ក្រុមហ៊ុន Alibaba គ្រោងយកផលិតផលខ្មែរទៅលក់នៅលើទីផ្សារប្រទេសចិនតាមរយៈ App Lazada

ដោយៈ សុផារី

ភ្នំពេញៈ តំណាងក្រុមហ៊ុន Alibaba បង្ហាញពីបំណងក្នុងការនាំយកផលិតផលខ្មែរទៅបញ្ចូល និងដាក់លក់នៅលើទីផ្សារប្រទេសចិន និងបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក តាមរយៈ App Lazada របស់ Alibaba Group។

ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុន Alibaba Group តាមរយៈប្រព័ន្ធ Video ស្តីអំពី “កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Alibaba Group ជាមួយរាជរដ្ឋាភិបាលកម្ពុជា”នៅថ្ងៃទី២៨ ខែមករានេះ លោកឧបនាយករដ្ឋមន្រ្តីយឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមនៃកិច្ចសហការ រវាងក្រុមហ៊ុនAlibaba និងគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ ដែលមានក្រសួងនិងស្ថាប័នពាក់ព័ន្ធចំនួន១៧ជាសមាជិក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលមានភារកិច្ចត្រូវជួយស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជា។

លោក សុង ជីងថាវ (Song Juntao) អគ្គលេខាធិការ eWTP នៃក្រុមហ៊ុនAlibabaរបស់ប្រទេសចិន បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីពីវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក ហៅកាត់ថា eWTP គឺជាវេទិកាកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដែលមានសណ្ឋានជាពហុភាគី ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមរយៈប្រព័ន្ធ Online។

លោកបន្តថា eWTP ត្រូវបានបង្កើតឡើង និងចាប់ដំណើរការពីឆ្នាំ២០១៦ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនAlibaba Group ហើយទទួលបានការគាំទ្រ ពីថ្នាក់ដឹកនាំនៃប្រទេសG20 ក្នុងឆ្នាំ២០១៦ លើសពីនេះ eWTP ត្រូវបានទទួលស្គាល់ដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេស ដែលមានកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Alibaba។

eWTP នឹងធ្វើការជាមួយដៃគូក្នុងស្រុក និងបរទេសដើម្បីបង្កើតប ណ្តាញរចនាសម្ព័ន្ធ ឌីជីថលចំនួនបួន រួមមាន ប្រតិបត្តិការសកល ការដឹកជញ្ជូន ហិរញ្ញវត្ថុទូទាត់ និងបណ្តាញវេទិកាសេវាសាធារណៈ ស្វែងយល់ពីច្បាប់ថ្មីនៃពាណិជ្ជកម្មឌីជីថល តាមរយៈការអនុវត្តអាជីវកម្ម និងលើកកម្ពស់ពាណិជ្ជកម្ម តាមរយៈបច្ចេកវិទ្យាឌីជីថល និងកិច្ចសហប្រតិបត្តិការរួមបញ្ចូ​លការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងចីរភាព។

បច្ចុប្បន្ននេះ eWTPបានអនុវត្តន៍ នៅក្នុងប្រទេសចំនួន៦ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ដែលនៅក្នុងទ្វីប អាស៊ី មាន ប្រទេសម៉ាឡេស៊ី និង ប្រទេសថៃ។ ចក្ខុវិស័យរបស់ eWTP ក្នុងការជួយប្រទេសដៃគូពង្រីកការនាំ ចេញ តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិរក្សបរិស្ថាន។
ក្រៅពីប្រទេសចិន ដែលបានប្រើប្រាស់គេហទំព័រ Alibaba.com ដែលជួយសហគ្រាសធុនតូច និងមធ្យមនាំចេញទៅជាង២០០ ប្រទេសជុំវិញពិភពលោក តាមរយៈអនឡាញ ហើយក្រុមហ៊ុនជិតមួយពាន់នៅម៉ាឡេស៊ី និងថៃ គឺជាសមាជិករបស់ក្រុមហ៊ុន Alibaba។

