ការសិក្សា: ជប៉ុន ត្រូវបង្កើនចំនួនពលករបរទេសរួមទាំងពលករខ្មែរ ឱ្យឈានដល់ជិត ៧លាននាក់ដើម្បីសម្រេចគោលដៅកំណើន

ដោយសុខុម

ភ្នំពេញ: ការសិក្សាបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈ ថា ប្រទេសជប៉ុន នឹងត្រូវការចំនួនពលករបរទេសច្រើនជាង៤ដង បើធៀបនឹងចំនួនពលករបរទេសបច្ចុប្បន្ននៅត្រឹមឆ្នាំ២០៤០ ដើម្បីសម្រេចបានតាមមាគ៌ាកំណើនដែលរដ្ឋាភិបាលបានគូសបង្ហាញនៅក្នុងការព្យាករសេដ្ឋកិច្ចរបស់ខ្លួន។

លទ្ធផលនៃការសិក្សាដែលធ្វើឡើងដោយក្រុមស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន នេះឆ្លុះបញ្ចាំងពីការពឹងផ្អែករបស់ប្រទេសជប៉ុន លើពលករបរទេសកាន់តែខ្លាំងឡើងដោយសារចំនួនប្រជាជនជប៉ុន កាន់តែធ្លាក់ចុះ។ នេះបើយោតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៣ កុម្ភៈ។

ក្រុមស្រាវជ្រាវដែលរួមមានទាំងអ្នកជំនាញមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Jica) ដែលមានទំនាក់ទំនងជាមួយក្រសួងការបរទេសផងដែរនេះ បានលើកឡើងតាមរយៈរបាយការណ៍មួយថា ប្រទេសជប៉ុន ត្រូវតែបង្កើនចំនួនពលករបរទេសឱ្យឈានដល់៦,៧៤លាននាក់នៅត្រឹមឆ្នាំ២០៤០ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម១,២៤%ដោយផ្អែកលើសេនារីយ៉ូ “កំណើនខ្ពស់” ដែលរដ្ឋាភិបាលបានកំណត់នៅក្នុងការព្យាកររយៈពេលវែងរបស់ខ្លួន។

តួលេខនេះនឹងកើនឡើងជិត៣០០% បើធៀបនឹងចំនួនពលករបរទេសចំនួន១,៧២លាននាក់នាពេលបច្ចុប្បន្នដែលស្មើនឹងប្រមាណ២,៥%នៃកម្លាំងពលកម្មសរុប។

ការសិក្សានេះបានព្យាករថា ប្រទេសជប៉ុន នឹងបាត់បង់កម្លាំងពលកម្មក្នុងស្រុកជាង១០%ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ។

ចំនួនប្រជាជនជប៉ុន បានកើនឡើងដល់កម្រិតកំពូលក្នុងឆ្នាំ២០០៨ ហើយបានធ្លាក់ចុះចាប់តាំងពីពេលនោះមក ដោយសារអត្រាផ្ដល់កំណើតទារកបានធ្លាក់ចុះខ្លាំងមកនៅត្រឹមប្រមាណ១២៥លាននាក់គិតមកទល់នឹងឆ្នាំ២០២១។ ហើយចំនួនប្រជាជនដែលពេញកម្លាំងធ្វើការកំពុងតែធ្លាក់ចុះកាន់តែឆាប់រហ័សដោយសារវ័យចាស់។

ប្រមាណពាក់កណ្តាលនៃពលករបរទេសក្នុងប្រទេសជប៉ុន ទៅពីប្រទេសវៀតណាម និងប្រទេសចិន។ ក្រុមស្រាវជ្រាវនេះនិយាយថា ចំនួនពលករបរទេសដែលទៅពីប្រទេសនានារួមមានទាំងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ជាដើមនឹងកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ៕ Reuters៕

ពលរដ្ឋហុងកុងសម្រុកទិញផ្ទះនៅកោះតៃវ៉ាន់កាន់តែច្រើន ខណៈកោះនេះក្លាយជាជម្រើសតាំងលំនៅថ្មីដ៏ពេញនិយម

ដោយ សុខុម

ហុងកុង: ពលរដ្ឋហុងកុង កាន់តែច្រើនឡើងៗកំពុងសម្រុកទិញផ្ទះនៅកោះតៃវ៉ាន់ ដើម្បីតាំងលំនៅថ្មីនៅទីនោះ ហើយក្រុមអ្នកវិភាគមើលឃើញថា ទិន្នាការនេះនឹងជំរុញឱ្យតម្រូវការលំនៅដ្ឋានលើកោះស្វយ័តមួយនេះកើនឡើងខ្ពស់នៅប៉ុន្មានឆ្នាំខាងមុខ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈ នេះឱ្យដឹងថា ទិន្នន័យទទួលបានចុងក្រោយបង្ហាញថា ពលរដ្ឋហុងកុង មានចំនួនគ្របដណ្ដប់យ៉ាងហោចណាស់១ភាគ៣នៃលំនៅដ្ឋានដែលទិញដោយជនបរទេសក្នុងឆ្នាំ២០១៩ និង២០២០។

ទិន្នន័យផ្លូវការបង្ហាញថា ពលរដ្ឋហុងកុង ចំនួន២៧.៨៤៤នាក់ត្រូវបានរដ្ឋាភិបាលក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ អនុម័តឱ្យទទួលបានសិទ្ធិស្នាក់នៅពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដោយកើនលើសទ្វេដង បើធៀបនឹងចំនួន១២.២២០នាក់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។

លោក Sing Tien Foo សាស្ត្រាចារ្យ និងជានាយកវិទ្យាស្ថានសិក្សាអចលនវត្ថុ និងតំបន់ក្រុង (Institute of Real Estate and Urban Studies) នៃសកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) បានលើកឡើងថា “ពលរដ្ឋហុងកុង តែងតែចាត់ទុកកោះតៃវ៉ាន់ ជាកន្លែងដ៏ពេញនិយមមួយសម្រាប់ការតាំងលំនៅថ្មីដោយសារមានភូមិសាស្ត្រនយោបាយនៅក្បែរគ្នា និងមានវប្បធម៌ស្រដៀងគ្នា”។

លោកបានបន្ថែមទៀតថា “ពលរដ្ឋហុងកុង នៅតែយល់ថា លំនៅដ្ឋាននៅកោះតៃវ៉ាន់ ជាពិសេសក្នុងបណ្ដាទីក្រុងលំដាប់ទី២ និងនៅភាគខាងត្បូង មានតម្លៃសមរម្យបើធៀបនឹងទីផ្សារលំនៅដ្ឋាននៅហុងកុង”។

