WB ព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមស្ថិតក្នុងរង្វង់៥,៥ភាគរយ ក្នុងឆ្នាំ២០២២

ដោយ៖ ស្រីលិះ

ហាណូយ៖ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទំនងជានឹងកើនឡើងនៅឆ្នាំ២០២២ ខណៈដែលកំណើនផលិតផលក្នុងស្រុកសរុបត្រូវបានធនាគារពិភពលោកព្យាករណ៍ថានឹងកើនឡើងដល់ ៥,៥% កើនពី ២,៦% កាលពីឆ្នាំ២០២១។

តាមរយៈវិធានការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ទាំងក្នុងប្រទេស និងក្រៅប្រទេស វិស័យសេវាកម្មរបស់វៀតណាមត្រូវបានគេព្យាករណ៍ថា នឹងងើបឡើងវិញជាបណ្តើរៗដោយសារទំនុកចិត្តរបស់ក្រុមហ៊ុននិងវិនិយោគិននានា ខណៈវិស័យផលិតកម្មទទួលបានអត្ថប្រយោជន៍ពីស្ថិរភាពការបញ្ជាទិញពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន។

ចំណែកឱនភាពសារពើពន្ធ និងបំណុលត្រូវបានគេរំពឹងថានឹងនៅមានស្ថិរភាព ជាមួយនឹងសមាមាត្របំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប ដែលត្រូវបានព្យាករថាស្ថិតក្នុងរង្វង់ ៥៨,៨ ភាគរយ ដែលទាបជាងការកំណត់នៅក្នុងច្បាប់។

ទោះជាយ៉ាងនេះក្តី ភាពមិនប្រាកដប្រជាអំពីជំងឺរាតត្បាត អាចជំរុញធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចចុះខ្សោយ។ លើសពីនេះ ដៃគូពាណិជ្ជកម្មជាច្រើនកំពុងប្រឈមមុខនឹងការថយចុះទំហំសារពើពន្ធ និងគម្លាតរូបិយវត្ថុ ដែលអាចកម្រិតសមត្ថភាពក្នុងការគាំទ្រសេដ្ឋកិច្ច ប្រសិនបើវិបត្តិនៅតែបន្តកើតមាន ដែលនេះអាចធ្វើឱ្យការស្ទុះងើបឡើងវិញជាសកល និងធ្វើឱ្យតម្រូវការនាំចេញរបស់វៀតណាមធ្លាក់ចុះ។
តាមរយៈការបោះពុម្ពផ្សាយរបាយការណ៍របស់ Takeing Stock “គ្មានពេលដែលត្រូវខ្ជះខ្ជាយ៖ បញ្ហាប្រឈម និងឱកាសនៃពាណិជ្ជកម្មស្អាតសម្រាប់វៀតណាម” ឱ្យដឹងថា វិស័យពាណិជ្ជកម្មបៃតងគួរតែជាអាទិភាពមួយសម្រាប់ប្រទេសវៀតណាម។ ពាណិជ្ជកម្មរបស់វៀតណាមក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ពឹងផ្អែកទៅលើកាបូន ដែលស្មើនឹងមួយភាគបីនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបរបស់ប្រទេស និងការបំពុល។

លោកស្រី Carolyn Turk នាយកធនាគារពិភពលោកប្រចាំប្រទេសវៀតណាមបានមានប្រសាសន៍ថា “ពាណិជ្ជកម្មនឹងក្លាយជាធាតុផ្សំសំខាន់នៃសកម្មភាពអាកាសធាតុរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ”។ លោកស្រីថា “ការលើកកម្ពស់ពាណិជ្ជកម្មបៃតងនឹងមិនត្រឹមតែជួយវៀតណាមធ្វើតាមការសន្យារបស់ខ្លួនក្នុងការឈានដល់ការបំភាយសូន្យសុទ្ធក្នុងឆ្នាំ ២០៥០ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយឱ្យប្រទេសនេះរក្សាការប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិ និងធានាថាពាណិជ្ជកម្មនៅតែជាប្រាក់ចំណូលដ៏សំខាន់ និងជាប្រភពការងារ។

របាយការណ៍នេះបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលធ្វើសកម្មភាពអាទិភាពចំនួនបី៖ សម្រួលដល់ការធ្វើពាណិជ្ជកម្មទំនិញ និងសេវាកម្មបៃតង ជំរុញការវិនិយោគផ្ទាល់ពីបរទេសបៃតង និងអភិវឌ្ឍតំបន់ឧស្សាហកម្មធន់ និងគ្មានកាបូនបន្ថែមទៀត៕

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២នៅអាស៊ីជាប្រទេសល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍ក្នុង ឆ្នាំ២០២២

ដោយ: ម៉ាលីស

ភ្នំពេញ: សម្រាប់ឆ្នាំ២០២២ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២ នៅអាស៊ី និងទី ១៤ លើពិភពលោក ជាប្រទេសល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍។ នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ International Living។