លើសពីនេះ ទាក់ទងនឹងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្រុមហ៊ុនAlibaba ក៏បានណែនាំគេហទំព័រ Lazada ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូ និកឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលបម្រើអតិថិជនចំនួន៦៥០លាននាក់ក្នុង៦ ប្រទេស រួមមានវៀតណាម (Lazada.vn) សិង្ហបុរី (Lazada.sg) ម៉ាឡេស៊ី (Lazada.com.my) ថៃ (Lazada.co.th) ហ្វីលីពីន (Lazada.com.ph) និងឥណ្ឌូនេស៊ី (Lazada.co.id)៕

ធនាគារកណ្ដាលអាមេរិកបានប្រកាសដំឡើងសម្រាប់ការរទិញលំនៅដ្ឋាន

ដោយៈស្រីលីះ

សហរដ្ឋអាមេរិកៈ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងអតិផរណា ធនាគារកណ្តាលអាមេរិកបានប្រកាស នឹងត្រូវដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ដែលជាលើកទីមួយក្នុងរយៈពេលជាង៣ឆ្នាំមកនេះ។

ការដំឡើងអត្រាការប្រាក់នេះ ទំនងជានឹងដាក់សម្ពាធលើអត្រាប្រាក់កម្ចីទិញផ្ទះ ទោះបីជាអត្រាគោលរបស់ទុនបម្រុងសហព័ន្ធ មិនប៉ះពាល់ដល់អត្រាការប្រាក់កម្ចីទិញផ្ទះ ដោយផ្ទាល់ក៏ដោយ ប៉ុន្តែវានឹងបង្កផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យផងដែរ។

ធនាគារកណ្តាលបានណែនាំកាលពីថ្ងៃពុធថា ការកើនឡើងនៃអត្រាការប្រាក់នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ចំពោះអត្រាប្រាក់កម្ចីរយៈពេលខ្លីគោលរបស់ខ្លួន។ នេះជាការកើនឡើងលើកដំបូង គិតចាប់តាំងពី ខែធ្នូ ឆ្នាំ ២០១៨។

គណៈកម្មាធិការទីផ្សារបើកចំហរ បស់សហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “ជាមួយនឹងអតិផរណាលើសពី២ភាគរយ និងទីផ្សារការងារដ៏រឹងមាំ គណៈកម្មាធិការរំពឹងថា វានឹងសមស្របក្នុងពេលឆាប់ៗនេះ ក្នុងការបង្កើនជួរគោលដៅ សម្រាប់អត្រាមូលនិធិសហព័ន្ធ”។

គណៈកម្មាធិការទីផ្សារសហព័ន្ធ ក៏នឹងបញ្ចប់កម្មវិធីទិញមូលបត្របំណុលរបស់ខ្លួននៅក្នុងខែមីនា។

ធនាគារកណ្តាលបានគូសបញ្ជាក់ពីវិធី ដើម្បីចាប់ផ្តើម “កាត់បន្ថយយ៉ាងខ្លាំង” ការកាន់កាប់សញ្ញាប័ណ្ណ នៅលើតារាងតុល្យការរបស់ខ្លួនកាលពីថ្ងៃពុធ។

លោក Jerome Powell ប្រធានទុនបម្រុងសហព័ន្ធ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ខ្ញុំគិតថាមានបន្ទប់ខ្លះ ដើម្បីដំឡើងអត្រាការប្រាក់ដោយមិនគំរាមកំហែងដល់ទីផ្សារការងារ”។

អត្រាមូលនិធិសហព័ន្ធ គឺជាអត្រាការប្រាក់ដែលធនាគារខ្ចី និងផ្តល់ប្រាក់កម្ចីដល់គ្នាទៅវិញទៅមក។ សកម្មភាពរបស់ទុនបម្រុងសហព័ន្ធ ទំនង​ជាប៉ះពាល់ដល់ការខ្ចីប្រាក់ និងអត្រាសន្សំ។

អត្រាកម្ចីទិញផ្ទះថេររយៈពេលវែងបាន និងកំពុងកើនឡើង។ ការបញ្ចាំក្នុងអត្រាថេររយៈពេល៣០ឆ្នាំជាមធ្យម បានកើនឡើងប្រហែល៥០ពិន្ទុមូលដ្ឋានក្នុងសប្តាហ៍ដំបូងនៃឆ្នាំនេះ។

