តើអគារប៉ុន្មានកំពុងសាងសង់ និងកំពុងផ្អាកនៅក្រុងព្រះសីហនុ?

ដោយៈគង់ សូរិយា

ព្រះសីងហនុៈ បន្ទាប់ពីជួបវិបត្តិផ្ទួនៗ លើការបិទហ្គេមអនឡាញ ការមកដល់ នៃវបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ បានធ្វើឲ្យទីក្រុងព្រះសីហនុ ដែលជាទីក្រុងមានការរីកចម្រើនលឿនជាងគេ កំពុងស្ថិតនៅក្នុងសភាពស្លោកស្រពោននៅឡើយ ទាក់ទងនឹងវិស័យសំណង់។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទើបបានធ្វើបច្ចុប្បន្នភាព កាលពីពេលថ្មីៗនេះបានបង្ហាញថា រហូតមកទល់ពេលនេះ មានសំណង់អគារចំនួន៧៨ប៉ុណ្ណោះ កំពុងសាងសង់ និងអគារចំនួន៣៦៨អគារ​បាន និងកំពុងផ្អាកការសាងសង់ ក្នុងចំណោ​មគំរោងអគារសរុបចំនួន៩៧៥អគារ ដែលបានអនុម័តឲ្យសាងសង់ ដោយសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគិតចាប់តាំងឆ្នាំ២០០៥ ដល់ឆ្នាំ២០២១។

លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រ​សា​សន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា រហូតមកទល់ពេលនេះ សកម្មភាព​សេដ្ឋកិច្ច និងការវិនិយោគអចលនទ្រព្យ ការទិញលក់ដីធ្លីមានការកំរើកឡើងវិញបណ្តើរៗ ប៉ុន្តែមិនទាន់មានសញ្ញាល្អប្រសើរខ្លាំងនៅឡើយទេ។

លោកបន្តថា “ស្ថានភាពនេះ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យ​សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនៅក្នុងខេត្តនេះរសរវើកឡើងវិញ”។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍នាពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យពិតជាត្រូវការពេលវេលាច្រើនបន្ថែមទៀត ពីអ្វីដែលមានកន្លងមក ដើម្បីឲ្យទីផ្សារស្រូបយកនូវការផ្គត់ផ្គង់កន្លងមក។

អ្នកស្រីបន្តថា “វាមិនងាយឡើងដល់កម្រិតពីមុននោះទេ ព្រោះការឡើងថ្លៃយ៉ាងគំហុក អំឡុងបណ្តាឆ្នាំមុនពេលមានវិបត្តិ និងការបិទហ្គេមអនឡាញ ជាអ្វីដែលជាកំណើនហួសការរំពឹងទុក”៕

អារ៉ាប៊ីសាអូឌីត គ្រោងសាងសង់ទីក្រុង Nonprofit City ដំបូងគេបង្អស់របស់ពិភពលោក

ដោយៈសុខុម

រីយ៉ាដ- ព្រះអង្គម្ចាស់ Mohammed bin Salman Foundation ដែលគេស្គាល់ថា Misk បានបញ្ចេញព័ត៌មានលម្អិតស្តីពី ផែនការមេសម្រា​ប់ការសាងសង់ “ទីក្រុងមិនស្វែងរកប្រាក់ចំណេញ” (Nonprofit City) ដំបូងគេបង្អស់របស់ពិភពលោក។

ផ្អែកតាមសេចក្តីថ្លែងការណ៍បង្ហាញបានថា គម្រោងទីក្រុងថ្មី ដែលមានឈ្មោះថា Prince Mohammed Bin Salman Nonprofit City នេះនឹងគ្របដណ្ដប់លើផ្ទៃដី ប្រមាណ៣,៤គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី៦ មីនា។

តំបន់ពាណិជ្ជកម្មនៅក្នុងទីក្រុងនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងគ្របដណ្តប់លើផ្ទៃដីជាង ៣០៦.០០០ម៉ែត្រការ៉េ ហើយនឹងផ្ដល់ការងារដល់មនុស្សប្រហែល ២០.០០០នាក់។

ផ្ទៃដីប្រហែល៩៩.០០០ម៉ែត្រការ៉េនៃគំរោងនេះ ត្រូវបានបែងចែកសម្រាប់កន្លែងលក់រាយ កន្លែងកម្សាន្ត និងកន្លែងលក់អាហារ និងភេសជ្ជៈដែលបម្រើសេចក្ដីត្រូវការ ទាំងអ្នករស់នៅក្នុងទីក្រុងនេះ និងភ្ញៀវទេសចរ។

