ភាគហ៊ុនអចលនទ្រព្យចិនហក់ឡើង ក្រោយរដ្ឋាភិបាលដាក់ចេញគោលនយោបាយគាំទ្រវិស័យនេះ

ដោយ៖ សុខុម

ហុងកុង: ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអចលនទ្រព្យចិន បានហក់ឡើងនៅថ្ងៃច័ន្ទ ទី៧ ខែមីនា នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង បានបញ្ជាក់ចំពោះក្ដីរំពឹងក្នុងទីផ្សារដែលនឹងមានការបន្ធូរបន្ថយបន្ថែមទៀតសម្រាប់វិស័យអចលនទ្រព្យ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បង្ហាញថា សន្ទស្សន៍ផ្សារភាគហ៊ុនអចលនទ្រព្យចិនដីគោក Hang Seng Mainland Properties Index ទទួលបានកំណើន១,៥%នៅរសៀលថ្ងៃនេះ ក្រោយពីធ្លាក់ចុះ៣,២%នៅក្នុងទន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng Index នៅព្រឹកនេះ។

ក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់ប្រទេសចិន បើគិតពីទំហំនៃការលក់ បានហក់ឡើង៥,៦% ខណៈក្រុមហ៊ុនរដ្ឋ China Overseas Land & Investment បានហក់ឡើង៣,៧%។

លោក លី ខឹឈាង បានថ្លែងក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា រដ្ឋាភិបាលនឹងជួយគាំទ្រទីផ្សារលំនៅដ្ឋាន ដើម្បីបំពេញតម្រូវការស្របច្បាប់របស់អ្នកទិញផ្ទះឱ្យបានកាន់តែប្រសើរ ហើយអនុវត្តគោលនយោបាយក្រុងដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យអចលនទ្រព្យប្រកបដោយភាពរឹងមាំ។

លោកបានសង្កត់ធ្ងន់ថា ប្រទេសចិន នឹងបន្តអនុវត្តគោលនយោបាយដ៏ល្អប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ខ្លួន។ គោលនយោបាយនោះគឺ “ទិញផ្ទះសម្រាប់រស់នៅ គឺមិនមែនទិញទុកលក់ចំណេញនោះឡើយ” ហើយរដ្ឋាភិបាលនឹងប្រឹងប្រែង “ធ្វើឱ្យតម្លៃដីធ្លី និងតម្លៃផ្ទះមានលំនឹង”។

លោកបានបន្ថែមទៀតថា ក្រុមអ្នកបង្កើតគោលនយោបាយនឹងស្វែងរកគំរូអភិវឌ្ឍន៍ថ្មី និងពន្លឿនការអភិវឌ្ឍទីផ្សារជួលលំនៅដ្ឋាន។

ធនាគារវិនិយោគជប៉ុន Nomura រំពឹងថា រដ្ឋបាលមូលដ្ឋានចិន កាន់តែច្រើននឹងដាក់ចេញវិធានការកែលម្អគោលនយោបាយអចលនទ្រព្យនៅខែខាងមុខនេះ ជាមួយនឹងការកែសម្រួលគោលនយោបាយដ៏មានសក្តានុពលរួមទាំងការកាត់បន្ថយចំនួនទឹកប្រាក់បង់មុន (Down Payment) សម្រាប់ការបង់រំលស់ផ្ទះ និងការដកចេញមួយចំនួនធំនូវការរឹតបន្តឹងលើការទិញផ្ទះផងដែរ។

ចំនួននៃការលក់ផ្ទះក្នុងប្រទេសចិន បានធ្លាក់ចុះរហូតដល់ទៅប្រមាណ៤០%ក្នុងរយៈពេល២ខែដើមឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ទោះបីជាតម្លៃផ្ទះបានហក់ឡើងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះក្ដី៕