សេដ្ឋវិទូបានបង្កើនការព្យាករណ៍របស់ពួកគេ នាពេលថ្មីៗនេះសម្រាប់ការបញ្ចាំ ហើយសមាគមជាតិនៃREALTORS® បានព្យាករណ៍ថា អត្រានឹងកើនឡើងដល់៣.៩ភាគរយ នៅត្រីមាសទី៤។ ស្រដៀងគ្នានេះដែរ សមាគមធនាគារបានព្យាករណ៍ថា អត្រាប្រាក់កម្ចីទិញផ្ទះ នឹងកើនឡើងដល់៤ភាគរយនៅចុងឆ្នាំនេះ៕

 

 

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុតម្លៃ២០០០លានដុល្លារសសម្រេចបាន៨០ភាគររយហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេចសាងសង់​បាន៨០ភាគរយហើយ ខណៈប្រភពស្និទ្ឋនឹងមន្រ្តីរដ្ឋាភិបាលបានបញ្ជាក់ថា ផ្លូវនេះ នឹងបើកដំណើរការសាកល្បងនៅខែកក្កដាខាងមុខនេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មានប្រវែងជាង១៩០គីឡូ​ម៉ែត្រ សម្រេចបាន៨១ភាគរយហើយ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជជញ្ជូន លោកវ៉ាស៊ីម សុរិយាបានបង្ហើបឲ្យដឹងពីវឌ្ឍនភាពផ្លូវនេះ។

ចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០១៩ ផ្លូវល្បឿនលឿននេះ សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD។

គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារ ដោយនឹងក្លាយជាផ្លូវល្បឿនលឿនទី១នៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពី៥ម៉ោង មកត្រឹម២ម៉ោងប៉ុណ្ណោះ ស្របពេលស្ថានភាពផ្លូវនេះអាចអនុញ្ញាត្តឲ្យអ្នកបើកបរ អាចបើកបាន១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប៉ុន្តែផ្លូវនេះមិនអាចបើកបរបកក្រោយ និងមិនអនុញាត្តឲ្យម៉ូតូកង់បី រម៉កបើកបរបានឡើយ៕

 

កូរ៉េសន្យាផ្តល់ឥណទានសម្បទានជាង១,២ពាន់លានដុល្លារដល់កម្ពុជា សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៦

ដោយៈ សុផារី

ភ្នំពេញៈ សាធារណរដ្ឋកូរ៉េ បានសន្យាផ្តល់កញ្ចប់ឥណទានសម្បទានបន្ថែមដល់ប្រទេសកម្ពុជា តាមរយៈកិច្ចសម្របសម្រួលក្របខ័ណ្ឌ (Framework Arrangement) ថ្មី ដែលមានទឹកប្រាក់ប្រមាណ១,២ពាន់ លានដុល្លារ សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។

ព៌តមាននេះ ត្រូវបានបង្ហើបក្នុងជំនួបរវាងលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Minnie Chey ដែលទើបចូលកាន់តំណែង ជាប្រធានថ្មី នៃមូលនិធិសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund – EDCF) របស់សាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងលោកស្រី Lee Hye-Kyung ដែលបានបញ្ចប់អាណត្តិ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ។

គិតមកដល់ដំណាច់ឆ្នាំ ២០២១កន្លងទៅនេះ ឥណទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ មានទឹកប្រាក់សរុបប្រមាណ១,២១១លានដុល្លារ សម្រា​ប់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីអភិវឌ្ឍន៍ ចំនួន២៦គម្រោង។

