ខេត្តព្រះសីហនុមានតំបន់អេកូទេសចរណ៍ថ្មីមួយដែលនឹងទាក់ទាញភ្ញៀវទេសចរណ៍

ដោយៈគង់ សូរិយា

ភ្នំពេញៈ តំបន់ព្រែកទឹកសាប ដែលមានសក្តានុពលទេសចរណ៍ព្រៃកោងកាង នៅតំបន់ព្រែកទឹកសាប ស្ថិតនៅភូមិសាស្រ្ត ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ នៅខេត្តជាប់តំបន់ឆ្នេរនេះ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពព្រែកទឹកសាប កាលពីចុងសប្តាហ៍មុន លោកគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុបានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាមូលដ្ឋានត្រូវបំផុសប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ និងការពារបរិស្ថាន នៅតាមដងព្រែកទឹកសាប និងត្រូវដាំដើមកោងកាងបន្ថែមនៅតាមតំបន់ព្រៃរិចរិល ព្រោះព្រៃកោងកាងជាជម្រកបក្សាបក្សី និងជាមន្ទីរសម្ភពរបស់មច្ឆាជាតិ ហើយប្រជាសហគមន៍ អាចចេញទៅនេសាទយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ និងបម្រើដល់វិស័យទេសចរណ៍ក្នុងសហគមន៍ផងដែរ។

លោកបន្តថា តំបន់ព្រែកទឹកសាបនេះ នឹងក្លាយជាតំបន់អេកូទេស​ចរណ៍មួយ ដ៏ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេសនាពេលខាងមុខ។

នៅតាមបណ្តោយព្រែកទឹកសាបនេះ មានរុក្ខជាតិដុះចម្រុះជាច្រើនមានដូចជា ដើមកោងកាង ដើមក្រញឹប ដើមស្មាច់ ដើមចាក និងរុក្ខជាតិព្រៃលិចទឹកចម្រុះ ជាច្រើនប្រភេទផ្សេងទៀត ទន្ទឹមនោះក៏មានមច្ឆាជាតិ និងសត្វស្លាបជាច្រើនប្រភេទ ជាពិសេសត្រីផ្សោតសមុទ្រ ដែលជាសក្តានុពលដ៏សម្បូរបែប អាចទាក់ទាញភ្ញៀវទេសចរណ៍ ជិះទូកលេងកម្សាន្តទស្សនាព្រៃកោងកាង មច្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទនៅតាមព្រែកនេះផងដែរ៕

សម្តេចតេជោអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយនៅព្រឹកថ្ងៃនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។

គំរោងស្ពានអាកាសដែលសម្តេចតេជោអញ្ជើញជាអធិបតី បើកសម្ភោធការដ្ឋានសាងសង់នាព្រឹកថ្ងៃទី៣១ មករានេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង៣៣៨ម៉ែត្រ) មានទទឹង ១៥.៨ម៉ែត្រ ដោយគ្រោងចំណាយថវិកា សាងសង់ជិត១០លានដុល្លារអាមេរិក។

គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ១៥ខែ។

រាជធានីភ្នំពេញ ដែលត្រូវបានប្រសិទ្ធនាមជាទីក្រុងខ្មោច ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត និងជាទីក្រុងដ៏ស្ងប់ស្ងាត់បំផុតក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩នោះ បានប្រែក្លាយជាទីក្រុងដ៏រស់រវើក និងមមាញឹកបំផុតនាពេលបច្ចុប្បន្ន។

ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ រាជធានីភ្នំពេញ ត្រូវបានពង្រីកផ្ទៃដីជាបន្តបន្ទាប់់ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលំអ និងលើកកម្ពស់កាន់តែល្អប្រសើរ ជាមួយសំណង់អគារពាណិជ្ជកម្ម លំនៅឋានផុសឡើងយ៉ាងព្រោតព្រាតសមជាទីក្រុងដ៏ស៊ីវិល័យ។

ជំរឿនស្ថិតិប្រជាពលរដ្ឋកាលពីឆ្នាំ២០១៩ បានបង្ហាញថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅ ធ្វើការ និងបំពេញការសិក្សារៀនសូត្រសរុបជាង២លាននាក់។ របាយការណ៍ក៏បានបង្ហាញដែរថា កំណើនយានយន្តក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្នចំនួនយានយន្តចរាចរណ៍ ក្នុងរាជធានីភ្នំពេញមានជាង២លានគ្រឿង។ ក្នុងនោះរថយន្តមានជាង៥០ម៉ឺនគ្រឿង និងទោចក្រយានយន្តមានប្រមាណ២លានគ្រឿង៕

ក្រុមហ៊ុន GC Empire សម្រេចការលក់ចេញអចលនទ្រព្យរហូតដល់ 150 លានដុល្លានៅក្នុងឆ្នាំ 2021

ភ្នំពេញ ថ្ងៃទី 28 ខែមករា ឆ្នាំ 2022 GC Empire បានប្រកាសអំពីការលក់ចេញអចលនទ្រព្យក្នុងទំហំទឹកប្រាក់ជាង 150 លានដុល្លានៅក្នុងឆ្នាំ 2021 នៅក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំរបស់ខ្លួន ដែលបានប្រារព្ធធ្វើនៅក្នុង SOHO Mall by GCC នៅថ្ងៃច័ន្ទ ទី17 ខែមករានេះ ក៏ជាខួប 2 ឆ្នាំនៃការដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