ខណ្ឌទួលគោកក្លាយជាតំបន់ពាណិជ្ជកម្មថ្មីមួយនៅក្រុងភ្នំពេញ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ កាលពីប៉ុន្មានឆ្នាំមុន ទួលគោកគឺជាតំបន់ដែលមានការអភិវឌ្ឍន៍លំនៅឋានដ៏មានសក្ដានុពល ដោយក្នុងនោះ៩០ភាគរយនៃសំណង់ក្នុងខណ្ឌទួលគោកគឺជាសំណង់លំនៅឋាន និង១០ភាគរយជាសំណង់ពាណិជ្ជកម្ម ប៉ុន្តែមកដល់បច្ចុប្បន្ននេះវិញ ទួលគោកបានក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពល ដោយ៥០ភាគរយជាអគារពាណិជ្ជកម្ម និង៥០ភាគរយជាសំណង់លំនៅឋាន។

ការសិក្សារបស់ក្រុមហ៊ុន Century 21 Zillion Holding ចំនួនខុនដូនៅក្នុងខណ្ឌទួលគោកមានចំនួនរហូតដល់៣៩គម្រោង ស្មើនឹង៩ពាន់យូនីតគិតត្រឹមដំណាច់ឆ្នាំ២០២០ដែលមានចំណែក១២ភាគរយនៃខុនដូផ្គត់ផ្គង់សរុបនៅក្នុងរាជធានីភ្នំពេញ និងផ្ទះជាប់ដីមានចំនួនរហូតដល់ ២ពាន់ខ្នងឯណោះ។ ការកែប្រែតំបន់ទួលគោក ពីលំនៅឋានទៅជាតំបន់ពាណិជ្ជកម្មក៏បានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខណ្ឌនេះ មានការប្រែប្រួលឡើងថ្លៃជាបន្តបន្ទាប់ផងដែរ។

តាមការសិក្សាស្រាវជ្រាវបង្ហាញផងដែរថា តម្លៃដីធ្លីនៅក្នុងតំបន់ទួលគោកបានហក់ឡើងពីរង្វង់ប្រមាណ ២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០១៨ ដល់ ៣.៨០០ដុល្លារអាមេរិកទៅ ៤.២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០២១។

ជាការកត់សម្គាល់តំបន់ទួលគោកមានការអភិវឌ្ឍទៅលើផ្សារទំនើបៗជាច្រើនទីតាំងផងដែរ ក្នុងនោះអគារខ្ពស់ៗជាច្រើនក៏បានកកើតឡើងក្នុងតំបន់ទួលគោក តំបន់បឹងកក់ ជាដើម ក្នុងនោះក៏មានអគារក្រោមការវិនិយោគរបស់ក្រុមហ៊ុនក្នុងជាច្រើនផងដែរ។

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី ក៏បានលើកឡើងនាពេលថ្មីៗនេះ ថា ទួលគោកជាតំបន់អភិវឌ្ឍពាណិជ្ជកម្មថ្មីមួយបន្ទាប់ពីបឹងកេងកង ដែលមានការអភិវឌ្ឍទៅលើអគារខ្ពស់ៗ ផ្សារទំនើប សាលារៀនធំៗ មន្ទីរពេទ្យ សាកលវិទ្យាល័យធំៗ។ តំបន់នេះ ក៏មានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដែលជាការទាក់ទាញដល់វិនិយោគិនក្នុងនិងស្រុកជាច្រើន ទៀតផង ។

បើតាមលោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ក៏បានបង្ហាញថា ខណ្ឌចំនួន៥ក្នុងរាជធានីភ្នំពេញចាត់ទុកជាតំបន់ដែលមានការអភិវឌ្ឍ និងចាប់អារម្មណ៍វិនិយោគពីវិនិយោគិនជាតិអន្តរជាតិជាច្រើន។