កម្ពុជាក៏ជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍ល្អបំផុតមួយក្នុងចំណោមគោលដៅទេសចរណ៍ល្អបំផុតក្នុងរយៈពេល១០ ឆ្នាំខាងមុខ នេះបើយោងតាមទស្សនាវដ្តី Forbes ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

គេហទំព័រនេះបានដាក់ប្រទេសថៃ ជាកន្លែងទី១នៅអាស៊ី និងទី១១នៅទូទាំងពិភពលោក។ នៅទូទាំងពិភពលោក ប្រទេសប៉ាណាម៉ាបានជាប់ចំណាត់ថ្នាក់លេខ១ កូស្តារីកាលេខ២ និងម៉ិកស៊ិកជាប់លេខ៣ ដែលតាមពីក្រោយដោយអេក្វាឌ័រ កូឡុំប៊ី បារាំង ម៉ាល់តា អេស្ប៉ាញ អ៊ុយរូហ្គាយ អៀរឡង់ និងប៉េរូ។

កាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនមគ្គុទ្ទេសទេសចរណ៍ Touropia ក៏បានចាត់ចំណាត់ថ្នាក់ឧទ្យានបុរាណវិទ្យាអង្គរ ថាជាកន្លែងដ៏ល្អបំផុតសម្រាប់ការទស្សនានៅអាស៊ីអាគ្នេយ៍ ហើយប្រាសាទអង្គរជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមប្រាសាទល្បីៗបំផុតទាំង១០នៅអាស៊ីផងដែរ៕

តម្លៃដីផ្លូវលេខ៤៣ចាប់ឡើងថ្លៃ ក្រោយគម្រោងផ្លូវនេះកាន់តែជិតអភិវឌ្ឍ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ៤៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ត្រង់ចំនុចខេត្តកំពតទៅផ្លូវជាតិលេខ៤ខេត្តកំពង់ស្ពឺ កំពុងរៀបចំដំណើរការអភិវឌ្ឍន៍ជាបណ្ដើរៗ ដែលធ្វើឱ្យហាងឆេងដីធ្លីនៅតាមបណ្ដោយផ្លូវមួយនេះកាន់តែមានសន្ទុះងើបឡើង ក្នុងនោះដែរតម្លៃដីធ្លីក៏ត្រូវបានរំពឹងថានឹងងើបឡើងមួយកម្រិតទៀតផងដែរ។

លោក កែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពត បានឱ្យដឹងថា គម្រោងផ្លូវជាតិលេខ៤៣បាននិងកំពុងធ្វើឱ្យហាងឆេងដីធ្លីនៅតាមបណ្ដោយផ្លូវនេះ កំពុងតែមានកំណើនល្អប្រសើរបន្ថែមមួយកម្រិតទៀត។ ជាក់ស្ដែង ដីធ្លីនៅតំបន់នោះ ដែលកាលពីមុនត្រឹមតែ៥ទៅ១០ដុល្លារអាមេរិក តែមកដល់ពេលនេះវាឡើងដល់១៥ដុល្លារអាមេរិក និងតំបន់ខ្លះក៏ខ្ពស់ជាងនេះផងដែរ ទៅតាមទីតាំងសក្ដានុពល។
លោកបន្តថា គម្រោងផ្លូវជាតិលេខ៤៣នេះដែរក៏ឃើញថាមានក្រុមហ៊ុនក្នុងស្រុកមួយចំនួនបានចូលទៅអភិវឌ្ឍន៍ជាបណ្ដើរៗ ដូចជាគម្រោងអភិវឌ្ឍន៍ដីលំហែរបស់បូកគោលែនទី២ និងមានអ្នកវិនិយោគមួយចំនួនទៀតទិញដីត្រៀមសម្រាប់អភិវឌ្ឍន៍ នៅពេលផ្លូវនេះចាប់ផ្ដើមស្ថាបនាចាក់កៅស៊ូ។

លោកថា ”សក្ដានុពលដីធ្លីនៅតំបន់ផ្លូវ៤៣ពេលនេះគ្រាន់តែជាដីប្រភេទលំហែកាយ ហើយអ្នកអភិវឌ្ឍន៍ដែលចូលទៅតំបន់នោះ ក៏អភិវឌ្ឍជាផ្ទះលំហែ ចំការលំហែ មិនទាន់មានការអភិវឌ្ឍជាអ្វីផ្សេងឡើយ”។

លោកសុខ គែន នាយកក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate ក៏បានឱ្យដឹងផងដែរថា នៅពេលមានគម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ៤៣ភ្លាម ដីធ្លីនៅតាមបណ្ដោយនៃគម្រោងផ្លូវនេះ បានឡើងថ្លៃមួយកម្រិត ហើយនៅពេលផ្លូវនេះស្ថាបនាវានឹងឡើងម្ដងទៀត ក្នុងនោះដែរ សក្ដានុពលនៃការអភិវឌ្ឍនៅតំបន់នោះក៏ប្រែប្រួលបន្តិចដែរ។