ផែនការមេទូទៅសម្រាប់ទីក្រុង រួមមាន តំបន់លំនៅដ្ឋានដែលមានផ្ទះវីឡា និងផ្ទះ Townhouse ចំនួន៥០០ខ្នង ព្រមទាំងអាផាតម៉ិនចំនួន ៦.០០០យូនីត ហើយទាំងអស់នេះគឺសមល្មម សម្រាប់អ្នករស់នៅជិត ១៨.០០០នាក់។
ទោះជាយ៉ាងណា គ្មានការបញ្ជាក់ច្បាស់លាស់ថា តើគម្រោងនេះនឹងចាប់ផ្ដើមនៅពេលណា ហើយនឹងបញ្ចប់នៅពេលណានោះឡើយ។

ជ្រលងដ៏ល្បីល្បាញ Wadi Hanifa ស្ថិតនៅភាគខាងជើងនៃទីក្រុងនេះ ខណៈសង្កាត់ Irqah ស្ថិតនៅភាគខាងត្បូងតាមបណ្តោយផ្លូវ Western Ring Road៕ Arab News៕

ក្រុមហ៊ុន Foster&Partners កំពុងឌីសាញឡើងវិញនូវអគារពាណិជ្ជកម្មលំដាប់ពិភពលោកនៅទីក្រុងកោះនរា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ របស់អង់គ្លេស Foster& Partners បាននិងកំពុងគូប្លង់ស្ថាបត្យកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនៅទីក្រុងកោះនរា។

ដើមឡើយ អគារពាណិជ្ជកម្មលំដាប់ពិភពលោកនេះ ត្រូវបានឌីសាញឡើងដោយក្រុមហ៊ុនថៃ ប៉ុន្តែដោយសារមានយោបល់មួយចំនួនមិនសូវពេញ​ចិត្តទម្រង់អគារនោះ ក្រុមហ៊ុន OCIC ដែលកំពុងវិនិយោគបង្កើតទីក្រុងរណបកោះនរា បានអនុញ្ញាត្តឲ្យក្រុមហ៊ុន Foster&Partners ធ្វើការគូប្លង់់ជាថ្មី។

អ្នកស្រីវី ណាវី ប្រធាននាយកដ្ឋានទីផ្សារនៃក្រុមហ៊ុន OCIC ដែលគ្រប់គ្រងគំរោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ និងកោះនរាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមព៌តមានដែលអ្នកស្រីបានដឹង គំរោងមជ្ឈ​មណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ មានកំពស់់៥៥០ម៉ែត្រ ប៉ុន្តែតារយៈគំរូថ្មី ដែលគូដោយក្រុមហ៊ុនអង់គ្លេសដ៏ល្បីឈ្មោះនេះ អគារនេះនឹងត្រូវដំឡើងកំពស់ដល់ជាង៦០០ម៉ែត្រ។

អ្នកស្រីបន្តថា “យ៉ាងណានេះជាព៌តមានបឋម ប៉ុន្តែការសម្រេចបែបណា និងរូបរាងអគារបែបណា ខ្ញុំមិនទាន់អាចបញ្ជាក់បាននៅឡើយទេ”។

ក្រុមហ៊ុន FOSTER &Partners ជាក្រុមហ៊ុនដ៏ល្បីរបស់អង់គ្លេស ដែលបានរចនាប្លង់ ស្ថាបត្យកម្មជាច្រើននៅលើពិភពលោក ពិសេសព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ក៏ក្រុមហ៊ុននជាអ្នកឌីសាញនិងឈ្នះការដេញថ្លៃផងដែរ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសា​សន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា អគារកប់ពពកនេះ អាចនឹងមិនទាន់ចាប់ផ្តើមសាងសង់ នៅឆ្នាំ២០២២នេះនៅឡើយទេ ប៉ុន្តែអាចនឹងសាងសង់នៅឆ្នាំ​២០២៣ខាងមុខនេះ។

លោកបន្តថា “អ្វីៗវាអាស្រ័យលើការកំណត់របស់ក្រុមហ៊ុន និងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង ព្រោះវិបត្តិជំងឺកូវីដ បានធ្វើឲ្យទីផ្សារជួបផលវិបាកផងដែរ”៕

តើវាសនារបស់ Gold Tower42 នឹងទៅជាយ៉ាងណា ខណៈសកម្មភាពសាងសង់បន្តត្រូវបានផ្អាក

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ឆ្លងកាត់យុគសម័យដ៏ខ្មៅងងឹតចំនួនពីរ ទីបំផុតអគារដែលជា Landmark ធំមួយនៅរាជធានីភ្នំពេញ នៅតែមិនអាចឆ្លងផុតពីពេលវេលាដ៏លំបាកនេះ។