GC Empire គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានមូលដ្ឋានគ្រឹះជាក្រុមហ៊ុនដ៏ជំនាញអភិវឌ្ឍយុត្តិសាស្ត្រអាជីវកម្មសម្រាប់វិស័យអចលនទ្រព្យដូចជាអាគារខុនដូ លំនៅឋាន អាគារពាណិជ្ជកម្ម និងបុរីជាដើមដោយមានដៃគូលក់ដ៏ជិតស្និទ្ធជាង 1000 នាក់ព្រមជាមួយនឹងអតិថិជនសក្ដានុពលក្នុងដៃជាង 60,000 នាក់ផងដែរ។ GC Empire ក៏ជាដៃគូយុត្តិសាស្ត្រសម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យក៏ដូចជា ម្ចាស់ដី អ្នកវិនិយោគផ្ទាល់ ក៏ដូចជាក្រុមហ៊ុនវិនិយោគផងដែរ ចាប់ផ្ដើមពីការជ្រើសរើសទីតាំង រហូតដល់ការបង្កើតនូវគំនិតសម្រាប់ប្រភេទនៃការអភិវឌ្ឍ ការសិក្សាអំពីលទ្ធភាព ការធ្វើទីផ្សារ ការគ្រប់គ្រងលើដំណើរការ ក៏ដូចជាការប្រមូលធនធានអភិវឌ្ឍផងដែរ។ គម្រោងអភិវឌ្ឍដ៏ល្បីល្បាញចំនួន 2 ដែលបានអភិវឌ្ឍដោយ GC Empire រួមមានគម្រោងលំនៅឋានបែបសហគមន៍ដ៍ស្រស់បំព្រង គឺគម្រោងបុរី ណាឌី ដែលជាគម្រោងអភិវឌ្ឍដ៏ប្រណីតមួយលាតសន្ធឹងនៅលើផ្ទៃដីដ៏មានសក្ដានុពលបំផុតនៅក្នុងខណ្ឌជ្រោយចង្វារ និងគម្រោងផ្សារជីស៊ី អូរឫស្សីដែលមានស្ថាបត្យកម្មបែបខ្មែរបុរាណ និង មានការច្នៃប្រឌិតខ្ពស់ដោយប្រើប្រាស់លំហូរខ្យល់បែបធម្មជាតិ និងម្លប់នៅក្នុងអាគារ គម្រោងនេះបានបង្កើតឡើងព្រមជាមួយនឹងស្មារតីជម្រុញការផ្ទេរនូវរាល់ចំណេះដឹងអាជីវកម្មរបស់ប្រជាជនកម្ពុជា ទៅកាន់មនុស្សជំនាន់ក្រោយ។

លោក អេរិច ឆុងដែលជាស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន GC Empire បានជម្រាបជូនអ្នកសារព័ត៌មាននៅក្នុងអំឡុងកម្មវិធីជប់លៀងទទួលទានអាហារពេលល្ងាចយ៉ាងដូច្នេះថា “នៅ GC Empire យើងមិនត្រឹមតែធ្វើការអភិវឌ្ឍលំនៅឋានរបស់ខ្លួនប៉ុណ្ណោះទេ យើងក៏បានដើរតួជាដៃគូ ក៏ដូចជាទីប្រឹក្សាសម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យជាច្រើននៅក្នុងតំបន់ផងដែរ។ អ្នកជំនាញរបស់យើងបានរួមបញ្ចូលគ្នានូវរាល់បទពិសោធន៍ទៅតាមមុខងារ និងវិស័យរបស់ខ្លួនក្នុងគោលដៅបង្កើត និងបន្ថែមនូវគុណតម្លៃឲ្យទៅផលិតផលតាមទស្សនៈប្លែកៗពីគ្នារបស់យើង។ ហេតុដូច្នេះហើយទើបយើងតែងតែបង្កើត និងនាំមកជូននូវប្រភេទនៃការអភិវឌ្ឍថ្មីៗ សម្រាប់ដៃគូ ក៏ដូចជាបុត្រសម្ព័ន្ធរបស់ពួកយើង។ យើងក៏បានផ្ដល់នូវអត្ថប្រយោជន៍ដ៏ស៊ីវីល័យមួយទៀតសម្រាប់ដៃគូ អាជីវកម្មជាមួយនឹងក្រុមហ៊ុនភ្នាក់ងារលក់ផ្ទាល់ខ្លួនរបស់យើង នៅក្នុងប្រទេសកម្ពុជា គឺ GC Realty ដែលមានភ្នាក់ងារជាសមាជិកដ៏ជំនាញជាង 500 ក្រុមដែលបានចុះឈ្មោះចូលរួម សុទ្ធសឹងតែជាអ្នកជំនាញផ្នែកលក់ដែលធានាផ្ដល់ជូននូវការធ្វើទីផ្សារ និងការណែនាំនូវគម្រោងអចលនទ្រព្យដ៏សាកសមសម្រាប់អតិថិជនគោលដៅ។ GC Realty ទើបតែបង្កើតឡើងនៅដើមឆ្នាំ 2021 តែប៉ុណ្ណោះ ប៉ុន្តែបានរួមចំណែកក្នុងការលក់ចេញនូវគម្រោងអចលនទ្រព្យដោយ GC Empire រហូតដល់ជាង 60% នៃបរិមាណលក់សរុប និងបានបន្តផ្ដល់ជូននូវដំណោះស្រាយផ្នែកលក់ដល់ជាង 10 គម្រោងអចលនទ្រព្យផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការវិវត្តខ្លួនដ៏ឆាប់រហ័សជាមួយនឹង GC Empire GC Realty បានក្លាយជាកត្តាកំណត់នូវស្តង់ដារនៃភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមពីការជ្រើសរើស គម្រោងប្រកបដោយគុណភាព ការបណ្ដុះបណ្ដាល និងការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ ការផ្ដល់សេវាកម្មយ៉ាងយកចិត្តទុកដាក់ទៅកាន់អតិថិជនទាំងមុន និងក្រោយពេលទិញជាដើម។”