លោកបន្តថា នៅពេលនេះ ការអភិវឌ្ឍមានតែទៅលើតំបន់លំហែ និងចំការ ប៉ុន្តែនៅពេលអនាគត ពោលគឺពេលផ្លូវនេះសាងសង់រួច វានឹងមានការអភិវឌ្ឍជាតំបន់ឧស្សាហកម្មរោងចក្រសហគ្រាស ដោយសារតែផ្លូវជាផ្លូវសំខាន់ក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែ ខេត្តព្រះសីហនុ ឬកំពង់ផែទឹកជ្រៅខេត្តកំពតដែលបាននិងកំពុងសាងសង់ជាដើម ។ ដូច្នេះអ្នកវិនិយោគអាចនឹងសាងសង់ជាឃ្លាំងស្តុកទំនិញនិងដឹកជញ្ជូនទៅកាន់កំពង់ផែទាំងពីរ៕

អ្នកជំនាញៈសកម្មភាពទិញលក់ដីធ្លីខេត្តសៀមរាបនៅទ្រឹងក្រោយម្ចាស់ដីសម្រុកតម្លើងតម្លៃខ្លាំង

ដោយៈសុធារី

សៀមរាបៈ អ្នកជំនាញអះអាងថា កត្តាម្ចាស់ដីនៅក្នុងខេត្តសៀមរាបបានតម្លើងតម្លៃដី របស់ពួកគាត់នៅតាមផ្លូវទើបស្ថាបនារួចនេះ បានបណ្តាលឱ្យសកម្មភាពទិញ លក់នៅទ្រឹងមួយកន្លែង ដែលជាឱកាសសម្រាប់អ្នកមានគម្រោងទិញដីធ្លី សម្រាប់វិនិយោគនៅថ្ងៃក្រោយ។

លោកបឿន រិទ្ធ ប្រធាន GRA ប្រចាំខេត្តសៀមរាបមានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៣ មករាកន្លងមកថា សេដ្ឋកិច្ចរបស់ខេត្តសៀមរាប អាចដើរទៅរួចអាស្រ័យលើវិស័យទេសចរណ៍។ យើងមើលឃើញថា នៅកំឡុងចូលឆ្នាំសកលកន្លងទៅ មានលក្ខណៈល្អប្រសើរ ដោយសារកំណើននៃភ្ញៀវទេសចរ បានមកលេងនៅក្នុងខេត្តសៀមរាបមានច្រើន។

តាមរយៈរបាយការណ៍របស់ក្រសួងទេសចរណ៍ នាឱកាសឆ្លងឆ្នាំសក​ល២០២១ឆ្លងចូល២០២២ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុប មានអ្នកចូលទស្សនាច្រើនជាងគេ ១៨៩,៤៣៦នាក់។

លោកបឿន រិទ្ឋបានអះអាងថា សកម្មភាពសេដ្ឋកិច្ចរបស់ខេត្តសៀម​រាបមានសកម្មភាពតែមួយឆាវៗ ដោយសារតែកូវីដ១៩ រារាំង។ បច្ចុប្បន្នដីធ្លីក្នុងខេត្តសៀមរាប បែងចែកជា៤ប្រភេទ មាន ដីសម្រាប់កសិកម្ម ដីសម្រាប់អាជីវកម្ម ដីលំនៅឋាន និងដីពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ ប្រភេទដីធ្លីមួយប្រភេទកំពុងតែមានចរន្តទិញលក់ល្អ គឺ ប្រភេទដីពាណិជ្ជកម្ម ដោយសង្គេតឃើញមានអ្នកមកពីភ្នំពេញ និងបណ្តាខេត្តផ្សេងៗមកទិញ។

លោកបន្តថា “សកម្មភាពទិញលក់អចលនទ្រព្យដីធ្លីនៅមាន គ្រាន់តែមានមិនច្រើនទេ មានតិចតួចដោយភាពច្រើនជា អ្នកទិញក្នុងស្រុកជាអ្នកធ្វើសកម្មភាពទិញលក់នៅក្នុងខេត្តសៀមរាប”។ លោកបន្តថា “សកម្មភាពទិញលក់ តម្លៃចន្លោះក្រោម១លានដុល្លារចុះក្រោម នៅមានដំណើរការធម្មតាទេ។ ចំណែកសកម្មភាពវិនិយោគខ្នាតធំៗ មិនទាន់ចូលមកនោះទេ”។

សម្រាប់តម្លៃដីធ្លី លោកបែងចែកជា២ ប្រភេទគឺ ដីធ្លីនៅក្នុងក្រុងនិងដីធ្លីកសិកម្មនៅក្រៅក្រុង។ ដីធ្លីកសិកម្មនៅក្រៅក្រុង អាចមានតម្លៃចាន់ពី៣ទៅ១០ដុល្លាអាមេរិក ខ្លះអាចឡើងដល់១៥ដុល្លាអាមេរិក សម្រាប់ដីនៅម្តុំគម្រោងអាកាសយានដ្ឋានថ្មីសៀមរាប។ តម្លៃដីកសិកម្មអាស្រ័យ តាមទំហំនិងទីតាំងរបស់ដីផងដែរ។ ប្រសិនបើ ដីមានទំហំធំ នោះតម្លៃនឹងរៀងទាប តែប្រសិនបើដីមានទំហំតូច ហើយនៅជាប់នឹងផ្លូវធំ នោះតម្លៃក៏ឡើងខ្ពស់តាមនោះដែរ។