លោក វង្សី វិស្សុត មានប្រសាសន៍ថា ក្នុងអាណត្តិរបស់លោកស្រី Lee Hye-Kyungកន្លងមក កម្ពុជាសម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន៨គម្រោង មានទឹកប្រាក់សរុបប្រមាណ ៤៤០លានដុល្លារ ដែលនេះជាស្នាដៃដ៏ធំធេងរបស់លោកស្រី និងជាការសម្រេចបាននូវផ្លែផ្កា សម្រាប់ប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោកក៏បានស្នើដល់ភាគីកូរ៉េ ឱ្យពិនិត្យលទ្ធភាពក្នុងការបង្កើនទំហំ នៃកញ្ចប់ឥណទានសម្បទានបន្ថែមទៀត ដើម្បីបំពេ​ញនូវតម្រូវវិនិយោគបន្ថែមរបស់កម្ពុជា ស្របតាមការរីកចម្រើនលូតលាស់ នៃសេដ្ឋកិច្ចលើវិស័យ ដែលមានសក្តានុពលមួយចំនួន ដើម្បីជំរុញកំណើនដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង កសិកម្ម ទេសចរណ៍ និងឡូជីស្ទីក ព្រមទាំងឌីជីថល។

លោកក៏ផ្តល់នូវក្តីសង្ឈឹមខ្ពស់ ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរ វាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនឹងជួយជំរុញនូវពាណិជ្ជកម្មទេ្វភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងក្លា ក៏ដូចជា ជួយទាក់ទាញវិស័យឯកជនកូរ៉េ ដើម្បីបង្កើនការបោះទុនវិនិយោគ ឱ្យបានច្រើននៅកម្ពុជាផងដែរ។

លោកបានស្នើសុំដល់លោកស្រី ប្រធានថ្មី នៃ EDCF និងក៏ដូចលោកស្រីប្រធាន ដែលចប់អាណត្តិ ជួយជំរុញការផ្សព្វផ្សាយព័ត៌មាន ពីកម្ពុជា ដល់ប្រជាជនកូរ៉េ ក៏ដូចដល់វិស័យឯកជនកូរ៉េ ដើម្បីចូលមកទស្សនា និងបោះទុនវិនិយោគ នៅកម្ពុជាឱ្យបានច្រើន៕

អគារមន្ទីរពេទ្យធំមួយតម្លៃ១៥លានដុល្លារអាមេរិកនឹង លេច រូបរាង នៅកណ្ដាលក្រុងភ្នំពេញ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ យោងតាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន Phnom Penh General Hospital Co.,Ltd ដើម្បីវិនិយោគលើអគារមន្ទីរពេទ្យមួយនៅសង្កាត់វាលវង់ខណ្ឌ ៧មករា រាជធានីភ្នំពេញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានយល់ព្រមលើគម្រោងទាំងស្រុង ដើម្បីឱ្យក្រុមហ៊ុនអាចចាប់ផ្ដើមដំណើរការសាងសង់បាន។

គម្រោងវិនិយោគអគារមន្ទីរពេទ្យនេះ មានតម្លៃទុនវិនិយោគសរុបចំនួន១៥លានដុល្លារអាមេរិក ដែលមានចំនួនគ្រែ២០០គ្រែ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋចំនួន៤៥៨នាក់។

នៅដើមឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាស្ថាប័នចុះបញ្ជីវិនិយោគដល់ក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាបានប្រកាសពីការចុះបញ្ជីនិងអនុម័តឱ្យក្រុមហ៊ុនទាំងក្នុងនិងក្រៅប្រទេសអាចដំណើរការវិនិយោគគម្រោងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមចុងខែមករា២០២២នេះ មានគម្រោងវិនិយោគជាច្រើនគម្រោងក្នុងនោះក៏មានគម្រោងធំៗដែលមានទុនលើសពី១០០លានដុល្លារអាមេរិកជាច្រើនគម្រោងផងដែរ។

អ្នកជំនាញនៃអចលនទ្រព្យបានមើលឃើញថាឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានគម្រោងវិនិយោគឡើងវិញជាបណ្ដើរៗក្រោយពេលហាក់ស្ងប់ស្ងាត់អស់រយៈពេលជិត២ឆ្នាំកន្លងទៅ។ មិនតែប៉ុណ្ណោះច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជាក៏នឹងទាក់ទាញវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាមួយកម្រិតផងដែរ៕

