រដ្ឋាភិបាលគ្រោងបង្កើនចំណូលពន្ធពីវិស័យសំណង់និងវិស័យមួយចំនួននៅឆ្នាំក្រោយ

ដោយៈ លក្ខិណា

ភ្នំពេញៈ ដើម្បីកៀរគចំណូល រដ្ឋនឹងមិនបង្កើតពន្ធថ្មីៗនោះឡើយ នៅប៉ុន្មានឆ្នាំខាងមុខនេះ តែរដ្ឋនឹងបង្កើនការប្រមូលពន្ធពីវិស័យដែលធ្លាប់បានអនុវត្តន៍រួចហើយ។

ក្នុងនោះ វិស័យមួយចំនួន ក៏ត្រូវបានរដ្ឋាភិបាល គ្រោងនឹងបង្កើន បន្ថែមទៀត ដើម្បីចំណូល និងការចាត់ចែងចំណាយនៅឆ្នាំ២០២៣ ខាងមុខនេះ។

យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រង ឆ្នាំ២០២៣ ដែលនាយករដ្ឋមន្ត្រី បានចុះហត្ថលេខា កាលពីដើមខែមិថុនា ២០២២ នេះឱ្យដឹងថា ដើម្បី បង្កើន ចំណូល ថវិកា ជាតិ អគ្គ នាយកដ្ឋានពន្ធដារ ត្រូវ ពង្រឹ ង ការ ប្រមូល ចំណូលពីវិស័យ មួយចំនួន ឱ្យមានប្រសិទ្ធិ ភាពក្នុងនោះរួមមាន វិស័យ សំណង់ វិស័យ ទូរគម នា គមន៍ វិស័យ រ៉ែ វិស័យ ផលិតស្រាបៀរ ភេសជ្ជៈ និងថ្នាំជក់ផងដែរ ។

លើសពីនេះ អគ្គនា យក ដ្ឋាន ពន្ធដារ ក៏ត្រូវ បង្កើន ប្រសិទ្ធ ភាព ក្នុង ការប្រមូលចំណូលពីអាករលើបន្ថែម(VAT) ចំពោះ ការ ផ្គត់ ផ្គ ង់ទំ និ ញឬ សេ វា ជីឌី ថល ដែល ធ្វើ ប្រតិ បត្តិការ ពា ណិ ជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និង ធ្វើប ច្ចុ ប្ប ន្ន ភា ពព័ ត៌ មាន សហ គ្រាសដែល ជំពាក់ បំណុលពន្ធ រួម ទាំងពង្រឹងយន្តការតាមដានក្នុងការទារបំណុលពន្ធ ថែម ទៀត ។

លោកគង់ វិបុលអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងនាពេលកន្លងមកថា ពន្ធដារមិនទាន់ បាន ប្រ មូល ចំណូលពន្ធឱ្យ អស់ពីលទ្ធភាពនៅឡើយទេ ហើយពន្ធដារ ក៏បានស្នើឱ្យ ម្ចាស់ អាជីវកម្ម និងអ្នក ជាប់ ពន្ធ សូម ចុះ បញ្ជី អាជីវកម្ម និងបង់ពន្ធជូនរដ្ឋ ឱ្យបាន គ្រប់គ្នា ផង ដើម្បីឱ្យ រដ្ឋ មាន លទ្ធភាព ក្នុងការ យក ថវិកា ទៅ ប្រើប្រាស់ ក្នុងការ ចំណា យ ដែល កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក៏ដូចជា យកទៅ អភិវឌ្ឍន៍ ប្រទេស បន្ថែម ទៀត ។

លោក បន្ថែមថា បើសិនជា មិនមានកា រចូលរួមបង់ពន្ធពី អ្នកជាប់ពន្ធទេនោះ រដ្ឋ ក៏មិនមានលុយក្នុងការ ទៅ សាង សង់ ផ្លូវ ស្ពាន និងប្រាក់ខែ មន្ត្រីរាជការដែរ ។ យើងក៏នឹងមិនបន្ថែម ពន្ធថ្មីៗ ទេ តែយើង នឹងព្យាយាម ប្រមូល ចំណូល លើ ពន្ធ ដែល កំពុងអនុវត្តន៍ឱ្យ អស់ពីលទ្ធភាព៕