ចំណែកដីនៅក្នុងក្រុង តំបន់២ដែលមានតម្លៃថ្លៃបំផុត។ តំបន់ទី១ គឺ តំបន់ផាប់ស្ទ្រីត ដែលមានតម្លៃចាប់ពី៣ពាន់ ទៅ៤ពាន់ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតំបន់ទី២ តំបន់ផ្សារលើនៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ចាប់ពីម្តុំព្រះអង្គចេកព្រះអង្គចម មកដល់ហួសផ្សារលើបន្តិច មានតម្លៃចាប់ពី៤០០០ចុះក្រោម។
សម្រាប់ម្ដុំផ្សារលើតម្លៃប្រហែល៤៥០០ ដល់៥០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ នៅតាមផ្លូវមេ ដីមានតម្លៃប្រហែល១៣០០ ក្នុងមួយម៉ែត្រការ៉េ ខ្លះចន្លោះ៣០០ ទៅ៥០០ដុល្លាអាមេរិក ក្នុងមួយម៉ែត្រការ៉េ។

លោកបឿន រិទ្ឋបានបន្តថា ក្នុងចំណោមដីទាំង៤ ប្រភេទនេះលោកមើលឃើញថា ប្រភេទដីពាណិជ្ជកម្ម ដែលនៅជាប់នឹងផ្លូវ៣៨ខ្សែ ជាប្រភេទដីដែលមានល្អបំផុត សម្រាប់ការវិនិយោគ ព្រោះនៅតាមផ្លូវ៣៨ខ្សែ តំបន់ខ្លះដីពាណិជ្ជកម្ម នៅមានតម្លៃធូរនៅឡើយចន្លោះពី៣០០ ទៅ១៥០០ ដុល្លាអាមេរិក ដោយលើកឡើងតំបន់ពីរខាងលើ។
លោកបញ្ជាក់ថា”យ៉ាងណាម៉ិញតម្រូវការផ្គត់ផ្គង់ មានច្រើនជាងតម្រូវការទិញ។ ដូច្នេះសម្រាប់អ្នកមានលទ្ធភាព អាចចាប់យកឱកាសនេះសម្រាប់ទិញទាន់ នៅមានតម្លៃធូរថ្លៃហើយមានតម្រូវការលក់ច្រើន”៕

ការងារបំពាក់ប្រព័ន្ធផ្លាស់ប្តូររទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែព្រះសីហនុសម្រេចបានជាង ៩០ភាគរយហើយ

ដោយ: ម៉ាលីស

ព្រះសីហនុ: លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណ ការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ នឹងអាចដាក់ដំណើការបាននៅ ក្នុងអំឡុងខែសីហា ឆ្នាំ ២០២២នេះ។

ខណៈបច្ចុប្បន្ន ក្រុមហ៊ុនទទួលបន្ទុករៀបចំ កំពុងពន្លឿនការងារបំពាក់បច្ចេកទេស លើប្រព័ន្ធស្វ័យ ប្រវត្តិកម្មដែលនៅសេសសល់ឱ្យបានរួចរាល់ តាមផែនការដែលបានគ្រោងទុក។

លោកបញ្ជាក់ថា មកដល់បច្ចុប្បន្ន ការងារបំពាក់ប្រព័ន្ធផ្លាស់ប្តូរទិន្ន​ន័យតាមអេឡិច ត្រូនិកនៅកំពង់ផែនេះ សម្រេចវឌ្ឍនភាពបានប្រមាណជាង៩០ភាគរយហើយ ដោយគ្រោងបញ្ចប់តាមផែនការ ដើម្បីសុំគោល ការណ៍ដាក់ដំណើរការ។

គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែនេះ ស្ថិតក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ JICA ក្នុងទឹកប្រាក់សរុបប្រមាណ១២លាន២សែនដុល្លារអាមេរិក ក្នុងគោលបំណងកែលម្អហេដ្ឋារចនា សម្ព័ន្ធ និងបរិក្ខារកំពង់ផែឱ្យកាន់តែល្អប្រសើរ ខណៈបរិមាណនៃការនាំចូល និងការនាំចេញបានកើនឡើងជារៀងរាល់ឆ្នាំ នៅតាមកំពង់ផែធំៗចំនួន២គឺ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយត្រូវបានដំណើរការធ្វើបែបបទនាវាចូល-ចេញតាមនីតិវិធីរដ្ឋបាលដោយដៃ ដែលងាយជួបប្រទះបញ្ហាប្រឈមផ្សេងៗ។