លោកបណ្ឌិតថា ខណ្ឌទាំង៥ដែលចាត់ទុកជាតំបន់កំពូលរួមមាន ខណ្ឌបឹងកេងកេង ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌជ្រោយចង្វារ។ ខណ្ឌទាំង៥នេះកំពុងទាក់ទាញនូវការសាងសង់អគារខ្ពស់ៗជាច្រើន ហើយក៏បានលេចរូបរាងជាបន្តបន្ទាប់ និងជួយលើកកម្ពស់សោភណភាពរាជធានីភ្នំពេញមួយកម្រិតទៀត៕

Siem Reap New Airport dispatches China’s huge construction team to accelerate project construction

by Sophary

Siem Reap: In order to speed up the construction progress of the Siem Reap new international airport project in Cambodia, China has sent a huge construction team to organize the project construction units to speed up the project construction.

On March 6, 131 Chinese construction teams from the Siem Reap New International Airport Project arrived at Siem Reap International Airport. They were warmly welcomed by the Cambodian side and helped with the immigration procedures.

According to the General Administration of Immigration of Cambodia, on the same day, 131 Chinese construction teams (8 women) arrived at Siem Reap International Airport by China Eastern Airlines. They will join the Siem Reap New International Airport project and accelerate the construction of the project.

Siem Reap New International Airport Project, which invested and constructed by Angkor International Airport Investment (Cambodia) Co., Ltd. (AIAI), is located in Soutr Nikom District, Siem Reap Province, which is about 40 kilometers away from the city center. The current construction progress is smooth and will be completed as planned in 2023.

គម្រោងលំនៅឋានលំហែកាយនឹងជំរុញការអភិវឌ្ឍក្នុងសហគមន៍បន្ថែម

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍតែងតែនាំមកនូវផលប្រយោជន៍ ដល់សហគមន៍និងមូលដ្ឋានក្នុងតំបន់នោះ ក្នុងនោះការអភិវឌ្ឍលើគម្រោង លំនៅឋានលំ​ហែ​កាយ នឹងនាំមកនូវការអភិវឌ្ឍក្នុងសហគមន៍ ជាមួយនឹងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះផ្ទាល់តែម្ដង។

លោកអ៉ិន ស៊ីថា អគ្គនាយកនៃក្រុមហ៊ុន Forest Harmony ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលំហែកាយមួយ នៅក្នុងខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧ មិនានេះថា ការអភិវឌ្ឍនូវលំនៅឋានលំហែកាយក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្ដាខេត្តសក្ដានុពល នឹងជំរុញឱ្យមានការអភិវឌ្ឍ នៅក្នុងមូលដ្ឋាននោះផ្ទាល់តែម្ដង ជាពិសេសនឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុងតំបន់អភិវឌ្ឍន៍នោះផងដែ។

លោកបន្តថា “នៅពេលយើងមានការអភិវឌ្ឍ គម្រោងលំនៅឋានលំហែកាយ យើងត្រូវការបុគ្គលិកកម្មករ សម្រាប់បម្រើការងារក្នុងការដ្ឋាន ជាក់ស្ដែងក្នុងការដ្ឋានរបស់យើង មានកម្មករសំណង់ប្រមាណជាង៣០០នាក់សម្រាប់បម្រើការងារ និងបានផ្ដល់ប្រាក់កម្រៃដល់ពួកគេ សម្រាប់ទ្រទ្រង់ជីវភាពក្រុមគ្រួសារផងដែរ”។

លោកអ៉ិន ស៊ីថាបានបន្តថា ក្រៅពីការផ្ដល់នូវការងារជូនកម្មករ ធ្វើការក្នុងការដ្ឋាន ប្រជាពលរដ្ឋដែលមានដីធ្លីនៅតំបន់ជុំវិញ គម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយ ក៏អាចកែកុនដីរបស់ខ្លួន និងសង់ផ្ទះបើអាជីវកម្មសម្រាប់លក់ដូរ ជូនដល់អតិថិជនដែលមកមើល គម្រោងអភិវឌ្ឍន៍របស់លំនៅឋានលំហែកាយទាំងនោះ តាំងពីគម្រោងចាប់ផ្ដើមដំបូងរហូតដល់រួចរាល់និងមានមនុស្សចូលទៅរស់នៅ ។ ការអភិវឌ្ឍលំនៅឋានលំហែកាយនេះដែរ នឹងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការទៅទស្សនានិងកម្សាន្តនៅក្នុងតំបន់អភិវឌ្ឍន៍ទាំងនោះ ។