Gold Tower៤២ ត្រូវបានវិនិយោគដោយក្រុមហ៊ុន YUNWOO របស់សាធារណៈរដ្ឋកូរ៉េ ដែលបានផ្អាកការសាងសង់ចំំនួនពីរដង និងបីដងទាំងលើកនេះ ដោយសារវិបត្តិកូវីដ១៩ ប៉ុន្តែយ៉ាងណាក៏ដោយគ្រោងអគារដ៏លេចត្រដែតនេះបានបញ្ចប់ហើយ ខណៈកញ្ចក់ព៌ណមាស ដែលរុំក្រសោបអគារនេះបានជះពន្លឺយ៉ាងចិញ្ចែងចិញ្ចាច។

ដើមឡើយ ក្រោយពេលរកបានក្រុមហ៊ុនសាងសង់ថ្មី តំណាងក្រុមហ៊ុនកូរ៉េដ៏ធំ ដែលបានវិនិយោគគំរោងនេះ បានប្រកាសថា គម្រោងនេះ​នឹងបញ្ចប់នៅដំណាច់ឆ្នាំ២០១៩។

លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន YUNWOO ប្រចាំ​កម្ពុជា​បាន​ប្រកាសឲ្យ​​ដឹងអំឡុងពេល ​ប្រកាស​ចាប់ផ្តើម​សាងសង់​អាគារ​នេះ​ ជាថ្មីកាលពី​ចុង​ឆ្នាំមុន​ថា អាគារ​នេះ​បាន​ចំណាយ​ប្រាក់​សាងសង់​អស់ ១០០លាន​ដុល្លារ​ហើយ និង​ត្រូវចំណាយ​ប្រាក់១៤០លាន​ដុល្លារ​ទៀត ដើម្បី​បញ្ច​ប់​គំរោង​នេះ​នៅ​ចុងឆ្នាំ២០១៩ខាងមុខ។

មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​ ដែលរួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិ​យាល័យ ខុន​ដូ​សរុប​ចំនួន៣៩៩យូ​នី​ត។
នៅពេលចាប់់ផ្តើមសាងសង់គំរោងនេះជាថ្មីនេះ ក្រុមហ៊ុន YUNWOO បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន Hongtao Decoration និង​ក្រុមហ៊ុន​សាងសង់​ឈ្មោះ Waiman Construction& Engineering ដែល​មា​ន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ដើម្បីសាងសង់បញ្ចប់អាគារនេះ។

យ៉ាងណា Propertyarea.asia សូមជូនពរឲ្យការសាងសង់ និងដំណើរការលក់របស់អាគារនេះ បានទទួលជោគជ័យទោះជាយឺតយ៉ាវបន្តិចក្តី។

ថ្នាក់ដឹកនាំគេហទំព័រ Propertyarea.asia បានព្យាយាមទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុននេះ ប៉ុន្តែខ្សែទូរស័ព្ទថា លេខសម្រាប់ផ្ញើរសារជាសម្លេង ដែលមិនអាចទំនាក់ទំនងគ្នាបានឡើយ។

នៅពេលចូលទៅកាន់បណ្តាញ ទំនាក់ទំនងសង្គមរបស់គំរោងនេះ គឺមិនមានសកម្មភាពថ្មីណាមួយបានផុសឡើយ ក្រៅពីមានរូបភាពចចំនួន៦សន្លឹក ដែលថតបង្ហាញពីស្រ្តីដ៏ស្រស់ស្អាតម្នាក់ ដែលឈរបង្អួតរាងជាមួយអាគារនេះ ដែលបានផុសតាំងពីថ្ងៃទី២ កក្កដា ឆ្នាំ២០២១កន្លងមកនេះ៕

សម្តេចតេជោចូលរួមជាអធិបតីបើកសម្ភោធមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនតម្លៃជិត ៥០លានដុល្លារនៅថ្ងៃនេះ

ដោយៈ វិវត្តន៍

ត្បូងឃ្មុំៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងអញ្ជើញជាអធិតបី ក្នុងពិធីសម្ភោធមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិននៅថ្ងៃទី៧ មិនានេះ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីជនបទនោះ ត្រូវបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលមន្ទីរពេទ្យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបំរើសេវាកម្មពិគ្រោះ ថែរទាំ ព្យាបាលអ្នកជំងឺនៅខេត្តត្បូងឃ្មុំ និងប្រជាជននៅតាមបណ្តាខេត្តក្នុងតំបន់នោះផងដែរ។