ប្រព័ន្ធនេះ នឹងជួយសម្រួលដល់នីតិវិធីចេញ-ចូលកំពង់ផែកម្ពុជាសម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ និងគ្រប់គ្រងសេវាដឹកជញ្ជូនតា​មផ្លូវទឹកប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសជួយបង្កើនការទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជា៕

World Bank: ឡាវនឹងទទួលបានកំនើនសេដ្ឋកិច្ចរង្វង់៤,៥ភាគរយក្នុងឆ្នាំនេះ

ដោយៈសុខុម

វៀងចន្ទន៍: ធនាគារពិភពលោក (World Bank) បានធ្វើការព្យាករថា ប្រទេសឡាវ នឹងទទួលបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៤,៥%នៅឆ្នាំ២០២២នេះ និង៤,៨%នៅឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មករា។

យោងតាមរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (Global Economic Prospects) ចុងក្រោយបង្អស់របស់ធនាគារ ពិភពលោកបង្ហាញថា សេដ្ឋកិច្ចពិភពលោក កំពុងឈានចូលដល់ដំណាក់កាល បង្អង់ល្បឿនគួរឱ្យកត់សម្គាល់។

ការបង្អង់ល្បឿននេះកើតមានឡើង ស្របពេលពិភពលោកកំពុងប្រឈ​មមុខ នឹងការគំរាមកំហែងជាថ្មី ពីការរីករាលដាលវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី និងការកើនឡើងនូវអតិផរណា បំណុល និងវិសមភាពប្រាក់ចំណូល ដែលអាចជះផលប៉ះពាល់ខ្លាំង ដល់ការស្ទុះងើបឡើងវិញ ក្នុងបណ្ដាសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស និងបណ្ដាសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។

កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថា នឹងធ្លាក់ចុះគួរឱ្យកត់សម្គា​ល់ពី៥,៥%ក្នុងឆ្នាំ២០២១ មកនៅត្រឹម៤,១%ក្នុងឆ្នាំ២០២២ និងធ្លាក់មកនៅត្រឹម៣,២%ក្នុងឆ្នាំ២០២៣ នៅពេលតម្រូវការធ្លាក់ចុះ ហើយការគាំទ្រផ្នែកសារពើពន្ធ និងរូបិយវត្ថុគ្មានភាពធូរស្រាល នៅទូទាំងពិភពលោក។

លោក David Malpass ប្រធានធនាគារពិភពលោកបានលើកឡើងថា “សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខវីរុសកូវីដ-១៩ អតិផរណា និងភាពមិនប្រាកដប្រជា នៃគោលនយោបាយ ក្នុងពេលដំណាលគ្នា ដោយការចំណាយ និងគោលនយោបាយរូបិយវត្ថុ របស់រដ្ឋាភិបាលនានាកំពុងស្ថិតក្នុងស្ថានភាពដែលមិនធ្លាប់ជួបប្រទះ”។

លោកបន្ថែមទៀតថា “ការធ្វើឱ្យប្រទេសកាន់តែច្រើន ស្ថិតលើមាគ៌ាទទួលបានកំណើនគួរជាទីពេញចិត្ត គឺទាមទារឱ្យមានចំណាត់ការរួមជាអន្តរជាតិ និងការឆ្លើយតបទៅនឹងគោលនយោបាយជាតិ ដែលមានលក្ខណៈទូលំទូលាយ”៕ Laotian Times៕

តើមហាសេដ្ឋី Elon Musk តែងតែអនុវត្តន៍៍យុទ្ឋសាស្រ្តពិភាក្សាការងារបែបណា

ដោយ:ម៉ាលីស

ភ្នំពេញ: មានរឿងរ៉ាវជាច្រើនណាស់ ដែលពាក់ព័ន្ធទៅនឹងបុរសរូបនេះមុនពេលដែលគាត់ បានក្លាយទៅជាមនុស្សដ៏ជោគជ័យបែបនេះ ជាពិសេ​សបរាជ័យដ៏ច្រើនរាប់មិនអស់ ក្នុងរយៈពេល10ឆ្នាំចុងក្រោយ។

នៅក្នុងកិច្ចប្រជុំពិភាក្សាទាំងឡាយ លោក Elon Musk តែងតែប្រកាន់យកគោលការណ៍ចំនួន៣ សម្រាប់ខ្លួនគាត់ ព្រមទាំងមេដឹកនាំតាមផ្នែកនៅក្នុងក្រុមហ៊ុនដើម្បីឲ្យគោរព និងអនុវត្តតាម៖

ទី១.មិនមែនជាកិច្ចប្រជុំដែលមានទំហំធំនោះទេ
លោក Elon Musk ធ្លាប់បានបញ្ជាក់ហើយថា កិច្ចប្រជុំទាំងអស់នៅ Tesla មិនគួរមានចំនួនលើសពី4 ទៅ6នាក់ឡើយ ដោយចាប់យកតែមនុស្សសំខាន់ប៉ុណ្ណោះ សម្រាប់ប្រធានបទនៃកិច្ចប្រជុំ។