លោកអាឡិច លូ ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន GC Empire បានបន្ថែមថា “ GC Empire បានវិវត្តខ្លួនយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សបញ្ជាក់ឲ្យឃើញអំពីភាពខ្លាំងជាច្រើនរបស់ពួកយើង។ យើងបានធ្វើទីផ្សារសម្រាប់គម្រោងធំៗជាច្រើននៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ GC Empire ក៏មាននូវក្រុមហ៊ុនប្រឹក្សាយោបល់អាជីវកម្ម និងវិនិយោគផ្នែកអចលនទ្រព្យ គឺ GC Empire Japan ដែលមានទីស្នាក់ការនៅក្នុងការិយាល័យជាង 200 ម៉ែត្រការ៉េនៅក្នុងរាជធានីតូក្យូ ប្រទេសជប៉ុន។ GC Empire Japan នាពេលបច្ចុប្បន្ននេះបានធ្វើការដោយផ្ដោតសំខាន់លើការប្រឹក្សាយោបល់អាជីវកម្ម និងវិនិយោគផ្នែកអចលនទ្រព្យចាប់ផ្ដើមពីការប្រតិបត្តិការទូទៅ រហូតដល់ផ្នែកច្បាប់ ព្រមទាំងការណែនាំលើការគ្រប់គ្រងលើស្ថាប័ន និងអចលនទ្រព្យ។ GC Empire Japan បានក្លាយខ្លួនជាក្រុមហ៊ុនប្រឹក្សាយោបល់លើអចលនទ្រព្យ ពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ដ៏ធំបំផុតមួយនៅទីនោះ។”
លោកអាឡិច ជឿថាការរៀបចំ GC Empire ឡើងបានបង្កើតនូវសករាជ្យថ្មីមួយសម្រាប់វិស័យអភិវឌ្ឍអចលនទ្រព្យ ជាមួយនឹងវិធីខុសៗគ្នាក្នុងការធ្វើការជាមួយដៃគូសហប្រតិបត្តិការ និងបុត្រសម្ព័ន្ធចម្រុះសម្រាប់ផ្នែកលក់ អភិវឌ្ឍអចលនទ្រព្យ ការកំណត់ពាណិជ្ជសញ្ញា និងការធ្វើទីផ្សារជាដើម។

នៅលើវេទិកា លោកអេរិច ឆុង ក៏ដូចជាលោកអេឡិច លូបានបង្ហាញនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះអ្នកដែលបានរួមចំណែកនៅក្នុងការធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ។ បន្តមកទៀត លោកអេរិច មានជំនឿថា GC Empire នឹងនៅតែបន្តនូវគុណតម្លៃជាវិជ្ជមាននៅក្នុងវិស័យអចលនទ្រព្យប្រទេសកម្ពុជាដោយការបង្កើតនូវគម្រោងប្រកបដោយចីរភាព សុខភាព សម្រាប់ទាំងអ្នកអភិវឌ្ឍ អ្នកវិនិយោគ អង្គការផ្សេងៗ អជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀត។

កម្មវិធីជប់លៀងប្រចាំឆ្នាំដោយ GC Empire ត្រូវបានចូលរួមដោយភ្ញៀវកិត្តិយសជាង 800 នាក់ដែលរួមមាន ក្រុមការងាររបស់ GC Empire ផ្ទាល់ សមាជិករបស់ GC Realty ក្រុមហ៊ុនអភិវឌ្ឍជាដៃគូ ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗ ភ្នាក់ងារ ក៏ដូចជាអ្នកតំណាងនៅក្នុងជួររដ្ឋាភិបាល នៃក្រសួងពាក់ព័ន្ធផងដែរ។ GC Empire បានបញ្ចប់នូវកម្មវិធីជាមួយនឹងភាពរីករាយ និងស្នាមញញឹមពីអ្នកចូលរួមទាំងអស់ជាមួយនឹងការតាំងចិត្តប្រឈមនឹងឧបសគ្គ និងការតស៊ូជម្រុញដល់វិស័យអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា ព្រមទាំងគោលដៅដើម្បីសម្រេចបាននូវភាពជោគជ័យឲ្យកាន់តែប្រសើរជាងឆ្នាំមុនៗ។

បុរីបុស្បាតម្លៃ៧៧លានដុល្លារបានបើកសម្ភោធសាងសង់​និងប្រកាសលក់ជាផ្លូវការហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្នុងគោលដៅផ្តល់លំនៅដ្ឋានប្រកបដោយគុណភាព និងភាពស៊ីវិល័យដល់ប្រជាពលរដ្ឋ អ្នកវិនិយោគក្នុងស្រុកបានចាប់ផ្តើមបោះទុន៧៧លានដុល្លារសាងសង់បុរីបុស្បា ដែលមានទីតាំងនៅក្នុងខ័ណ្ឌដង្កោ​ររាជធានីភ្នំពេញ។

បុរីបុស្បាសាងសង់ឡើងលើផ្ទៃដីជាង២០ហិកតា ប៉ុន្តែដំណាក់កាលទី១ បុរីបុស្បា អប្សរមេរាបានផ្តោតលើទំហំដី១០ហិកតាជាមុនសិន មុនពង្រីកគំរោងបន្ថែមទៀត។