អ្នកអភិវឌ្ឍន៍ខុនដូចាប់ផ្ដើមងាកទៅចាប់យកអតិថិជនជាជនជាតិខ្មែរ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍខុនដូនៅក្នុងប្រទេសកម្ពុជា កាលពីមុនៗគឺផ្ដោតសំខាន់ទៅលើអ្នកអភិវឌ្ឍន៍បរទេសទាំងអ្នកទិញ និងអ្នកផ្គត់ផ្គង់ ប៉ុន្តែ នៅរយៈពេលចុងក្រោយនេះ ជាពិសេសនៅក្នុងវិបត្តិនៃកូវីដ១៩ របត់នៃវិស័យខុនដូនៅកម្ពុជា បានផ្លាស់ប្តូរមកជាអ្នកអភិវឌ្ឍន៍ក្នុងស្រុក និងមានអ្នកទិញជាជនជាតិខ្មែរផងដែរ។

ក្នុងន័យនេះ មិនមានន័យថាអ្នកអភិវឌ្ឍន៍បរទេស លែងមាននៅក្នុងប្រទេសកម្ពុជានោះទេ ពោលជនបរទេសនៅតែសំខាន់ ក្នុងការអភិវឌ្ឍខុនដូ ហើយមួយចំនួន ក៏ចាប់ផ្ដើមចាប់យកអតិថិជនក្នុងស្រុក ជាអតិថិជនគោលដៅ។

លោកខន គង្គាអគ្គនាយកនៃក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា កាលពីមុនអ្នកអភិវឌ្ឍន៍ខុនដូ គាត់បានអភិវឌ្ឍន៍និងដាក់តម្លៃខុនដូ សម្រាប់អតិថិជនដែលមកពីខាងក្រៅ ដែលអាចលក់បានតម្លៃខ្ពស់ ។ ប៉ុន្តែដោយសារតែក្នុងវិបត្តិនៃកូវីដ១៩ ហើយអតិថិជនបរទេសពិបាកក្នុងការធ្វើដំណើរចូលមកកម្ពុជា ក៏ដូចជា ពិបាកក្នុងការចេញចូលប្រទេសរបស់ខ្លួន ដូច្នេះអ្នកអភិវឌ្ឍន៍ខុនដូនៅក្នុងប្រទេសកម្ពុជា ក៏បានចាប់យកអតិថិជនជាអ្នកក្នុងស្រុកវិញ ។

លោកបន្តថា ការចាប់យកអតិថិជនក្នុងស្រុក អ្នកអភិវឌ្ឍន៍ក៏បានចាប់ផ្ដើមកែប្រែតម្លៃ ដោយបានអភិវឌ្ឍន៍ខុនដូ ដែលមានតម្លៃសមរម្យ ហើយបច្ចុប្បន្ននេះតម្លៃខុនដូ ដែលប្រជាជនកម្ពុជាអាចទទួលបានចន្លោះពី១៥០០ដុល្លារអាមេរិក ទៅ២៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃនៅចន្លោះនេះ មានការទិញលក់ច្រើននៅក្នុងប្រទេសកម្ពុជា។

លោកខន គង្គាបានបន្ថែមថា ទោះបីជាយ៉ាងណាក្ដីផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការរស់នៅក្នុងខុនដូ ក៏មិនទាន់ទូលំទូលាយនៅឡើយ តែយ៉ាងណាក៏ពួកយើងជាអ្នកលក់ខុនដូ ត្រូវការផ្សព្វផ្សាយនិងជំរុញឱ្យពល​រដ្ឋកម្ពុជា កាន់តែច្រើនថែមទៀតងាកទៅរស់នៅក្នុងខុនដូ ។

