ម៉ុង លែន សាងសង់ឡើងដោយបង្កប់នូវអត្ថន័យនៃមោទនភាព ភាព​ថ្លៃថ្នូរ និង​សុខដុមរមនា។ រាល់​ផ្នែក​ស្ថាបត្យកម្ម​ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ មានកំពស់៣ជាន់និងមានបំពាក់ដោយជណ្តើរក្បាច់ទំនើប  ផ្ដល់​ជូន​ប្រណីតភាព​ស្រស់ស្អាត​គ្រប់​សម័យកាល និង​ភាព​គង់វង្ស​យូរអង្វែង បំពេញឲ្យ​ការ​រស់នៅ​ពោរពេញ​ដោយ​ភាព​ស្ញប់ស្ញែង ដែលជាកេរដំណែលតជំនាន់គ្រប់គ្នាប្រាថ្នាចង់បាន។

លោក បន្ថែម​ថា “វីឡា ឃីង ម៉េនន័រ” គឺជា​វីឡាទោល ដែល​មាន​ចំនួន​កំណត់ និងមាននៅ​គម្រោង២ធំៗ គឺ គម្រោងហ្គ្រេនភ្នំពេញស៊ីធី  និងគម្រោង​លែនម៉ាក 60M  ដែល​សុទ្ធតែ​ជា​គម្រោង​ធំលំដាប់ប្រណីតៗរបស់ ជីប ម៉ុង លែន​ ដែល​ផ្ដល់​នូវបទពិសោធន៍រស់នៅដ៏ល្អឥតខ្ចោះ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ​ដ៏សម្បូរបែប បរិយាកាសស្រស់បំព្រងផ្តល់ផាសុកភាព និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​រស់នៅ​។

“វីឡា ឃីង ម៉េនន័រ” ​មានបន្ទប់​គេង​ចំនួន៨ ​និងបន្ទប់​ពហុ​មុខងារ​ពិសេសៗ​ ដូចជា បន្ទប់កម្សាន្ត & ភាពយន្ត បន្ទប់​បណ្ណាល័យ បន្ទប់​ហាត់ប្រាណ បន្ទប់​ធុរកិច្ច បន្ទប់​សក្ការ និង​បន្ទប់​ពិសារ​តែដែលផ្តល់បរិយាកាសថ្មី​។ មោទនភាពរាល់ពេលបោះ​ជំហាន​ចូល​ទៅក្នុង​ទី​ដ៏​វិសេសវិសាល ដែលនឹងទទួល​ស្វាគមន៍​ដោយ សាល​ទទួល​ភ្ញៀវ មាន​តុបាយ​ធំ​វែង ស័ក្តិសម​គ្រប់​ពិធីការ និងធុរកិច្ចសំខាន់ៗ។ ភាព​ស្រស់ស្រាយ នៃ​ខ្យល់​អាកាស​បរិសុទ្ធ ដែល​បាន​ពី​ធម្មជាតិ​បៃតង​នៃ​បន្ទប់​ពិសា​តែ រឹតតែ​បង្កើន​នូវ​ភាព​ស្និទ្ធស្នាល និងការចងចាំល្អៗដល់គ្រប់សមាជិកគ្រួសារ។ ទំនើបភាព​នៃ​គ្រប់​បន្ទប់ និង​គ្រឿង​លម្អ​ក្នុងផ្ទះ​ទាំងអស់​សុទ្ធតែឆ្លុះបញ្ចាំងពី ​​ភាព​ថ្លៃថ្នូរ និង​សម្បូរបែប ​ដល់​ម្ចាស់ផ្ទះ​។ វីឡានេះ មាន​បន្ទប់​គេង​មេគ្រួសារ ដែលផ្ដល់​នូវ​បទពិសោធ​រស់នៅ ដែល​គ្រប់គ្នា​ស្ញប់ស្ញែង​ប្រាថ្នា​ចង់​បាន អម​ទៅដោយ​បន្ទប់​សម្លៀកបំពាក់​ស៊ីវិល័យ​ធំទូលាយ​ បន្ទប់​ទឹក​លំដាប់​ផ្កាយ៥ និង​ការិយាល័យ​ឯកជនដ៏ស្ងប់សុខ ​រចនា​ឡើងដើម្បី​ឯកជន​ភាព​ និង​ផ្ដល់មកនូវ​ភាព​សុខដុមរមនា​ក្នុងការ​រស់នៅ។

