រដ្ឋាភិបាលចាប់យកវិស័យទេសចរណ៍ជាអាទិភាពក្នុងការជួយស្ដារ សេដ្ឋកិច្ចឡើងវិញឱ្យ​បានឆាប់រហ័ស​

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រោយពីស្ថានភាពវិបត្តិសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកបានធូរស្រាល រដ្ឋាភិបាលកម្ពុជាបានចាប់យកវិស័យជាច្រើនក្នុងការជំរុញ និងស្ដារសេដ្ឋកិច្ចឱ្យបានងើបឡើងលឿនរហ័ស ក្នុងនោះវិស័យទេសចរណ៍ ក៏ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការស្ដារសេដ្ឋកិច្ចងើបឡើងវិញឱ្យបានរហ័សផងដែរ។

ក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នៅថ្ងៃទី២២ វិច្ឆិកា២០២២ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ថាបច្ចុប្បន្ននេះ ទោះបីជាវិបត្តិនៃជំងឺកូវីដ១៩ បានថមថយក្ដី ក៏បញ្ហាអស្ថិរភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល បន្តបន្ទច់បង្អាក់ដល់ការស្ដារ និងជំរុញវិស័យទេសចរណ៍ឡើងវិញ ដោយសារតែកំណើនភ្ញៀវទេស​ចរអន្តរជាតិនៅតែមានកម្រិតទាបនៅឡើយ។

លោកបន្តថា “រាជរដ្ឋាភិបាលនៅតែចាត់ទុក វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែងទៅមុខ និងបន្តប្ដេជ្ញាខិតខំប្រឹងប្រែងផ្ដល់ការគាំទ្រនានា ដើម្បីស្ដារវិស័យនេះឡើងវិញឱ្យបានឆាប់រហ័ស”។

លោកបន្តថា ជាក់ស្ដែង ដើម្បីគាំទ្រដល់ការស្ដារឡើងវិញ នៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ អន្តរាគមន៍ជាបន្តបន្ទាប់ មានជាអាទិ៍ វិធានការសារពើពន្ធ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងខេត្តដែលមានសក្ដានុពលទេសចរណ៍ខ្ពស់ ដូចជាការស្ថាបនាបណ្ដាញផ្លូវនៅខេត្តព្រះសីហនុ និងសៀមរាប ព្រមទាំងការអនុម័ត នូវឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗមួយចំនួនទៀត ដូចជាវិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ២០២១-២០២៣ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ២០២១-២០៣៥ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគីរី ២០២១-២០៣៥ជាដើម ។

លោកបន្ថែមថា “បទពិសោធន៍ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានបង្ហាញថា ការលើកកម្ពស់ចីរភាព និងការពង្រឹងចលនាទេសចរណ៍ផ្ទៃក្នុង គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការពង្រឹង ភាពធន់នៃវិស័យទេសចរណ៍”។​

ហេតុដូចនេះ ទើបរដ្ឋាភិបាលបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ គោលនយោបាយជាតិអេកូទេសចរណ៍២០១៩ -២០៣០ និងបានកំណត់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ជាស្នូលដ៏សំខាន់ ក្នុងការធ្វើពិពិធកម្មវិស័យទេសចរណ៍ ដើម្បីពង្រឹងមូលដ្ឋាននៃវិស័យទេសច​រណ៍​ ជាពិសេសធានានូវផលប្រយោជន៍ផ្ទាល់ ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងកាត់បន្ថយផលប៉ះពាល់លើធនធានធម្មជាតិ ។

ជាមួយគ្នានេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ខែដើមឆ្នាំ ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១,៥លាននាក់ និងរំពឹងថាដាច់ឆ្នាំ២០២២នេះ ភ្ញៀវទេសចរបរទេស នឹងមានចំនួន២លាននាក់ ទន្ទឹមនឹងកំណើនភ្ញៀវទេសចរផ្ទៃក្នុងកើនឡើងខ្ពស់ ដែលជាសញ្ញាវិជ្ជមាន សម្រាប់វិស័យនេះទាំងមូលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here