លោកបន្តថា “អ្នកដែលចាប់ផ្ដើមផ្លាស់ប្តូរ ទៅរស់នៅខុនដូក្នុងប្រទេ​សកម្ពុជា ភាគច្រើនជាបងប្អូនដែលធ្លាប់ទៅរៀននៅបរទេស បងប្អូនដែ​លធ្លាប់ដើរលេងនៅក្រៅប្រទេសច្រើន និងបងប្អូនអាណិកជនខ្មែរជាដើម”។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ ជាពិសេសអ្នកធ្វើការពាក់ព័ន្ឋក្នុងផ្នែកនេះ ក៏បានបង្ហាញទស្សនស្រដៀងគ្នាផងដែរថា កម្ពុជាត្រូវការពេលវេលាមួយ ដើម្បីកែប្រែប្រជាពលរដ្ឋងាកទៅរស់នៅក្នុងខុនដូ កាន់តែច្រើន ហើយរបត់នេះ វាមិនខុសពីប្រទេសជិតខាងឡើយ។ ជាក់ស្ដែងថៃ កាលពីមុនអ្នករស់នៅក្នុងខុនដូ គឺជាជនបរទេស ប៉ុន្តែបច្ចុប្បន្ននេះអ្នករស់នៅក្នុងខុនដូនៃប្រទេសថៃគឺជាជនជាតិថៃតែម្ដង៕

សហគ្រិនវ័យក្មេងក្នុងស្រុកបោះទុន៧៧លានដុល្លារវិនិយោគបុរីបុស្បាក្នុងទឹកដីខ័ណ្ឌដង្កោ

ដោយៈគង់ សូរិយា

ភ្នំពេញៈ បុរីថ្មីមួយឈ្មោះបុស្បា ដែលបោះទុនវិនិយោគទឹកប្រាក់រហូតដល់៧៧លានដុល្លារ បាននិងកំពុងបង្ហាញវត្តមាននៅក្នុងទឹកដី ខ័ណ្ឌដង្កោជាតំបន់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកឧកញ៉ាឈាង រ័ត្នសហភាគហ៊ុននិកនៃបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៨ មករានេះថា បុរីបុស្បាបាននិងកំពុងត្រៀមបុកគ្រឹះសាងសង់នៅរសៀលថ្ងៃនេះ ដែលមានទីតាំងនៅក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងកំពុងក្លាយជាតំបន់ស៊ីវិល័យមួយ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយ យើងបាននិងកំពុងវិនិយោគបុរីថ្មីមួយ ដើម្បីផ្តល់លំនៅដ្ឋានប្រកបដោយគុណភាព ប្រណីតភាព ភាពស៊ីវិល័យ និងផ្សារភ្ជាប់ជាមួយធម្មជាតិដល់អតិថិជន”។លោកបន្តថា “មូលហេតុដែលយើងរើសទីតាំងនេះ ដោយសារតំបន់នេះមានមនុស្សរស់នៅច្រើន ជាអ្នកមានជីវភាពថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ហើយវាជាតំបន់មួយ ដែលមានភាពស៊ីវិល័យនាពេលអនាគត”។

បុរីនេះមានផ្ទះជាច្រើនប្រភេទដូចជា ផ្ទះShop House, Supper shop house, Twin Villa, Supper, Twin Villa, Angel Villa, Hero Villa។

លោកឧកញ៉ាឈាង រ័ត្នបានបន្តថា ជាមួយនឹងការលើកទឹកចិត្តអតិថិជនជាពិសេស បុរីបុស្បាបានលក់ក្នុងតម្លៃទាបជាងទីផ្សារ៣០ភាគរយ ប៉ុន្តែយើងនីតែរក្សាបាននូវគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ ព្រោះការវិនិយោគរបស់យើងមិនបញ្ចប់ត្រឹមគំរោងនេះទេ ប៉ុន្តែយើងនឹងវិនិយោគបុរីកាន់តែធំជាងនេះនាពេលអនាគត។

បុរីបុស្បាមានទីតាំង ពោរពេញដោយភាពអំណោយផល ដោយសារតំបន់នេះងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ៦០ម៉ែត្រ ដែលសម្បូរដោយផ្សារទំនើប ពិសេសផ្សារទំនើបAEON Mall3បាននិងកំពុងសាងសង់យ៉ាងសកម្ម។