លោកបន្ថែមថា វាមិនត្រឹមតែជួយដល់មូលដ្ឋាន នៃការអភិវឌ្ឍគម្រោងលំនៅឋាននោះទេ តែវាក៏បានជួយដល់ខេត្តនោះទាំងមូលផងដែរ តួយ៉ាងសម្រាប់ខេត្ត ដែលមានសក្ដានុពលលើវិស័យទេសចរណ៍ គេឃើញមានគម្រោងអភិវឌ្ឍន៍លំនៅឋានកាន់តែច្រើន ក្នុងនោះដែរខេត្តកំពតក៏ជាខេត្តមួយដែលមានការអភិវឌ្ឍ គម្រោងលំនៅឋានលំហែកាយច្រើន និងកំពុងតែទាក់ទាញភ្ញៀវទេសចរជាច្រើនទៅកម្សាន្ត ។

លោកCooler Tan អគ្គនាយកក្រុមហ៊ុនYoungsia Real Estateដែលបាន និងកំពុងវិនិយោគដីឡូត៍លំហែរកាយបូកគោលែន បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការអភិវឌ្ឍគម្រោងលំនៅឋានលំហែកាយនឹងផ្ដល់អត្ថប្រយោជន៍ ដល់សហគមន៍មូលដ្ឋានផ្ទាល់តែម្ដង ក្នុងនោះយើងក៏បានរៀបចំជាផ្សារសហគមន៍ សម្រាប់ឱ្យប្រជាកសិករ ដែលមានផលិតផលមកដាក់លក់ជូនទេសចរ ដែលមកសម្រាក និងកម្សាន្តនៅក្នុងគម្រោងលំនៅឋានលំហែ ហើយវានឹងលើកមុខមាត់តំបន់ ក្នុងសហគមន៍នោះឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕

ចិនបញ្ជូនក្រុមអ្នកជំនាញសាងសង់ចិនចំនួន១៣១នាក់មកកម្ពុជា ដើម្បីពន្លឿនការសាងសង់គម្រោងអាកាសយានដ្ឋានថ្មីខេត្តសៀមរាប

ដោយៈ សុផារី

សៀមរាបៈ ដើម្បីពន្លឿនដំណើរការសាងសង់ នៃគម្រោងអាកាសយា​នដ្ឋានអន្តរជាតិសៀមរាបថ្មីនៅកម្ពុជា ប្រទេសចិនបានបញ្ជូនក្រុមអ្នកជំនា​ញជាច្រើននាក់មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមីនា ក្រុមសំណង់ចិនចំនួន១៣១នាក់ មកពីគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាប បានមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។

ក្រុមអ្នកជំនាញសាងសង់ត្រូវបានភាគីកម្ពុជា ស្វាគមន៍យ៉ាងកក់ក្ដៅ និងបានជួយដោះស្រាយនីតិវិធីអន្តោប្រវេសន៍ តាមរយៈកងកម្លាំងនគរបា​ល នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

ប្រភពដដែលបានឱ្យដឹងថា ក្រុមសំណង់ចិនចំនួន១៣១នាក់ (ស្រី ៨នាក់) បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍China Eastern Airlines នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

ក្រុមអ្នកជំនាញសាងសង់ នឹងចូលរួមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និងពន្លឿនការសាងសង់គម្រោង តាមផែនការដែលបានគ្រោងទុកនៅឆ្នាំ២០២៣។

គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី វិនិយោគ និងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) មានទីតាំងនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចំងាយប្រហែល៤០គីឡូម៉ែត្រពីទីក្រុងសៀមរាប៕

សម្តេចតេជោៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាកត្តាមួយរួមចំណែកដល់អាយុសង្ឃឹមរស់ខ្ពស់របស់ប្រជាជនកម្ពុជា

ដោយៈ សុផារី

ត្បូងឃ្មុំៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កត្តាសំខាន់ៗមួយចំនួនបានរួមចំណែក ដល់កំណើនខ្ពស់នៃអាយុសង្ឃឹមរស់នាពេលបច្ចុប្បន្ន ក្នុងនោះកត្តាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏បានរួមចំណែកដ៏សំខាន់ផងដែរ។

ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនៅក្នុងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ១៩៩៨ ប្រជាពលរដ្ឋកម្ពុជាមានអាយុសង្ឃឹមរស់ ត្រឹម៥៦ឆ្នាំប៉ុណ្ណោះ តែពេលបច្ចុប្បន្នអាយុសង្ឃឹមរស់ មានរហូតដល់ជាង៧០ឆ្នាំ។

សម្តេចបញ្ជាក់ថា “ក្តីសង្ឃឹមនេះ ដោយសារកត្តាមួយចំនួន មានដូចជា កត្តាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពចម្រើនជីវភាព និងការរីកចម្រើននៃប្រព័ន្ធសេវាសុខាភិបាល”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលកម្ពុជាបានជួបការលំបាកវេទនាយ៉ាងខ្លាំង ក្នុងការដឹកអ្នកជំងឺពីកន្លែងមួយ ទៅកន្លែងមួយទៀត។

សម្តេចថ្លែងថា “នឹកឃើញអតីតកាល ដ៏លំបាកដែលត្រូវដឹកអ្នកជំងឺពីកន្លែងមួយទៅកន្លែងមួយ ដ៏លំបាកហើយគ្មានមធ្យោបាយដឹកជញ្ជូន។ បើទោះបីជាមានមធ្យោបាយដឹក ការតភ្ជាប់នៅពេលនោះក៏មិនទាន់មាន ផ្លូវថ្នល់ក៏មិនទាន់មាន”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងដោះស្រាយនូវតម្រូវការរបស់ជនបទ ហើយសម្រាប់អ្នកមិនធ្លាប់មកកាន់ប្រទេសកម្ពុជាមួយរយៈធំ នៅពេលគេចូលមកកម្ពុជាវិញ ពួកគេនឹងប្លែកភ្នែកនូវការរីកចម្រើន និងការអភិវឌ្ឍសង្គមកម្ពុជា៕

សម្ដេចតេជោ៖ វ៉ាក់សាំង គឺសេដ្ឋកិច្ច

ដោយ៖ សុផារី

ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចាក់វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ច ព្រោះថា វ៉ាក់សាំងជាមធ្យោបាយដ៏សំខាន់បំផុតក្នុងការឈានទៅកាន់ការបើកប្រទេសនិងបើកសេដ្ឋកិច្ចឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៤៦លានដុល្លាអាមេរិក នៅខេត្តត្បូងឃ្មុំ នាពេលព្រឹកថ្ងៃចន្ទនេះ។

សម្តេចបានបញ្ជាក់ថា “ប្រសិនបើមិនមានការចាក់វ៉ាក់សាំង ឆ្នាំនេះអាចនឹងមិនមានចូលឆ្នាំ។ ប៉ុន្តែ ឆ្នាំនេះ បុណ្យចូលឆ្នាំនៅតែបន្ត។ ជាក់ស្តែង ត្រឹមតែពីរថ្ងៃកន្លងមក ក៏មានជាង១៩ ម៉ឺននាក់ដើរលេងដែរ”។

សម្តេចបន្ត “យើងនៅតែបន្តដំណើរការចាក់វ៉ាក់សាំង ព្រោះ ឥលូវនេះ វ៉ាក់សាំងគឺសេដ្ឋកិច្ចតែម្តង ព្រោះបើមិនមានការចាក់វ៉ាក់សាំងទេ ភាពស៊ាំសហគមន៍ក៏មិនមាន ដល់មិនមានចឹង តើឱ្យយើងធ្វើទំនាក់ទំនងបើកទីផ្សារយ៉ាងមិច បើកសេដ្ឋកិច្ចយ៉ាងមិច? ធ្វើទំនាក់ទំនងយ៉ាងមិច? បរទេសហ៊ានចូលទេ?”