ចាប់តាំងពីឆ្នាំ២០១៩ មកដែលជាពេលផ្ទុះបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុងហុងកុង ចំនួនពលរដ្ឋហុងកុង ដែលទិញផ្ទះនៅក្នុងប្រទេសនានាជុំវិញពិភពលោកដូចជាប្រទេសព័រទុយហ្គាល់ និងប្រទេសអង់គ្លេស ជាដើមបានកើនឡើងយ៉ាងគំហុក។

ការវិនិយោគលើអចលនទ្រព្យគឺជាមធ្យោបាយមួយគត់ដែលពលរដ្ឋហុងកុង អាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសផ្សេង ដោយផ្តល់ឱ្យពួកគេនូវជម្រើស ប្រសិនបើពួកគេសម្រេចចិត្តតាំងលំនៅថ្មី។

ជាឧទាហរណ៍ នៅប្រទេសអង់គ្លេស ដោយអនុវត្តតាមកម្មវិធីផ្ដល់សិទ្ធិជ្រកកោនឆាប់រហ័សសម្រាប់អ្នកដែលកាន់លិខិតឆ្លងដែនសញ្ជាតិអង់គ្លេស (ក្រៅប្រទេស) ពលរដ្ឋហុងកុង រហូតដល់ទៅ៣២២.៤០០នាក់ទំនងជានឹងទិញផ្ទះនៅទីនោះនៅត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលអង់គ្លេស។

ដូចគ្នានឹងប្រទេសអង់គ្លេស ដែរ កោះតៃវ៉ាន់ ត្រូវគេទទួលស្គាល់ថាមានភាពរួសរាយរាក់ទាក់ និងអាណិតអាសូរចំពោះពលរដ្ឋហុងកុង ដែលកំពុងសម្លឹងរកឱកាសចាកចេញពីទីក្រុងហុងកុង បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាសក្នុងទីក្រុងនេះកាលពីឆ្នាំ២០២០។

លោក Andrew Liu នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យឈានមុខគេរបស់តៃវ៉ាន់ Colliers Taiwan បានលើកឡើងថា “យោងតាមស្ថិតិរបស់រដ្ឋាភិបាល យើងកំពុងមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នូវចំនួនពលរដ្ឋហុងកុង ដែលផ្លាស់លំនៅដ្ឋានមកកាន់កោះតៃវ៉ាន់ ជាពិសេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ” ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអង់គ្លេស Savills ឱ្យដឹងថា ក្នុងឆ្នាំ២០១៩ ក្រោយមានចលាចលក្នុងសង្គម ពលរដ្ឋហុងកុង បានទិញផ្ទះដែលគិតជាផ្ទៃសរុបដល់ទៅ១៥៨.៦១៤ម៉ែត្រការ៉េនៅកោះតៃវ៉ាន់ ស្មើនឹង៤១,២%នៃអចលនទ្រព្យសរុបដែលទិញដោយជនបរទេស។ ចំនួននេះកើនឡើងច្រើនជាង៣ដងបើធៀបនឹងផ្ទៃ៥២.៦០៧ម៉ែត្រការ៉េ ដែលពលរដ្ឋហុងកុង បានទិញក្នុងឆ្នាំ២០១៨។

ក្នុងឆ្នាំ២០២០ ដោយសារការរឹតបន្តឹងព្រំដែនយ៉ាងតឹងរ៉ឹងពីសំណាក់រដ្ឋាភិបាលក្រុងតៃប៉ិ ដែលបានផ្អាកការអនុម័តលើការដាក់ពាក្យសុំទិដ្ឋាការថ្មីៗ បន្ទាប់ពីការផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ ពលរដ្ឋហុងកុង អាចទិញបានអចលនទ្រព្យបានត្រឹមតែ៦០.៩១៣ម៉ែត្រការ៉េប៉ុណ្ណោះនៅកោះតៃវ៉ាន់ ប៉ុន្តែនៅតែមានចំនួនគ្របដណ្ដប់ច្រើនជាង១ភាគ៣នៃអចលនទ្រព្យសរុបដែលជនបរទេសបានទិញនៅលើកោះនេះ។

ទោះជាយ៉ាងណា មិនទាន់មានទិន្នន័យផ្លូវការសម្រាប់ឆ្នាំ២០២១ មិនទាន់មាននៅឡើយទេ៕

សណ្ឋាគារធំបំផុត​របស់​សិង្ហបុរី Marina Bay Sands ពង្រីកបន្ថែមក្រោមទុនវិនិយោគច្រើនពាន់លានដុល្លារ

ដោយ៖ សុខុម

សិង្ហបុរី: សណ្ឋាគារប្រណីតដ៏ល្បីល្បាញ Marina Bay Sands ដែលជានិមិត្តរូបតំណាងឱ្យប្រទេសសិង្ហបុរី ដ៏ស្រស់ឆើតឆាយនៅពេលនេះកំពុងស្ថិតក្រោមគម្រោងពង្រីកជាមួយទុនវិនិយោគរាប់ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈ។

ដោយមានរចនាប័ទ្មជាអគារភ្លោះ៣ និងមាននាវាបន្តុបពីលើយ៉ាងអស្ចារ្យ សណ្ឋាគារ Marina Bay Sands ស្ថិតក្រោមគម្រោងពង្រីកបន្ថែមជាមួយនឹងទុនវិនិយោគ៣,៣ពាន់លានដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៦ ដោយលឿនជាងការគ្រោងទុកមុននេះមួយឆ្នាំ។ នេះបើយោងតាមក្រុមហ៊ុនមេ Las Vegas Sands ដែលជាម្ចាស់សណ្ឋាគារនេះ។

គម្រោងជួសជុលកែលម្អសណ្ឋាគារ Marina Bay Sands ក្រោមទុនវិនិយោគ១ពាន់លានដុល្លារអាមេរិក ក៏ត្រូវបានលោក Rob Goldstein ដែលជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Las Vegas Sands ប្រកាសផងដែរអំឡុងកិច្ចប្រជុំស្ដីពីប្រាក់ចំណូលកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ មករា។

នេះមានន័យថា ទុនវិនិយោគសរុបទាំងសម្រាប់ការពង្រីក និងការជួលជុលកែលម្អមានទំហំរហូតដល់ទៅជាង៤,៣ពាន់លានដុល្លារអាមេរិក។

