ដោយៈ សុផារី
ភ្នំពេញៈ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា បានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាស្តង់ដា ប្រទេសស្វីសដំបូងបំផុតនៅកម្ពុជា ដើម្បីបណ្តុះបណ្តាលនិស្សិតកម្ពុជាលើវិស័យនាឡិកាស្វីស។
មជ្ឈមណ្ឌលស្តង់ដារនេះឈ្មោះថា “មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ (Prince Horology)” កំពុងទទួលបណ្តុះបណ្តាល សិស្សានុសិស្សជាច្រើនរូបនៅក្នុងដំណាក់កាលដំបូងលើវិស័យនាឡិកាស្វីស នៅក្នុងប្រទេសកម្ពុជា។
អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា “កាលពីបីឆ្នាំមុន នេះគ្រាន់តែជាចក្ខុវិស័យប៉ុណ្ណោះ”។ លោកបានបន្តថា “ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវឌ្ឍនភាពដែលបានកើតឡើង ចាប់តាំងពីពេលដែលយើង បានបង្កើតសាលានេះមកនាមុនពេលជំងឺរាតត្បាតបានចាប់ផ្តើម ហើយខ្ញុំទន្ទឹងរង់ចាំការកកើតនៃអ្នកផលិត នាឡិកាដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលបានទទួលការបណ្តុះបណ្តាលតាមស្តង់ដារប្រទេសស្វីស”។
បើតាមការចុះផ្សាយរបស់ក្រុមហ៊ុនបានឱ្យដឹងថា រាល់ការសិក្សាទាំងអស់ អំពីការផលិតនាឡិកា នៅមជ្ឈមណ្ឌលមួយនេះមានបំពាក់នូវឧបករណ៍លំដាប់ខ្ពស់បំផុត រួមទាំងអ្នកជំនាញលំដាប់អន្តរជាតិផងនោះ អ្នកឧកញ៉ា ចេន ហ្ស៊ី សង្ឃឹមថាចំណង់ចំណូលចិត្តរបស់អ្នកផលិតនាឡិកា នាពេលអនាគតទាំងនេះ អាចក្លាយជាការបំផុសគំនិត សម្រាប់សិប្បកម្មផលិតនាឡិកា លំដាប់ខ្ពស់នៅទូទាំងប្រទេសកម្ពុជា។
លោក Sack-Man Loui នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ មានប្រសាសន៍ផងដែរថា “នេះជាមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនាឡិកាស្វីសដែលមានតែមួយគត់សម្រាប់ប្រទេសកម្ពុជា។ សាលាបាននាំមកនូវគ្រឿងបរិក្ខារលំដាប់ពិភពលោក ដែលអាចប្រកួតប្រជែងនឹងកន្លែងផ្សេងៗក្នុងប្រទេសស្វីសបាន”៕