សម្តេចបានមានប្រសាសន៍ថា កន្លងមកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិតែងតែចុះចតនៅទីក្រុងភ្នំពេញប៉ុន្តែកាលពីយប់មិញចាប់ផ្ដើមមានជើងហោះហើរពាណិជ្ជកម្មចុះចតនៅទីក្រុងព្រះសីហនុហើយ ដែលនេះបង្ហាញពីដំណើរការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាចាប់ផ្ដើមងើបឡើងវិញ។

សម្ដេចថ្លែងថា តាមរយៈបទពិសោធន៍កន្លងមករបស់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងនូវវិបត្តិកូវីដ១៩ កម្ពុជាមានភាពចាំបាច់ក្នុងការបង្កើតឲ្យមានភាពសាំសហគមន៍ គ្រប់ទីកន្លែង។

សម្ដេចបានថ្លែងថា “ឧទាហរណ៍កន្លែងមួយមាន ១០០នាក់ ត្រូវចាក់ឲ្យបានយ៉ាងហោចណាស់ ៩៧នាក់”។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា នៅកម្ពុជា បើទោះបីអត់មានវ៉ាក់សាំងក៏ដោយ ក៏មិនអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងផុតកាលកំណត់ដែរ។ បើតាមសម្តេចតេជោ គឺកម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយយកវ៉ាក់សាំងហួសកាលកំណត់មកចាក់ចោលនៅក្នុងប្រទេសកម្ពុជាឡើយ។ ៕

អគ្គនាយកក្រុមហ៊ុន MTSL Investment ចូលរួមឧបត្ថម្ភដល់សកម្មភាពកីឡាហ្វូតសាល

ដោយៈ វិវត្តន៍

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន MTSL Investment Co, Ltd ដែលបាននិងកំពុងនាំចូលផលិតផលម្សៅទឹកដោះគោ Balantan បានចូលរួមក្នុងសកម្មភាពលើកកំពស់កីឡាហ្វូតសាល ដើម្បីលើកកំពស់សកម្មភាពកីឡានេះនៅកម្ពុជា។

សព្វថ្ងៃនេះវិស័យបាល់ទាត់ហ្វូតសាល កំពុងតែរីកចំរើនខ្លាំងលើប ណ្តាលប្រទេសជាច្រើននៅលើសកលលោក។ ងាកទៅមើលប្រទេសជិតខាងយើងមានប្រទេសថៃ វៀតណាម​ ម៉ាឡេស៊ី សឹង្ហបុរី កំពុងផ្តោតទៅលើបាល់ទាត់ហ្វូតសាលយ៉ាងខ្លាំងក្លា ចំណែកប្រទេសកម្ពុជាយើងវិញកំពុងរៀបចំអភិវឌ្ឍបាល់ទាត់ហ្វូតសាលផងដែរ។

យ៉ាងណាមិញ ដោយសារមានចិត្តស្រលាញ់ វិស័យកីឡាបាល់ទាត់តាំងពីតូច លោកអគ្គនាយក ថេងស្រេង នៃក្រុមហ៊ុន MTSL Investment Co., LTD បានចំណាយថវិកាបន្តិចបន្តួច ក្នុងការចូលរំលែកចំណែកជាមួយក្រុមបាល់ទាត់ ខ្មែរនគរ ហ្វេសស៊ី ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់ហ្វូតសាលក្នុងព្រះរាជាណាចក្រកម្ពុជា អោយកាន់តែរីកចំរើនកាន់តែខ្លាំង។