ការប្រារពពិធីបើកការដ្ឋាន និងជប់លៀងសម្ភោធការលក់បុរីបុស្បាធ្វើឡើងក្រោមអធិបតីភាពលោកជំទាវឃួន សុដារីអនុប្រធានទី២នៃរដ្ឋសភា និងថ្នាក់ដឹកនាំក្រុមហ៊ុនបុរីបុស្បា ព្រមទាំងអ្នកជំនួញរាប់រយនាក់ទៀតបានចូលរួម។

លោកជំទាវស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងជាភាគហ៊ុននិកនៃបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី២៨ មករានេះថា បុរីបុស្បាបានសម្រេចបុកគ្រឹះ សាងសង់នៅរសៀលថ្ងៃទី២៨ មកតាកន្លងមកនេះ ដែលមានទីតាំងនៅភូមិព្រៃវែង ក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងកំពុងក្លាយជាតំបន់ស៊ីវិល័យមួយ។

លោកជំទាវបានបន្តថា “ជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយ យើងបាននិងកំពុងវិនិយោគបុរីថ្មីមួយ ដើម្បីផ្តល់លំនៅដ្ឋានប្រកបដោយគុណភាព ប្រណីតភាព ភាពស៊ីវិល័យ និងផ្សារភ្ជាប់ជាមួយធម្មជាតិដល់អតិថិជន”។​លោកជំទាវបន្តថា “មូលហេតុដែលយើងរើសទីតាំងនេះ ដោយសារតំបន់នេះមានមនុស្សរស់នៅច្រើន ជាអ្នកមានជីវភាពថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ហើយវាជាតំបន់មួយ ដែលមានភាពស៊ីវិល័យនាពេលអនាគត”។

បុរីបុស្បា មានផ្ទះជាច្រើនប្រភេទ ដូចជា ផ្ទះShop House, Supper shop house, Twin Villa, Supper, Twin Villa, Angel Villa, Hero Villa។

លោកជំទាវបន្តថា ជាមួយនឹងការលើកទឹកចិត្តអតិថិជន ជាពិសេស បុរីបុស្បាបានលក់ ក្នុងតម្លៃទាបជាងទីផ្សារ៣០ភាគរយ ប៉ុន្តែយើងនីតែរក្សាបាននូវគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ ព្រោះការវិនិយោគរបស់យើងមិនបញ្ចប់ត្រឹមគំរោងនេះទេ ប៉ុន្តែយើងនឹងវិនិយោគបុរីកាន់តែធំជាងនេះនាពេលអនាគត។

បុរីបុស្បាមានទីតាំង ពោរពេញដោយភាពអំណោយផល ដោយសារតំបន់នេះងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ៦០ម៉ែត្រ ដែលសម្បូរដោយផ្សារទំនើប ពិសេសផ្សារទំនើបAEON Mall3បាននិងកំពុងសាងសង់យ៉ាងសកម្ម។

លោកឧកញ៉ាឈាង រ័ត្ន និងលោកជំទាវស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងដៃគូមួយចំនួនទៀតបានវិនិយោគបុរីបុស្បាឡើង ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋនូវលំនៅដ្ឋាន ដែលគោរពបាននូវស្តង់ដា និងគុណតម្លៃមួយ ដែលធ្វើឲ្យអ្នករស់នៅមានផាសុខភាព និងមនោរម្យ ដោយសារបុរីនេះបានរៀបចំសួនច្បារ ទីធ្លាសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ឋ យ៉ាងធំទូលាយងាយស្រួលការដើរហាត់ប្រាណ ប្រារពពិធីនានា និងការធ្វើដំណើរចេញចូលបុរី ដែលផ្តល់សន្តិសុខ២៤ម៉ោងផងដែរ។

លោកអោម សេងបូរ៉ាស្ថាបនិកCEO Master Clubបានមានប្រសាសន៍សម្តែងការអបអរសាទរ ចំពោះម្ចាស់បុរីបុស្បា ពិសេសលោកឧកញ៉ាឈាង រ័ត្ន និងលោកជំទាវស្រីអូន និងសហភាគហ៊ុនិកដទៃទៀត ដែលបានសហការវិនិយោគបបុរីដ៏ប្រណីតនេះឡើង។

លោកបន្តថា “រហូតមកទល់ពេលនេះ សមាជិកCEO Master Clubកាន់តែច្រើនបានក្លាយជាអ្នកអអភិវឌ្ឍន៍បុរី ដែលជាការវិនិយោគដ៏សំខាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ”៕

ក្រុមហ៊ុនផ្តល់សេវាកម្មតាក់ស៊ីUBER គ្រោងចូលទីផ្សារកម្ពុជាជាថ្មី

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សេវាកម្មហៅតាក់ស៊ី UBER របស់សហរដ្ឋអាមេរិក ដែលធ្លាប់ចូលមកកម្ពុជា ម្ដងរួចហើយកាលពីប៉ុន្មានឆ្នាំមុន និងបានត្រលប់ទៅវិញ ដោយសារតែមិនទទួលបានការគាំទ្រពីប្រជាជនកម្ពុជា។

យ៉ាងណាក៏ដោយសេវាកម្មមួយនេះ គ្រោងនឹងចូលមកកាន់ទីផ្សារកម្ពុជាឡើងវិញនៅពេលអនាគតដ៏ខ្លីនេះ។ នេះបើតាមការបញ្ជាក់ពីលោក ថូម៉ាស ស្ត្រេយ ប្រធានប្រតិបត្តិមូលនិធិ ENDEMAJ FUNDS និងជាសេដ្ឋីពាន់លាននៅឌុយប្រទេសអារ៉ាប់ ក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីពេលថ្មីៗនេះ ។