ដូចនេះ លោកតែងតែប្រើប្រាស់ពេលវេលា ក្នុងការពិចារណាថា តើអ្នកណាខ្លះ គួរតែចូលរួមកិច្ចប្រជុំនាពេលបន្ទាប់។

ទី២ អ្នកអាចដើរចេញបានពីកិច្ចប្រជុំ
លោក Elon Musk ធ្លាប់ពន្យល់ថា សារៈសំខាន់ដែលត្រូវតែកសាងវប្បធម៍នៃកិច្ចប្រជុំបែបនេះ គឺវានឹងអាចជួយឲ្យអង្គភាពរបស់លោក ទទួលបានភាពត្រឹមត្រូវ និងតម្លាភាពបំផុត។ កិច្ចុប្រជុំដែលមានទំហំតូច និងចូលរួមតែពីមនុស្សដែលសំខាន់ប៉ុណ្ណោះ ប៉ុន្តែបើសមាជិកចូលរួមណាម្នាក់ ដែលគិតថា ពួកគេគិតថាមិនអាចចូលរួមប្រយោជន៍អ្វី ដល់កិច្ចប្រជុំទេនោះលោ​កតែងតែប្រាប់ថា ពួកគេគឺអាចដើរចេញពីកិច្ចប្រជុំនេះបាន។

លោកបន្តថា មិនមានជាសកម្មភាពដ៏ព្រហើននោះទេ ប៉ុន្តែវាគឺជាអ្វីដែលកិច្ចប្រជុំរំពឹងទុក បើពួកគេមិនអាចផ្តល់ប្រយោជន៍ ដល់កិច្ចប្រជុំនោះពួកគេមិនគួរចំណាយពេលខ្ជះខ្ជាយឡើយ។

ទី៣.មិនមែនជាកិច្ចប្រជុំដ៏ញឺកញាប់នោះឡើយ
លោក Elon Musk តែងតែនិយាយថាកិច្ចប្រជុំធ្វើឡើង គួរស្ថិតនៅក្នុងពេលណាចាំបាច់ប៉ុណ្ណោះ។ ដូចនេះត្រូវតែលប់ចោលឲ្យអស់ នូវកិច្ចប្រជុំដែលតែងតែធ្វើឡើងជាប្រចាំពេក។

លោកបន្តថា អ្នកដែលមានបទពិសោធន៍ ធ្វើការងារនៅអង្គភាពធំៗពិតជាបានយល់ថា គោលការណ៍ទី៣នេះ ពិតជាមានប្រយោជន៍ខ្លាំងពីព្រោះថាកិច្ចប្រជុំគួរតែត្រូវបានធ្វើឡើង ដើម្បីដោះស្រាយបញ្ហាដែលចាំបា​ច់ និងអទិភាពបំផុតប៉ុណ្ណោះ៕

រដ្ឋាភិបាលព្រាងគោលនយោបាយថ្មីយកវិស័យកសិកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង

ដោយ: ម៉ាលីស

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម បាននិងកំពុងធ្វើសេចក្តីព្រាងគោលនយោបាយថ្មី ដើម្បីចាប់យកវិស័យកសិកម្មជាស្នូល ដើម្បីចូលរូមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជារយៈពេលវែង។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី១៣ មករា ២០២២ ថា ការពិគ្រោះសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍវិស័យកសិម្មឆ្នាំ២០២១​ ដល់ឆ្នាំ២០៣០ ជាឱកាសមួយសម្រាប់យើងទាំងអស់គ្នា ចូលរួមពិភាក្សាចែករំលែកទស្សនៈ និងផ្តល់នូវធាតុចូលជាគំនិតថ្មីៗ លើលទ្ធផលការងារ កាលានុវត្តភាព និងបញ្ហាប្រឈមផ្សេងៗ ដែលយើងបានជួបប្រទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ សម្រាប់យើងទាំងអស់គ្នាចូលរួមរិះរកគ្រប់មធ្យោបាយ ដើម្បីកំណត់បណ្តាសកម្មភាព ជាអាទិភាពឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្ម ឱ្យមានការរីកចម្រើនឆាប់រហ័ស និងប្រកប​ដោយចីរភាព។

លោកបន្តថា “នៅក្នុងបរិការណ៍ដែលប្រទេសជាតិ យើងកំពុងខិតខំប្រឹ​ងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃការរាតត្បាតដោយជំងឺកូវីដ-១៩ ឆ្លើយតបទៅនឹងចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ”។

លោកវេង សាខុ​នបានបន្ថែមថា រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដូចជា ការអនុវត្តការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រព សន្សំសំចៃទឹក ការព្រោះស្រូវដោយឧបករណ៍ទំនើប ដោយប្រើកម្លាំងពលកម្មតិចបំផុត និងការប្រើដ្រូនបាចជីកសិកម្មជាដើម ដែលទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញវិស័យកសិកម្ម ឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជា។