ឈរលើគោលនយោបាយ លើកម្ពស់សុខភាពសាធារណៈឱ្យបានកាន់តែប្រសើរ និងធានាឱ្យបាននូវភាពប្រសើរ នូវសុខភាពរបស់ប្រជាពល​រដ្ឋនេះហើយ រាជរដ្ឋាភិបាលបានបង្កើតឱ្យមានមន្ទីរបង្អែកនៅតាមខេត្ត ក្រុង ស្រុក និងបង្កើតមណ្ឌលសុខភាពនៅតាមឃុំផងដែរ។

បើទោះបីយ៉ាងណា ការបង្កើតឱ្យមានមន្ទីរពេទ្យបង្អែកតាមខេត្ត ក្រុង ស្រុក និងមណ្ឌលសុខភាពតាមឃុំនេះ មិនទាន់ឆ្លើយតបនៅឡើយសម្រាប់ប្រជាពលរដ្ឋដែលមានជំងឺ ឬគ្រោះថ្នាក់ធ្ងន់ៗដែលគំរាមកំហែងអាយុជីវិត។ ប្រជាពលរដ្ឋនៅតាមទីជនបទ នៅពេលមានជំងឺធ្ងន់ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដោយចៃដន្យណាមួយនោះ ពួកគេត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ការបញ្ជូនមកស្វែងរកការព្យាបាល ពីតាមបណ្តាខេត្ត ឆ្ពោះមករាជធានីភ្នំពេញ ពេលខ្លះធ្វើឱ្យការសង្គ្រោះ មិនទាន់ពេលវេលា ហើយអ្នកជំងឺត្រូវបាត់បង់ជីវិតតាមផ្លូវក៏មាន។

ដើម្បីដោះស្រាយបញ្ហាដែលជាក្តីកង្វល់ដ៏ធំ នៅក្នុងជីវិតរបស់ប្រជាពលរដ្ឋនៅតាមទីជនបទនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានគិតគូរ ហើយឈានដល់ការសម្រេចចិត្តសាងសង់មន្ទីរពេទ្យមានការព្យាបាល កម្រិតខ្ពស់មួយនៅលើទឹកដីខេត្តត្បូងឃ្មុំ។

ក្រោមចំណងមិត្តភាព និងការគាំទ្រដ៏មុតមាំផ្នែកថវិកា ពីរដ្ឋាភិបាល និងប្រជាជនចិន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តត្បូងឃ្មុំ ក៏ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលបើកការដ្ឋាននោះថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិត្ត ខេត្តត្បូងឃ្មុំ ដែលបំពាក់ដោយបរិក្ខារបម្រើការព្យាបាលដ៏ទំនើបនេះ មិនត្រឹមតែបម្រើដល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ។ ប៉ុន្តែក៏នឹងរួមចំណែកបម្រើ ដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់នោះ ដូចជាខេត្តកំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីផងដែរ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះបានចំណាយទឹកប្រាក់ ប្រមាណ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។

មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យ មានចំនួន៥ជាន់ អគារសម្ភព រោគស្រី និងកុមារចំនួន៥ជាន់ អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត១ជាន់។

មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿង បរិក្ខារពេទ្យទំនើបៗ ដែ​លសុទ្ធសឹង ជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺ បានកាន់តែប្រសើរ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា សមត្ថភាពអគារនេះ គឺជាអគារមួយដែលទំនើប ហើយយើងមានសម្ភារៈបរិក្ខារ ទំនើបៗកម្រិតអន្តរជាតិ ដែលយើងបំពាក់នៅក្នុងអគារមន្ទីរពេទ្យនេះ។

លោកបន្តថា​ “សម្ភារៈបរិក្ខារទាំងអស់ សុទ្ធតែបំពាក់បច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោកយើងនេះ។ ការគ្រប់គ្រងប្រព័ន្ធទាំងអស់នៅក្នុងមន្ទីរពេទ្យ គឺគ្រប់គ្រងដោយប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប”។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ មានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន៣០០គ្រែ ដោយមានផ្តល់សេវាពិនិត្យ និងព្យាបាលលើជំងឺទូទៅជំងឺកុមារ ជំងឺឆ្លង ពិគ្រោះជំងឺក្រៅ ប្រពោធនកម្ម (ICU) សង្គ្រោះបន្ទាន់ វះកាត់ រោគស្ត្រី និងសម្រាលកូន រូបភាពវេជ្ជសាស្ត្រ និង Endoscopy មន្ទីរពិសោធន៍ ឱសថស្ថាន បន្ទប់រំងាប់មេរោគ ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព។