លោក Patrick Dumont នាយកប្រតិបត្តិការនៃក្រុមហ៊ុន Las Vegas Sands ថ្លែងថា ក្រុមហ៊ុនបានសម្រេចវិនិយោគឡើងវិញលើសណ្ឋាគារនេះដើម្បីកែលម្អគុណភាពបន្ទប់ស្វីត (Suite) និងគ្រឿងបរិក្ខារប្រើប្រាស់។

លោកគូសបញ្ជាក់ថា “ការវិនិយោគឡើងវិញនេះឆ្លើយតបទៅនឹងគោលដៅមួយចំនួនដែលដាក់ចេញដោយក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី និងរដ្ឋាភិបាលនៅទីនោះ ក៏ដូចជាដើម្បីជួយឱ្យអាជីវកម្មរបស់យើងរីកចម្រើនក្នុងវិស័យទេសចរណ៍ដែលមានតម្លៃខ្ពស់ផងដែរ”។

នៅពេលសាកសួរអំពីការអាក់ខានដែលអាចកើតមានអំឡុងពេលរីករាលដាលវីរុសកូវីដ-១៩ ដែលបានគម្រោងសាងសង់នានាត្រូវពន្យារពេល លោក Rob Goldstein បានឆ្លើយតបថា ការជួសជុលកែលម្អនេះកំពុងដំណើរការទៅមុខយ៉ាងរលូន។

លោក Patrick Dumont បានបន្ថែមថា ការងារជួសជុលកែលម្អនេះទំនងជាត្រូវចំណាយពេលដល់ទៅ២ឆ្នាំដោយសារកង្វះនៃការផ្គត់ផ្គង់កម្លាំងពលកម្ម និងសម្ភារៈ។

គម្រោងពង្រីកសណ្ឋាគារ Marina Bay Sands នឹងបូកបញ្ចូលទាំងការសាងសង់សាលសម្ដែងមួយ អគារទី៤ ដែលមានបន្ទប់សណ្ឋាគារប្រមាណ ១.០០០បន្ទប់ដែលមានដំបូល Sky Roof ជាមួយអាងហែលទឹក និងភោជនីយដ្ឋានផងដែរ។ ទន្ទឹមនេះក៏នឹងមានសាលប្រជុំ Ballroom សាលពិព័រណ៍ និងហាងលក់រាយប្រណីតៗផងដែរ៕

បញ្ហាសំខាន់ៗចំនួនបីបាននិងកំពុងធ្វើឲ្យទីក្រុងត្បូងឃ្មុំបន្តស្ងប់ស្ងាត់

ដោយៈជេស៊ីកា

ត្បូងឃ្មុំៈ ទីក្រុងត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ បន្តមានសភាពស្ងាត់ជ្រងំ បើទោះជាផែនការប្រើប្រាស់ដី លំអិតបានរៀបចំរួចក៏ដោយ ប៉ុន្តែវិនិយោគិនក្នុងស្រុក និងបរទេសនៅមិនទាន់ឈានជើង បោះទុនវិនិយោគទំហំធំគួរឲ្យកត់សំគាល់នៅឡើយទេ។

អ្វីដែលជាឧបសគ្គចំបងមួយរបស់ទីក្រុងថ្មី របស់ខេត្តកូនពៅនេះ បាននិងកំពុងប្រឈមរួមមាន ទី១ ផ្ទៃដីនៅក្នុងទីរួមខេត្តភាគច្រើន គ្រប់គ្រង ដោយអ្នកមានអំ​ណា​ច និងជាអតីតមន្រ្តីជាន់ខ្ពស់របស់ខេត្ត ដែលធ្វើឲ្យប្រជាពលរដ្ឋ មន្រ្តីរាជការ មិនមានលទ្ឋភាពទិញ និងសាងសង់ផ្ទះបាន។

ទី២ អ្នកវិនិយោគមួយចំនួនធំ ដែលគ្រោងបោះទុនវិនិយោគធំ មិនហ៊ានប្រថុយបោះទុនវិនិយោគធំ ដោយសារពួកគេមិនមើលឃើញអំណា​ចនៃការទិញ ពិសេសទីរួមខេត្តនេះ មិនមានប្រជាពលរដ្ឋរស់នៅ និងទី៣ អ្នកពុះដីឡូត៍ សំរាប់លក់ទំហំ៥គុណ នឹង២០ម៉ែត្រ បាននិងកំពុងធ្វើឲ្យខូចផែនការមេ និងផែនការអភិវឌ្ឍន៍ខេត្តនេះនាពេរលអនាគត។

ការពុះដីឡូត៍លក់ នឹងធ្វើឲ្យតំបន់នោះ ក្លាយជាតំបន់មិនរៀបរយ មិនមានសោភ័ណភាព ដោយសារដីមួយហិកតាអាចពុះបាន ចន្លោះពី៧០ទៅ៨០ឡូត៍ និងមានអ្នកទិញចន្លោះពី៥០ទៅ៦០នាក់ ដែលពួកគេមានលទ្ឋ​ភាព និងចង់សាងសង់ផ្ទះម៉ូតខុសៗគ្នា កំពស់ខុសៗគ្នា ជាហេតុធ្វើឲ្យតំបន់ឬសហគមន៍នោះ ក្លាយជាសហគមន៍មានសំណង់ មិនរៀបរយនាពេលអនាគត ស្របពេលដែលអ្នកពុះដីឡូត៍មួយចំនួន មិនបានគិតពីផែនការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឡើយ ដោយពួកគេចាំតែវិចបង្ចិចដើរចេញ ពេលគំរោងរបស់ពួកគេលក់អស់។

មន្រ្តីរាជការមួយរូបបាននិយាយ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា មន្រ្តីរាជការ ដែលផ្លាស់មកពីបណ្តាខេត្តផ្សេងៗ ភាគច្រើនសម្រេចចិត្តជួលផ្ទះប្រជាពលរដ្ឋ នៅតំបន់ក្បែរទីរួមខេត្តស្នាក់នៅ ជាជាងទិញដីដែលមានតម្លៃថ្លៃ និងមិនមានលទ្ឋភាពសាងសង់ផ្ទះបាន។

លោកបន្តថា “ប្រសិនជាមានអ្នកវិនិយោគសាងសង់ ផ្ទះតម្លៃសមរម្យ ដែលមានតម្លៃចន្លោះពី២០,០០០ ទៅ ២៥,០០០ដុល្លារលក់ នឹងមានអ្នកទិញ ពិសេសមន្រ្តីរាជការដែលមានលទ្ឋភាពបង់រំលស់ ចន្លោះពី ២០០ ទៅ៣០០ដុល្លារក្នុងមួយខែ”។