ទោះជាមានសន្ទុះ នៃការរីកចម្រើនយ៉ាងណាក្តី ក៏វិស័យកសិកម្មនៅជួបបញ្ហាប្រឈមជាច្រើនផងដែរ មានជាអាទិ៍ ផលិតភាពកសិកម្មនៅមានកម្រិតទាប គួបផ្សំនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ ក៏មានការព្រួយបារម្ភ អំពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេស ក៏ដូចជា ការប្រកួតប្រជែងទីផ្សារ នៃផលិតផលកសិកម្មផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មដទៃទៀត ដូចជា ផ្លូវ កសិដ្ឋាន ដើម្បីសម្រួលការដឹកជញ្ជូន ផលិតផលរបស់កសិករ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ នៅមិនទាន់បង្កើតបានគ្រប់គ្រាន់ សម្រាប់ការធ្វើកសិ-ពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើឱ្យការនាំចេ ញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ គួបផ្សំនឹងតម្លៃអគ្គិសនីផងដែរ។

លើសពីនេះទៀត កត្តាប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតបានវាយលុកមកលើផលិតកម្មដំណាំកសិកម្ម បញ្ហាជំងឺឆ្លងសត្វ និងការទន្ទ្រានកាន់កាប់ដីព្រៃឈើ ព្រៃលិចទឹកនៅតំបន់មួយចំនួន នៅតែកើតមានដែលត្រូវតែចាត់វិធានការណ៍ ដោះស្រាយឱ្យបានខ្លាំងក្លាបន្ថែមទៀត៕

តារាលំដាប់ពិភពលោករបស់សឹង្ហបុរីចាប់ផ្តើមវិនិយោគអចលនទ្រព្យនៅកម្ពុជា

ដោយៈជេស៊ីកា

ភ្នំពេញៈ លោក Aaron ដែលជាតារាជ័យលាភីសឹង្ហបុរីលំដាប់ពិភពលោកអន្តរជាតិឆ្នាំ ២០២១ និងជាអគ្គនាយកនៃ St. John Singapore បានធ្វើដំណើរមកកម្ពុជាបំពេញការងារសប្បុរសធម៌។

បន្ទាប់ពីលោកធ្វើកិច្ចការសប្បុរសធម៌រួចមក លោកបានមកកាន់ការិ​យាល័យលក់របស់ រ៉ូយ៉ាល់ផ្លាទីនឹម – គម្រោងអចលនទ្រព្យ ដែលលោកជឿជាក់ក្នុងការវិនិយោគរយះពេលវែង។

ពេលដែលយល់ដឹងថា រ៉ូយ៉ាល់ផ្លាទីនឹមមានសក្តានុពលខ្ពស់ មិនថាទីកន្លែង ការរចនាម៉ូតតុបតែង និងសេវាកម្ម ដែលស័ក្តិសមក្នុងការរស់នៅ ការដាក់ជួល ការវិនិយោគ… លោក Aaron ក៏បាន សម្រេចចិត្តស៊ីញ៉េចុះកុងត្រាទិញខុនដូចំនួន៦យូនីត ដែលស្មើនឹងចំនួនទឹកប្រាក់ជិតកន្លះលានដុល្លា​រសហរដ្ឋអាមេរិក។

តារាជ័យលាភីសឹង្ហបុរីពិភពលោក អន្តរជាតិឆ្នាំ ២០២១ បានជ្រើសរើសយករ៉ូយ៉ាល់ផ្លាទីនឹម ជាដៃគូសំរាប់ការវិនិយោគ។

គំរោងខុនដូរ៉ូយ៉ាល់ផ្លាទីនីម ជាគម្រោងវិនិយោគសហការរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិត ម៉េង និងក្រុមហ៊ុនសឹង្ហបុរី ដែលមានទីតាំងលើមហាវិថីធំមួយ នៃខ័ណ្ឌទួលគោករាជធានីភ្នំពេញ៕

គំរោងលំនៅដ្ឋានលំហែរកាយ Green Zone Residence តែងតាំង លោកព្រហ្ម ម៉ាញ ជាទូតសុឆន្ទៈ

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងលំនៅដ្ឋានលំហែរកាយដ៏ស្រស់ស្អាត និងមានតម្លៃសមរម្យ ស្ថិតនៅតំបន់ផ្លូវជាតិលេខ៥១ បានសម្រេចតែងតាំងវីរៈសិល្បៈករកម្ពុជា លោកព្រហ្ម ម៉ាញជាទូតសុឆន្ទៈរបស់គំរោង។

លោកឧកញ៉ាម៉ន សុខា ប្រធានក្រុមប្រឹក្សាភិបាល នៃគម្រោងវិនិយោគលំនៅដ្ឋានលំហែរកាយ Green Zone Residence បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាជាមួយ លោកព្រហ្ម ម៉ាញ និងក្រុមហ៊ុនភ្នាក់ងារលក់មួយចំនួនទៀតនាល្ងាចថ្ងៃទី១៣ មករាថា ការចុះហត្ថលេខានាពេលនេះជា​ការជួយគាំទ្រគ្នាទៅវិញទៅមក ជួយពង្រីកវិសាលភាពនៃការលក់គំរោងនេះ។