រឹតតែពិសេសជាមួយការផ្តល់ជូនដ៏អស្ចារ្យ ក្លាយជាម្ចាស់ផ្ទះវីឡាទោលលំដាប់អភិជនមួយនេះ ជាមួយដែលការផ្តល់ជូនមិនធ្លាប់មាន ពីធនាគា ជីប ម៉ុង ប៊ែង​ ដោយដាក់ប្រាក់បញ្ញើរ និងទទួលបានការអត្រាការប្រាក់​ខ្ពស់រហូតដល់7,5% សម្រាប់អតិថិជនដែលបានចូលរួម ពិធីបើកលក់ជាផ្លូវការ​វីឡា “ឃីង ម៉េនន័រ»”។​

សម្រាប់​ព័ត៌មាន​បន្ថែម សូមតាមដានទំព័រហ្វេសប៊ុក www.facebook.com/chipmongland  ឬ ទាក់ទងផ្នែកលក់ តាមរយៈ

  • ទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖
  • តេឡេក្រាមme/chipmongland

 

 

 

គម្រោងច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥កំពុងប្រឈមនឹងការពន្យាពេលក្នុងការសាងសង់

ដោយ៖ សុផារី

 

ភ្នំពេញ៖ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ដែលជាគម្រោងសាងសង់ដ៏សំខាន់តភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសថៃ កំពុងតែប្រឈមនឹងការពន្យារពេលក្នុងការសាងសង់។

នៅក្នុងកិច្ចប្រជុំគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) ដើម្បីពិភាក្សាលើការពន្យារពេលសាងសង់ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) បានអញ្ជើញដឹកនាំគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) ស្តីពីគម្រោងរៀបចំច្រកទ្វាអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញផងដែរ។

ការពន្យារពេលសាងសង់នេះ ក៏មានបម្រែបម្រួលការងារក្នុងកិច្ចសន្យា ការពន្យាពេលកិច្ចសន្យា និងការបន្ថែមប្រាក់ឈ្នួលសម្រាប់សេវាត្រួតពិនិត្យបច្ចេកទេសគម្រោង ព្រមទាំងការស្នើសុំពិនិត្យលើបម្រែបម្រួលតម្លៃសម្ភារៈសំណង់ និងអត្រាប្តូរប្រាក់របស់ ក្រុមហ៊ុនសាងសង់ផងដែរ។

យ៉ាងណាក្តី កិច្ចប្រជុំនេះនៅមិនទាន់បានបញ្ជាក់ពីហេតុផលនៃការពន្យារពេលនៃគម្រោងនេះនៅឡើយទេ។

គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៧២%ហើយ។ ក្នុងនោះ រួមមាន អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥  អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រផងដែរ។

ច្រកទ្វារនេះនឹងជួយសម្រួលពាណិជ្ជកម្មបន្ថែមនៅច្រកអន្តរជាតិនេះ និងជួយសម្រួលដល់ការដឹកទំនិញធំៗដែលត្រូវបញ្ចៀសចេញពីច្រកចេញចូលតាមស្ពានប៉ោយប៉ែតសព្វថ្ងៃដែលមានលក្ខណៈតូចចង្អៀត៕

 

ផ្លូវសំខាន់ៗចំនួនបីខ្សែជាក្តីសង្ឃឹមក្នុងការលើកកំពស់សក្តានុពលអចលនទ្រព្យខេត្តកោះកុង

ដោយៈ សុផារី

កោះកុងៈ ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបងមកកាន់ខេត្តកោះកុង និងផ្លូវជាតិលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុមកកាន់ខេត្តកោះ​កុង ព្រមទាំងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ជាប្រព័ន្ធផ្លូវជាតិសំខា​ន់ៗបីខ្សែ ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីជំរុញការអភិវឌ្ឍទៅកាន់ខេត្តកោះកុង។

អ្នកជំនាញអចលនទ្រព្យផ្តល់ក្តីរំពឹងថា ផ្លូវទាំងបីខ្សែនេះ នឹងនាំមកនូវការវិនិយោគ និងការរីកចម្រើនដល់វិស័យអចលនទ្រព្យ នៅក្នុងខេត្តជាប់តំបន់ឆ្នេរ ដែលអភិវឌ្ឍន៍ថ្មីមួយនេះ។

លោកទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុងបានមានប្រសាសន៍ប្រាប់ Property Area Asia នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ផ្លូវជាតិលេខ១០ ជាផ្លូវជាតិសំខាន់មួយ ដែលតភ្ជាប់ពីខេត្តបាត់ដំបង តាមរយៈស្រុកសំឡូត កាត់តាមខេត្តពោធិ៍សាត់ក្នុងតំបន់ស្រុកវាលវែង ហើយភ្ជាប់មកកាន់ខេត្តកោះ​កុង ដែលវានឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់អ្នកវិនិយោគនិងម្ចាស់អាជីវកម្ម នៅក្នុងវិស័យដឹកជញ្ជូន ដោយសារភាពងាយស្រួលក្នុងការនាំចេញ នាំចូលទំនិញពីបណ្តាខេត្តផ្សេងៗ ជាពិសេសមកពីខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ជាដើម ចូលមកកាន់ខេត្តកោះកុង។

លោកប៉ោហេងលើកឡើងទៀតថា ផ្លូវជាតិលេខ៤៨ ក៏នឹងជំរុញឱ្យមានភាពងាយស្រួលបន្ថែមទៀត ក្នុងការតភ្ជាប់សកម្មភាពសេដ្ឋកិច្ច រវាងខេត្តព្រះសីហនុ និងខេត្តកោះកុង។ ផ្លូវជាតិមួយនេះ នឹងបង្រួមរយៈចម្ងាយកាន់តែខ្លី ដោយចំណាយពេលត្រឹមតែប្រហែល២ម៉ោងតែប៉ុណ្ណោះ។

ផ្លូវសំខាន់មួយទៀតនោះ គឺ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ដែលត្រូវបានដាក់ដំណើរការរួចរាល់ផងដែរនោះ ក៏កាន់តែជំរុញឱ្យខេត្តកោះ​កុង មានភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូល ពីភ្នំពេញនិងបណ្តាខេត្តផ្សេងៗបន្ថែមទៀតផងដែរ ដែលនេះនឹងនាំមកកនូវចរន្តទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម។

លោកបញ្ជាក់ថា “គម្រោងទាំងនេះ នឹងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនា និងនាំអ្នកវិនិយោគមកកាន់ខេត្តកោះកុង ហើយក៏បង្កភាពងាយស្រួលដល់អ្នកប្រកបរបរផ្សេងៗ”។

ជាមួយគ្នានេះ លោក គង់ វិសា អ្នកជំនាញអចលនទ្រព្យនៅក្នុងមូលដ្ឋានខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា សក្តានុពលខេត្តកោះកុង ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់សំខាន់នោះគឺ ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ដែលជំរុញចរន្តសេដ្ឋកិច្ចជាច្រើន។

លោកបានបញ្ជាក់ថា “ផ្លូវជាតិលេខ១០ បានស្រូបយកទេសចរជាច្រើនពីខាងខេត្តសៀមរាប បាត់ដំបង មកកាន់ទីផ្សារទេសចរណ៍នៃខេត្តមួយនេះ។ បន្ថែមលើសនេះ ក៏ផ្តល់ប្រយោជន៍ដល់ទីផ្សារពាណិជ្ជកម្ម និងអចលនទ្រព្យសម្រាប់ខេត្តផ្ទាល់”។

លោក គង់ វិសា បានមានប្រសាសន៍ឱ្យដឹងទៀតថា ចំណែកផ្លូវជាតិលេខ៤៨ ក៏នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ ដែលបង្កភាពងាយស្រួល ក្នុងការដឹកទំនិញពីក្រុងព្រះសីហនុ ទៅកាន់ខេត្តបាត់ដំបង ដោយមិនចាំបាច់ធ្វើដំណើរទៅតាមភ្នំពេញដូចមុននោះទេ៕

សម្តេចតេជោអះអាងថា លោកចូ បៃដិនចាប់អារម្មណ៍លើសម្លៀក បំពាក់អប្សរា

ដោយៈ សូរិយា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា លោកចូ បៃដិន ប្រធានាធិបតីអាមេរិក បានចាប់អារម្មណ៍ចំពោះឈុតសម្លៀកបំពាក់របស់អប្សរា និងសួរសម្តេចពីប្រវត្តិប្រើប្រាស់សម្លៀកបំពាក់នេះ។