មហាយក្សចិន នឹងពន្លឿនរៀបចំច្បាប់ការពារដីកសិកម្មដើម្បីធានាសន្តិសុខស្បៀង

ដោយៈ សុខុម

ប៉េកាំង: ក្រសួងធនធានធម្មជាតិចិន បានបញ្ជាក់ថា ប្រទេសចិន នឹងពន្លឿនលើការបង្កើតច្បាប់ការពារដីកសិកម្ម ដែលជាការបោះជំហានមួយទៀត ដើម្បីការពារដីស្រែចម្ការ ជាមួយនឹងគោលបំណងធានាសន្តិសុខស្បៀង
ក្នុងប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា។

ក្រសួងដដែលនិយាយថា បទប្បញ្ញត្តិដែលមានស្រាប់ ដូចជា ការហាមប្រាម លើការប្រើប្រាស់ដីបង្កបង្កើនផលដំណាំ ក្នុងគោលបំណងផ្សេងដូចជា ការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្ម ឬលំនៅដ្ឋានជាដើម នឹងត្រូវលើកកម្ពស់ទៅជាច្បាប់។

ប្រទេសចិន តែងតែប្រកាន់ខ្ជាប់ នូវប្រព័ន្ធការពារកសិកម្មយ៉ាងតឹងរ៉ឹងបំផុត ដោយខិតខំធ្វើយ៉ាងណា ធានារក្សាទុកផ្ទៃដីកសិកម្មរបស់ខ្លួនឱ្យស្ថិតនៅលើសបន្ទាត់ក្រហម១២០លានហិកតា។

យោងតាមការស្ទង់មតិដីធ្លីថ្នាក់ជាតិមួយបង្ហាញថា នៅដំណាច់ឆ្នាំ២០១៩ ប្រទេសចិន មានដីកសិកម្មសរុបចំនួន១២៨លានហិកតា។

យោងតាមគោលនយោបាយឆ្លងវិស័យថ្នាក់ជាតិ No. 1 Central Document ដែលត្រូវបានចេញផ្សាយកាលពីខែកុម្ភៈ បង្ហាញថា នៅក្នុងឆ្នាំ២០២២ ប្រទេសចិននឹងអភិវឌ្ឍដីកសិកម្ម ស្តង់ដារខ្ពស់ឱ្យបានចំនួន៦,៦៧លានហិកតា លើកកម្ពស់គម្រោងថ្នាក់ជាតិនានា លើការការពារដីខ្មៅ និងចាប់ផ្តើមជំរឿនស្ថានភាពដីទូទាំងប្រទេសលើកទី៣៕ Xinhua៕

ប្រទេសកម្ពុជា និងខេត្ត jiangsu នៃប្រទេសចិនបានចាប់ផ្តើមគម្រោងផ្លូវសូត្រ E-commerce

ដោយ: លាងហួរ

ភ្នំពេញ: ប្រទេសកម្ពុជានិងខេត្ត Jiangsuភាគខាងកើត នៃប្រទេសចិន បានចាប់ផ្តើម ផ្លូវសូត្រ E-commerce ក្នុងគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត។

យោងតាមលិខិតអបអរសាទរ ក្នុងឱកាសបើកសម្ភោធផ្លូវសូត្រE-commerce(Silk Road E-commerce)កាលពីថ្ងៃសុក្រ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍ថា កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងគោលបំណងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។

លោក បាន បន្ត ថា “ពាណិជ្ជកម្ម អេឡិចត្រូនិក ផ្លូវ សូត្រ ត្រូវ បាន គេ សម្គាល់ ថា ជា ឱកាស សហប្រតិបត្តិការ ថ្មី សម្រាប់ សហគ្រាស ធុន តូច និង មធ្យម ក្នុង ការ នាំ ចេញ ផលិតផល កសិកម្ម កម្ពុជា ដែល មាន គុណភាព ខ្ពស់ ទៅ ទីផ្សារ ប្រទេស ចិន”។