មន្រ្តីដដែលបានបន្តថា ប្រសិនជាអ្នកឧកញ៉ាឡេង ណាវ៉ាត្រាចូលទៅវិនិយោគនៅទីរួមខេត្តនេះ ប្រហែលជាអាចទាក់ទាញអ្នកទិញ និងមានមនុស្សច្រើន ចូលទៅរស់នៅទីរួមខេត្តថ្មីនេះ ប៉ុន្តែប្រសិនជាទុនស្ថានភាពដូច្នេះ ទីរួមខេត្តនេះនឹងបន្តស្ថិត ក្នុងភាពស្ងាត់ជ្រងំរយៈពេលវែងបន្តទៀត។

ទីរួមខេត្តត្បូងឃ្មុំ ស្ថិតនៅចំណុចប្រសព្វទីក្រុងសួង ស្រុកពញ្ញាក្រែក និងស្រុកតំបែរ ជាតំបន់ខ្ពង់រាប ដែលមានព្រៃឈើធម្មជាតិ និងដើមម៉ៃសាក់ ត្រជាក់មនោរម្យ។

លោកបណ្ឌិតបេង ហុងសុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអ្នកគូរប្លង់គោលប្រើប្រាស់ដីលំអិតរបស់ទីក្រុងនេះ ធ្លាប់មានប្រសាសន៍ថា ទីក្រុងត្បូងឃ្មុំ នឹងទាក់ទាញមនុស្សរស់នៅច្រើននាពេលអនាគត ដោយសារទីក្រុងនេះ នឹងទទួលពីការរីកចម្រើនទីក្រុងសួង និងទីរួមស្រុកពញ្ញាក្រែកដែលនៅក្បែរនោះ ពិសេសទីក្រុងនេះ នឹងអាចក្លាយជាមូលដ្ឋានស្តុក ឬ Hub ទំនិញកសិឧស្សាហកម្ម សំរាប់បណ្តាខេត្តភូមិភាគកណ្តាល ព្រោះខេត្តជុំវិញនេះជាតំបន់កសិឧស្សាហកម្ម។

លោកបន្តថា “នាពេលអនាគត នឹងអាចមានខ្សែរថភ្លើងតភ្ជាប់ពីប្រទេ​សចិន វៀតណាមរត់កាត់ខេត្តនេះ ដែលនឹងជម្រុញសក្តានុពលសេដ្ឋកិច្ច និងការដឹកជញហជូនទំនិញផងដែរ ប៉ុន្តែលោកមិនបញ្ជាក់ឲ្យដឹងពីពេលវេលាជាក់លាក់ថា ខ្សែរថភ្លើងនឹងចាប់ផ្តើមនៅពេលណានោះទេ”៕

ខេត្ត​កំពង់ស្ពឺ​ ​ដក​ហូត​ដី​ព្រៃឈើខុសច្បាប់ទំហំ​២៦ហិកតា​​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់​

ដោយ៖ សុផារី

កំពង់ស្ពឺ៖​ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ បាន​ចេញ​ដីកា​ស្តី​ពី​ការ​ប្រកាស​បដិសេធ​ និង​ដក​ហូត​ដី​ព្រៃឈើខុសច្បាប់​​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់​ លើទីតាំងដីចំនួនពីរកន្លែង ក្នុង​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីសរុប ២៦ហិកតា។

​បើតាមដីកា​ចេញ​ដោយ​​អភិបាល​នៃ​គណៈអភិបាល​ ខេត្តកំពង់ស្ពឺ ក្នុង​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ​ ឆ្នាំ​២០២២នេះ​ ​បាន​ប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព របស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួនពីរកន្លែង ដែលមានផ្ទៃដីសរុប ២៦ហិកតា (ម្ភៃប្រាំមួយហិកតា) ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចំណុចនិយាមកា និងផែនទីបង្ហាញទីតាំងដីភ្ជាប់មកជាមួយស្រាប់។

រដ្ឋបាល​កំណត់រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា ហើយ​បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងដីកានេះ ត្រូវទុកជានិរាករណ៍។

ក្នុង​ដីកា​ដដែល បាន​ឱ្យ​ផ្តល់​អំណាចដល់​រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកឱរ៉ាល់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ការិយាល័យដែនជម្រកសត្វ​ អនុគណៈកម្មាធិការខេត្ត ក្រុមការងារ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ទន្ទ្រាន យកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើតំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធនានា ត្រូវអនុវត្តន៍ ដីកានេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃទី​០២ ខែ​កុម្ភៈ​នេះ​តទៅ៕

ក្រុមហ៊ុនក្នុងស្រុកដំបូងគេប្រកាសពង្រីកសេវាអចលនទ្រព្យទៅកាន់ទីផ្សារពិភពលោក

ដោយ៖ សូរិយា​

ភ្នំពេញ៖ ZPLAT INTERNATIONAL ជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគអចលនទ្រព្យសកលថ្មីមួយ នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេនៅកម្ពុជា ក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារ​អចលនទ្រព្យនៅទូទាំងពិភពលោក ដើម្បីចាប់យកចំណែកទីផ្សារឱ្យកាន់តែធំ​ ស្របពេលដែលសេវាកម្មអចលនទ្រព្យសកលកំពុងបង្ហាញពីកំណើនតម្រូវការគួរឱ្យកត់សម្គាល់។

ZPLAT INTERNATIONAL នឹងបើកដំណើរការឆាប់ៗនេះ ដែលក្រុមហ៊ុននេះឋិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Zillennium Co., Ltd. (Z1 Group) ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។​

ការប្រកាសពង្រីកខ្លួនរបស់ក្រុមហ៊ុន ZPLAT INTERNATIONAL ស្របពេលដែលទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោកបានបង្ហាញពីកំណើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។

ជាក់ស្តែង ប្រតិបត្តិការទិញ-លក់ក្នុងវិស័យអចលនទ្រព្យបូកបញ្ចូលគ្នានៅទូទាំងពិភពលោកសម្រេចបានទំហំទឹកប្រាក់ប្រមាណ ៧៥៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ ខែ (មករា-កញ្ញា) ឆ្នាំ២០២១។ ទំហំទឹកប្រាក់នេះកើន៤ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនពេលដែលកូវីដ-១៩ ផ្ទុះឡើង។ ​នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន JLL ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។​