ថ្លែងក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី២២ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ “គាត់ (ចូ បៃដិន) មើលសិល្បៈ គាត់សង្កេតសិល្បៈរបស់យើងខ្លាំងណាស់។ រួចហើយគាត់សួរខ្ញុំថា តើសម្លៀកបំពាក់ហ្នឹង មានតាំងពីសម័យណាមក? ខ្ញុំក៏បានប្រាប់គាត់ថា សម្លៀកបំពាក់នេះ យើងបានយកពីសិលាចរិក ដែលមានតាមប្រាង្គប្រាសាទនានា ។ អញ្ចឹងសម្លៀកបំពាក់នេះ វាមានយូរហើយ ចូលដល់ពាន់ឆ្នាំទៅហើយ”។


បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ជំនួបរវាងសម្តេចជាមួយ លោក ចូ បៃដិន អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅភ្នំពេញថ្មីៗនេះ មិនបានជជែកអំពីរឿង កញ្ញា សេង ធារី ឬប្រជាធិបតេយ្យកម្ពុជានោះទេ។ ជុំវិញបញ្ហានេះ សម្តេចបានស្នើឱ្យអ្នកអត្ថាធិប្បាយមួយចំនួន ដែលមានការយល់ច្រឡំពោះរឿងនេះ គោរពដល់ក្រមសីលធម៌ នៃកិច្ចពិភាក្សាគ្នារវាងមេដឹកនាំ។

សម្តេចបានបកស្រាយថា “រាល់ជំនួបរបស់មេដឹកនាំ គឺមានកំណត់​ហេតុ ហើយក្នុងកំណត់ហេតុកន្លងទៅនេះ គឺកម្ពុជាបានកត់ត្រានូវរាល់អ្វីដែល លោកចូ បៃដិន លើកឡើងជាភាសាអង់គ្លេស ហើយពេលបកជាភាសាខ្មែរក៏ត្រូវបានកត់ត្រាជាភាសាខ្មែរផងដែរ”។

សម្តេចតេជោបានបង្ហើបទៀតថា នៅក្នុងជំនួបនោះ សម្តេចបានសរសើរពីភាពសកម្មរបស់អាមេរិក ក្នុងការនាំវត្ថុបុរាណរបស់កម្ពុជាវិលត្រឡប់មកមាតុប្រទេសវិញ។ ដល់ចំណុចនេះ សម្តេចបានអះអាងថា លោក ចូ បៃដិន ក៏បានសន្យាជាមួយសម្តេចដែរថា វត្ថុបុរាណនោះអាចនឹងមាននៅសេសសល់ថែមទៀត ហើយលោកនឹងប្រឹងប្រែងបន្ថែម ក្នុងការនាំវត្ថុបុរាណខ្មែរត្រឡប់មកវិញ។

លោក ចូ បៃដិន បានលើកនូវចំណុចមួយចំនួន ទាក់ទងនឹងសំលៀកបំពាក់បុរាណខ្មែរ។

សម្តេចបញ្ជាក់ថា “រឿងខ្លះវាអត់មានទាល់តែសោះ ហើយមកឱ្យខ្ញុំទទួលស្គាល់ថា “គេមកប្រដៅដល់ផ្ទះ” ខ្ញុំដូចជាមិនយល់”។សម្តេចបន្ថែមថា “គាត់មកក្នុងឋានៈជាការចូលរួមប្រជុំអាស៊ាន ខ្ញុំទទួលគាត់រួចហើយយើងដើរជាមួយគ្នាទៅកាន់កន្លែងប្រជុំ ហើយពេលយប់បាយជាមួយគ្នា ក៏អត់មាននិយាយអ្វីដែរ”៕


បំណុលឯកជននិងសាធារណៈរបស់ប្រទេសឡាវនឹងកើនលើស១០០ភាគរយនៃGDPនៅដំណាច់ឆ្នាំនេះ

ដោយ: លាងហួរ

វៀងច័ន្ទ: ទោះបីជាមានសញ្ញានៃការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅដើមឆ្នាំ២០២២យ៉ាងណាក្តី ក៏ប្រទេសឡាវប្រឈមមុខ នឹងបញ្ហាកាន់តែខ្លាំងឡើង ពីការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ និងអត្រាអតិផរណាខ្ពស់។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ របស់ធនាគារពិភពលោកសម្រាប់ប្រទេសនេះ។