លោកហោ ណាំហុងបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងពាណិជ្ជកម្ម បានចាត់ទុកពាណិជ្ជកម្មអេឡិចត្រូនិក ជាកម្លាំងចលករថ្មី ក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិ។
លោកបានមានប្រសាសន៍បន្តទៀតថា ជាមួយនឹងព្រឹត្តិការណ៍នេះ កម្ពុជា និងចិន នឹងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ និងសហការគ្នាជាយុទ្ធសាស្រ្តបន្ថែមទៀត ដើម្បីជំនះបញ្ហាប្រឈមនានា ដែលជួបប្រទះក្នុងអំឡុងពេលជំងឺរាតត្បាតកូវីត១៩ និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។

ទន្ទឹមនឹងនេះ លោកហោ ណាំហុងក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកតិកាសញ្ញាពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលកិច្ចព្រមព្រៀងទាំងពីរនេះ បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយលោកមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ កំពុងបម្រើជាក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគសម្រាប់ប្រទេសកម្ពុជានិងប្រទេសចិន៕

អង្គការ OPEC+នឹងបង្កើនការផលិតប្រេងដល់ ៦៤៨,០០០បារ៉ែល ក្នុងមួយថ្ងៃ

ដោយ: លាងហួរ

រុស្ស៊ីៈ ប្រភពមួយបានរាយការណ៍ថា អង្គការOPECនិងបណ្តាប្រទេសសម្ព័ន្ធមិត្ត ដែលផលិតប្រេង រួមទាំងប្រទេសរុស្ស៊ី ទំនងជានឹងប្រកាន់ខ្ជាប់នូវផែនការ ក្នុងការបង្កើនផលិតផលប្រេងនៅក្នុងខែសីហា។

ផែនការនេះ ធ្វើឲ្យអ្នកជំនាញសង្ឃឹមថា នឹងអាចបន្ធូរបន្ថយការកើនឡើងតម្លៃប្រេង និងសម្ពាធអតិផរណា ខណៈដែលប្រធានាធិបតីអាមេរិកចូបៃដិន គ្រោងនឹងធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងមជ្ឈិមបូព៌ា។

នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួន កាលពីថ្ងៃទី២ខែមិថុនា ក្រុមប្រទេសដែលគេស្គាល់ថា ជាសមាជិក OPEC+បានឯកភាព ក្នុងការបង្កើនផលិតផលប្រេង៦៤៨.០០០បារ៉ែលក្នុងមួយថ្ងៃ ក្នុងខែកក្កដា រឺស្មើនឹង០,៧% នៃតម្រូវការក្នុងពិភពលោក និងផលិតប្រេងចំនួនដូចគ្នានៅក្នុងខែសីហា ពោលគឺកើនឡើងលើសពីផែនការដំបូង ក្នុងការការផលិតត្រឹមតែ៤៣២.០០០បារ៉ែលក្នុងមួយថ្ងៃ ក្នុងរយៈពេលបីខែរហូតដល់ខែកញ្ញា។

ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីមានសម្ពាធជាច្រើនខែ ពីប្រ​ទេសលោកខាងលិច ដើម្បីដោះស្រាយបញ្ហាកង្វះថាមពលសកល ដែលកាន់តែអាក្រក់ឡើង ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិច លើ រុស្ស៊ីជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ។

អង្គការOPEC +នឹងបើកកិច្ចប្រជុំបន្ទាប់របស់ខ្លួន នៅថ្ងៃទី៣០ ខែមិថុនា ដែលកិច្ចប្រជុំនេះ ទំនងជាផ្តោតលើគោលនយោបាយ ទិន្នផលប្រេងក្នុងខែសីហា។

ប្រភពពីអង្គការOPEC + បានឱ្យដឹងថា អង្គការនេះនឹងមិនផ្លាស់ប្តូរផែនការ នៅក្នុងកិច្ចប្រជុំក្នុងខែមិថុនានេះទេ៕