លោកថូម៉ាស ស្ត្រេយ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឱ្យដឹងថា មូលនីធិ ENDEMAJ FUNDS មានបំណងពិនិត្យលទ្ធភាពវិនិយោគលើវិស័យធនាគារ ការបង្កើតSUPER APP ការបើកសេវាកម្មតាក់ស៊ី UBER និងBITCOIN នៅប្រទេសកម្ពុជានាពេលអនាគត។

លោកបានបង្ហាញពីទំនាក់ទំនង រវាងមូលនីធិENDEMAJ FUNDS និងក្រុមហ៊ុនធំៗ មួយចំនួននៅប្រទេសចិន ដូចជា Sinopharm ជាដើមដែលអាចជាកត្តាមួយងាយស្រួល ដល់មូលនីធិរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ចិនបានចូលជាធរមានជាផ្លូវការផងដែរ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងជួយសម្របសម្រួលជាមួយធនាគារជាតិ ក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាមួយចំនួនទៀត ដើម្បីពិនិត្យលទ្ធភាពធ្វើឱ្យការវិនិយោគ នៃកើតមានឡើងនៅក្នុងប្រទេ​សកម្ពុជា ។

លោកប៉ាន សូរសក្ដិបានអំពាវនាវឱ្យក្រុមហ៊ុន ដែលចាប់អារម្មណ៍ចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា លើគ្រប់វិស័យ ទាំងវិស័យធុរកិច្ច វិនិយោគ ទេសចរណ៍ ធនាគារ សាធារណការ សំណង់ កសិកកម្ម អាចមកទស្សនកិច្ចនៅកម្ពុជា និងជួបពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពលលើការវិនិយោគ ទៅតាមវិស័យ៕

ក្រុមហ៊ុនGC Realty ផ្តល់​កម្រៃជើងសារ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន 70%+20%ដល់​ភ្នាក់ងារ​លក់​អចលនទ្រព្យ

ដោយៈសហការី

ភ្នំពេញៈ GC Realty ជា​ចំណែក​មួយ​នៃGolden Cambodia Century (GCC) ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២០ ដោយ​មាន​ចក្ខុវិស័យ​រួម​ក្នុង​ផ្នែក​អចលនទ្រព្យ។

ក្រុមហ៊ុន​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោ​លបំណង​ពង្រីក និង​បង្កើន​ទំនាក់ទំនង​រវាង​ម្ចាស់​គម្រោង ភ្នាក់ងារ​លក់ និង អតិថិជន​(​អ្នកទិញ​)។

ត្រឹម​រយៈពេល​ខ្លី GC Realty ទទួល​បាន​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​ បាន​ធ្វើ​អោយ​យើង​ទទួល​បាន​ពាន Diamond Class Executive ពី Golden Cambodia Century (GCC)​កាលពី​ចុងឆ្នាំ​២០២១​កន្លង​ទៅ ​។

ភាព​ជោគជ័យ​ទាំង​អស់នេះ ​សុទ្ធសឹងតែ​ជា​ការ​ខិតខំ​ប្រឹងប្រែង របស់​សមាជិក​ទាំងអស់ រួម​ទាំង​ភ្នាក់ងារ​លក់​ដ៏​មាន​ទេព​កោសល្យ​របស់​យើង ។ រាល់​ភ្នាក់ងារ​របស់​យើង ​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​នានា​ពី​ក្រុម​អ្នកជំនាញ ​ផ្នែក​អចលនទ្រព្យ​ដោយ​ផ្ទាល់ ដើម្បី​បង្កើន​សមត្ថភាព ឈាន​ទៅ​មុខ​រួម​គ្នា ជាមួយនឹង​លទ្ធផល​ជាទី​គាប់ចិត្ត​ ។

ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ស្វែងរក​ភ្នាក់ងារ​បន្ថែម GC Realty បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​ និង​ថ្មី​បំផុត​ប្រចាំឆ្នាំសម្រាប់​ភ្នាក់ងារ​លក់​របស់ GC Realty ទាំងអស់​នឹង​ទទួល​បាន​ប្រាក់​កម្រៃជើងសារ​ខ្ពស់​បំផុត ​រហូត​ដល់​ទៅ ៧០%+២០% រួម​ជាមួយ​នឹង​ប្រាក់​ចំណូល​អសកម្ម ​រហូត​ដល់​ទៅ​២០%​បន្ថែម​ទៀត ។

កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃ​ទី​៣០ ខែ​មេ​សា ឆ្នាំ២០២២ ហើយ​លោក​អ្នក​អាច​ចូលរួម​ជាមួយ​យើង ​បាន​ដោយ​សេរីជាមួយនឹង​ឱកាស​មាសឱកាស​ប្រាក់ ​ដែល​មិន​ធ្លាប់មាន​ពី​មុន​មក ។

ទាំងនេះ​ជា​ហេតុផល​សំខាន់​ៗ​ដែល​អ្នក​ទាំងអស់​គ្នា​គួរតែ​ចូលរួម​ជាមួយ​យើង​ ៖

1.​ ​សម្រាប់​ភ្នាក់ងារ​លក់​ថ្មី ឬ​ពុំ​ធ្លាប់​មានបទពិសោធន៍​ពី​មុន​មក GC Realty នឹង​មានកម្ម​វិធី​វគ្គ​បណ្តុះបណ្តាល ​ជា​រៀង​រាល់​ស​ប្តា​ហ៍ សម្រាប់​ទុកជា​មេរៀន​ជូន​ដល់​ភ្នាក់ងារ GC Realty ដែល​មានការ​ចូលរួម​ពី​អ្នកជំនាញ និង​មានបទពិសោធន៍​យូ​រឆ្នាំ​លើ​វិស័យ​អចលនទ្រព្យ។