លោកឧកញ៉ាឈាង រ័ត្ន និងលោកជំទាវស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងដៃគូមួយចំនួនទៀតបានវិនិយោគបុរីបុស្បាឡើង ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋនូវលំនៅដ្ឋាន ដែលគោរពបាននូវស្តង់ដា និងគុណតម្លៃមួយ ដែលធ្វើឲ្យអ្នករស់នៅមានផាសុខភាព និងមនោរម្យ ដោយសារបុរីនេះបានរៀបចំសួនច្បារ ទីធ្លាសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ឋ យ៉ាងធំទូលាយងាយស្រួលការដើរហាត់ប្រាណ ប្រារពពិធីនានា និងការធ្វើដំណើរចេញចូលបុរី ដែលផ្តល់សន្តិសុខ២៤ម៉ោងផងដែរ៕

សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាចូលរូមសម្តែងការគួរសមនិងនាំអំណោយមួយចំនួនជូនអភិបាលស្រុកឧត្តុង

ដោយៈគង់ សូរិយា

 កណ្តាលៈ គណៈប្រតិភូនៃសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា  ដឹកនាំដោយលោកឧកញ៉ាម៉ន  សុខា អមដំណើរដោយសមាជិក  សមាជិកាបាន​រៀបចំកម្មវិធី “ជួបសម្តែងការគួសម សំណេះសំណាល និងពិភាក្សាការងាជាមួយអភិបាល នៃគណៈអភិបាលស្រុកឧត្តុង្គ”ជាមួយលោកមួង ធីអភិបា​ល នៃគណៈអភិបាលស្រុកឧដុង្គ  ខេត្តកំពង់ស្ពឺ។

ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាល និងនាំអំណោយមួយចំនួន ជូនលោកអភិបាលស្រុក ព្រមទាំងលោកអភិបាលរង និងមន្ត្រី ជំនាញ នៃសាលាស្រុកឧត្តុង្គ ដោយមានភ្ជាប់ជាមួយ នូវអំណោយសប្បុរសធម៌មួយចំនួនដូចជា អង្ករ  មី  ទឹកសុទ្ឋ  និងគ្រឿងឧបភោគ  បរិភោគមួយចំនួនទៀត ជូនរដ្ឋបាលស្រុកឧដុង្គ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ  និងប្រជាជនដែលរងគ្រោះមហន្តរាយផ្សេងៗទៀត។

ក្នុងឱកាសនោះ លោកឧកញ៉ា ម៉ន សុខា តំណាងឲ្យសមាគម បានបង្ហាញពីទស្សនវិស័យ  បេសកកម្ម របស់សមាគម អ្នកអភិវឌ្ឍន៍ ដីឡូត៍កម្ពុជានាពេលកន្លងមក  និងស្នើសុំកិច្ចសហការការសម្របសម្រួលនានា  ជូនដល់អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍អចលនវត្ថុ  ដូចជា បច្ចេកទេសផ្លូវច្បាប់ សន្តិ​សុខ និងសំណូមពរមួយចំនួនទៀតជូនដល់លោកអភិបាល។

ជាមួយគ្នានេះដែរ  លោក មួង ធី  អភិបាលនៃគណៈអភិបាលស្រុកឧដុង្គ បានសម្ដែងក្ដីស្វាគមន៍ និងសាទរ ចំពោះបេសកកម្មរបស់សមាគម  ហើយទទួលយកសំណើរផ្សេងៗ  ព្រមទាំងផ្ដល់កិច្ចសហប្រតិបត្តិការជាមួ​យសមាគម និងលើកទឹកចិត្តឲ្យសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ខិតខំប្រឹងប្រែងបំពេញ បេសកកម្មការងាររបស់ខ្លួនបន្តទៀត ដើម្បីរួមចំណែកជួយដល់ការអភិវឌ្ឍនៅក្នុងស្រុកឧដុង្គ  និងប្រទេសជាតិបន្តទៀត៕

អ្នកឧកញ៉ាសុខ គង់បញ្ជាក់ឡើងវិញពីតម្លៃសណ្ឋាគារនិងដីនៅតំបន់ជ្រោយចង្វារមានតម្លៃ១៥០០លានដុល្លារ