ក្រុមហ៊ុនដ៏ល្បីរបស់អង់គ្លេស Foster & Partners កំពុងឌីសាញអាគារកំពស់ ៦០០ម៉ែត្រ លើទីក្រុងកោះនរា

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សអង់គ្លេស ដ៏ល្បីល្បាញ Foster& Partners បាននិងកំពុងឌីសាញអាគារកប់ពពកថ្មីមួយ នៅលើទីក្រុងកោះនរា ដែលអាគារនេះគ្រោងនឹងសាងសង់កំពស់រហូតដល់៦០០ម៉ែត្រ។

ប្រភពព៌តមានដែលគួរឲ្យទុកចិត្តបាន ពីក្រុមហ៊ុនOCICបានឲ្យដឹងកាលពីពេលថ្មីៗនេះ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ដោយសារទម្រង់អាគារចាស់មិនសូវមានភាពទាក់ទាញ ទើបអ្នកឧកញ៉ាពុង ឃាវសែប្រធានអគ្គនាយកក្រុមហ៊ុនOCIC បានជ្រើសរើសក្រុមហ៊ុនFoster &Partnersរៀបចំឌីសាញអាគារកប់ពពក នៅលើទីក្រុងកោះនរា ដែលដើមឡើយអាគារមេនៃទីក្រុងនេះ គ្រោងសាងសង់កំពស់ត្រឹម៥០០ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្រោ​យមកផែនការបានផ្លាស់ប្តូរ។

ក្រុមហ៊ុនFoster& Partnersជាអ្នកដេញថ្លៃឈ្នះ លើការឌីសាញគំរោងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ និងកំពុងដំណើរការ​សាងសង់ព្រលានយន្តហោះនេះផងដែរ។

យោងតាមប្រភព៌តមានបានឲ្យដឹងថា ផែនការសាងសង់អាគារមេ និងមានកំពស់៦០០ម៉ែត្រនេះ អាចនឹងពន្យាពេលរយៈពេល ព្រោះបច្ចុប្បន្នក្រុមហ៊ុនOCIC កំពុងប្រឈមបញ្ហាថវិកាផងដែរ ដែលធ្វើឲ្យផែនការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ អាចពន្យាពេលក្នុងការបញ្ចប់ដំណាក់កាលទី១តាមការគ្រោងទុក។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា តាមផែនការការសាងសង់
អគារកប់ពពក នៅលើទីក្រុងកោះនរា គ្រោងនឹងធ្វើឡើងនៅដើមឆ្នាំនេះ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩បានធ្វើឲ្យគំរោងនេះ ត្រូវបានពន្យាពេល។

ទីក្រុងកោះនរា មានទំហំសរុបចំនួន១២៥ហិកតា ដែលបាននិងកំពុងចាក់បំពេញខ្សាច់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋជាទីក្រុងឆ្លាតវៃ ដោយប្រព័ន្ឋខ្សែបណ្តាញអគ្គិសនីទាំងអស់ត្រូវកប់ក្រោមដី៕

ខណ្ឌទួលគោកកំពុងវិវត្តន៍ខ្លួនជា CBD ដោយយកគម្រូអភិវឌ្ឍន៍ស្រដៀងនឹងខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ

ដោយៈ សុផារី

ភ្នំពេញៈ មុននឹងឈានទៅជា “តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មថ្មី (CBD)” តំបន់មួយត្រូវឆ្លងកាត់ នូវការអភិវឌ្ឍជាច្រើនដំណាក់កាល ដោយត្រូវសម្លឹង និងវាយតម្លៃលើកត្តាកំណើនប្រជាសាស្រ្ត ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ឋ ជាដើម។

ខណ្ឌទួលគោក កំពុងតែវិវត្តន៍ខ្លួន ដោយមានគម្រូនៃការអភិវឌ្ឍស្រដៀងគ្នាទៅនឹងតំបន់បឹងកេងកង និងខណ្ឌដូនពេញ ដែលជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មដែរ។