លោកវេជ្ជបណ្ឌិតអេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានឱ្យដឹងថា មន្ទីរពេទ្យអាចពិគ្រោះជំងឺ ក្នុងមួយថ្ងៃបាន៦០០នាក់។លោកបន្តថា បើទោះបីជាយ៉ាងណា មន្ទីរពេទ្យមួយនេះ ក៏នៅប្រឈមនឹងបញ្ហាខ្វះវេជ្ជបណ្ឌិតជំនាញ លើជំងឺធ្ងន់មួយចំនួន និងការប្រើប្រាស់ស ម្ភារៈបរិក្ខារ ដែលមានបច្ចេកវិទ្យាទំនើបៗផងដែរ។

បច្ចុប្បន្នមន្ទីរពេទ្យបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលក្រុមគ្រូពេទ្យ ហើយក៏មានគម្រោងស្នើសុំគ្រូពេទ្យ ជំនាញបន្ថែមពីរាជរដ្ឋាភិបាល ទៅដាក់នៅមន្ទីរពេទ្យនោះផងដែរ៕

ចិនបន្តជាអ្នកវិនិយោគលំដាប់ទី១ក្នុងប្រទេសកម្ពុជា ទោះប្រឈមនឹងវិបត្តិកូវីដ១៩

ដោយ៖ សុផារី

ភ្នំពេញ៖ ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបានកើនឡើងគួរអោយកត់សម្គាល់ក្នុងឆ្នាំ២០២១ បើទោះបីជាឥទ្ធិពលអវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ ដែលពិតជាឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់អ្នកវិនិយោគចិនលើបរិយាកាសធុរកិច្ចរបស់កម្ពុជា។

សារព័ត៌មាន Xinhua កាលពីថ្ងៃសុក្រ ទី០៤ ខែមីនា បានរាយការណ៍ថា កម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន ២,៣២ ពាន់លានដុល្លារ ពីប្រទេសចិនកាលពីឆ្នាំមុន កើនឡើង ៦៧ភាគរយ ពី ១,៣៩ពាន់លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

របាយការណ៍បាននិយាយថា ប្រទេសចិននៅតែជាអ្នកវិនិយោគបរទេសច្រើនបំផុតសម្រាប់ប្រទេសកម្ពុជា ដែលមានចំនួន ៥៣,៤ ភាគរយ នៃការវិនិយោគសរុបចំនួន ៤,៣៥ ពាន់លានដុល្លារដែលកម្ពុជាបានអនុម័តកាលពីឆ្នាំមុន។

លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា ទំនាក់ទំនងជិតស្និទ្ធ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកត្តាចម្បងដែលលើកទឹកចិត្ត អ្នកវិនិយោគចិនកាន់តែច្រើនមកកម្ពុជា។

ទាំង CCFTA និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ដែលមានសមាជិក ១៥ ប្រទេស បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

លោកបានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ រួមជាមួយនឹងច្បាប់វិនិយោគអំណោយផលរបស់កម្ពុជា សន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគបរទេស ជាពិសេសជនជាតិចិន មកបណ្តាក់ទុននៅកម្ពុជា”។

លោក សុខគង់ បាននិយាយថា អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់ ដែលអនុញ្ញាតឱ្យកម្ពុជាបើកដំណើរការឡើងវិញទាំងស្រុងតាំងពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំមុន ក៏ជាបរិយាកាសអំណោយផលសម្រាប់ការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេសផងដែរ។

ការវិនិយោគរបស់ចិននៅកម្ពុជាផ្តោតលើវិស័យអចលនទ្រព្យ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មផលិតផលធ្វើដំណើរ វិស័យទេសចរណ៍ និងកសិកម្ម ក្នុងចំណោមវិស័យផ្សេងៗទៀត។

លោកបានមានប្រសាសន៍ថា “ការវិនិយោគរបស់ចិនមិនត្រឹមតែនាំមកនូវដើមទុនថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏មានបច្ចេកវិទ្យាទំនើបសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា មិត្តភាពដែកថែប និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវក៏ជាកត្តាសំខាន់ដែលទាក់ទាញអ្នកវិនិយោគចិនកាន់តែច្រើនមកកាន់ព្រះរាជាណាចក្រ។

