កម្មវិធីពិសេសៗចំនួន១០នឹងស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនាឱកាសបុណ្យអុំទូកខាងមុខ

0

ដោយៈ ម៉ាណា

    សៀមរាបៈ ដើម្បីជាការជំរុញវិស័យទេសចរណ៍ និងស្ដារសេដ្ឋកិច្ចក្នុងខេត្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំកម្មវិធីកំសាន្តប្លែកៗចំនួន១០ នៅទីក្រុងដ៏ល្បាញល្បីនេះ។

ដោយមានការសហការ ពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន ចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប។

ក្នុងកិច្ចប្រជុំផែនការការពារ និងធានាសន្តិសុខកម្មវិធី នៅថ្ងៃទី២៨ ខែតុលានេះ លោកសំកុល សុចិត្រា អភិបាលរងខេត្ត បានបញ្ជាក់ថា កម្មវិធីកម្សាន្ត និងសាសនារួមមាន : កម្មវិធីជិះទូកកម្សាន្ត និងប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ ការប្រណាំងក្រឡោ កម្មវិធីប្រគុំតន្ត្រីស្គរដៃ កម្មវិធីស្តង់ពិព័រណ៍ និងម្ហូបអាហារ, ផ្សារណ្តែតទឹក និង Street Food, កម្មវិធីប្រដាល់គុនខ្មែរ និងល្ខោនបាសាក់ និងពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងជំរុញ វិស័យទេសច​រណ៍ និងចូលរួមស្តារសេដ្ឋកិច្ចខេត្ត តាមរយៈការគាំទ្រផលិតផលខ្មែរ ដោយអនុវត្តតាមពាក្យស្លោក “ភូមិមួយផលិតផលមួយ”។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ទីរ អង្គភាព និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ សហការសម្របសម្រួលលើការងាររៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងការគ្រប់គ្រងចំណតរថយន្ត ម៉ូតូ ដើម្បីធានាឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

លោក ខុម ក្រឹម អនុប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបញ្ជាក់ថា កម្មវិធីទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រមទាំងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងខេត្តអាចយកផលិតផល និងម្ហូបអាហារមកដាក់តាំងលក់ ដើម្បីរកចំណូលចូលសហគមន៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here