អ្នកជំនាញនៃក្រុមហ៊ុនអន្តរជាតិ CBRE អ្នកនាង ជិន ដាលុច្ស បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការឈានក្លាយទៅជា តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មថ្មី តំបន់ ណាមួយនោះ គឺត្រូវឆ្លងកាត់ការវិវត្តន៍មួយចំនួន។ ជាក់ស្តែង ដំណើរការអភិវឌ្ឍន៍នៃខណ្ឌទួលគោក ស្រដៀងគ្នាទៅនឹងតំបន់បឹងកេងកងដែរ ដោយមានការចាប់ផ្ដើមពីប្រភេទវីឡាទាបៗ ហើយមានវីឡាធំៗ មានសាលារៀនអន្តរជាតិ មានអាផាតមិនសម្រាប់ជួល មានខុនដូ ឈានទៅមានផ្សារទំនើប និងអាគារការិយាល័យបែបស្តង់ដារ។

អ្នកនាងលើកឧទាហរណ៍ថា ជាក់ស្តែង គេឃើញមាន TK Central នៅជិតអង់តែនទួលគោក និងអាគារការិយាល័យជាច្រើនទៀត កំពុងលេចវត្តមាននៅក្នុងខណ្ឌមួយនេះ។

អ្នកនាងមានប្រសាសន៍ថា “អាគារប្រភេទពាណិជ្ជកម្ម ចាប់ផ្តើមមានការអភិវឌ្ឍនៅក្នុងខណ្ឌទួលគោក ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ងាកទៅប្រមូលផ្តុំនៅក្នុងខណ្ឌទួលគោកច្រើនជាងមុន”។

យ៉ាងណាក្តី បើតាមអ្នកជំនាញរូបនេះអះអាងថា ខណ្ឌទួលគោក នៅមិនទាន់អាចប្រៀបធៀប ទៅនឹងតំបន់បឹងកេងកង និងខណ្ឌដូនពេញបាននៅឡើយទេ ដោយសារខណ្ឌទាំងពីរនេះជា CBD ដំបូងដែលមានសកម្ម​ភាពខ្លាំងក្លាជាង។

ដោយឡែក ខណ្ឌទួលគោកគឺជាខណ្ឌបន្ទាប់ ដែលកំពុងប្រែក្លាយខ្លួនជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មថ្មីមួយទៀតរបស់ក្រុងភ្នំពេញ។

អ្នកនាងបញ្ជាក់ថា “ខណ្ឌទួលគោកគឺជាខណ្ឌបន្ទាប់ ដែលត្រូវបានមើលឃើញថា សកម្មភាពទាំងអស់ហ្នឹងកំពុងផ្លាស់ប្តូរទៅ។ ប្រភេទអចលនទ្រព្យមានការផ្លាស់ប្តូរពីតំបន់លំនៅឋានទាប ទៅខ្ពស់ ហើយមានការចូលមកនៃប្រភេទអាគារពាណិជ្ជកម្មមកអភិវឌ្ឍន៍នៅក្នុងតំបន់នេះដែរ”។

ជាមួយគ្នានេះ លោកស្រី គ្រេស រចនី ហ្វុង នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia ក៏បានលើកឡើងថា ទួលគោកគឺជាខណ្ឌ CBD ថ្មីមួយបន្ទាប់ពីតំបន់បឹងកេងកង។

លោកស្រីបន្តថា “បឹងកេងកងជាCBD តែឥលូវនេះ ខណ្ឌថ្មីមួយដែលកំពុងតែរីកលូតលាស់លើអាគារពាណិជ្ជកម្ម គឺទួលគោក”។

អ្នកជំនាញរូបនេះឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធក្នុងខណ្ឌទួលគោកមានភាពល្អប្រសើរ គេសង្គេតឃើញហាងប្រេន និងភោជនីយដ្ឋានធំៗ បានចូលមកកាន់ខណ្ធមួយនេះផងដែរ៕