កំណើនប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅលើទីផ្សារអន្តរជាតិ បានបង្កើតឱកាសជាច្រើនដល់ប្រតិបត្តិករក្នុងវិស័យនេះដើម្បីពង្រីកខ្លួនក្នុងការឆ្លើយតបទៅនឹងកំណើនតម្រូវការទាំងពេលបច្ចុប្បន្ន នឹងទៅអនាគត។​

ដើម្បី​ឆ្លើយ​តប​​នូវ​កំណើន​នេះ ក្រុមហ៊ុន ZPLAT INTERNATIONAL កំពុងត្រូវការជ្រើសរើស​អ្នក​ជំនាញ​វ័យ​ក្មេងជា​ច្រើន​នាក់​ដែលមានជំនាញផ្នែកអន្តរភាសា មកចូលរួមក្នុងគម្រោងសកល​ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យដ៏សម្បូរបែប​ និងជាទីផ្សារអចលនទ្រព្យឈានមុខគេមួយនៅទូទាំង ១៩៥ ប្រទេស​លើពិភពលោក។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេបមកកាន់អ៊ីមេល [email protected] ។ មានតែបេក្ខជន​ជាប់ឈ្មោះប៉ុណ្ណោះ ទើបត្រូវបានអញ្ជើញមកសម្ភាសន៍។ ​ទំនាក់ទំនងលេខទូរស័ព្ទ៖ +855 61 876 333

គេហទំព័រផ្លូវការ៖ www.zplat.com

ធនាគារ ហត្ថា បង្កើនល្បឿនការវាយតម្លៃអចលនទ្រព្យតាមរយៈការប្រើប្រាស់ Indication Plus Platform របស់ក្រុមហ៊ុន VTrust Appraisal Co., Ltd.

ដោយ៖​ សហការី

ភ្នំពេញ: គោលបំណងនៃកិច្ចសហការនេះនឹងជំរុញឱ្យវិស័យធនាគារ និងវិស័យអចលនទ្រព្យ អាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ជាពិសេសតាមរយៈការដាក់ឱ្យប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យតាមប្រព័ន្ធឌីជីថល ឱ្យកាន់តែទូលំទូលាយដល់ស្ថាប័នហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាឥណទានដល់អ្នកប្រើប្រាស់បានឆាប់រហ័ស ងាយស្រួល និងមានទំនុកចិត្តខ្ពស់។

ក្រុមហ៊ុនហ្សីលាននាម ឯ.ក, ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ឯ.ក និង ធនាគារ ហត្ថាម.ក នៅថ្ងៃនេះ បានសម្រេចបានកិច្ចសហការគ្នា ដើម្បីស្វែរកដំណោះស្រាយថ្មីៗ សំដៅរួមចំណែកពង្រឹងគុណភាពទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាបង្កើនភាពទាក់ទាញទីផ្សារអចលនទ្រព្យនៅកម្ពុជា ស្របពេលដែលវិស័យទាំងពីរនេះបានក្លាយជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ក្រុមហ៊ុនទាំងបីនេះបានរៀបចំចុះហត្ថលេខាលើកិច្ចសហការ ដាច់ដោយឡែកពីរផ្សេងៗគ្នា ក្នុងពេលតែមួយនាព្រឹកថ្ងៃទី ៣ កុម្ភៈ នៅឯសណ្ឋាគារ Raffles Hotel Le Royal។ ក្នុងនោះក្រុមហ៊ុន Zillennium Co.,Ltd ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា ដែលមានលោកគុយ វ៉ាត ជាប្រធានក្រុមប្រឹក្សាភិបាល បានសម្រេចចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយ ធនាគារ ហត្ថា ដែលមានលោកឧកញ៉ា ហួត អៀងតុង ជាប្រធានអគ្គនាយក។ ការសម្រេចចុះ MoU នាពេលនេះ ជាការបើកផ្លូវដល់ក្រុមហ៊ុន Zillennium Co., Ltd និង ធនាគារ ហត្ថា ក្នុងការស្វែងរកដំណោះស្រាយថ្មីៗ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទីផ្សារទាំងក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ។

ការចាប់ដៃគូជាមួយ Zillennium Group បានឆ្លុះបញ្ចាំងពី ការយកចិត្តទុកដាក់កាន់តែជិតរបស់ធនាគាររបស់យើងក្នុងការបម្រើអតិថិជនរបស់យើងទាំងបុគ្គល និងសហគ្រាសធុនតូច និងមធ្យម ដោយប្រើប្រាស់បច្ចេកវិទ្យាធនាគារឌីជីថល ដើម្បីសម្របខ្លួន និងរីកចម្រើននៅក្នុងបរិបទសង្គមថ្មីក្រោយការរីករាលដាលជំងឺរាតត្បាត Covid-19 ។ អតិថិជនរបស់យើងនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីភាពជាដៃគូយុទ្ធសាស្ត្រនេះ។

ជាឧទាហរណ៍ ការវាយតម្លៃការស្នើសុំប្រាក់កម្ចីជាមួយធនាគារ ហត្ថា នឹងមានភាពជឿនលឿន និងរហ័ស ពីព្រោះយើងនឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីវាយតម្លៃទ្រព្យហៅថា “indication plus” របស់ក្រុមហ៊ុនVTrust។ ហើយនាពេលអនាគតដ៏ខ្លីខាងមុខនេះ ការទូទាត់សម្រាប់សេវាកម្មអចលនទ្រព្យនឹងកាន់តែមានភាពងាយស្រួល ដោយសារអតិថិជនអាចប្រើប្រាស់ Hattha mobile និង Z1 App របស់យើង នឹងអាចធ្វើការបង់ប្រាក់សម្រាប់សេវាកម្មអចលនទ្រព្យទាំងអស់នៅទូទាំងប្រទេស។ តាមរយៈភាពជាដៃគូនេះ ធនាគារ និងក្រុមហ៊ុន Z1 Group នឹងដាក់ឱ្យដំណើរការ “KHQR” ដែលជាសេវាកម្មឌីជីថលរបស់ធនាគារ ដែលអាចឱ្យអតិថិជនធ្វើការទូទាត់នៅតាមភោជនីយដ្ឋានរបស់ភាគីដូចជា Park Cafe និង Pizza Hut។