2.​ ​សម្រាប់​ការ​លក់ GC Realty មាន​ក្រុមការងារ​ដែល​មាន​ជំនាញ និង​បច្ចេកទេស រង់ចាំ​ជួយ​សម្រួល​ដល់​ភ្នាក់ងារ​ទាំងអស់ ដែល​ទាក់ទង​ទៅ​នឹង​ការ​លក់​ជូន​អតិថិជន​ទាំង ​តាម​រយៈ Online Offline និង​ពេល​មក​ដល់​ផ្ទាល់។

3.​ ​ភ្នាក់ងារ​លក់​របស់​GC Realty ទាំងអស់​នឹង​មានឱកាស​ទទួល​បាន​ពានរង្វាន់​ភ្នាក់ងារ​លក់​ឆ្នើម​ប្រចាំខែ ប្រចាំត្រីមាស និង​ប្រចាំឆ្នាំ រួម​ជាមួយ​ការ​ដូរ​លើកទឹកចិត្ត និង​កម្មវិធី​ជួបជុំ​នានា​បន្ថែម​ទៀត ជា​ពិសេស​មាន​ចេញ​នូវវិ​ញ្ញា​បណ្ណ​បត្រ​បញ្ជាក់​សមត្ថ​ភា​ព ជា​ភ្នាក់ងារ​ឆ្នើមដែល​ទទួលស្គាល់​ ដោយ GCC Group។

4.​ ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ផ្ទាល់

5.​ ​ការិយាល័យ​ដ៏​ធំ​បំផុត​ មាន​ទំហំ​ដល់​ទៅ​ជាង១០០០​ម៉ែ​ត្រ​កា​រ៉េ ដែល​នឹង​ដាក់​អោយ​ប្រើប្រាស់ ​សម្រាប់​ភ្នាក់ងារ​លក់​របស់ GC Realty នេះ​ជា​ចំណែក​សំខាន់​ៗ​ដែល GC Realty បាន​រៀបចំ ​និង​ផ្តល់​ដល់​ភ្នាក់ងារ​លក់​ទាំងអស់​ ។

សម្រាប់​អ្នក​ដែល​មាន​បំណង ​ក្លាយជា​សមាជិកគ្រួសារ​យើង និង​ទទួ​ល​បានអត្ថប្រយោជន៍​ទាំង​អស់នេះ ​អាច​សាកសួរ​ព័ត៍​មានបាន​ដោយ​សេរី តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ GC Realty ឬ តាម​ទំនាក់ទំនង​មក​កាន់ 016 362 263៕

រដ្ឋាភិបាលចិនទទួលបានប្រាក់ចំណូលពីការលក់ដីធ្លីរាប់ទ្រីលានដុល្លារអាមេរិក

ដោយៈសុខុម

ប៉េកាំង: រដ្ឋាភិបាលប្រទេសចិន ទទួលបានប្រាក់ចំណូលពីការលក់ដីធ្លីរហូតដល់១,៣៧ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុ មហាយក្សមួយនេះ បានបង្ហាញនៅថ្ងៃសុក្រ ទី២៨ មករា។
ទោះជាយ៉ាងណា តួលេខប្រាក់ចំណូលពីការលក់ដីធ្លី ក្នុងឆ្នាំ២០២១ កន្លងមកនេះ បង្ហាញពីការដាំក្បាលចុះយ៉ាងខ្លាំង បើធៀបនឹងឆ្នាំ២០២០ ដែលរដ្ឋាភិបាលប្រទេសនេះ ទទួលបានកំណើនប្រាក់ចំណូលដល់ទៅ១៥,៩%។

ការដាំក្បាលចុះយ៉ាងខ្លាំង នូវចំនួនប្រាក់ចំណូលពីការលក់ដីធ្លីនេះកើតមានឡើង ខណៈវិស័យអចលនទ្រព្យ ក្នុងប្រទេសមហាយក្សជាសេដ្ឋកិច្ចជំបំផុតទី២ របស់ពិភពលោកមួយនេះ កំពុងជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ក្រោយពីផ្ទុះវិបត្តិ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ខ្នាតយក្សរបស់ចិន China Evergrande ដែលជំពាក់បំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក។

វិបត្តិសាច់ប្រាក់នេះ បានរីករាលដាលទៅដល់ក្រុមហ៊ុនអភិវឌ្ឍន៍អច​លនទ្រព្យផ្សេងៗទៀត ពោលគឺរាលដាលពេញទីផ្សារអចលនទ្រព្យ ក្នុងប្រទេសចិន ជាហេតុធ្វើឱ្យគម្រោងអភិវឌ្ឍន៍ជាច្រើនត្រូវផ្អាក ឬស្ទះដំណើរការ ខណៈការលក់ធ្លាក់ចុះខ្លាំង។

ចំណុចទាំងអស់នេះ ជាកត្តារួមផ្សំ ដែលធ្វើឱ្យសកម្មភាពទិញលក់ដីធ្លីក្នុងប្រទេសនេះ ហាក់ស្ងប់ស្ងាត់ជាងធម្មតា៕ Reuters៕