អ្នកជំនាញអន្តរជាតិមើលឃើញពីផលវិបាកនៃការចាប់ផ្តើមគំរោងរថភ្លើងលើអាកាសឬក្រោមដីនៅភ្នំពេញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលគំរោងសាងសង់ខ្សែរថភ្លើងលើអាកាស និងក្រោមដីបានសិក្សាបញ្ចប់ អ្នកជំនាញអន្តរជាតិបានលើកឡើង ពីផលវិបាកនៃការចាប់ផ្តើមគំរោងនេះ ដោយសារលក្ខខ័ណ្ឌមួយចំនួន។

គំរោងសាងសង់ខ្សែរថភ្លើងនេះ បានបញ្ចប់ហើយ និងត្រូវបានលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងឲ្យដឹងកាលពីសប្តាហ៍មុនថា គំរោងនេះ កំពុងត្រូវបានបញ្ចួនទៅសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជ្រើសរើសយកជម្រើ​សណាមួយ មុនពេលសម្រេចឲ្យមានការសិក្សា លើផែនការចំណាយជាក់លាក់។

អ្នកជំនាញអន្តរជាតិនៃក្រុមហ៊ុន លំដាប់យក្សមួយបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការសាងសង់ខ្សែរថភ្លើងនេះ អាចចំណាយប្រាក់ខ្ទង់ពាន់លានដុល្លារ ព្រោះក្រុមហ៊ុនដែលនឹងទទួលសាងសង់ខ្សែរថភ្លើងក្នុងជម្រើសណាមួយ នឹងត្រូវចំណាយលើថ្លៃដីរបស់ប្រជាពលរដ្ឋ ដែលមានតម្លៃខ្ពស់នៅទីក្រុងភ្នំពេញ ប៉ុន្តែបើសិនជារដ្ឋាភិបាលកម្ពុជាជួយផ្តល់ដី​ដល់ក្រយមហ៊ុន អ្វីៗនឹងអាចកើតឡើងឆាប់។

លោកបន្តថា “នៅប្រទេសថៃ វៀតណាម ម៉ាឡេស៊ី​ ហ្វីលីពីនជាដើម រដ្ឋាភិបាលប្រទេសនោះ ជាអ្នកផ្តល់ដីដល់ក្រុមហ៊ុនវិនិយោគ ដោយឥតគិតថ្លៃ”។លោកបន្តថា “ប៉ុន្តែតាមខ្ញុំដឹងនៅកម្ពុជា គឺក្រុមហ៊ុននឹងទទួលទិញដី​ប្រជាពលរដ្ឋដោយខ្លួនឯង ដែលធ្វើឲ្យគំរោងនេះ ពិបាកនឹងកើតឡើងណាស់”។

ជាមួយគ្នានេះ លោកក៏ប្រមើលមើលពីនិន្នាការ និងឥរិយាបទរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរថា តើពួកគេនឹងប្រើប្រាស់សេវាកម្មរថភ្លើងបែបនេះឬទេ? ព្រោះនៅពេលមានរថយន្តសាធារណៈ ក៏ប្រជាពលរដ្ឋភាគច្រើនមិនបានប្រើប្រាស់នៅឡើយ។

យ៉ាងណាអ្នកជំនាញអន្តរជាតិរូបនោះបានព្រមានថា រាជធានីភ្នំពេញ នឹងជួបបញ្ហាកកស្ទះចចរាចរណ៍ ដ៏អាក្រក់នៅរយៈពេល៥ឆ្នាំខាងមុខ ដែលស្ថានភាពនេះ អាចដូចនៅប្រទេសថៃ ដែលរថយន្តអាចគាំងនៅលើថងផ្លួវមិនអាចរំកិលបាន ព្រោះបច្ចុប្បន្នការកកស្ទះ បានកើតមានរួចទៅហើយ ស្របពេលចំនួនយានយន្តនៅរាជធានីភ្នំពេញ បានកើនឡើងយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ៕