របាយការណ៍ដដែលនេះ បានកត់សម្គាល់ថា តម្លៃប្រាក់គីបបានធ្លាក់ចុះ៦៨ភាគរយ ធៀបនឹងប្រាក់ដុល្លារអាមេរិក ក្នុងរយៈពេលមួយឆ្នាំដែលនឹងអូសបន្លាយដល់ខែតុលា និងបានជះផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ជំរុញអត្រាអតិផរណា និងបានបង្អាក់ការប្រើប្រាស់ឯកជន និងការវិនិយោគ។

ទន្ទឹមនឹងនេះ បំណុលសាធារណៈ និងឯកជនត្រូវបានគេព្យាករណ៍ថានឹងកើនលើសពី១០០ភាគរយ នៃផលិតផលក្នុងស្រុកសរុបGDPនៅដំណាច់ឆ្នាំនេះ។

ធនាគារពិភពលោកបានទម្លាក់ការព្យាករណ៍ កំណើនសេដ្ឋកិច្ចឆ្នាំ២០២២របស់ប្រទេសនេះ មកនៅត្រឹម ២,៥ភាគរយ ពោលគឺធ្លាក់ចុះពីការព្យាករណ៍ពីមុន៣,៨ភាគរយ។

ទោះបីជាអត្រាការងារធ្វើបានកើនឡើង នៅពាក់កណ្តាលឆ្នាំ២០២២នេះយ៉ាងណាក្តី ប៉ុន្តែប្រាក់ចំណូលរបស់ប្រជាជនឡាវ មិនអាចទប់ទល់ជាមួយនឹងអត្រាអតិផរណាដ៏ខ្ពស់បាននោះទេ។

អតិផរណាលើតម្លៃទំនិញប្រើប្រាស់ពីមួយឆ្នាំ ទៅមួយឆ្នាំបានកើនឡើងដល់៣៧ភាគរយនៅខែតុលា ក្នុងឆ្នាំ២០២២នេះ។ ចំណែកឯអតិផរណាលើតម្លៃម្ហូបអាហារវិញ បានកើនឡើងដល់ជិត៣៩ភាគរយ៕

ប្រទេសចិនដាក់បង្ហាញផែនការដើម្បីពង្រឹងវិស័យឧស្សាហកម្មឡើងវិញ

ដោយ: លាងហួរ

ប៉េកាំង: ប្រទេសចិន គ្រោងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទ្រទ្រង់សន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចឧស្សាហកម្ម។ នេះបើយោងតាមសារាចរណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា។

ឧស្សាហកម្ម តំបន់ និងវិធានការជាក់លាក់របស់សហគ្រាស នឹងត្រូវបានអនុម័ត ដើម្បីធានាបាននូវការអភិវឌ្ឍដ៏ត្រឹមត្រូវ នៃឧស្សាហកម្មសំខាន់ៗ ជំរុញការអភិវឌ្ឍតំបន់ដែលសមស្រប និងចាក់បញ្ចូលភាពរស់រវើកទៅក្នុងសហគ្រាសឧស្សាហកម្ម។ នេះបើយោងតាមឯកសារដែលចេញរួមគ្នាដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍន៍ជាតិ និង  គណៈកម្មការកំណែទម្រង់ និងគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃក្រុមប្រឹក្សារដ្ឋ។

កិច្ចខិតខំប្រឹងប្រែង នឹងត្រូវបានធ្វើឡើង ដើម្បីដោះស្រាយបញ្ហាសំខាន់​ៗ ដែលកំពុងប្រឈមមុខនឹងសេដ្ឋកិច្ចឧស្សាហកម្ម រួមទាំងការព   ន្លឿនការសាងសង់គម្រោងធំៗ ដើម្បីបង្កើតការកើនឡើងនៃប្រាក់ចំណេញ ទាញយកសក្តានុពលទីផ្សារ ក្នុងកំណើនតម្រូវការអ្នកប្រើប្រាស់ ស្ថិរភាពការនាំចេញផលិតផលឧស្សាហកម្ម ការកែលម្អភាពធន់ សុវត្ថិភាពនៃឧស្សា​ហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។

សារាចរណ៍នេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការផ្គត់ផ្គង់ថាមពល និងវត្ថុធាតុដើមគ្រប់គ្រាន់ ដើម្បីរក្សាប្រតិបត្តិការប្រកបដោយស្ថិរភា ពនៃសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់សំខាន់ៗ៕