ទន្ទឹមគ្នានេះ ធនាគារ ហត្ថា និងក្រុមហ៊ុន Vtrust Appraisal Co., Ltd ក៏បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្ដ (service agreement) លើការប្រើប្រាស់ប្រព័ន្ធវាយតម្លៃអចលនទ្រព្យតាមឌីជីថល ផ្លេតហ្វម អ៊ីនឌីខេសិន ផ្លឹស (Indication Plus Platform) ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការឥណទានរបស់ ធនាគារ ហត្ថា ក៏ដូចជារួមចំណែកពង្រឹងគុណភាពទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ហត្ថា អាចប្រើប្រាស់កម្មវីធីវាយតម្លៃអចលនទ្រព្យ ផ្លេតហ្វម អ៊ីនឌីខេសិន ផ្លឹស (Indication Plus Platform) របស់ក្រុមហ៊ុន Vtrust Appraisal Co., Ltd ដើម្បីវាយតម្លៃទ្រព្យរបស់អតិថិជនដែលដាក់ធានា មុននឹងអនុម័តកម្ចី។ ដូច្នេះការប្រើប្រាស់សេវាវាយតម្លៃបានត្រឹមត្រូវ តាមរយៈ Indication Plus Platform អតិថិជនមិនត្រឹមតែទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានាប៉ុណ្ណោះទេ តែថែមទាំងទទួលបានសេវាឥណទានឆាប់រហ័ស ងាយស្រួល និង ប្រកបដោយទំនុកចិត្តខ្ពស់។

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Vtrust Appraisal Co., Ltd លោក វង្ស សុខាល បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាថា កិច្ចសហការនេះនឹងជំរុញឱ្យការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យកាន់តែទូលំទូលាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាឥណទានដល់ធនាគារ ហត្ថា ដោយសារថា Indication Plus Platform ជាសេវាកម្មវាយតម្លៃអចលនទ្រព្យទំនើបបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យសង្ខេប និងមានលក្ខណៈពេញលេញដោយស្វ័យប្រវត្តិ ដោយមានការរៀបចំចងជាប្រព័ន្ធរូបមន្តត្រឹមត្រូវដោយអ្នកជំនាញ និងតាមស្តង់ដារវាយតម្លៃអចលនទ្រព្យអន្តរជាតិ។ លោកពន្យល់បន្ថែមថា អ្នកប្រើប្រាស់ទាំងអស់អាចពិនិត្យមើលការវិវឌ្ឍដំណើរការវាយតម្លៃចាប់ពីពេលបានដាក់បញ្ជូនសំណើរ រហូតដល់ចេញជារបាយការណ៍វាយតម្លៃសង្ខេបជាស្ថាពរ។

លោកថ្លែងថា “ពីមុនការវាយតម្លៃអចលនទ្រព្យប្រើរយៈពេលដល់ទៅបីថ្ងៃ ទើបអាចដឹងតម្លៃពីអចលនទ្រព្យនោះ។ ប៉ុន្តែបច្ចុប្បន្នយើងប្រើពេលខ្លីប៉ុណ្ណោះ អាចដឹងពីតម្លៃនៃអចលនទ្រព្យនោះ តាមរយៈការប្រើប្រាស់សេវា Indication Plus Platform ព្រោះផ្លេតហ្វមនេះ អ្នកប្រើប្រាស់អាចចូលទៅប្រើ និងស្នើការវាយតម្លៃអចលនទ្រព្យ បានគ្រប់ពេលវេលា ងាយស្រួល ឆាប់រហ័សប្រកបដោយទំនុកចិត្តខ្ពស់ ព្រមទាំងបានដឹងពីតម្លៃអចលនទ្រព្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស”។

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា ការមានសេវាវាយតម្លៃអចលនទ្រព្យប្រកបដោយទំនុកចិត្តខ្ពស់ មានតម្លាភាព និងវិសាលភាពទូលំទូលាយ មានតួនាទីយ៉ាងសំខាន់សម្រាប់ប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសសម្រាប់ការស្នើសេវាកម្មកម្ចី។ ដោយសារតែ អ្នកទទួលកម្ចីទាំងអស់ដែលដាក់ទ្រព្យជាវត្ថុធានា នឹងទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានា និងលទ្ធភាពអាចសងត្រទ្បប់វិញ ខណៈស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចីវិញ អាចធ្វើការវាយតម្លៃពីលទ្ធភាពរបស់អតិថិជនបានត្រឹមត្រូវ និងចៀសវាងហានិភ័យនានា ស្របតាមបទប្បញ្ញត្តិគ្រប់គ្រងហានិភ័យឥណទានដែលបានដាក់ចេញ និងណែនាំដោយធនាគារជាតិនៃកម្ពុជា។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃ ធនាគារ ហត្ថា មានប្រសាសន៍ថា ការសម្រេចកិច្ចសហការ
នៅថ្ងៃនេះ ជាការបោះជំហានទៅមុខកាន់តែប្រសើរឡើងមួយកម្រិតទៀតក្នុងការវាយតម្លៃអចលនទ្រព្យសម្រាប់ការសិក្សាឥណទានដល់អតិថិជនរបស់ធនាគារ ហត្ថា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់តាមរយៈការទទួលបាននូវទិន្នន័យដ៏ច្បាស់លាស់ និងកាន់តែឆាប់រហ័សពីក្រុមហ៊ុនជំនាញ ដូចជា Indication Plus Platform របស់ក្រុមហ៊ុន Vtrust Appraisal Co., Ltd ។

លោកឧកញ៉ាថ្លែងថា “ធនាគារ ហត្ថា សង្ឃឹមថានឹងទទួលបានផលប្រយោជន៍ច្រើន ពីប្រព័ន្ធវាយតម្លៃទំនើបតាមឌីជីថលនេះ ដូចជាការផ្តល់ឥណទានរបស់យើងនឹងមានភាពលឿនរហ័ស និងមានសុក្រឹត្យភាពជាងមុន។ ខ្ញុំជឿថា កិច្ចសហការនៅថ្ងៃនេះ នឹងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនទាំងអស់គ្នា”។

ធនាគារ ហត្ថា បានវិវឌ្ឍខ្លួនពីគ្រឹះស្ថានហិរញ្ញវត្ថុ ក្លាយជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារឈានមុខនៅកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារ ហត្ថា ម.ក បានកើនដល់ប្រមាណ២ពាន់លានដុល្លារ ចាប់តាំងពីស្ថាប័ននេះបានបើកដំណើរការក្នុងអំឡុងឆ្នាំ១៩៩៤។ ការរីកធំធាត់នេះ បានធ្វើឱ្យ ធនាគារ ហត្ថា ពង្រីកសាខារហូតដល់១៧៧សាខា និងដាក់ដំណើរការម៉ាស៊ីនអេធីអឹមចំនួន១៣៧ នៅទូទាំងប្រទេសកម្ពុជា ហើយការចុះកិច្ចព្រមព្រមនៅថ្ងៃនេះ នឹងក្លាយជាការរួមចំណែកដ៏សំខាន់ ក៏ដូចជាការបំពេញបន្ថែមភាពរីកចម្រើនវាងស្ថាប័នទាំងបី។

ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខមួយនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២១ ក៏បានសម្រេចចុះ MoU ស្រដៀងគ្នានេះ ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដោយភាគីទាំងពីរបានព្រមព្រៀងធ្វើសមាហរណកម្ម កម្មវិធីវាយតម្លៃអចលនទ្រព្យតាម Indication Plus Platform ទៅ ផ្លេតហ្វមនៃឧបករណ៍វាយតម្លៃឥណទានរបស់ក្រុមហ៊ុន CBC។

អំពីក្រុមហ៊ុន ហ្សីលាននាម ឯ.ក (Zillennium Co.,Ltd)
ក្រុមហ៊ុន Zillennium Co.,Ltd ជាបណ្តុំសេវាកម្មទីផ្សារអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកធុរកិច្ចវ័យក្មេង ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធន៍បូកបញ្ចូលគ្នារហូតដល់ទៅ ៩០ ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ និងការគ្រប់គ្រងមុខជំនួញទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ។ ក្រុមហ៊ុន Vtrust Appraisal Co., Ltd គឺជាផ្នែកមួយនៃក្រុមហ៊ុន Zillennium Co., Ltd។

អំពីក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ឯ.ក (Vtrust Appraisal Co., Ltd)
ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មទាន់ពេលវេលានិងត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជូនដល់អតិថិជនក្នុងស្រុក និងក្រៅស្រុក រួមមានធនាគារ ក្រុមហ៊ុនឯកជន រូបវន្តបុគ្គល អ្នកធានា រដ្ឋាភិបាល និងភ្នាក់ងារទិញលក់អចលនទ្រព្យ។

យើងគឺជាក្រុមហ៊ុនវាយតម្លៃក្នុងស្រុកដែលឈានមុខគេលើទីផ្សារ និងជាក្រុមហ៊ុនតែមួយគត់ដែលធ្លាប់បានផ្តល់សេវាកម្មវាយតម្លៃជូនដល់ក្រុមហ៊ុនដែលវាយតម្លៃសម្រាប់ត្រៀមចុះបញ្ជីលើទីផ្សារមូលបត្រ។ ក្រុមហ៊ុនរបស់យើងផ្តល់ជូននូវសេវាកម្មវាយតម្លៃអចលនទ្រព្យ វាយតម្លៃអាជីវកម្ម វាយតម្លៃទ្រព្យសកម្ម និងវាយតម្លៃក្រុមហ៊ុនមុនឡើងផ្សារមូលបត្រផងដែរ។

ជាមួយនឹងបទពិសោធន៍នៃការវាយតម្លៃរយៈពេល១៨ ឆ្នាំបានធ្វើឱ្យយើងប្រមូលផ្តុំនូវមូលដ្ឋានទិន្នន័យប្រតិបត្តិការអចលនទ្រព្យយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនដែលឈានមុខមួយ យើងបានផ្តល់ជូនតម្លៃទីផ្សារយ៉ាងសុក្រឹត្យជាមួយនឹងការអប់រំខ្ពស់ និងស្តង់ដារវាយតម្លៃជ្ជាជីវៈ RICS និង IVS។
បច្ចុប្បន្នយើងកំពុងពង្រីកខ្លួនទៅទូទាំងប្រទេស និងកំណែទម្រង់ទៅជាការវាយតម្លៃលើប្រព័ន្ធ Online។ ដើម្បីអភិវឌ្ឍន៏បច្ចេកទេសវាយតម្លៃ ក្រុមអ្នកជំនាញរបស់យើងទាំងអស់ សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលដោយអ្នកជំនាញនៅបរទេសដូចជា ប្រទេសហូឡង់ អាមេរិក ម៉ាឡេស៊ី ថៃនិងសមាគមវាយតម្លៃអាស៊ាន។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២០។ ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀតក្នុងនោះមានដូចជា៖ ការធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាធនាគារចល័ត (Hattha Mobile) ដាក់ឱ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាឥណទានវិបារូបន៍ សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi and HYSA Corporate) និងការត្រៀមខ្លួនក្នុងការផ្តល់ជូនសេវាធនាគារថ្មីៗផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស និងជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ៕

ខេត្តក្រចេះត្រៀមខ្លួនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧

ដោយ៖ សុធារី

ក្រចេះ៖ កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្នុងសង្កាត់អូឫស្សី ក្រុងក្រចេះ ឆ្ពោះទៅចំណុចអូរច្រឡង់ ឃុំអូរគ្រៀង ស្រុកសំបូរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខេត្តក្រចេះ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២២ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្នុងសង្កាត់អូឫស្សី ក្រុងក្រចេះ ឆ្ពោះទៅចំណុចអូរច្រឡង់ ឃុំអូរគ្រៀង ស្រុកសំបូរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។

លោកបានណែនាំដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ដែលជាគណ:កម្ម ការ និងអនុគណៈកម្មការត្រូវត្រៀមរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ ទៅតាមទីតាំងដែលខ្លួនឈរជើង ដោយក្នុងនោះត្រូវត្រៀមរៀបចំឱ្យមាននូវឡានអគ្គិភ័យ ឡានសង្គ្រោះ ម៉ាស៊ីនបាញ់អាល់កុលការពារនិងសម្លាប់មេរោគ សម្ភារតេស្តរហ័ស ទីតាំងថាមពលអគ្គិសនីសម្រាប់បំភ្លឺរោងវេទិកា និងរៀបចំសម្អាតនិងលម្អតាមដងផ្លូវទីសាធារណ:រួមទាំងភ្លើងបំភ្លឺ និងត្រៀមរៀបចំប័ណ្ណសម្គាល់សម្រាប់ចូលរួមតាមប្រភេទ។

កំណាត់ផ្លូវជាតិលេខ៧ ជាប្រភេទបេតុងកៅស៊ូ AC អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន និងបំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់ ចាប់ពីរង្វង់មូលខ្លាស្ទុះ ក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ដល់ភូមិរមៀត ឃុំអូរគ្រៀង ស្រុកសំបូរ ដែលមានប្រវែង៩៣គីឡូម៉ែត្រ៕

Productivity, Diversification, Domestic Investment Are Key to Cambodias Economic Recovery

 

Phnom Penh, January 31, 2022- The blow to Cambodia’s economy from the COVID-19 pandemic was among the most pronounced in East Asia, but the country can regain sustained economic growth by increasing productivity among firms and workers, diversifying exports, and taking steps to boost domestic investment, the World Bank says in its Cambodia Economic Memorandum.