លោកបន្តថា “នៅក្នុងវិស័យអចលនទ្រព្យ យើងត្រូវការដៃគូជាច្រើន ត្រូវការដៃគូជាចាំបាច់ ច្រើនផ្នែក និងដៃគូពាក់ព័ន្ឋ ដែលអាចជួយវិស័យ​នេះ​”។ លោកបន្តថា “ក្រៅពីផ្នែកសំខាន់ៗ ផ្នែកសារព៌តមានក៏ជាផ្នែកសំខា​ន់ ដែលមិនអាចខ្វះបាន ក្នុងការជួយផ្សព្វផ្សាយ បង្ហាញពីព៌តមានពិត ច្បាស់​លាស់ ត្រឹមត្រូវដល់សាធារណៈជនមុនសម្រេចចិត្តវិនិយោគ”។

លោកឧកញ៉ាម៉ន សុខា បានបន្តថា ជាកិត្តិយសណាស់ ដែ​លក្រុមហ៊ុន Green Zone Residence បានសហការជាមួយសិល្បៈករដ៏ល្បី អ្នកជំនាញ ដៃគូពាក់ព័ន្ឋ និងសារព៌តមាន ដែលបានចូលរួមសហការក្នុងការលក់ ការផ្សព្វផ្សាយពីគំរោងនេះ។ លោកបន្តថា គំរោង Green Zone ជាគំរោង ដែលបានគិតគូពីគុណភាព សោភ័ណភាព ប្រណីតភាព និងបរិស្ថានបៃតងជុំវិញ ដើម្បីផ្តល់ឲ្យអ្នករស់នៅទទូលបានសុវត្ថិភាព ផាសុខភាព អា​រម្មណ៍ស្រស់ស្រាយ ពិសេសការរស់នៅផ្សារភ្ជាប់ជាមួយធម្មជាតិ។

ភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខាងលិចផ្សារបាត់ដឹង ប្រហែល៦គីឡូម៉ែត្រ។

លោកព្រហ្ម ម៉ាញវីរៈសិល្បៈករ ដែលបានតែងតាំងជាទូតសុឆន្ទៈរបស់គំរោងនេះ បានសម្តែងក្តីសម្បាយរីករាយ និងមោទនភាពក្រៃលែងដែលបា​នចូលរួមក្នុងវិស័យនេះ ខណៈសិល្បៈករជាច្រើនរួចហើយ បានចូលរួមក្នុងវិស័យអចលនទ្រព្យ។

លោកបន្តថា “ខ្ញុំបានទៅទស្សនាគំរោងនេះហើយ វាជាគម្រោងសមរម្យ មានទីតាំងល្អ អមដោយធម្មជាតិព័ទ្ឋជុំវិញ ជាគំរោងស្អាតនិងមានតម្លៃសមរម្យ”។

ជាមួយគ្នានេះ លោកយ៉ាន់ រិទ្ឋ អគ្គនាយកគំរោងក្រុមហ៊ុន UTRUST Investment ដែលបានសហការលក់គំរោងនេះផងដែរ បានមានប្រសា​សន៍ថា វិស័យអចលនទ្រព្យ ពិសេសផ្នែកសំណង់ លំនៅដ្ឋានយើងនៅខ្វះខាតច្រើន ស្របពេលដែលចំនួនប្រជាពលរដ្ឋបានកើនឡើង និងជីវភាពរបស់ពួកគាត់ប្រសើរឡើងផងដែរ។

លោកបន្តថា “យើងជឿជាក់ថាគំរោងនេះ ជាគំរោងល្អ និងមានតម្រូវ​ការ​ច្រើនពីប្រជាពលរដ្ឋ ព្រោះគំរោងនេះមានទីតាំងនៅកៀករាជធានីភ្នំពេញ និងមានតម្លៃសមរម្យ”។ លោកបន្តថា “គំរោង Green Zone Residence នឹងមានយុទ្ឋសាស្រ្ត ក្នុងការធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ពិសេសយុវជននៅរាជធានីភ្នំពេញ អាចមានលទ្ឋភាពក្នុងការទិញលំនៅដ្ឋានផ្ទាល់ខ្លួន”។

លោកយ៉ាន់ រិទ្ឋ បានបន្តថា យើងមើលឃើញថា តម្រូវការលំនៅដ្ឋាននៅបន្តកើនឡើង ហើយតម្លៃក៏ខ្ពស់ផងដែរ សម្រាប់ទីតាំងនៅរាជធានីភ្នំពេ​ញ ហេតុនេះយើងសូមអរគុណដល់ម្ចាស់គំរោងនេះ ដែលបានសាងសង់ផ្ទះ​តម្លៃសមរម្យ និងស្ថិតនៅជាយរាជធានីភ្នំពេញ៕