អាជ្ញាធរខេត្តបាត់ដំបងស្នើសុំភាគីបារាំងជួយអភិរ័ក្សសំណង់សម័យអាណានិគម

ដោយៈ គង់ សូរិយា

បាត់ដំបងៈ ក្នុងគោលដៅទាក់ទាញទេសចរណ៍អន្តរជាតិ និងលើកកំពស់នូវគុណតម្លៃសំណង់សម័យអាណានិគម អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារ​បុរាណក្នុងក្រុងបាត់ដំបង។

គោលដៅនៃការស្នើសុំនេះ ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត ។​

អភិបាលនៃគណអភិបាលខេត្តបាត់ដំបង លោកសុខ លូ បានស្នើសុំ លោកហ្សាក់ ប៉ឺឡេ  ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលើផែនការនេះ កាលពីសប្តាហ៍មុន ដោយលោកបានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ថែរក្សាសំណង់អគារបុរាណ និងហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យជួសជុលផ្ទះ ដែលជាសំណង់បុរាណ ដោយខុសពីទម្រង់ដើមនៃអគារនោះឡើយ។

លោកបន្តថា “ដោយសារខ្ចះខាតលើការងារបច្ចេកទេ​ស និងថវិកា សំណង់បុរាណមួយចំនួន និងផ្សារមួយដែលជាសំណង់ តាំងពីសម័យអាណានិគមបារាំង បាននិងកំពុងជួបប្រទះហានិភ័យ”។

ជាការឆ្លើយតប លោកហ្សាក់ ប៉ឺឡេ បានឲ្យដឹងថា បារាំងក៏បាននិងកំពុងគិតគូអំពី ការអភិរក្សសំណង់បេតិកភ័ណ្ឌនៅកម្ពុជា ដោយបានរៀបចំផែនការអភិវឌ្ឍន៍ និងអភិរក្សសំណង់បេតិកភណ្ឌសតវត្សន៍ទី២០ ដែលត្រូវធ្វើការសិក្សាអំពីប្លង់ឲ្យបានលំអិត និងធ្វើការពិភាក្សាជាមួយដៃគូនានានៅ​ប្រទេសបារាំងជាមុនសិន។

លើសពីនេះ លោកអភិបាលខេត្ត ក៏បានស្នើឲ្យអ្នកវិនិយោគបារាំង ពិនិត្យលទ្ធភាព
ដាក់ទុនវិនិយោគសាងសង់រោងចក្រកែច្នៃ ផ្លែឈើក្នុងខេត្តបាត់ដំបងផងដែរ ដើម្បីងាយស្រួលនាំចេញទៅក្រៅប្រទេស៕

និន្នាការសំណង់អគារបៃតងសន្សំសំចៃថាមពលកំពុងពេញនិយមច្រើននៅក្នុងប្រទេសវៀតណាម

ដោយ៖ សុខុម

ហាណូយ: ការអភិវឌ្ឍអគារដែលសន្សំសំចៃថាមពលគឺជានិន្នាការ (Trend) ដ៏ពេញនិយមដែលជៀសមិនរួចសម្រាប់ប្រទេសវៀតណាម ដើម្បីសម្រេចបាននូវគោលបំណងបរិស្ថានរបស់ខ្លួន។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា ឱ្យដឹងថា ថាមពលដែលប្រើប្រាស់ដោយអគារខ្ពស់ៗកប់ពពកក្នុងប្រទេសវៀតណាម មានចន្លោះពី៣៥%ទៅ៤០%នៃការប្រើប្រាស់ថាមពលសរុបនៅទូទាំងប្រទេស។

ការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Cushman & Wakefield (CWK) បង្ហាញថា អចលនទ្រព្យរួមចំណែកប្រមាណ៤០%នៃការបំភាយឧស្ម័នសរុបចូលទៅក្នុងបរិយាកាសក្នុងប្រទេសនេះ។

យោងតាមក្រុមប្រឹក្សាអគារបៃតងវៀតណាម (Vietnam Green Building Council) ឱ្យដឹងថា នៅទូទាំងប្រទេសវៀតណាម មានអគារបៃតង ឬអគារសន្សំសំចៃអគ្គិសនីប្រហែល២០០អគារ។

នៅសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២១ (COP26) វៀតណាម បានប្តេជ្ញាសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។