លោកបានប្រាប់ប្រភពខាងលើថា “ការវិនិយោគរបស់ចិន ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត គឺមានសារៈសំខាន់ក្នុងការជួយជំរុញសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារថ្មីៗសម្រាប់ប្រជាជនកម្ពុជា។
លោក ហេង បានមានប្រសាសន៍ថា ទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CCFTA និង RCEP នឹងផ្តល់លទ្ធភាពទទួលបានទីផ្សារកាន់តែច្រើនសម្រាប់ផលិតផលកម្ពុជាទៅកាន់ប្រទេសចិន និងប្រទេសសមាជិក RCEP ផ្សេងទៀត។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជាបានទទួលការអនុគ្រោះពាណិជ្ជកម្មពីប្រទេសមួយចំនួន ដែលជាកត្តាអំណោយផលសម្រាប់អ្នកវិនិយោគបរទេស ក្នុងការបោះទីតាំងខ្សែផលិតកម្មរបស់ពួកគេនៅទីនេះផងដែរ។

លោកបានមានប្រសាសន៍ថា “វិនិយោគិនចិនមានបំណងស្វែងរកឱកាសវិនិយោគនៅក្រៅប្រទេស ហើយកម្ពុជាគឺជាគោលដៅមួយក្នុងចំណោមគោលដៅដែលពួកគេចូលចិត្តបំផុត ដោយសារទំនាក់ទំនងដ៏ល្អរបស់យើង សក្តានុពលដ៏ធំសម្បើមសម្រាប់ការវិនិយោគ ការលើកទឹកចិត្តក្នុងការវិនិយោគ និងកម្លាំងពលកម្មមានតម្លៃទាប”។

លោកបានមានប្រសាសន៍ថា “គ្មានការងឿងឆ្ងល់ទេដែលអ្នកវិនិយោគចិននឹងបន្តមកកម្ពុជាក្នុងប៉ុន្មានឆ្នាំខាងមុខ ហើយទំហំពាណិជ្ជកម្មទ្វេភាគីរបស់យើងនឹងកាន់តែធំ”។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានតម្លៃជិត ១១,២ ពាន់លានដុល្លារ កើនឡើង ៣៨ ភាគរយធៀបនឹងឆ្នាំ ២០២០ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ផលិតផលកសិកម្មដែលមានសក្តានុពលដូចជាអង្ករ ចេក និងស្វាយ ក្នុងចំណោមផលិតផលផ្សេងៗទៀត។

លោកបានមានប្រសាសន៍ថា “ក្រោមកិច្ចព្រមព្រៀង CCFTA និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP យើងសង្ឃឹមថាការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិននឹងមានទំហំធំជាងមុន ជាពិសេសការនាំចេញកសិផល ផលិតផលឧស្សាហកម្ម និងទំនិញកែច្នៃ”៕

Chinese investment in Cambodia rises in 2021 despite pandemic

PHNOM PENH: Chinese investment in Cambodia had increased significantly in 2021 despite the negative effect of the COVID-19 pandemic, which truly reflected Chinese investors’ trust in Cambodia’s business environment, officials and experts said on Friday.

Cambodia attracted fixed-asset investment of 2.32 billion U.S. dollars from China last year, up 67 percent from 1.39 billion dollars in the year before, according to a report from the Council for the Development of Cambodia.

China remained as the top foreign investor to the Southeast Asian nation, accounting for 53.4 percent of the total investment of 4.35 billion dollars the kingdom approved last year, the report said.

Heng Sokkung, secretary of state and spokesman for the Ministry of Industry, Science, Technology and Innovation, said close ties, the Cambodia-China Free Trade Agreement (CCFTA) and the Regional Comprehensive Economic Partnership (RCEP) trade deal are the main factors encouraging more Chinese investors to Cambodia.

Both the CCFTA and the 15-member RCEP trade deal took effect on Jan. 1, 2022.

“I believe that these free trade agreements, together with Cambodia’s favorable investment law, peace and political stability, have provided a great opportunity for foreign investors, particularly Chinese ones, to invest in Cambodia,” he told Xinhua.

Sokkung said a high COVID-19 vaccination rate, which has allowed Cambodia to fully reopen since mid-November last year, is also a conducive atmosphere for attracting both foreign investors and tourists.

China’s investment in Cambodia focuses on the fields of real estate, garment, footwear and travel goods industry, tourism and agriculture, among others.

“Chinese investment has not only brought in new capital, but also advanced technologies for Cambodia’s socio-economic development,” he said.

Lim Heng, vice-president of the Cambodia Chamber of Commerce, said the ironclad friendship and the Belt and Road Initiative are also the major factors attracting more Chinese investors to the kingdom.

“Chinese investment, especially during the pandemic, is essential to help boost Cambodia’s economy and create new jobs for Cambodian people,” he told Xinhua.