លោកបន្តថា “ដូចនេះយើងទាំងអស់គ្នា ចូលរួមគាំទ្រវិស័យបាល់ទាត់ហ្វូតសាល ក្នុងព្រះរាជាណាចក្រកម្ពុជា អោយមានការរីចំរើនកាន់តែខ្លាំង ដើម្បីទៅប្រកួតប្រជែង ជាមួយនឹងបណ្តាលប្រទេសជាច្រើន នៅទូទាំងពិភពលោក”។

ផលិតផលទឹកដោះគោ Balactan ត្រូវបាននាំចូលពីប្រទេសអេស្បាញដោយក្រុមហ៊ុន MTSL Investment Co, Ltd ដែលផលិតផលនេះកំពុងចាប់ផ្តើមមានការពេញនិយមនៅកម្ពុជា។

លោកថេង ស្រេងបានបន្តថា ការចូលរួមលេងកីឡាគឺពិតជាសំខាន់ណាស់ ព្រោះយើងអាចទទួលបានពីកីឡាបានច្រើនដូចជា ពេលដែលយើងលេងបាល់ទាត់ នឹងទទួលបានសុខភាពល្អ មានទំនាក់ទំនងល្អ ជួយដល់ការលូតកម្ពស់ ឆ្អឹងរឹងមាំ និងជួយឲក្មេងមានភាពឈ្លាសវៃ ហើយជាពិសេសនោះ ជួយឲក្មេងៗជៀសឆ្ងាយពីគ្រឿងញៀនផងដែរ៕

ការបញ្ចប់និងដំណើរការផ្លូវរថភ្លើងក្រោមដីនឹងជួយលើកកំពស់ទីផ្សារអចលនទ្រព្យក្រុងហូជីមិញ

ដោយៈសុខុម

ហូជីមិញ: ទីផ្សារអចលនទ្រព្យក្នុងទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ត្រូវបានរំពឹងថានឹងទទួលបានកំណើនខ្ពស់ នៅឆ្នាំ២០២២នេះដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលនឹងត្រូវបញ្ចប់ ឬចាប់ផ្តើមអំឡុងឆ្នាំនេះ។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃទី៥ មីនា ឱ្យដឹងថា មួយចំនួនធំនៃគម្រោងទាំងនោះ គឺជាគម្រោងហេដ្ឋារចនាស ម្ព័ន្ធតភ្ជាប់ ឬកាត់បន្ថយការកកស្ទះចរាចរណ៍។

លោក Trần Quang Lâm ប្រធានមន្ទីរដឹកជញ្ជូនក្រុងហូជីមិញ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងបាន និងកំពុងបន្តធ្វើ​​ ដើម្បីបញ្ចប់កិច្ចការចំនួន៣ឱ្យទាន់ពេលវេលា៖ ទី១- ការបញ្ចប់ការស្ថាបនាផ្លូវរថភ្លើងក្រោមដីលេខ១ រវាង Bến Thành និង Suối Tiên ទី២- ចាប់ផ្តើមដំណើរការផ្លូវរថភ្លើងក្រោមដីនោះ។ ចំណែកឯ ទី៣- ចាប់ផ្តើមការងារស្ថាបនាផ្លូវរថភ្លើងក្រោមដីលេខ១។

ផ្អែកតាមការរំពឹងទុកថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុងនេះនឹងជំរុញឱ្យតម្លៃអចលនទ្រព្យហក់ឡើងខ្ពស់។

លោក Cao Hữu Phi អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ COPiHOME បានប្រាប់គេហទំព័រ cafeland.vn ថា តម្លៃអចលនទ្រព្យនៅឆ្នាំនេះនឹងហក់ឡើងខ្លាំង នៅតាមតំបន់ដែលកំពុងមានការអភិវឌ្ឍហេ ដ្ឋារចនាសម្ព័ន្ធរឹងមាំ។