Cambodia’s growth rate, which averaged a robust 7.7 percent between 1995 and 2019, plunged an estimated 10.1 percentage points to contract by 3.1 percent in 2020 before resuming modest growth of 2.2 percent in the year just ended. The dramatic slowdown in output can be attributed in large part to the pandemic, but Cambodia’s dependence on a narrow range of products, markets, and financing sources left it poorly positioned to absorb the shocks, according to the report, Resilient Development, a Strategy to Diversify Cambodia’s Growth Model.

“Getting back to a sustainable growth path will require an ambitious reform agenda that focuses on improving the capabilities of Cambodia’s firms, workers, and households; strengthening regulations to address market distortions and improve the enabling environment for business; and investing in infrastructure that supports higher quality growth,” said World Bank Country Manager for Cambodia Maryam Salim. “A number of short- and medium-term policy actions can support an economic recovery strategy that will allow Cambodia to build back better after the COVID-19 crisis.”

Five products — garments, footwear, rice, cassava, and tourism — have accounted for 80 percent of Cambodia’s total exports in recent years, while just two markets – the European Union and the United States — take 69 percent of merchandise exports. Labor productivity is low due to low levels of skills and training and low “total factor productivity,” a measure of how efficiently a country uses labor and capital in aggregate. In addition, the country’s low savings rate and low domestic investment have led to a heavy reliance on external financing sources.

Cambodia has many options to address the lack of diversification and build back stronger. Investing in human capital, supporting more efficient resource allocation through improved market institutions, and improving public investment management can help boost productivity. Upgrading contributions to global value chains, creating added value in agriculture, and increasing competitiveness in the services sector could diversify of exports. Promoting higher savings, encouraging foreign investment in the most productive sectors, and improving financial access could support domestic investment.

Source: Mirage News

ធនាគារពិភពលោកផ្តល់អនុសាសន៍៣ចំណុចក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញ

ដោយ៖ សុធារី

កម្ពុជា៖ ធនាគារពិភពលោក កាលពីចុងខែមករានេះ បានចេញរបាយការណ៍មួយថា កម្ពុជាអាចត្រឡប់ទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពបាន តាមរយៈការបង្កើនផលិតភាព ការធ្វើពិពិធកម្មការនាំចេញ និងចាត់វិធានការជំរុញការវិនិយោគក្នុងស្រុក។

សេដ្ឋកិច្ចបានកើនឡើងជាមធ្យម ៧.៧ ភាគរយនៅចន្លោះឆ្នាំ១៩៩៥ និង២០១៩ ប៉ុន្តែបានធ្លាក់ចុះចំនួន ៣,១ភាគរយក្នុងឆ្នាំ២០២០។ ផលិតផលក្នុងស្រុកសរុបបានងើបឡើងវិញដល់ ២,២ភាគរយកាលពីឆ្នាំមុន នេះបើយោងតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក។ នៅក្នុងខែនេះសេដ្ឋកិច្ចទំនងជានឹងកើនឡើង ៤,៥ភាគរយនៅឆ្នាំនេះដោយបង្កើនល្បឿនដល់ ៥,៥ភាគរយនៅឆ្នាំ២០២៣។

ការពឹងផ្អែករបស់ប្រទេសលើផលិតផល ទីផ្សារ និងប្រភពហិរញ្ញប្បទានដ៏តូចចង្អៀតបានធ្វើឲ្យប្រទេសនេះស្ថិតក្នុងស្ថានភាពមិនសូវល្អក្នុងការទប់ទល់នឹងផលវិបាកដែលបង្កដោយជំងឺរាតត្បាត យោងតាមអនុស្សរណៈសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក៖ ការអភិវឌ្ឍន៍ធន់ ដែលជាយុទ្ធសាស្ត្រដើម្បីធ្វើពិពិធកម្មគំរូកំណើនរបស់កម្ពុជា។

អ្នកស្រី Maryam Salim នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក លើកឡើងថា “ការត្រលប់ទៅរកមាគ៌ាកំណើនប្រកបដោយនិរន្តរភាព នឹងតម្រូវឲ្យមានរបៀបវារៈកំណែទម្រង់ប្រកបដោយមហិច្ឆិតា ដែលផ្តោតលើការកែលម្អសមត្ថភាពរបស់ក្រុមហ៊ុន កម្មករ និងគ្រួសារនៅកម្ពុជា។ ការពង្រឹងបទប្បញ្ញត្តិដើម្បីដោះស្រាយការបង្ខូចទ្រង់ទ្រាយទីផ្សារ និងធ្វើឱ្យបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់កំណើនប្រកបដោយគុណភាពខ្ពស់។ សកម្មភាពគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួនអាចគាំទ្រដល់យុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច ដែលនឹងអនុញ្ញាតឲ្យកម្ពុជាស្តារឡើងវិញឲ្យបានល្អប្រសើរបន្ទាប់ពីវិបត្តិកូវីដ-១៩”។

ធនាគារពិភពលោកបាននិយាយថា កម្ពុជាចាំបាច់ត្រូវបញ្ចប់ការពឹងផ្អែកលើផលិតផលដូចជាសម្លៀកបំពាក់ ស្បែកជើង អង្ករ និងដំឡូងមី ដែលមានចំនួន ៨០ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា។ ធនាគារពិភពលោក ក៏បានផ្តល់អនុសាសន៍ឱ្យស្វែងរកទីផ្សារថ្មីដើម្បីកាត់បន្ថយការពឹងផ្អែកលើសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលមានចំនួន ៦៩ ភាគរយនៃការនាំចេញផលិតផល។

ធនាគារបាននិយាយថា ការធ្វើឱ្យប្រសើរឡើងនូវការរួមចំណែកដល់ខ្សែសង្វាក់តម្លៃសកល ការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម និងការបង្កើនការប្រកួតប្រជែងក្នុងវិស័យសេវាកម្មអាចធ្វើពិពិធកម្មការនាំចេញ។ ស្ថាប័ននេះក៏បានផ្តល់អនុសាសន៍ផងដែរលើការលើកកម្ពស់ការសន្សំខ្ពស់ ជំរុញការវិនិយោគបរទេសក្នុងវិស័យផលិតភាព និងការកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុដើម្បីគាំទ្រការវិនិយោគក្នុងស្រុក៕