ដោយៈជេស៊ីកា

 ភ្នំពេញៈ អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ឲ្យដឹងថា សណ្ឋាគារសុខា និងដីនៅតំបន់ជ្រោយចង្វារទំហំ១៣ហិកតា នឹងត្រូវលក់ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង ក្នុងពេលអនុញ្ញាត្តឲ្យសហស្ថា​បនិក និងជាអគ្គនាយកគេហទំព័័រPropertyarea.asia ជួបដ៏កម្រមួយនៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី២៨ មករានេះថា លោកមានបំណងលក់ដី និងសណ្ឋាគារនេះ ក្នុងតម្លៃខាងលើ ដើម្បីយកទុនវិនិយោគសាងសង់គំរោងនានានៅទីក្រុងបូកគោ ​ស្ថិតក្នុងខេត្តកំពត ដែលទីក្រុងនេះនឹងត្រូវអភិវឌ្ឍន៍ជាទីក្រុង​ឆ្លាតវៃ និងជាការអភិវឌ្ឍន៍មួយ ដើម្បីជំរុញការរីកចម្រើនក្នុងខេត្តកំពត និងដើម្បីដោះស្រាយបំណុលរបស់ក្រុមហ៊ុនផងដែរ។

អ្នកឧកញ៉ាបានមានប្រសាសន៍ថា កន្លងមកមានអ្នកឲ្យតម្លៃដីនេះ ក្នុងតម្លៃ៩០០លានដុល្លារអាមេរិក”។ អ្នកឧកញ៉ាបានបន្តថា “ខ្ញុំចាស់ហើយ គ្មានអ្វីចង់បានទទៀតទេ តែចង់បន្សល់ស្នាដៃទុកជូនអ្នកជំនាន់ក្រោយ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល”។

អ្នកឧកញ៉ាបានបន្តថា ដីនៅទីតាំងតំបន់ជ្រោយចង្វារនេះ ជាដីដែលល្អបំផុត និងមានតែមួយនៅទីក្រុងភ្នំពេញ ដែលមានទីតាំងល្អណាស់ ធៀបនឹងតំបន់ដទៃទៀត។ ហេតុនេះការដាក់លក់ដីនៅទីនេះ ដែលដីសណ្ឋាគារមានទំហំ៥ហិកតា និងដីនៅសល់៨ហិកតាទៀត នឹងត្រូវដាក់លក់ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក៕

រដ្ឋមន្រ្តីទេសចរណ៍ជំរុញយុទ្ឋនាការប្រលងប្រណាំងចំនួន៥ដើម្បីលើកកំពស់វិស័យនេះ

ដោយៈម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុន បានជំរុញឲ្យរៀបចំចលនាប្រលងប្រណាំងសំខាន់ៗចំនួន៥ ដើម្បីលើកកំពស់ និងទាក់ទាញភ្ញៀវទេសចរណ៍។

លោកបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពេលប្រកាសដាក់ចេញ​យុទ្ឋនាការកម្ពុជាទេសចរណ៍សុវត្ថិភាព និងបៃតង ដែលមានការចូលរួមពី​រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់ និងលោកជំទាវភឿង សកុណារដ្ឋមន្រ្តីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈកាលពីព្រឹកថ្ងៃទី២៧ មករាកន្លងមកនេះ។

ក្នុងពិធីដ៏មានសារៈសំខាន់នោះ លោកថោង ខុន បានស្នើឱ្យបន្តជំរុញយុទ្ធនាការ ឬចលនាប្រឡងប្រណាំងនានា ជាអាទិ៍ ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ចលនាប្រឡងប្រណាំង “ស្រុកស្អាត” “ទីប្រជុំជនស្អាត”“ភូមិទេសចរណ៍ស្អាត” “បង្គន់សាធារណៈស្អាត” ។ “ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍” និង “ស្តង់ដារង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍”។ “យុទ្ធនាការគ្មានថង់ប្លាស្ទីកនៅតាមទីតាំងទេសចរណ៍សំខាន់ៗ” “សាលាមេត្រីភាពបរិស្ថាន”…ជាដើម។ល។៕