Heng said both the CCFTA and RCEP free trade deal would provide greater market access for Cambodian products to China and other RCEP member countries.

Hong Vannak, an economic researcher at the Royal Academy of Cambodia, said besides these free trade pacts, Cambodia has received trade preferences from some countries, which are also a favorable factor for foreign investors to base their production lines here.

“Chinese investors are keen to explore investment opportunities overseas, and Cambodia is one of their most favorite destinations thanks to our excellent ties, enormous potential for investment, investment incentives, and inexpensive labor resources,” he told Xinhua.

“There’s no doubt that Chinese investors will continue to come to Cambodia in coming years, and our bilateral trade volume will be bigger,” he said.

The trade volume between Cambodia and China was valued at nearly 11.2 billion U.S. dollars in 2021, up 38 percent from 2020, according to the Ministry of Commerce.

Cambodian Ministry of Commerce’s undersecretary of state and spokesman Penn Sovicheat said China is a huge market for Cambodia, particularly for potential agricultural products such as rice, bananas and mangoes, among others.

“Under the CCFTA and the RCEP trade pact, we hope Cambodia’s export to the Chinese market will be larger, especially the export of agricultural produce, industrial products, and processing goods,” he said.

Source: Xinhua

វៀតណាមគ្រោងដំណើរការបណ្ដាញផ្លូវដែកដឹកជញ្ជូនទំនិញទៅកាន់អឺរ៉ុប

ដោយៈសុខុម

ហាណូយ: ក្រុមហ៊ុនផ្លូវដែកវៀតណាម Railways of Transport and Trade Joint Stock Company (Ratraco) បានប្រកាសថា ខ្លួននឹងដាក់ឱ្យដំណើរការបណ្ដាញផ្លូវដែក ដឹកជញ្ជូនទំនិញថ្មីមួយរវាងទីក្រុងដាណាង (Da Nang) និងអឺរ៉ុប នៅដើមខែនេះ។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃទី៤ មីនាបានឱ្យដឹងថា រថភ្លើងនេះនឹងដឹកជញ្ជូនទំនិញ ចំនួន២៣កុងតឺន័រ ដែលសុទ្ធតែជាគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុន IKEA ដែលជាប្រែនគ្រឿងសង្ហារឹមដ៏ល្បីល្បាញរបស់ស៊ុយអែត។

រថភ្លើងនេះ នឹងឈប់សំចតនៅស្ថានីយផ្លូវដែកអន្តរជាតិ ដុងដាង (Đồng Đăng International Railway Station) នៃខេត្តព្រំដែនភាគខាងជើង Lang Sonto ជម្រះពន្ធគយ ដើម្បីឱ្យខ្លួនអាចបន្តដំណើរឆ្ពោះទៅកាន់ស្ថានីយផ្លូវដែកចឹងចូវ (Zhengzhou Railway Station) ក្នុងប្រទេសចិន មុនពេលភ្ជាប់រថភ្លើងអាស៊ី-អឺរ៉ុប ដើម្បីបន្តដំណើរទៅឱ្យដល់គោលដៅរបស់ខ្លួន។

គម្រោងដំណើរការបណ្ដាញផ្លូវដែកពីវៀតណាម ឆ្ពោះទៅអឺរ៉ុបនេះធ្វើឡើងបន្ទាប់ពីរថភ្លើងដឹកទំនិញមួយគ្រឿង បានចេញដំណើរពីក្រុងហាណូ​យ ឆ្ពោះទៅកាន់ប្រទេសបែលហ្ស៊ិក ជាលើកដំបូងកាលពីខែកក្កដា ឆ្នាំ២០២១ ដោយដឹកទូកុងតឺន័រទំនិញសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែ​កជើងស្បែក។

យោងតាមក្រុមហ៊ុនសាជីវកម្មផ្លូវដែកវៀតណាម (Việt Nam Railway Corporation) បានឱ្យដឹងថា សេវាដឹកជញ្ជូនទំនិញផ្លូវតាមដែកអន្តរជាតិ ទទួលបានកំណើនជាវិជ្ជមានកាលពីឆ្នាំ២០២១ និងនៅខែមករា ដើមឆ្នាំ២០២២ នេះ។

ទោះបីអំឡុងវិបត្តិកូវីដ-១៩ ក្ដី ក៏ទំនិញរហូតដល់ទៅជិត១,១៦លានតោនត្រូវបានដឹកជញ្ជូនតាមរថភ្លើង ក្នុងឆ្នាំ២០២១ ដោយកើនឡើង 34 ភាគរយបើធៀបនឹងឆ្នាំ២០២០៕ Vietnam News៕

គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោចាយលុយអស់ជាង៤០០លានដុល្លារហើយ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោ បានចំណាយទឹកប្រាក់ សាងសង់អស់ប្រមាណ៤១៤លានដុល្លារអាមេរិកហើយគិតមកដល់ពេលបច្ចុប្បន្ននេះ។

ទំហំចំណាយនេះ ស្មើនឹងប្រមាណ៣២ភាគរយ នៃគម្រោងសាងសង់ទាំងមូល ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះ នៅថ្ងៃទី៤ មីនា២០២២។

គម្រោងព្រលានយន្តហោះនេះ ទទួលបានការវិនិយោគពីបណ្ដាធនា​គារក្នុងស្រុក និងបរទេស ដែលមានប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់ ជាក់ស្ដែងនៅរសៀលថ្ងៃទី៤ មីនា២០២២នេះ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយលោកឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករងបានចុះហត្ថលេខាជាមួយ ធនាគារហត្ថា ម.ក តំណាងដោយលោកឧកញ៉ា ហួតអៀងតុង ជាប្រធានអគ្គនាយកសម្រា​ប់ការវិនិយោគ លើសញ្ញាបណ្ណមានបុគ្គលធានា១៥លានដុល្លាររបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ។

សេចក្ដីប្រកាសព័ត៌មាឱ្យដឹងថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ។ អត្រាការប្រាក់របស់សញ្ញាបណ្ណនេះ គឺ៥,៥ភាគរយក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើបសណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើន ដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។

ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណ ធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។

ជាមួយបទពិសោធន៍ ក្នុងការបម្រើសេវាហិរញ្ញវត្ថុ ទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារហត្ថាបានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្ម ហិរញ្ញវត្ថុជាច្រើនផ្សេងទៀតក្នុងនោះមាន ដូចជា ការធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាធនាគារចល័ត (Hattha Mobile) ដាក់ឱ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាឥណទានវិបារូបន៍ សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi and HYSA Corporate) និងការត្រៀមខ្លួន ក្នុងការផ្តល់ជូនសេវាធនាគារថ្មីៗផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្សរ៍ និងជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ៕

អ្នកឧកញ៉ាគិត ម៉េងៈសភាពាណិជ្ជកម្មខេត្តចំនួនបីកំពុងកសាងអគារលេខាធិការដ្ឋានរបស់ខ្លួន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាគិត ម៉េង បានសម្តែងការអបអរសាទរ ដល់ខេត្តចំនួនបី ដែលកំពុងសាងសង់អគារលេខាធិ​ការដ្ឋានរបស់ខ្លូន។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសភាពាណិជ្ជកម្មខេត្ត-ក្រុង ឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ និងការផ្សព្វផ្សាយយន្តការ ភាពជាដៃគូរវាយរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មខេត្តក្រុងកាលពីថ្ងៃទី៤ មិនាកន្លងមក អ្នកឧកញ៉ាគិត ម៉េងបានបង្ហាញទិសដៅ និងណែនៃដល់ប្រធានសភាពាណិជ្ជកម្មរាជធានីខេត្តក្រុង ត្រូវអនុវត្តន៍នូវគោលការណ៍៍សំខាន់ៗមួយចំនួនដូចជា ទី១ ត្រូវមានឆន្ទៈ ខិតខំរៀបចំកសាងទីស្នាក់ការផ្ទាល់របស់ខ្លួន និងផ្តល់ព័ត៌មានផ្សេងៗ ទី២ ត្រូវមានទំនាក់ទំនងល្អរ វាងរដ្ឋបាលខេត្តក្រុងរបស់ខ្លួន។

ទី៣ ត្រូវធ្វើចលនាផ្សព្វផ្សាយ ប្រមូលគៀងគររាល់អាជីវកម្ម ពាណិជ្ជកម្ម តូច មធ្យម ធំ ចូលរួមជាមួយសភាពាណិជ្ជកម្មខេត្តក្រុងនីមួយៗ ដើម្បីទទួលបានធាតុចូល អនុសាសន៍ផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម របស់ប្រធានសភា ពាណិជ្ជកម្ម ខេត្ត ក្រុងទាំង១៧ ដែលជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីអ្នកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មកម្ពុជា ផ្តល់អនុសាសន៍ក្នុងគោលបំណង ពង្រឹងកិច្ចសហការ និងបន្តកិច្ចរៀបចំតាមសភាពាណិជ្ជកម្ម រាជធានីខេត្តក្រុង៕