គំរោងអភិវឌ្ឍន៍លំនៅដ្ឋាននៅក្រុងប៉ោយប៉ែតចាប់ផ្តើមវិវត្តន៍មករកផ្ទះតម្លៃថ្លៃ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់លក់ នៅទីក្រុងប៉ោយប៉ែត បាន និងកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ដោយអ្នកអភិវឌ្ឍន៍បានងាកចេញពីលំនៅដ្ឋានតម្លៃមធ្យម មកសាងសង់លំនៅដ្ឋានមានតម្លៃខ្ពស់ ដោយសារមានការ​បញ្ជាទិញច្រើន។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Bright HTL លោកសួង សុខហ៊ាងដែលបាន និងកំពុងត្រៀមសាងសង់បុរីតម្លៃខ្ពស់ នៅទីក្រុងប៉ោយប៉ែតនាពេលខាងមុខ បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ដោយ​សារតម្រូវការ ទីកន្លែងស្នាក់នៅសម្រាប់បុគ្គលិក ដែលធ្វើការ​២៤ម៉ោង បានធ្វើឲ្យហាហងឆេងជួលផ្ទះ និងអគារស្នាក់នៅមាន​កំណើនខ្ពស់។

លោកបន្តថា “បច្ចុប្បន្នតម្លៃផ្ទះវីឡា អាចរកជួលបានតម្លៃចន្លោះពី៥០,០០ ទៅ១០,០០០ដុល្លារ ខណៈផ្ទះល្វែងធម្មតាអាចជួលបានក្នុងតម្លៃ​៣០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ”។ លោកបន្តថា“ការកើនឡើងនូវតម្លៃជួលវីឡាប្រណីត និងអគារស្នាក់នៅកើនឡើងនេះ ដោយសារម្ចាស់កាស៊ីណូនានា បានជួលឲ្យបុគ្គលិកបំរើការងារ២៤ម៉ោង​”។

លោកសួង សុខហ៊ាងបានបន្តថា ដោយសារតម្រូវការខ្ពស់បែបនេះ ទើបបច្ចុប្បន្ន មានម្ចាស់បុរីចន្លោះពី៣ទៅ៤បាន និងកំពុងសាងសង់ផ្ទះវីឡាមានតម្លៃខ្ពស់ ដែលមានតម្លៃចន្លោះពី៣០ ទៅ៥០ម៉ឺនដុល្លារអាមេរិក ឬខ្ពស់ជាងនេះ ដើម្បីបំពេញតាមតម្រូវការអតិថិជន។ ជាលទ្ឋផលផ្ទះមានតម្លៃខ្ពស់ទាំងនោះ បានលក់ចេញបានលឿន ខណៈដែលផ្ទះល្វែងមានតម្លៃ៥ទៅ៦ម៉ឺនដុល្លារពិបាកលក់ចេញ។

លោកបន្តថា នាពេលឆាប់ៗខាងមុខនេះ លោកនិងភាគហ៊ុនិករបស់លោកនឹងសាងសង់បុរី មានតម្លៃខ្ពស់នៅទីក្រុងប៉ោយប៉ែត ដោយលោកមានជំនឿនិងមើលឃើញថា លំនៅដ្ឋានបែបនេះ នឹងលក់ចេញបានលឿន ស្របពេលអតិថិជនជាច្រើនកំពុងរង់ចាំ៕

ប្រសិនជាខុនដូរបស់អ្នកចាស់ទ្រុឌទ្រោម តើអ្នកណាជាអ្នកជួសជុល?

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ដោយសារតែនិន្នាការរស់នៅតាមខុនដូ របស់ប្រជាពលរដ្ឋក្នុងស្រុកកាន់តែកើនឡើង ការស្វែងយល់ចំណេះដឹង ពីលំនៅដ្ឋានបែបសហ​កម្មសិទ្ឋនេះ ជារឿងគួរតែសិក្សាស្បែងយល់។

តើនៅពេលខុនដូរបស់អ្នកចាស់ ស្លេកព៌ណ ទ្រុឌទ្រោមតើអ្នកជាអ្នកទិញ ឬអ្នកសាងសង់ខុនដូលក់ជាអ្នកជួលជុស?។

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា តាមធម្មតាម្ចាស់ខុនដូនិមួយៗ តែងតែរកក្រុមហ៊ុនអចលនទ្រព្យរបស់ខ្លួន ឬគ្រប់គ្រងដោយខ្លួនឯង ដោយពួកគេយកថ្លៃគ្រប់គ្រងប្រចាំខែ ពីម្ចាស់យូនីតខុនដូនិមួយៗ និងខុនដូខ្លះទៀតគេមានរៀបចំជា Fund សម្រាប់ប្រើប្រាស់ជួសជុល ឬថែរទាំអគារ នៅពេលអគារខុនដូរបស់ពួកគេរស់នៅ មានសភាពចាស់ទ្រុឌទ្រោម។

លោកបន្តថា “ម្ចាស់ខុនដូខ្លះ បានប្រើប្រាស់លុយ ទទួលបានពីថ្លៃគ្រប់គ្រងអគារ និងសេវាកម្ម (Management Fee) យកមកជួសជុល និងថែរទាំ ប៉ុន្តែម្ចាស់ខុនដូឬអ្នកសាងសង់ខុនដូសម្រាប់លក់ បានប្រើប្រាស់ Thinking Fund សម្រាប់ជួសជុលថែរទាំអគារ”។

លោកខន គង្គាបានបន្តថា តាមធម្មតាម្ចាស់ខុនដូនិមួយៗតែងតែមានការទិញ Insurance សម្រាប់គំរោងរបស់ពួកគេ​ ដើម្បីបង្ការមានហានិភ័យអ្វីមួយកើតមានឡើង ប៉ុន្តែក្នុងករណីខុនដូដែលខ្លួបានទិញ ដោយសារមូល​ហេតុដូចជា សួលរលំដោយសារគ្រោះរញ្ជួយដី ឬខ្យល់ព្យុះ ពួកគេមិនទទួល​បានសំណងឡើយ ឬពួកគេអាចចចារជាមួយ អ្នកអភិវឌ្ឍន៍ឡើងវិញបានក្នុងករណីពួកគេមិនទទួលបានសំណងអ្វីមួយ ខណៈខុនដូរបស់ពួកគេបានទិញធនារ៉ាប់រងច្បាស់លាស់៕