ហើយដើម្បីសម្រេចគោលដៅបរិស្ថាននោះ វៀតណាម ចាំបាច់ត្រូវអភិវឌ្ឍអគារសន្សំសំចៃថាមពលបន្ថែមទៀតដែលមានគុណភាពខ្ពស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានមកលើបរិស្ថាន ព្រមទាំងសន្សំសំចៃថ្លៃចំណាយលើថែទាំ ជួសជុល និងការប្រើប្រាស់ថាមពលនាពេលអនាគតផងដែរ៕

មហាយក្សចិនផលិតបានអាគុយរថយន្តអគ្គិសនីថ្មីដែលបញ្ចូលម្ដងជិះបាន១.០០០គីឡូម៉ែត្រស្ទើរមិនគួរឱ្យជឿ

ដោយ៖ សុខុម

ប្រទេសចិន: វាពិតជាស្ទើរមិនគួរឱ្យ និងជាដំណឹងដ៏គួរឱ្យរីករាយដែលក្រុមហ៊ុនចិន មួយផលិតបានអាគុយរថយន្តអគ្គិសនីជំនាន់ថ្មី ដែលបញ្ចូលម្ដងរត់បានចម្ងាយផ្លូវរហូតដល់រាប់ពាន់គីឡូម៉ែត្រ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា។

ក្រុមហ៊ុន Contemporary Amperex Technology Co., Ltd. (CATL) ដែលឈានមុខខាងផលិតអាគុយលីចូម-អ៊ីយ៉ុង (Lithium-ion Battery) សម្រាប់រថយន្តរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា បានបញ្ចេញអាគុយជំនាន់ថ្មីមួយប្រភេទសម្រាប់រថយន្តអគ្គិសនីដែលបញ្ចូលពេញម្ដង អាចរត់បានចម្ងាយផ្លូវរហូតដល់ទៅ១.០០០គីឡូម៉ែត្រ។

នេះបើនៅកម្ពុជា យើងវិញ សម្រាប់ការធ្វើដំណើរពីភ្នំពេញ ទៅកាន់បណ្ដាខេត្តឆ្ងាយៗរួមមានខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកោះកុង ជាដើម គឺសាកថ្មតែម្ដងអាចជិះទៅមកក៏មិនទាន់ទាំងអស់ថាមពលផង ហើយមិនបាច់បារម្ភខ្លាចអស់អាគុយតាមផ្លូវ ឬពិបាករកកន្លែងសាកអាគុយនោះឡើយ។

ក្រុមហ៊ុន CATL និយាយថា បំពាក់ដោយបច្ចេកវិទ្យា Cell-To-Pack (CTP) ជំនាន់ទី៣ អាគុយដែលមានឈ្មោះថា Qilin ឬ CTP 3.0 នេះមានប្រសិទ្ធភាពប្រើប្រាស់កម្រិតខ្ពស់ និងដង់ស៊ីតេថាមពលរហូតដល់២៥៥វ៉ាត់ម៉ោង (Wh) ដែលជាកម្រិតខ្ពស់បំផុតក្នុងពិភពលោក។ អាគុយនេះត្រូវបានដាក់ឈ្មោះតាមសត្វអាទិទេពដ៏ល្បីល្បាញ Qilin នៅក្នុងទេវកតាចិន។

អាគុយថ្មីនេះមានសុវត្ថិភាពខ្ពស់ ឆាប់ត្រជាក់ មិនបារម្ភរឿងឡើងកម្ដៅ ហើយបញ្ចូលថាមពលដោយប្រើ Fast Charge Mode ចំណាយពេលត្រឹមតែ១០នាទីប៉ុណ្ណោះនឹងពេញជាស្រេច។

ក្រុមហ៊ុននិយាយថា តាមការរំពឹងទុកអាគុយជំនាន់ថ្មី Qilin នឹងត្រូវផលិតទ្រង់ទ្រាយធំ ហើយដាក់លក់នៅលើទីផ្សារក្នុងឆ្នាំ២០២៣៕