លោក Nguyễn Thái Phiên អគ្គនាយករងក្រុមហ៊ុនអចលនទ្រព្យ NovaGroup បានលើកឡើងថា ការរីករាលដាលវីរុសកូវីដ-១៩ គឺជាឧបសគ្គដ៏ធំមួយ ចំពោះការរីកចម្រើននៅក្នុងទីផ្សារអចលនទ្រព្យ។ លោកបានបន្ថែមទៀតថា ទោះជាយ៉ាងណា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកំពុងជំរុញវាឱ្សស្ទុះឡើងហើយនៅពេលនេះ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានព្យាករណ៍ថា ការផ្គត់ផ្គង់អចលនទ្រព្យប្រភេទលំនៅដ្ឋាន​ នឹងងើបឡើងខ្លាំងក្នុងរយៈពេល២ឆ្នាំខាងមុខ ដោយយូនីតថ្មីៗជិត២២.០០០យូនីត គ្រោងនឹងបើកលក់គ្រាន់តែនៅក្នុងឆ្នាំ២០២២ នេះ៕ Vietnam News៕

តើអគារប៉ុន្មានកំពុងសាងសង់ និងកំពុងផ្អាកនៅក្រុងព្រះសីហនុ?

ដោយៈគង់ សូរិយា

ព្រះសីងហនុៈ បន្ទាប់ពីជួបវិបត្តិផ្ទួនៗ លើការបិទហ្គេមអនឡាញ ការមកដល់ នៃវបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ បានធ្វើឲ្យទីក្រុងព្រះសីហនុ ដែលជាទីក្រុងមានការរីកចម្រើនលឿនជាងគេ កំពុងស្ថិតនៅក្នុងសភាពស្លោកស្រពោននៅឡើយ ទាក់ទងនឹងវិស័យសំណង់។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទើបបានធ្វើបច្ចុប្បន្នភាព កាលពីពេលថ្មីៗនេះបានបង្ហាញថា រហូតមកទល់ពេលនេះ មានសំណង់អគារចំនួន៧៨ប៉ុណ្ណោះ កំពុងសាងសង់ និងអគារចំនួន៣៦៨អគារ​បាន និងកំពុងផ្អាកការសាងសង់ ក្នុងចំណោ​មគំរោងអគារសរុបចំនួន៩៧៥អគារ ដែលបានអនុម័តឲ្យសាងសង់ ដោយសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគិតចាប់តាំងឆ្នាំ២០០៥ ដល់ឆ្នាំ២០២១។

លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រ​សា​សន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា រហូតមកទល់ពេលនេះ សកម្មភាព​សេដ្ឋកិច្ច និងការវិនិយោគអចលនទ្រព្យ ការទិញលក់ដីធ្លីមានការកំរើកឡើងវិញបណ្តើរៗ ប៉ុន្តែមិនទាន់មានសញ្ញាល្អប្រសើរខ្លាំងនៅឡើយទេ។

លោកបន្តថា “ស្ថានភាពនេះ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យ​សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនៅក្នុងខេត្តនេះរសរវើកឡើងវិញ”។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍នាពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យពិតជាត្រូវការពេលវេលាច្រើនបន្ថែមទៀត ពីអ្វីដែលមានកន្លងមក ដើម្បីឲ្យទីផ្សារស្រូបយកនូវការផ្គត់ផ្គង់កន្លងមក។

អ្នកស្រីបន្តថា “វាមិនងាយឡើងដល់កម្រិតពីមុននោះទេ ព្រោះការឡើងថ្លៃយ៉ាងគំហុក អំឡុងបណ្តាឆ្នាំមុនពេលមានវិបត្តិ និងការបិទហ្គេមអនឡាញ ជាអ្វីដែលជាកំណើនហួសការរំពឹងទុក”៕