ស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ព្រែកព្នៅចាប់ផ្ដើមលក់ផលិតផលខ្មែរតាមការស្នើសុំរបស់កម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រោយពេលក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនភីធីធី របស់ថៃ បានចុះហត្ថលេខាលើការទទួលលក់ផលិតផលខ្មែរ នៅស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ពេលនេះ ស្ថានីយ៍ប្រេងនេះ ដែលមានសាខាព្រែកព្នៅចាប់ផ្ដើមដាក់លក់ជាផ្លូវការ កាលពីថ្ងៃទី២៨មករា ២០២២។

នៅក្នុងពិធីប្រកាសដាក់លក់ជាផ្លូវការ លោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រ​សួងពាណិជ្ជកម្ម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អក្នុងការចូលរួមរៀបចំស្ដង់បង្ហាញ និងលក់ផលិតផលខ្មែរនេះ បានយ៉ាងល្អ ប្រកបដោយភាពទាក់ទាញ។

លោកមានប្រសាសន៍ថា ការដាក់លក់នូវផលិតផលខ្មែរ នៅពេលនេះដើម្បីជួយសម្រួលដល់ចរន្ដទីផ្សារជូនកសិករ ផលិតករ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា ព្រមទាំងជួយលើកកម្ពស់ផលិតផលខ្មែរ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីប្រកួតប្រជែងជាមួយផលិ​តផលនាំចូល ជាពិសេសជួយជំរុញឱ្យវិស័យឯកជន នាំយកផលិតផ​លខ្មែរដែលមានគុណភាព សុវត្ថិភាព មានការវេចខ្ចប់ស្របតាមស្ដង់ដារ មកតាំងបង្ហាញ និងស្វែងរកដៃគូលក់ ឬចែកចាយបន្ដ។ ផលិតផលដែលដាក់តាំងលក់ទាំងនោះ រួមមាន៖ បន្លែសុវត្ថិភាព ប្រេងដូង នំ ដំណាប់ធ្វើពីបន្លែ និងផ្លែឈើ អំបុក តែ គ្រឿងឧបភោគ-បរិភោគ របស់ប្រើប្រាស់ប្រចាំថ្ងៃ ទឹកមាត់ត្រចៀកកាំ វត្ថុអនុស្សារីយ៍ ព្រមទាំងផលិតផលក្នុងស្រុកជាច្រើនមុខទៀត។

លោកបានផ្ដល់អនុសាសន៍ ណែនាំបន្ថែមដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មទាំងអស់ ឱ្យព្យាយាមខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការកែច្នៃផលិតផលខ្មែរ ដែលមានស្រាប់ ធ្វើការវេចខ្ចប់ឱ្យបានត្រឹមត្រូវ មានកាលបរិច្ឆេទកំណត់ច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការជំរុញ ការនាំចេញ ជាពិសេសគឺអាចលក់បានតម្លៃ ថ្លៃជាងផលិតផលដែលគ្មានការវេចខ្ចប់ត្រឹមត្រូវ។

លោកប៉ាន សូរស័ក្តិបានបន្តថា ការជ្រើសរើសយកទីតាំងស្ថានីយប្រេងឥន្ធនៈភីធីធី ព្រែកព្នៅ ដើម្បីតាំងបង្ហាញផ្សព្វផ្សាយ និងលក់ផលិត​ផលនៅពេលនេះ គឺពិតជាអំណោយផលល្អ ព្រោះទីតាំងនេះមានទីធ្លាធំទូលាយ ព្រមទាំងមានអ្នកធ្វើដំណើរចេញចូលច្រើន។

ដើម្បីជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) បានចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កន្លទៅនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដោយកសិករ និងផលិតករនៅក្នុងស្រុកទាំងអស់ អាចដាក់លក់ផលិតផលរបស់ខ្លួននៅតាមបណ្តាស្ថានីយ ប្រេងឥន្ធនៈភីធីធីនៅទូទាំងរាជធានី-ខេត្ត។

កម្មវិធីនេះ ធ្វើការលក់សាកល្បងចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានរៀបចំឡើង តាម៧ទីតាំង រួមមាន៖ រាជធានីភ្នំពេញ (៣ទីតាំងគឺ ព្រែកព្នៅ ព្រៃកី និងច្បារអំពៅ), ខេត្តសៀមរាប, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម (ស្គន់), និងខេត្តតាកែវ ដោយមានការចូលរួមពីក្រុមហ៊ុន សិប្បកម្ម និងអាជីវករសរុបចំនួន ៦៤នាក់។

ក្រោយពីបញ្ចប់ គម្រោងសាកល្បងរយៈពេល៧ថ្ងៃនេះ ក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងអនុវត្តគម្រោងជាបន្ដទៀត នៅក្នុងឆ្នាំ២០២២ ដោយរៀបចំឱ្យមានការផ្សព្វផ្សាយ និងលក់នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី មួយចំនួន ដូចជា ក្នុងត្រីមាសទី២ ឆ្នាំ២០២២ នៅស្ថានីយចំនួន១៦ តាមបណ្តោយផ្លូវជាតិលេខ២ លេខ៣ និងលេខ៤ ក្នុងត្រីមាសទី៣ នៅស្ថានីយ៍ចំនួន១០ តាមបណ្តោយផ្លូវជាតិលេខ៦ និងក្នុងត្រីមាសទី៤ នៅស្ថានីយចំនួន៥ តាមបណ្តោយផ្លូវជាតិលេខ៥៕